ក្នុងសុន្ទរកថាប្រចាំឆ្នាំ លោក Biden នឹងពង្រឹងភាពខុសគ្នាពីលោក Trump

  • ​Reuters

រូបផ្គុំ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden និង​អតីតប្រធានាធិបតី​លោក Donald Trump។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នឹង​ប្រើ​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ស្តី​ពី​ស្ថានភាព​សហព័ន្ធ​របស់​លោក​នៅ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​ ដើម្បី​បង្ហាញ​ភាព​ខុសគ្នា​រវាង​លោក​និង​លោក Donald Trump ទាក់ទង​នឹង​សេដ្ឋកិច្ច ការ​ទារ​ពន្ធ​ពី​អ្នក​មាន​ទ្រព្យ និង​ដើម្បី​សម្រួល​ក្តី​បារម្ភ​របស់​អ្នក​បោះឆ្នោត​អំពី​អាយុកាន់តែចាស់របស់​លោក។ នេះបើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ Reuters។

ការ​ថ្លែង​ប្រចាំឆ្នាំ​របស់​លោក Biden នឹង​ត្រូវធ្វើឡើង​នៅ​វេលាម៉ោង​ ៩ យប់​ ម៉ោង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ទៅកាន់​សម័យ​ប្រជុំ​សភា​រួម​ ដែល​នឹង​ត្រូវបាន​ចាក់ផ្សាយតាម​ទូរទស្សន៍។ ការ​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំនេះ​កើតចេញពីលក្ខខណ្ឌ​នៃរដ្ឋធម្មនុញ្ញ​អាមេរិក​ដែល​តម្រូវ​ឱ្យ​ប្រធានាធិបតី​កាន់តំណែង​រាយការណ៍​ទៅ​សភា​«ជារឿយៗ»អំពី​ស្ថានភាព​សហព័ន្ធ​។

ការ​ថ្លែង​នេះ​អាច​ជា​វេទិកា​ដ៏ធំ​បំផុតមួយ​របស់​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​រូបនេះ​ ដើម្បី​និយាយ​ទៅកាន់​អ្នក​បោះឆ្នោត​អាមេរិក​រាប់​លាន​នាក់​ដែល​កំពុង​សម្រេចថា​ត្រូវ​បោះឆ្នោត​ឱ្យ​រូប​លោក​ឬ​យ៉ាងណា គួរ​ជ្រើសយក​គូប្រជែង​របស់​លោកគឺលោក Trump ឬ​ក៏​មិន​ចេញ​ទៅ​បោះឆ្នោត​នៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខ​នេះ​ឬ​យ៉ាងណា។ កាលពី​ថ្ងៃ​ពុធ គូ​ប្រជែង​ចុងក្រោយ​របស់​លោក Trump នៃ​គណបក្ស​សាធារណរដ្ឋ​ គឺអ្នកស្រី Nikki Haley បាន​ចាកចេញ​ពី​ការ​ប្រកួត​យក​តំណែង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស។

ការ​ស្ទង់​មតិ​ជាច្រើន​បង្ហាញ​ថា លោក Biden អាយុ ៨១ឆ្នាំ និង​លោក Trump អាយុ ៧៧ឆ្នាំ ដែល​កំពុង​មាន​សន្ទុះ​គាំទ្រ​ប្រហាក់ប្រហែល​គ្នា​នៅ​រដ្ឋប្រជែងគ្នា​ជាច្រើន​ដែល​ទំនោរ​នៃ​ការ​បោះឆ្នោត​អាច​នឹង​ធ្វើ​ឱ្យ​រដ្ឋនោះ​ដូរពី​ទំនោរ​គាំទ្រ​បក្ស​សាធារណរដ្ឋទៅ​បក្ស​ប្រជាធិបតេយ្យ ឬ​ពី​បក្ស​ប្រជាធិបតេយ្យ​ទៅ​បក្ស​សាធារណរដ្ឋ។ ទោះជាយ៉ាងណាក្តី អ្នក​បោះឆ្នោត​អាមេរិក​ភាគច្រើន​មិន​សូវ​រីករាយ​នឹង​ជម្រើស​រវាង​បេក្ខជន​ទាំងពីរ​នេះ​នោះទេ។

នៅក្នុង​សុន្ទរកថា​របស់​លោក​នៅយប់នេះ លោក Biden នឹង​ថ្លែង​នៅមុខ​សភា​ទាំងពីរ​ថ្នាក់ ដើម្បី​ទាក់ទាញ​អ្នក​បោះឆ្នោត​ឱ្យ​ឃើញ​ថា លោក​កំពុង​ប្រយុទ្ធការពារ​លទ្ធិប្រជាធិបតេយ្យ​ពី​លោក Trump ដែល​បន្ត​កុហក​អំពីការ​ចាញ់​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​ ២០២០ និង​ការ​ស្នើ​ឱ្យ​ចាប់​ឃុំ​សត្រូវ​នយោបាយរបស់​លោក Trump​។ លោក Biden ក៏​នឹង​ប្តេជ្ញា​ការពារ​សិទ្ធិ​សុំ​ពន្លូតកូន​ពី​សមាជិក​បក្ស​សាធារណរដ្ឋ និង​បន្ទាប​ការ​ចំណាយ​របស់​ពលរដ្ឋ​អាមេរិកាំង​ដែល​ប្រឈម​នឹង​តម្លៃ​ទំនិញ​ឡើង​ថ្លៃ។

អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Karine Jean-Pierre បាន​ប្រាប់​សារព័ត៌មាន MSNBC កាលពីថ្ងៃព្រហស្បតិ៍​ថា៖ ​«អ្នក​នឹង​ឮពី​ការ​ថ្លែង​សុន្ទរកថា​របស់​ប្រធានាធិបតី​ថា ​តើ​លទ្ធិ​ប្រជាធិបតេយ្យ​និងសេរីភាពកំពុងស្ថិត​ក្រោម​ការវាយប្រហារ​ដូចម្តេច» ដែល​រួ​មមាន​សិទ្ធិបន្តពូជ​របស់​ស្ត្រី​និង​សិទ្ធិបោះឆ្នោត។​

លោក Biden ​នឹង​បន្ត​បេសកកម្ម​របស់លោក​ក្នុង​ការ​ធ្វើ​ឲ្យពលរដ្ឋអាមេរិកាំងដែលមាន​ទ្រព្យ​និង​សាជីវកម្ម​ធំៗ​បង់​ពន្ធ​បន្ថែម​ ដោយលោក​នឹងបង្ហាញ​សំណើ​ថ្មីៗ​រួម​មានការ​ទារ​ពន្ធអប្បបរមា​ខ្ពស់​ពីក្រុមហ៊ុន ​និងពីពលរដ្ឋ​អាមេរិកាំងដែល​មាន​ទ្រព្យ​ច្រើនជាង​ ១០០លានដុល្លារ។​

កំណែទម្រង់​ពន្ធ​ណាមួយ​ទំនង​មិន​អាច​កើតឡើង​ទេ​ ទាល់តែ​គណបក្ស​ប្រជាធិ​តេយ្យ​ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​ក្នុងរដ្ឋ​សភា​ទាំង​ពីរ ​នៅក្នុង​ខែ​វិច្ឆិកា ដែល​វា​ទំនង​នឹង​មិន​អាចកើត​ឡើង​ឡើយ។

លោក Biden ​ក៏​នឹង​បង្ហាញការគាំទ្ររបស់​លោក​ដល់​សហជីព ​និងបង្ហាញ​ភាព​ជោគជ័យ​ក្នុង​អង្គនីតិបញ្ញត្តិ​របស់លោក ជាឧទាហរណ៍​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ផលិតកម្ម​បន្ទះឈីប​កុំព្យូទ័រ ដើម្បី​បង្ហាញ​ថា​តើ​អ្វី​អាច​នឹង​កើត​មាន​ឡើង ​បើសិន​ជាលោក​កាន់តំណែង​ ៤ ឆ្នាំ​ទៀត។

លោក​ក៏​នឹងសង្កត់​ធ្ងន់​ពី​តួនាទី​ជា​មេដឹកនាំ​របស់សហរដ្ឋអាមេរិក​ក្នុង​សកលលោក​ និង​លើក​ឡើង​ពីការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ដល់អ៊ុយក្រែន​និង​អ៊ីស្រាអែល នេះបើ​យោង​តាម​ជំនួយ​ការ​របស់​លោក​ប្រធានាធិបតី​។ លោក Biden ត្រូវបាន​រំពឹង​ទុក​ថា​នឹង​ប្រើ​ការថ្លែង​សុន្ទរកថា​ដើម្បី​ជំរុញ​ម្តង​ទៀត​សម្រាប់​កញ្ចប់ជំនួយអាវុធដែលមាន​ទឹក​ប្រាក់​ ៩៥​ ពាន់លានដុល្លារ សម្រាប់​អ៊ុយក្រែន​និង​ជំនួយ​សម្រាប់​អ៊ីស្រាអែល ​ដែល​ត្រូវបាន​រារាំង​ដោយប្រធានរដ្ឋ​សភា​លោក Mike Johnson៕