ទេសចរណ៍​ក្នុង​ស្រុក​​សម្រុក​ទៅ​លេង​ខេត្ត​ដែល​មាន​រៀបចំ​ពិធី​អុំ​ទូក​

សាលា​រាជធានី​ភ្នំពេញ​ ចាប់​ផ្តើម​តំឡើង​ផ្លាក​បាណូ ​អបអរ​ពិធី​បុណ្យ​អុំទូក​ អកអំបុក​ និង​សំពះ​ព្រះខែ​ ដែលនឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី២៤ ២៥ និង២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅតាម​ដងផ្លូវ​នានា ​ក្នុង​រាជធានី​ភ្នំពេញ​។ រូបថត កាល​ពីថ្ងៃទី​៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​។ (ហ៊ាន សុជាតា​/ VOA)

ខេត្ត​ដែល​បាន​​​រៀបចំ​ការ​ប្រណាំង​ទូក​នេះ​ រួម​មាន​ខេត្ត​​ទេសចរណ៍​ធំៗ​ដូច​ជា​ខេត្ត​សៀម​រាប​ ​ខេត្ត​ព្រះសីហនុ ​និង​ខេត្ត​បាត់ដំបង​​​ជាដើម។​

ខណៈ​ដែល​ការប្រណាំង​ទូក​ពុំ​ត្រូវ​បាន​រៀប​ចំឡើងនៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ប្រជាពលរដ្ឋ​ខ្មែរ​និង​ភ្ញៀវ​ទេសចរណ៍​បរទេសបាន​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ការ​ប្រណាំង​ទូក​នេះ​ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បាន​រៀប​ចំ​ការ​ប្រណាំង​ទូកនៅមុន​ និង​ក្នុង​ព្រះ​រាជ​ពិធីបុណ្យ​អុំ​ទូក​ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ​នេះ។​

ខេត្ត​ដែល​បាន​រៀបចំ​ការ​ប្រណាំង​ទូក​នេះ​ រួម​មាន​ខេត្តទេសចរណ៍​ធំៗ​ដូច​ជា​ខេត្ត​សៀម​រាប​ ​ខេត្ត​ព្រះសីហនុ ​និង​ខេត្ត​បាត់ដំបង​ជាដើម។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ទេសចរណ៍ ​និង​អាជ្ញាធរ​គ្រប់​គ្រង​ខេត្ត​ ដែល​បាន​រៀប​ចំ​ការ​ប្រណាំង​ទូកដែល​ជា​ប្រពៃ​ណី​ដ៏​យូរលង់​មួយ​របស់​ប្រជាជាតិ​ខ្មែរ។

លោក​ ង៉ូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​ថ្លែង​ប្រាប់ ​VOAថា​ ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ព្រះ​រាជពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​ ​ស្រប​ពេល​ដែល​ភ្ញៀវ​ទេសចរណ៍​បាន​បង្វែរ​គោលដៅ​ទេសចរណ៍​មក​កម្សាន្ត​ក្នុង​ខេត្ត​ដ៏​ចំណាស់មួយ​នេះ។​

«ចាប់​ពី​មុន​ថ្ងៃ ​ពិធី​បុណ្យ​ហ្នឹង​ឃើញ​មក​តាំងពី​ថ្ងៃ​២៣​មក​ ឃើញ​ភ្ញៀវ​ទេសចរណ៍​យើង​ចូល​មក​ខេត្ត​សៀមរាប​ច្រើន​ ​តាមរយៈ​រថយន្ត​ ក៏​ដូច​ជា​រថយន្ត​ផ្ទាល់​ខ្លួន​ អញ្ចឹង​យើង​ឃើញ​ច្រើន​ អញ្ចឹង​យើង​ឃើញ​ផ្លូវ​គោក​ យើង​ឃើញ​៦៥,០០០​នាក់​ជាង​ដែរ។​ អញ្ចឹង​មាន​តាម​ផ្លូវ​អាកាស​ពី​បរទេស។​ អញ្ចឹង​គឺ​ជា​រួម​ គឺ​ឆ្នាំ​នេះ​កើន​ សរុប​ជា​រួម​ទៅ​ ​យើងបាន​ ៨៣,៧២៨នាក់​ កើន​៨,​៩២%​ ភ្ញៀវ​បរទេស​យើង​បាន​ ភ្ញៀវ​បរទេស​ យើង​បាន​ ២៣,១២៨នាក់​ កើន​៦,៧៣%​ ខ្មែរ​យើង​បាន​ ៦០,​៦០០នាក់​ កើន​៩,៧៨%»។ ​

លោក​ថ្លែង​ថា​ អវត្តមាន​នៃ​ការ​ប្រណាំង​ទូក​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ អាច​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​មាន​ភ្ញៀវ ទេសចរណ៍​ច្រើន​ធ្វើ​ដំណើរ​មកលេង​ខេត្ត​សៀម​រាប​ ដែល​ឆ្នាំ​នេះ​ មាន​ការ​ប្រណាំង​ទូក​បុរស​ នារី​ចំនួន​៣០​ទូក។ លោក​បញ្ជាក់​ថា​ សនិ្តសុខ​ត្រូវ​បាន​រឹត​បន្តឹង​ដើម្បី​ការពារ​ភ្ញៀវ​ទេសចរណ៍​ ដូច្នេះ​ពុំ​មាន​ករណី​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​កើត​ឡើង​នោះ​ទេ។​ ​

«អត់មាន​ អត់មាន​ទេ​ គ្រាន់​តែ​មាន​វង្វេង​ក្មេង​ខ្លះ​ហ្នឹង​ ក៏​យើង​អាច​រក​ឃើញ​មក​គណៈ​កម្មការ​កណ្តាលទៅ គេ​ផ្សព្វផ្សាយ​ទៅ​មក​យក​វិញ​បាន​ បើ​ឲ្យ​មាន​គ្រោះ​ថា្នក់​អត់​មាន​ទេ​ ព្រោះ​ការ​ងារ​សន្តិ​សុខ​យើង​ក៏​បាន​ពង្រឹង​ ហើយ​មាន​ទិដ្ឋភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​ទៅ»។

រីឯ​លោក​ ចាន់ សុផល​ អភិបាល​ខេត្ត​បាត់​ដំបង​ ថ្លែង​ថា​ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ បាន​រៀប​ចំ​ការ​ប្រណាំង​ទូក​ចំនួន​២៦​គូ​កាល​ពី​ពាក់​កណ្តាល​ខែ​តុលា​កន្លង​ទៅ​ តាម​ប្រពៃណី និង​ទំនៀម​ទម្លាប់​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ។​ ក៏ប៉ុន្តែ ការ​ប្រណាំង​ទូក​មិន​ត្រូវ​បាន​រៀប​ចំ​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​ផ្លូវ​ការ​នោះ​ទេ។​

«នៅ​ខេត្ត​នេះ​ ប្រពៃណី​របស់​បងប្អូន​អ្នក​បាត់​ដំបង​ហ្នឹង ​គាត់​ធ្វើ​ពេល​ចេញ​វស្សា​ ហើយ​ទៅតាម​លំអាន​អញ្ចេះ​ឯង​។​ ដូច្នេះ​ក៏ ​យើង​ធ្វើ​អញ្ចេះ​រហូត​មក​ ហើយ​ពិធី​បុណ្យ​ធំ​ក៏​ឲ្យ​ពួក​គាត់​បាន​សម្រាក»។​

លោក​បញ្ជាក់​បន្ថែម​ថា​ ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​បាន​បន្ត​កើន​ឡើង​រៀង​រាល់​ឆ្នាំ​ ដោយ​សារ​ការ​រៀប​ចំ​ពិធី​ប្រណាំង​ទូក​នៅ​ក្នុង​ខេត្តដែល​ស្ថិត​នៅ​កៀក​នឹង​ប្រទេស​ថៃ​នេះ​។​ លោក​ថា​ ភ្ញៀវ​ប្រមាណ​ ២០០.០០០នាក់​បាន​មក​ទស្សនា​ខេត្ត​នេះ​ កាល​ពីឆ្នាំ​២០១៤​ តែ​ចំនួន​ភ្ញៀវ​បាន​កើន​ដល់​ប្រមាណ​ ៣០០.០០០នាក់។​ កំណើន​នេះ​ គឺ​បាន​មកពី​ការ​រៀប​ចំបុណ្យទូក​អុំទូក​មាន​លក្ខណៈល្អប្រសើរ​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​

បុណ្យ​អុំ​ទូក​នៅ​ខេត្ត​ស្វាយរៀង៖

សកម្មភាព​ប្រណាំង​ទូក​នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក​ បណ្តែត​ប្រទីប​ សំពះ​ព្រះខែ​ និង​អក​អំបុក​នេះ ​ ត្រូវ​បាន​ផ្អាក​នៅ​ឆ្នាំ​ក្នុង​រាជធានី​ភ្នំពេញ​ តាំង​ពី​ឆ្នាំ​២០១១​ គឺ​ក្រោយ​ពី​ព្រឹត្តិការណ៍​ជាន់គ្នា​ស្លាប់​អ្នក​ដើរ​កម្សាន្ត​ជាង​៣៥០​នាក់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​កាល​ពី​មួយ​ឆ្នាំ​មុន។ នៅ​ឆ្នាំ​២០១២​ ក្រោយ​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​បរម​រតន​កោដ្ឋ​សម្ដេច​ព្រះ​បាទ​ នរោត្តម​ សីហនុ​ និង​នៅ​ឆ្នាំ​២០១៣​ ក្រោយ​ពី​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា។

រដ្ឋាភិបាល​កម្ពុជា​បាន​រៀប​ចំ​ពិធី​បុណ្យ​អុំទូក​នៅ​មុខ​ព្រះ​បរម​រាជវាំង​សារ​ជាថ្មី​ នៅ​ឆ្នាំ​២០១៤​ ក្រោយ​ពេល​ដែល​គណបក្ស​គ្រប់​គ្រង​ប្រទេស​ និង​គណបក្ស​ប្រឆាំង​ចុះ​កិច្ច​ព្រមព្រៀង​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ។ កិច្ច​ព្រមព្រៀង​នោះ ​ក៏​បាន​បញ្ចប់​ការ​ធ្វើ​បាតុកម្ម​ជា​ទ្រង់​ទ្រាយ​ធំ​ដែល​មិន​ធ្លាប់​មាន​ក្រោយ​ការ​ប្រកាស​លទ្ធផល​ឆ្នាំ​២០១៣​ផង​ដែរ។

ទោះ​បី​ជា​គ្មាន​ការ​ប្រណាំង​ទូក​ សាលា​រាជធានី​ភ្នំពេញ​បាន​រៀប​ចំ​ពិធី​ ដាល់​អំបុក ​អក​អំបុក​តាមបែប​ទំនៀម​ទម្លាប់​ប្រពៃ​ខ្មែរ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​ នា​រសៀល​ថ្ងៃ​ពុធ​នេះ ​និង​ការ​បណ្តែត​គោម​មុខ​ព្រះបរម​រាជវាំង​ផង​ដែរ​។​ ​

ដោយ​ឡែក​ អ្នក​ទោស​ចំនួន​ ៦៨០នាក់​បាន​ទទួល​ការ​លើក​លែង​ទោស​ និង​បន្ធូរ​បន្ថយ​ទោស​ពី​ព្រះ​មហាក្សត្រ​ខ្មែរ​នៅ​ក្នុងឱកាស​នៃ​ការប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក​ បណ្តែត​ប្រទីប​ សំពះ​ព្រះខែ​ និង​អក​អំបុក​ក្នុង​ឆ្នាំ​នេះ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​យុត្តិធម៌។​

ការ​ផ្អាក​សកម្មភាព​ប្រណាំង​ទូក​នៅ​មុខ​ព្រះ​បរម​រាជវាំង​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​ ត្រូវ​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យល់​ថា​ ជា​ការ​ផ្អាក​មួយ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ ​ក្រោយ​ការ​ផ្ទុះ​អំពើ​ហិង្សា​វាយ​ដំ​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ​និង​ការ​បោះ​ឆ្នោត​ទម្លាក់​អនុប្រធាន​បក្ស​ប្រឆាំង​ចេញ​ពី​កៅអី​អនុប្រធាន​សភា​ជាតិ។ តែ​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ ហើយ​និង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ធ្លាប់​អះ​អាង​ការ​ផ្អាក​នេះ​ មិន​ជាប់​ពាក់​ព័ន្ធ​ជាមួយក្តី​បារម្ភ​នៃ​កើត​មាន​ការ​ធ្វើ​បាតុកម្ម​នោះ​ទេ។​ ហេតុផល​ដែល​សំខាន់​នោះ​ គឺ​ទឹក​មាន​កម្រិត​ទាប​ពេក។

ពិធី​បុណ្យអុំទូក​ឆ្នាំនេះ​ បាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​នឹង​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ៕