រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានប្រកាសផ្ដល់ជំនួយថ្មីជាសព្វាវុធចំនួន ៤០០ លានដុល្លារដល់អ៊ុយក្រែនកាលពីថ្ងៃចន្ទក្នុងអំឡុងទស្សនកិច្ចរបស់លោកនៅក្នុងទីក្រុងកៀវនៃប្រទេសនោះ។ ការប្រកាសនេះបានធ្វើឡើងក្នុងពេលតែពីរសប្ដាហ៍ប៉ុណ្ណោះមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកចូលមកដល់ ដែលការបោះឆ្នោតនេះបង្កឱ្យមានភាពស្រពិចស្រពិលអំពីការគាំទ្ររបស់បស្ចិមប្រទេសចំពោះអ៊ុយក្រែននៅពេលអនាគត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ដំណើរទស្សនកិច្ចរបស់លោក Austin នេះត្រូវគេរំពឹងថានឹងផ្ដោតលើកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការជួយជ្រោមជ្រែងអ៊ុយក្រែនពង្រឹងការការពារខ្លួននៅពេលដែលកងកម្លាំងរបស់រុស្ស៊ីរុលចូលភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
ប៉ុន្តែ ទោះបីជាមានការបង្ហាញនូវសាមគ្គីភាពជាមួយនឹងអ៊ុយក្រែនក៏ដោយ ក៏ទស្សនកិច្ចនេះមិនត្រូវបានគេរំពឹងថានឹងឆ្លើយតបចំពោះការអំពាវនាវដ៏ខ្លាំងក្លារបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodylyr Zelenskyy ដែលចង់ឱ្យមានការផ្លាស់ប្ដូរគោលនយោបាយរបស់សហរដ្ឋអាមេរិកនោះទេ។ ការអំពាវនាវរបស់លោក Zelenskyy នោះមានដូចជាការដកចេញនូវការដាក់កំហិតរបស់អាមេរិកលើការប្រើប្រាស់សព្វាវុធដែលអាមេរិកផ្ដល់ឱ្យដើម្បីវាយប្រហារលើគោលដៅចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ីជាដើម។
ខណៈដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ជិតផុតអាណត្តិ លោក Austin បានបង្ហាញសញ្ញាអំពីការបន្តការគាំទ្ររបស់សហរដ្ឋអាមេរិក។
លោក Austin បានប្រាប់លោក Zelenskyy ក្នុងជំនួបរវាងលោកទាំងពីរថា៖ «សហរដ្ឋអាមេរិកយល់អំពីហានិភ័យនៅទីនេះ»។
លោកបានបន្ថែមថា៖ «ខ្ញុំបានឃើញការគាំទ្ររបស់គណបក្សទាំងពីរ [របស់សហរដ្ឋអាមេរិក] ចំពោះអ៊ុយក្រែនក្នុងរយៈពេលពីរឆ្នាំកន្លះចុងក្រោយនេះ ហើយខ្ញុំរំពឹងយ៉ាងមុតមាំថាយើងនឹងបន្តឃើញការគាំទ្រពីគណបក្សទាំងពីរពីសភាអាមេរិក»៕