កាលពីថ្ងៃអង្គារ លោកប្រធានាធិបតីស.រ.អា.បារ៉ាក់ អូបាម៉ាបានមានប្រសាសន៍ថា ប្រទេសអាមេរិកជា «កន្លែងមួយល្អប្រសើរ និងខ្លាំងជាង» នៅពេលលោកចូលកាន់តំណែងប្រធានាធិបតីកាលពីឆ្នាំ២០០៨ ដោយលោកចង្អុលបង្ហាញការកែប្រែដំណើរសេដ្ឋកិច្ចធ្លាក់ចុះ ការអនុម័តកម្មវិធីថែរក្សាសុខភាពរបស់លោកដែលគួរកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រ និងការធ្វើឱ្យការរៀបអាពាហ៍ពិពាហ៍រវាងមនុស្សមានភេទដូចគ្នាស្របច្បាប់ ថាជាសមិទ្ធិផលដែលប្រជារាស្ត្រអាមេរិកាំងបានទទួលតាមរយៈសារនៃការផ្លាស់ប្តូររបស់លោក។
ផ្នែកនេះនៃសុន្ទរកថាសុំលាប្រជារាស្ត្ររបស់លោកបាននាំឱ្យមានការទះដៃអបអរសាទរយ៉ាងខ្លាំងពីមនុស្សរាប់ម៉ឺននាក់នៅក្នុងក្រុង Chicago ដែលលោកប្រធានាធិបតីបានមានប្រសាសន៍នៅតែពីរ ឬបីគ.ម.ពីកន្លែងដែលលោកបានថ្លែងសុន្ទរកថាទទួលតំណែងនៅយប់ដែលលោកបានឈ្នះឆ្នោតសម្រាប់អាណត្តិទីមួយរបស់លោកក្នុងសេតវិមាន។
ដោយនៅសល់ពេលតិចជាងពីរសប្តាហ៍នៅមុនការទទួលតំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump លោកអូបាម៉ាបញ្ជាដល់ពួកសហការីលោកឱ្យរៀបចំសុន្ទរកថាមួយដែលនឹងនិយាយទៅកាន់ជនជាតិអាមេរិកាំងគ្រប់គ្នា ដោយមានរួមបញ្ចូលទាំងជនដែលបានបោះឆ្នោតឱ្យលោក Trump ផងដែរ។
លោកអូបាម៉ាបានមានប្រសាសន៍នៅក្នុងសុន្ទរកថារបស់លោកថាអាស្រ័យទៅលើប្រជារាស្ត្រអាមេរិកាំងទាំងអស់គ្នាដែលធ្វើឱ្យប្រាកដប្រជាថារដ្ឋាភិបាលអាចពុះពារឧបសគ្គជាច្រើនរបស់ប្រទេសហើយថាលោកប្តេជ្ញាថានឹងធ្វើឱ្យអន្តរកាលទៅកាន់រដ្ឋបាលថ្មីមានភាពរលូនតាមដែលអាចធ្វើបាន៕