ជាសម្តីចុងក្រោយទៅកាន់សាធារណជន អតីតប្រមុខរដ្ឋនៃរបបខ្មែរក្រហម លោក ខៀវ សំផន នៅថ្ងៃព្រហស្បតិ៍នេះ បានបន្ត«បដិសេធដាច់អហង្ការ»លើការចោទប្រកាន់ប្រឆាំងរូបលោក និងចាត់ទុកការកាត់ទោសនេះ គ្រាន់តែជា«និមិត្តរូប»តែប៉ុណ្ណោះ។
ក្នុងការថ្លែងចុងក្រោយនាថ្ងៃបញ្ចប់សវនាការសាទុក្ខរបស់លោក អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់រូបនោះ មិនបាននិយាយសុំទោស និងបង្ហាញការទទួលខុសត្រូវអ្វីនោះទេ។ ប៉ុន្តែលោកបានច្រានចោលរាល់ការចោទប្រកាន់របស់តុលាការ។
ក្នុងសម្លៀកបំពាក់អាវដៃវែងពណ៌ស ថ្លែងក្នុងសម្តីខ្សាវៗ ដោយមិនមានពាក់ម៉ាស លោក ខៀវ សំផន អាយុ៩០ឆ្នាំ បានអះអាងថាលោកមិនដែល សូម្បីតែនឹកឃើញការសម្លាប់ប្រជាជនខ្មែរគ្នាឯង និងសម្លាប់ទាហានលន់ នល់នោះទេ។ ចំពោះការចោទប្រកាន់ចំៗថាមានការសម្លាប់ទាហានលន់ នល់ នៅទួលពោធិ៍ជ្រៃក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ លោកបញ្ជាក់ថាលោកមិនដែលស្គាល់ទីតាំងនោះទេ។
លោក ខៀវ សំផន និយាយថា៖ «ជម្រាបអស់លោក ជាពិសេសប្រជាជនកម្ពុជាថាមិនដែលពេលណាខ្ញុំនឹកឃើញចង់ប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងបងប្អូនរួមជាតិឯងនោះទេ ឬក៏ប្រឆាំងនឹងអ្នកណាផ្សេងទៀតក៏ដោយ»។
លោក ខៀវ សំផន បានបន្ថែមថាខ្មែរក្រហមមិនមានគោលការណ៍សម្លាប់ជនស៊ីវិលវៀតណាមនោះទេ។ ប៉ុន្តែលោកហៅទាហានវៀតណាមថាជាសត្រូវរបបខ្មែរក្រហម ហើយក្នុងសម័យសង្រ្គាមតែងមានការបាញ់សម្លាប់គ្នាទៅវិញទៅមក។ លោកបានឲ្យដឹងទៀតថាលោកមានបំណងចង់កសាងប្រទេស បន្ទាប់ពីសង្រ្គាម និងចង់ឲ្យប្រទេសកម្ពុជាឯករាជ្យ អធិបតេយ្យ ហើយព្រំដែនរបស់ខ្លួនត្រូវបានប្រទេសជិតខាងគោរព ជាពិសេសពីប្រទេសវៀតណាម។
លោក ខៀវ សំផន បន្តថាបញ្ហាព្រំដែនជាមួយប្រទេសវៀតណាមនាពេលបច្ចុប្បន្ន នៅតែមាន ដែលលោកថាលោកនៅតែព្រួយបារម្ភក្នុងនាមជាជនជាតិខ្មែរម្នាក់។
លោក ខៀវ សំផន ចាត់ទុកសវនាការជាច្រើនឆ្នាំមកនេះ មាន«សារៈសំខាន់»សម្រាប់រូបលោក ហើយលោកដឹងថាលោកនឹងត្រូវស្លាប់ក្នុងពន្ធនាគារ។
លោកបញ្ជាក់ថា៖ «ខ្ញុំម្នាក់ឯងចំពោះមុខអស់លោក ត្រូវបានគេកាត់ទោសជានិមិត្តរូប ជាជាងតាមអំពើប្រព្រឹត្តជាក់ស្តែងរបស់ខ្ញុំ ក្នុងឋានៈជាបុគ្គលនោះទេ»។
លោក ខៀវ សំផន បានអះអាងទៀតថាតុលាការខ្មែរក្រហម«បានប្រថាប់ត្រា»លើការកាត់ទោសប្រឆាំងរូបលោក។
លោកថ្លែងថា៖ «អង្គជំនុំជម្រះ សាលាដំបូងបានបង្ហាញឲ្យឃើញថាខ្លួនមិនអាចវិនិច្ឆ័យខ្ញុំ ដោយមិនលម្អៀងនោះបានទេ»។
ក្រោយការថ្លែងរបស់លោក ខៀវ សំផន ចៅក្រមតុលាការកំពូលបានប្រកាសបិទបញ្ចប់សវនាការបណ្តឹងសាទុក្ខ ហើយកាលកំណត់នៃការប្រកាសសាលដីកា នឹងជម្រាបនៅពេលក្រោយ។
នៅក្នុងសវនាការបណ្តឹងសាទុក្ខរយៈពេល៤ថ្ងៃមកនេះ អ្នកស្រី អង់តា គូស៊េ (Anta Guissé) ដែលជាសហមេធាវីបរទេស ជនជាតិបារាំងបានអះអាងថាមិនមាន«ភស្តុតាងគ្រប់គ្រាន់»លើការចោទប្រកាន់ថាមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមមានគោលនយោបាយថ្នាក់ជាតិសម្លាប់ជនជាតិវៀតណាម ក្នុងអំពើប្រល័យពូជសាសន៍នោះទេ។ អ្នកស្រីថ្លែងថាតុលាការបាន«សន្និដ្ឋានព្រាវៗ»លើកូនក្តីរបស់អ្នកស្រី។
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាលោក ឆាំង យុ បានថ្លែងថាប្រជាជនកម្ពុជានៅតែចងចាំការកាប់សម្លាប់រាប់លាននាក់ ហើយលោកខៀវ សំផន ជាអ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់។ លោកបន្តថាខ្មែរក្រហម«មិនកែចរិត» ហើយមកដល់ពេលនេះហើយ«នៅតែប្រកែក»។
លោកបញ្ជាក់ថា៖ «គឺជារឿងដែលមិនអាចបំភ្លេចបាន ទោះបីជាគាត់ប្រឹងប្រែងប្រែក្រឡាស់ចុងក្រោយ ឬក៏គាត់ស្លាប់ទៅ ឬក៏គាត់ត្រូវជាប់ពន្ធនាគារពីរជីវិត ឬបីជីវិតយ៉ាងម៉េចក៏ដោយ គឺគាត់មិនអាចកែប្រែបាន»។
តុលាការអាចនឹងប្រកាសសាលាដីកាស្ថាពរនៅនៅចុងឆ្នាំ២០២២។ នេះបើតាមអ្នកនាំពាក្យរបស់តុលាការខ្មែរក្រហម លោក នេត្រ ភក្រ្តា។ លោកបញ្ជាក់តុលាការកំពូលត្រូវពិនិត្យឡើងវិញនូវឯកសារ និងការលើកឡើងរបស់ភាគីពាក់ព័ន្ធ ដូច្នេះទំហំការងារ និងភាពស្មុគស្មាញ វាត្រូវការពេលវេលា។
គួរបញ្ជាក់ថាលោក ខៀវ សំផន ដែលជាអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់តែម្នាក់គត់ដែលនៅរស់រាន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត ក្នុងនោះក៏មានការចោទប្រកាន់លើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងជនជាតិវៀតណាម និងចាម។ លោកក៏រងការចោទប្រកាន់ផ្សេងៗ មានដូចជាការផ្លាស់ទីលំនៅប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ ក្នុងខែមេសា ឆ្នាំ១៩៧៥ ការសម្លាប់ទាហានរបបសាធារណរដ្ឋខ្មែរ ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ ការរំលោភសេពសន្ថវៈ ការបោសសម្អាតនៅមន្ទីរសន្តិសុខ ការដ្ឋានទំនប់១មករា ការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង និងការដ្ឋានលើកទំនប់ត្រពាំងថ្មជាដើម។
ក្រៅពីស្នើសុំឲ្យតុលាការកំពូលឲ្យមោឃភាពសាលក្រម និងការចោទប្រកាន់នានា លោក ខៀវ សំផន ក៏បានស្នើឲ្យតុលាការកែប្រែការផ្តន្ទាទោសមួយជីវិត មកជាការដាក់ពន្ធនាគារក្នុងពេលកំណត់ណាមួយ៕