នៅ​អ៊ីរ៉ាក់ អ្នក​ទោស​ជាច្រើន​នាក់​រត់គេច​ខ្លួន​ក្នុង​ពេល​ហែក​គុក​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់

ជន​ស៊ីវិល​និង​កង​កម្លាំង​សន្តិសុខ​កំពុង​ពិនិត្យ​មើល​កន្លែង​កើត​ហេតុ​នៃ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​តំបន់​ Karrada ក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥។

ក្រុម​មន្ត្រី​អ៊ីរ៉ាក់​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​មាន​មនុស្ស​យ៉ាង​តិច​ណាស់​៣៦​នាក់​បាន​ស្លាប់​ហើយ​មាន​អ្នកទោស​៤០នាក់​បាន​រត់គេច​ខ្លួន​នៅ​ពេល​មាន​ការ​ទម្លាយ​គុក​មួយ​នៅ​ក្នុងផ្នែក​ខាង​ជើង​នៃ​រដ្ឋធានី​បាកដាដ (Baghdad)។

ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​អ៊ីរ៉ាក់​បាន​និយាយ​ថា​ប៉ូលិស​៦នាក់​និង​អ្នកទោស​៣០​នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​កុប្បកម្ម​នៅ​ក្នុង​គុក​ Khalis។​ ក៏​ប៉ុន្តែ​ក្រុម​មន្ត្រី​ឯទៀតៗ​បាន​និយាយ​ថា​ចំនួន​មនុស្ស​ស្លាប់​មាន​ច្រើន​ជាងនេះ​ ដោយ​រាយការណ៍​ថា​មាន​ប៉ូលិស​១២នាក់​និង​អ្នកទោស​យ៉ាង​ហោចណាស់​៥០នាក់​បាន​ស្លាប់។​

ក្រុម​មន្ត្រី​បាន​និយាយ​ថា​មាន​ការ​វាយ​តប់គ្នា​ក្នុង​ចំណោម​ក្រុម​អ្នកទោស​ ហើយ​នៅ​ពេល​ក្រុម​ឆ្មាំ​មក​ធ្វើ​អន្តរាគមន៍ ក្រុម​អ្នក​ទោស​បាន​វាយ​ពួកគេ​ហើយ​យក​អាវុធ​ពួកគេ​ថែម​ទៀត។​

បើ​តាម​ក្រុម​មន្ត្រី ​អ្នកទោស​ខ្លះ​ដែល​បាន​រត់​រួច​បាន​ជាប់​គុក​ពី​បទ​ប្រព្រឹត្ត​អំពើភេរវកម្ម។​

ការ​ហែក​គុក​មាន​ជា​ធម្មតា​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែល​ត្រូវ​ចំណាយ​ពេល​វេលា​ឆ្នាំ​មុន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​បះបោរ​ដោយ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម។​

បើ​តាម​ក្រុម​ប៉ូលិស​និង​ប្រភព​ឯទៀតៗ​ថា​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ឡាន​មួយ​គ្រឿង​នៅ​ក្នុង​ក្រុង​បាកដាដ​កាល​ពី​ថ្ងៃ​សៅរ៍​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិចណាស់​៧​នាក់​ស្លាប់​និង​មាន​មនុស្ស​របួស​យ៉ាង​តិច​ណាស់​១៤​នាក់​ទៀត។​

របាយ​ការណ៍​ព័ត៌មាន​បាន​និយាយ​ថា​ការ​វាយ​ប្រហារ​នេះ​បាន​យក​ក្រុម​អ្នក​ធ្វើ​ធម្មយាត្រា​ Shi'ite ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ។​

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP បាន​និយាយ​ថា​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ហែក​គុក​និង​ការ​បំផ្ទុះ​គ្រាប់​បែក​នេះ៕