កម្ពុជានឹងអាចក្លាយជាដៃគូពាណិជ្ជកម្មទ្វេភាគីដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិក និងជាទីផ្សារដ៏ធំសម្រាប់នាំចូលផលិតផលពីកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ចន ឃែរី (John Kerry) ដែលបានថ្លែងនាថ្ងៃអង្គារក៏ប៉ុន្តែការពង្រឹងប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និង អភិបាលកិច្ចល្អ គឺជាក្តីបារម្ភសំខាន់បំផុតរបស់សហរដ្ឋអាមេរិក។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៃការបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកក្នុងប្រទេសកម្ពុជា លោកចន ឃែរី បានបញ្ជាក់ពីការប្តេជ្ញាក្នុងការរឹតចំណងពាណិជ្ជកម្មទ្វេភាគីក៏ដូចជាការរឹតបន្តឹងចំណងទំនាក់ទំនងការទូត ទ្វេភាគីជាមួយប្រទេសកម្ពុជា។
«ពាណិជ្ជកម្មទ្វេភាគីរបស់យើង បានជំរុញទំនាក់ទំនងរបស់យើងទៅមុខ។ យើងបានយល់ស្របថា កម្ពុជាគួរតែមានទំនាក់ទំនងពាណិជ្ជកម្មចម្រុះ គឺមិនត្រូវមានជម្រើសណាមួយល្អជាងគេនោះទេ គ្រប់ៗគ្នាត្រូវមានឱកាស គឺឱកាសដើម្បី ឱ្យមាន សមត្ថភាពក្នុងការរីកចម្រើន។ ហើយខ្ញុំគិតថា វាគឺជាកត្តាគួរឲ្យកត់សម្គាល់ណាស់ថាគឺជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជា ថ្វីបើប្រទេសទាំងពីរស្ថិតនៅឆ្ងាយពីគ្នាមួយចំហៀងផែនដីក៏ដោយ»។
ក៏ប៉ុន្តែ លោកថ្លែងថា ថ្នាក់ដឹកនាំកំពូលសហរដ្ឋអាមេរិកនិងកម្ពុជានឹងយកបញ្ហានេះទៅពិភាក្សាបន្តទៀតក្នុងកិច្ចប្រជុំកំពូលប្រជាជាតិអាស៊ាន-អាមេរិក នៅកន្លែងលំហែកាយ Sunnylands ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលនៅទីនោះ លោក ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នឹងធ្វើជាម្ចាស់ផ្ទះ។
ក៏ប៉ុន្តែលោករដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសមហាអំណាចនេះក៏បានបញ្ជាក់ថា ៖ «យើងយកចិត្តទុកដាក់ខ្លាំងចំពោះសិទ្ធិមនុស្ស គឺសេរីភាពសកលហើយនឹងអភិបាលកិច្ចល្អ។ ការរីកចម្រើនក្នុងវិស័យទំាងនេះគឺជាកត្តាសំខាន់ណាស់សម្រាប់ទំនាក់ទំនងទ្វេភាគីរបស់ពួកយើង»។
លោករដ្ឋមន្ត្រីក្រសួងការបរទេស ចន ឃែរី បានធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃចាប់តាំងពីថ្ងៃច័ន្ទសប្តាហ៍នេះ ក្នុងកិច្ចខិតខំប្រឹងប្រែង មួយដើម្បីរឹតចំណងមិត្តភាពទ្វេភាគីរវាងកម្ពុជានិងការរៀបចំកិច្ចប្រជុំអាស៊ាន-សហរដ្ឋអាមេរិកនាខែក្រោយ។ ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃក្នុងប្រទេសកម្ពុជា លោក ចន ឃែរីបានជួបលោក ហ៊ុន សែន និង លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងតំណាងអង្គការសង្គមស៊ីវិលផងដែរ។
បន្ទាប់ពីជំនួបបិទទ្វាររវាងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសនិងលោក ចន ឃែរីនាទីស្តីការក្រសួងការបរទេសកម្ពុជានាព្រឹកថ្ងៃអង្គារ លោក ហោ ណាំហុងបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា៖ «ដោយសារសហរដ្ឋអាមេរិក គឺជាទីផ្សារដ៏ធំសម្រាប់ វាយណភ័ណ្ឌកាត់ដេរ និងស្បែកជើង ខ្ញុំក៏ស្នើសុំឲ្យបញ្ចូល ក្នុងទំនិញទាំង៩៧ទំនិញនេះ គឺបញ្ចូលទំាងវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើង យើងនេះផងដែរ»។
លោក ហោ ណាំហុង ក៏បានឲ្យដឹងផងដែរថាលោកក៏បានបញ្ជាក់ពីគោលជំហររបស់ប្រទេសកម្ពុជាដែលនៅតែរក្សា អព្យាក្រិតភាពរបស់ខ្លួនលើបញ្ហាជម្លោះសមុទ្រចិនខាងត្បូងនឹងរឿងការសាកល្បងអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងផងដែរ។
លោក ចន ឃែរី ក៏បានប្រាប់ឲ្យដឹងថាកម្ពុជានិងសហរដ្ឋអាមេរិកក៏យល់ព្រមចំណោះការពង្រឹងកិច្ចសហប្រតិ្តបត្តិការប្រឆំាំងនឹងអំពើភេរវកម្មនិងហិង្សាដោយពួកជ្រុលនិយមផងដែរ។
លោក ចន ឃែរី បានចាកចេញពីប្រទេសកម្ពុជានៅយប់ថ្ងៃអង្គារ៕