នៅពេលព្រហាមស្រាងៗ ឯផ្លូវ៦០ម៉ែត្រភាគខាងត្បូងរាជធានីភ្នំពេញ ដែលគេស្គាល់ថាជា«មហាវិថីសម្ដេចតេជោ ហ៊ុន សែន» ក្រុមមនុស្សម្នា មានឡាន មានម៉ូតូ មានចាស់មានក្មេង បំពាក់ដោយទង់ជាតិពណ៌ខៀវស្រងាត់ និងមួកពណ៌ខ្មៅ អមដោយឧបករណ៍ឧគ្ឃោសនស័ព្ទ ជួបជុំគ្នាយ៉ាងកុះករ។ ពួកគេមានគោលដៅមួយគឺចូលរួមបោះឆ្នោតតទល់នឹងលោកនាយករដ្ឋមន្ត្រី ដែលមានឈ្មោះជាប់នឹងផ្លូវដែលពួកគេកំពុងជួបជុំតែម្ដង។
Your browser doesn’t support HTML5
សមាជិកអ្នកគាំទ្រនៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កំពុងតែរៀបចំខ្លួនធ្វើយ៉ាងណាឱ្យរួចរាល់ ត្រៀមចេញដំណើរក្បួនឃោសនាបោះឆ្នោតរដ្ឋសភាលើកទី៦នៃថ្ងៃអាទិត្យនេះ ជាមួយនឹងចំនួនអ្នកចូលរួមរាប់ម៉ឺននាក់ ក្នុងថ្ងៃយុទ្ធនាការបោះឆ្នោតចុងក្រោយនៅថ្ងៃសុក្រ។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជាគណបក្សមួយក្នុងចំណោមគណបក្សនយោបាយទាំង២០ ដែលនឹងចូលរួមការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ស្វះស្វែងរកការប្រជែងនឹងគណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចយូរឆ្នាំនៅកម្ពុជា។
ជាគណបក្សស្ថិតក្នុងការគ្រប់គ្រងប្រទេសតាំងពីឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា ប្រហែលជាមិនពិបាកក្នុងការក្រសោបយកជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងថ្ងៃអាទិត្យនេះឡើយ។ ការប្រមើលមើលយ៉ាងជាក់ច្បាស់អំពីជ័យជម្នះនេះ មានតាំងពីខែវិច្ឆិកាឆ្នាំ២០១៧ ពេលដែលតុលាការកំពូលបានសម្រេចឱ្យរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាឈ្នះក្ដី ក្នុងបណ្ដឹងរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងនយោបាយដ៏ធំបំផុតរបស់ខ្លួននាការបោះឆ្នោតពីរលើកចុងក្រោយបង្អស់ក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៧។
គណបក្សសង្គ្រោះជាតិ ទទួលរងការចោទប្រកាន់ថាបានឃុបឃិតនឹងរដ្ឋការនានារបស់សហរដ្ឋអាមេរិក រៀបចំគម្រោងការផ្លាស់ប្ដូររបបនៅទីក្រុងភ្នំពេញ។ តាំងពីខែកញ្ញាមក លោក កឹម សុខា ប្រធានគណបក្ស កំពុងស្ថិតក្នុងការឃុំឃាំងនៅឡើយ ហើយប្រឈមមុខនឹងបទចោទ«ក្បត់ជាតិ»ដែលអាចនាំឱ្យលោកជាប់ពន្ធនាគារដល់ទៅ៣០ឆ្នាំ បើសិនជាតុលាការរកឃើញថាមានទោសកំហុស។
សមាជិកសមាជិកាជាន់ខ្ពស់ចំនួន១១៨រូបរបស់បក្សសង្គ្រោះជាតិកំពុងរងបម្រាមនយោបាយ៥ឆ្នាំ ហើយរចនាសម្ព័ន្ធគណបក្សដែលនៅសេសសល់នៅក្រៅប្រទេស ក៏បាននឹងកំពុងអំពាវនាវឱ្យពលរដ្ឋធ្វើពហិការមិនទៅបោះឆ្នោតថ្ងៃអាទិត្យដែលអវត្តមានគណបក្សរបស់ខ្លួន។
ក៏ប៉ុន្តែ ទិដ្ឋភាពនៅឯផ្លូវ៦០ម៉ែត្រ បរិយាកាសមួយថ្មីកំពុងចាប់មានឡើង។ បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវបានគេស្គាល់ក្នុងឈ្មោះខ្លីថាជា«បក្សជួង» ឬ«សម្ព័ន្ធ»។ អ្នកគាំទ្រនិងមេដឹកនាំគណបក្សប្រមាណ៧ម៉ឺននាក់បានចេញមកហែក្បួនឃោសនាថ្ងៃចុងក្រោយ កាលពីថ្ងៃសុក្រ ក្នុងក្ដីសង្ឃឹមថានឹងអាចពង្រីកទំហំចលនានយោបាយ និងតួនាទីរបស់ខ្លួនបន្ថែមទៀតក្រោយពីការឆ្នោតថ្ងៃអាទិត្យ។
ឃ្លាថា«សម្ព័ន្ធធំហើយ» ត្រូវបានគេបោះពុម្ពលើផ្ទាំងឃោសនាមួយចំនួន នៅឯក្បួនយុទ្ធនាការ ហើយក៏ជាពាក្យពេញនិយមមួយដែលអ្នកគាំទ្រគណបក្សមួយនេះប្រើនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផងដែរ សំដៅលើការរីកធំធាត់នៃទំហំចលនានយោបាយមួយនេះ។
នារាត្រីមុនយុទ្ធនាការចុងក្រោយមកដល់ លោក ខឹម វាសនា ប្រធានគណបក្សជំទាស់មួយនេះ បាននិយាយនៅក្នុងកម្មវិធីជជែកពីនេះពីនោះ ផ្សាយផ្ទាល់តាមទំព័រទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកថា លោកមើលឃើញឱកាសនិងលទ្ធភាពដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ អាចពង្រីកវិសាលភាពនៃតួនាទីនយោបាយរបស់ខ្លួន ដែលលោកហៅថាជា«ការផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រ» និងជា«ចំណុចរបត់នយោបាយ»របស់គណបក្សមួយនេះ។
ក្នុងការហែក្បួននៅភ្នំពេញនាថ្ងៃសុក្រ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ដែលបានប្រមូលផ្ដុំអ្នកគាំទ្រប្រមាណ២៥ម៉ឺននាក់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្ថិតនៅលំដាប់ទីពីរនៃចំនួនអ្នកហែក្បួន ដែលមានអ្នកចូលរួមប្រមាណ៧ម៉ឺននាក់ និងបានចំណាយទឹកប្រាក់ប្រមាណ១លានដុល្លារអាមេរិក។
នៅឯផ្លូវ៦០ម៉ែត្រ ខណៈដែលអ្នកគាំទ្របក្សជួងបានរង់ចាំរៀបចំខ្លួនត្រៀបត្រាជាជួរៗ លោក ខឹម វាសនា បានមកដល់ទីចាប់ផ្ដើមក្បួន ក្រោមសន្ធឹកស្រែកហ៊ោគាំទ្រពីសំណាក់អ្នកនិយមចូលចិត្តរូបលោក មុននឹងលោកថ្លែងសារនយោបាយនាការបោះឆ្នោតថ្ងៃចុងក្រោយ។
នៅលើវេទិកាដែលច្នៃតុបតែងរចនានៅលើឡានដឹកទំនិញ និងមានការរៀបចំយ៉ាងគត់មត់ លោក ខឹម វាសនា បានថ្លែងយ៉ាងដូច្នេះថា៖
«អាណត្តិនេះ យើងវាយយកទីឈរ យកបួន ដប់ ម្ភៃកៅអីអ៊ីចឹងទៅ។ បើយើងយកបានទីឈរហើយ សំឡេងប្រឆាំង អាណត្តិក្រោយ ចាប់ផ្ដើមគិតមករកកន្លែងមូលគ្នាហើយ»។
លោក ខឹម វាសនា បានបន្ថែមថា៖
«បើសិនណាយើងមិនវាយយកទីឈរក្នុងអាណត្តិនេះទេ អាណត្តិក្រោយយើងយឺតមួយពេលហើយ»។
អ្នកនយោបាយជំទាស់រូបនេះ បានលើកឡើងអំពីជំនឿជាក់របស់លោកថា សំឡេងជំទាស់នឹងគណបក្សប្រជាជនកម្ពុជាក្នុងចំណោមអ្នកបោះឆ្នោត មានច្រើនជាងចំនួនអ្នកគាំទ្រ តែលោកថាសំឡេងប្រឆាំងទាំងនោះស្ថិតនៅបែកខ្ញែក ក្នុងចលនានយោបាយផ្សេងៗគ្នា។
ការបោះឆ្នោតដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិមួយចំនួនជឿថា មានភាពចម្រូងចម្រាស បានទទួលចំណាប់អារម្មណ៍ជាខ្លាំងពីសំណាក់បណ្ដាសារព័ត៌មានឃោសនាមហាជនធំៗរបស់ពិភពលោក។ កាសែត New York Times កាលពីខែនេះ បានចុះផ្សាយអំពីបក្សតូចៗ ដែលចូលរួមក្នុងការបោះឆ្នោតលើកនេះ ដែលកាសែតនេះបានហៅថាជា«បក្សអំពិលអំពែក» លេចមុខតែពេលបោះឆ្នោត។
តែនេះមិនមែនជាករណីរបស់បក្សជួងឡើយ។
លោក ខឹម វាសនា ដែលឆ្នាំនេះមានវ័យ៥២ឆ្នាំ និងជាអតីតតារាភាពយន្ត ធ្លាប់ជាប់ជាអ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែងមកពីគណបក្ស សម រង្ស៊ី ក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៣ តែក្រោយមកបន្ទាប់ពីមានការខ្វែងគំនិតនឹងសហការី ក៏បានចេញមកបង្កើតគណបក្សនយោបាយមួយដោយខ្លួនឯងនៅអំឡុងឆ្នាំ២០០៥ និងឆ្នាំ២០០៦។
ចាប់តាំងពីការបង្កើតមក ដំណើរនយោបាយរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវបានគេស្គាល់ជាទូទៅ និងត្រូវបានមេដឹកនាំ អ្នកគាំទ្រគណបក្សបញ្ជាក់ជាបន្តបន្ទាប់ថាមានគោលដៅកសាង«មាតុភូមិមួយដែលពលរដ្ឋមានសិទ្ធិស្មើគ្នាក្នុងភាពជាម្ចាស់» និងជាមួយនឹង«យន្តការប្រាំបីចំណុច» ក្នុងការយកអំណាចមកឱ្យប្រជាជនតាមរយៈកំណែទម្រង់កាត់បន្ថយអំណាចរដ្ឋ និងអ្នកមានអំណាច។
ជាចលនានយោបាយប្រឆាំងមួយក្នុងអាណត្តិដឹកនាំជាបន្តបន្ទាប់ និងប្រកបដោយឥទ្ធិពលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្ថិតក្នុងអំណាច៣៣ឆ្នាំមកហើយ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រកាសនាពេលកន្លងមកថា«ឫសគល់នៃបញ្ហានៅកម្ពុជាគឺអំណាចប្រមូលផ្ដុំ»ជុំវិញបុគ្គលនយោបាយ និងស្ថាប័ននយោបាយមួយចំនួនតូច។
គណបក្សជំទាស់មួយនេះ មានវត្តមានរៀបចំវេទិកាសាធារណៈជាច្រើនសន្ធឹកសន្ធាប់នៅស្ទើរតែគ្រប់ទិសទី ប្រមូលយកការគាំទ្រលើទស្សនវិជ្ជានយោបាយរបស់ខ្លួនតាមរយៈអ្វីដែលមេដឹកនាំ និងអ្នកគាំទ្របក្សហៅថាជា«បដិវត្តន៍ផ្នត់គំនិត»ក្នុងការលើកកម្ពស់សុចរិតភាពនយោបាយ និងសង្គម។
ខណៈដែលលោកបានថ្លែងសារនយោបាយទៅកាន់អ្នកគាំទ្រចប់ លោក ខឹម វាសនា បានផ្ដល់កិច្ចសម្ភាសខ្លីមួយដល់បណ្ដាក្រុមអ្នកសារព័ត៌មាន ដែលលោកបានថ្លែងថា ទោះបីជាមានការសម្លឹងរក«កន្លែងឈរជើង» គណបក្សរបស់លោក រក្សាការផ្ដោតរបស់ខ្លួនទៅលើការងារប្រចាំថ្ងៃ និងបដិសេធមិនផ្ដល់ការរំពឹងទុកទៅលើចំនួនអាសនៈដែលនឹងទទួលបាននោះទេ។
លោក អៀ សុផល សាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការនយោបាយអន្តរជាតិ នៅមហាវិទ្យាល័យ Occidental College សហរដ្ឋអាមេរិក បាននិយាយថា ការណ៍ដែលបក្សជួង អាចប្រមូលផ្ដុំអ្នកគាំទ្របានទំហំរាប់ម៉ឺននាក់ មកដោយស្ម័គ្រចិត្ត នាំឱ្យបក្សមួយនេះស្ថិតក្នុងរង្វង់តួអង្គដែលគេគួរតាមដាន នាការវិវត្តនយោបាយចុងក្រោយ។
នៅពេលត្រូវបានសួរ អំពីជំនឿចិត្តថាបក្ស LDP អាចនឹងជាគណបក្សជំទាស់មួយដ៏ពិតប្រាកដ ក្នុងឆាកនយោបាយកម្ពុជាដែរឬទេ អ្នកស្រាវជ្រាវរូបនេះ បានប្រាប់VOAតាមសារអេឡិចត្រូនិកក្នុងន័យដើមយ៉ាងដូច្នេះថា៖
«វាដូចជាការសួរថាតើបក្សប្រជាជនកម្ពុជាជាបក្សកាន់អំណាចមួយដ៏ពិតប្រាកដអ៊ីចឹងដែរ។ ពិតណាស់ វាដូច្នោះហើយ ហើយបើក្នុងករណីណាមួយដែលបក្សនេះ ត្រូវបានរំលាយ ក៏វាមិនល្អដែរ។ យើងត្រូវការផ្ដល់ឱ្យប្រជាជននូវជម្រើសដ៏ពិតប្រាកដនានា»។
លោក អៀ សុផល បានបន្តយ៉ាងដូច្នេះថា៖
«ខ្ញុំច្បាស់ថាបណ្ដាមេដឹកនាំបក្ស LDP ជឿជាក់ថាខ្លួនជាបក្សប្រឆាំងមួយដ៏ពិតប្រាកដ។ ហើយការណ៍ដែលជាបក្សប្រឆាំងមួយពិតប្រាកដ ពួកគេមុខជានឹងមិនត្រូវបានអនុញ្ញាត ឱ្យចូលរួមការបោះឆ្នោតឡើយ។ ពួកគេមិនទាន់បង្កជាការគំរាមកំហែងណាមួយធំដុំដល់ការរស់រានមានវត្តមានរបស់គណបក្សកាន់អំណាចនៅឡើយទេ»។
ក៏ប៉ុន្តែលោក ខឹម វាសនា បានថ្លែងផងដែរថា លោកបានត្រៀមខ្លួនរួចជាស្រេច នៅរាល់ស្ថានភាពណាមួយដែលបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ អាចនឹងត្រូវប្រឈមមុខនឹងការរំលាយ និងធ្វើទុក្ខបុកម្នេញ ដោយកត្តាណាមួយនាថ្ងៃអនាគតដែលខ្លួនមានទំហំ និងតួនាទីជាបក្សប្រឆាំងធំជាងនេះ។
«ឧបមាថាយើងជាដង្កូវ យើងស៊ីស្ពៃគេម្ចាស់គេបាញ់ថ្នាំយើងងាប់។ បើយើងជាដង្កូវរត់បាត់ទៅគ្មានស្អីការពារខ្លួន យើងមកមួយសារទៀត វាគង់តែគេបាញ់ថ្នាំងាប់ដដែលទេ។ ពេលយើងសិក្សាថ្នាំហ្នឹងរួចហើយ មកវិញមានម៉ាសការពារ មានមួក ដៃការពារ អាវក្រោះអីមក។ យើងរៀបចំសិក្សាប្រដាប់យកឈ្នះ»។
ក្រុមអ្នកគាំទ្រ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលភាគច្រើនជាយុវជនវ័យក្មេងនិងមិនស្ថិតក្នុងសែស្រឡាយគ្រួសារមានឋានៈខ្ពង់ខ្ពស់ក្នុងសង្គម ច្រើនហៅលោក ខឹម វាសនា ថាជា «លោកពូ» ឬជា«ពុក»។ អស់ពេលជាច្រើនឆ្នាំមកនេះ ពួកគេរំពឹងទៅលើវេទិកាសាធារណៈដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីជួបម្ចាស់ឆ្នោត និងស្វះស្វែងរកការគាំទ្រចំពោះបុព្វហេតុនយោបាយរបស់ពួកគេ។
កន្លងមក ក្រុមអ្នករិះគន់ភាគច្រើនសម្ដែងការមិនពេញចិត្តចំពោះការណ៍ដែលមេដឹកនាំ និងអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ម្ដងម្កាលតែងប្រើភាសាធ្ងន់ៗក្នុងសុន្ទរកថាជាសាធារណៈមួយចំនួនរបស់ពួកគេ។
លោក ប៊ុត ស៊ាកនេ អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងដែលបានដើរចេញពីគណបក្សនេះ ហើយក្លាយជាអ្នករិះគន់កាលពីខែមីនា មិនបានបង្ហាញសុទិដ្ឋិនិយមសម្រាប់អតីតគណបក្សរបស់ខ្លួនឡើយ។
«បើគិតអំពីអត្តចរិតនិងគោលនយោបាយរបស់លោក ខឹម វាសនា វិញគាត់គ្មានផ្លូវ និងអាចធ្វើឲ្យ គណបក្សគាត់មានលទ្ធភាពគ្រប់គ្រាន់ដើម្បីតទល់នឹងគណបក្សកំពុងកាន់អំណាចនាពេលបច្ចុប្បន្នបានទេ។ លោក ខឹម វាសនាគឺជាប្រភេទមនុស្សចូលចិត្តអួតហើយគោលនយោបាយទាំង៨ចំណុចរបស់គាត់គឺគ្មានអ្វីនោះទេ»។
លោក ស៊ាកនេ ក៏មិនជឿជាក់ថាលោក ខឹម វាសនា អាចធ្វើឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្លាយជាគណបក្សប្រឆាំងដ៏ខ្លាំងថ្មីមួយផងដែរ។ លោកបាននិយាយដូច្នេះថា៖
«លោក ខឹម វាសនា និយាយបែបនេះ ដោយឆ្លៀតឱកាសនៃការរំលាយគណបក្សសង្គ្រោះជាតិដើម្បីទាក់ទាញប្រជាពលរដ្ឋឲ្យបានច្រើនដើម្បីតែសន្លឹកឆ្នោតពួកគេប៉ុណ្ណោះ»។
ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានយល់ឃើញផ្សេងពីនេះ។
តួយ៉ាងក្នុងជួរអ្នកគាំទ្រគណបក្សនេះ មានយុវជនវ័យប្រមាណ២៨ ឆ្នាំមួយរូប ដែលសូមមិនបញ្ចេញអត្តសញ្ញាណជាសាធារណៈ ព្រោះគាត់មានតួនាទី និងមុខងារក្នុងស្ថាប័នរដ្ឋ បានឲ្យដឹងថា លោកជាអ្នកគាំទ្រនិយមកណ្ដាល ហើយជឿជាក់«ពេញបេះដូង» ទៅលើគោលនយោបាយគណបក្សនេះ។
លោកប្រាប់ VOA ក្នុងន័យដើមយ៉ាងដូច្នេះថា៖
«ចំពោះខ្ញុំ បើទោះជាគណបក្សនេះ គ្មានវត្តមាន លោក ខឹម វាសនា ជាមេដឹកនាំនៅថ្ងៃណាមួយក៏ដោយ ក៏គណបក្សទាំងមូល នៅតែបន្តរស់រាន។ ជាក់ស្ដែងគណបក្សនេះមានមនោគមវិជ្ជារបស់ខ្លួន ហើយមនោគមវិជ្ជានេះមិនស្លាប់ទេ»។
អ្នកគាំទ្ររូបនេះចូលជាសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ តាំងពីឆ្នាំ២០០៩ ដោយលោកថា គណបក្សនេះនាំឲ្យលោកស្គាល់មនុស្សក្រុមមនុស្ស«ល្អ»ដែលមានចិត្តដូចគ្នា។ លោកបានបន្តក្នុងន័យដើមយ៉ាងដូច្នេះទៀតថា៖
«តាមពិតទៅ មនុស្សមួយចំនួនហៅខ្លួនឯងថា ក្រុមសម្ព័ន្ធនោះគឺជ្រុលនិយមណាស់ដែរចំពោះទង្វើរបស់គេកន្លងមក។ ខ្ញុំមិនគាំទ្រទាល់តែសោះ ប៉ុន្តែខ្ញុំយល់ថា វាជារឿងធម្មតាទេ នៅក្នុងកំឡុងដែលពួកយើងកំពុងព្យាយាមផ្លាស់ប្ដូរផ្នត់គំនិត»។
លោក ហេង សុគន្ធ អង្គុយនៅលើឡានអត់ដំបូល ផ្នែកខាងក្រោយជាមួយក្រុមអ្នកគាំទ្រប្រមាណ១០នាក់។ លោកជាអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមកពីខេត្តបន្ទាយមានជ័យ បានប្រាប់ VOAថា លោកមិនរំពឹងថាបានឃើញមនុស្សម្នាមកចូលរួមច្រើនដូច្នេះទេ ព្រោះលោកតែងតែឮថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យជាក្រុមគណបក្សតូច។
លោក ហេង សុគន្ធ បានថ្លែងដូច្នេះថា៖
«ទី១ យើងចង់បង្ហាញកម្លាំងយើងផង ទី២ យើងចូលរួមដោយទឹកចិត្ត ហើយយើងចង់បានអំណាចទាំងអស់គ្នាក្នុងភាពជាម្ចាស់ [ប្រទេស]។»
លោក សុគន្ធ ចាប់ផ្ដើមគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសឃុំសង្កាត់ឆ្នាំ២០១៧ កន្លងមក។ កាលពីមុននោះបន្តិច លោក សុគន្ធ ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។
«ខ្ញុំឃើញថាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទី១ គឺឥរិយាបថរបស់គាត់សក្ដិសមនឹងការធ្វើ [នយោបាយ] ទី២ យើងមើលឃើញថាអ្នកចូលរួមអត់មានគ្រោះថ្នាក់ផងនៅក្នុងខណៈនេះ»។
លោក ខាត់ ថាន វ័យ៥៥ ជាប្រជាពលរដ្ឋខេត្តកំពង់ស្ពឺដែលគាំទ្រគណបក្សសម្ព័ន្ធប្រជាធិបតេយ្យជាង១០ឆ្នាំមកហើយ។ លោក ខាត់ ថាន មើលទៅហាក់ដូចជាអ្នកគាំទ្រដ៏សស្រាក់សស្រាំមួយរូប ដែលនិយាយផង បញ្ចេញកាយវិការយ៉ាងរស់រវើកផង។ លោកបានឲ្យដឹងថា ក្រុមគ្រួសារលោកធ្លាប់ប្រកាន់ថា លោកគាំទ្រគណបក្សមួយដែលចេះតែស្រែកៗ អំពីរឿងពុំមានប្រយោជន៍ តែលោកហាក់រីករាយវិញ ដែលបច្ចុប្បន្នក្រុមគ្រួសារលោកបានចូលរួមជាមួយរូបលោក។
«សំខាន់មនុស្សយើងត្រូវតែស្ដាប់ ពីព្រោះចំណេះដឹងទាំងឡាយត្រូវចូលតាមត្រចៀកមុនណាប្អូនណា៎! កាលណាស្ដាប់បានដឹង បានពិចារណា និងដឹងខុសត្រូវ»។
លោក ខាត់ ថាន ជឿថាគណបក្សនេះ នឹងផ្ដល់អំណាចដល់ប្រជារាស្ត្រសាមញ្ញដូចរូបលោក៖
«គេឲ្យសារុងយើង ឲ្យក្រមាយើង តែអំណាចគេមិនឲ្យទេ។ អំណាចជាប្រភពនៃអ្វីៗទាំងអស់... អាណត្តិនេះឃើញថាសម្ព័ន្ធផុលផុសណាស់ប្អូន។ ប្រហែលជាគេបានស្ដាប់ច្រើន។ មិនដឹងយ៉ាងម៉េចទេពិបាកថាដែល។ ឃើញផុលផុសណាស់ក្នុងអាណត្តិនេះ ឃើញចម្លែក»។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានទទួលសំឡេងគាំទ្រប្រហាក់ប្រហែលគ្នា ក្នុងការបោះឆ្នោតសភាឆ្នាំ២០០៨ និងឆ្នាំ២០១៣ ពោលគឺបានសំឡេងឆ្នោតប្រមាណ៦ម៉ឺន៨ពាន់ ក្នុងមួយលើកៗ តែសំឡេងគណបក្សមួយនេះ បានឡើងដល់១សែន២ម៉ឺនសំឡេង ក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧កន្លងទៅ៕