ភ្នំពេញ៖ នៅថ្ងៃពុធនេះ តុលាការខេត្តរតនគីរីសម្រេចដោះលែងមន្រ្តីកងរាជអាវុធហត្ថមួយរូបដែលជាប់ចោទពីបទសង្ស័យថា បាញ់អ្នកកាសែតកាលពីឆ្នាំមុន។ មូលហេតុដោយតុលាការសំអាងថា ពុំមានភស្តុតាងគ្រប់គ្រាន់។ នេះបើតាមមេធាវីនិងមន្ត្រីអង្គការសិទ្ធិមនុស្ស និងភរិយារបស់ជនរងគ្រោះ។
លោកអ៊ាន ប៊ុនហេង ហៅអេង ដែលជាមន្រ្តីកងរាជអាវុធហត្ថខេត្ត និងប្រពន្ធត្រូវចាប់ខ្លួនកាលពីខែកញ្ញាឆ្នាំ២០១២ ក្រោមការចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុនពាក់ព័ន្ធនឹងការសម្លាប់អ្នកកាសែតមួយរូបឈ្មោះហង្ស សេរីឧត្តម អាយុ៤៤ឆ្នាំ ជាអ្នកយកព័ត៌មានឲ្យកាសែតវីរជនខ្មែរ ដែលគេមិនសូវស្គាល់។
ជនរងគ្រោះត្រូវបានឃាតករសម្លាប់ និងញាត់ចូលក្នុងឃ្លុបឡានកាម៉េរីស៊ែរី ៩៦ ពណ៌ស្លែ និងត្រូវបានយកទុកចោលក្នុងចម្ការស្វាយចន្ទី ក្នុងភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ។
ការធ្វើឃាតលើអ្នកយកព័ត៌មានរូបនេះកើតមានឡើងក្រោយពីលោករាយការណ៍អំពីសកម្មភាពកាប់ព្រៃឈើ និងការដឹកជញ្ជូនឈើដោយខុសច្បាប់។
អ្នកស្រីអឹម ចន្ទី អាយុ២១ឆ្នាំ ដែលជាប្រពន្ធជនរងគ្រោះ មានប្រសាសន៍ថា ការសម្រេចរបស់តុលាការពុំផ្តល់យុត្តិធម៌សម្រាប់ក្រុមគ្រួសារអ្នកស្រីឡើយ ហើយអ្នកស្រីអឹម ចន្ទីនឹងបន្តស្វែងរកយុត្តិធម៌នៅសាលាឧទ្ធរណ៍ទៀត។
«ខ្ញុំថា តុលាការកាត់ក្តីអញ្ចឹងអយុត្តិធម៌ចំពោះជនរងគ្រោះដូចជាប្តីខ្ញុំ។ គាត់ស្លាប់អញ្ចឹងអយុត្តិធម៌ពេក។ ហើយដល់ពេលចាប់បានអ្នកទោសហើយ បែរជាដោះលែងវិញ។ ច្បាប់ស្រុកខ្មែរមានប៉ុន្មាននាក់ទៀតដូចខ្ញុំ។ ប្រសិនបើប៉ះលើក្រុមគ្រួសារគាត់វិញមើល គាត់ឈឺឬអត់?»
ដោយឡែកលោកហេង សុធារ៉ា មេធាវីការពារជនជាប់ចោទមានប្រសាសន៍ថា ភស្តុតាងដែលរកឃើញនោះមិនត្រឹមត្រូវទេ។ លោកបន្តថា ការសម្រេចដោះលែងកូនក្តីរបស់ខ្លួនគឺជារឿងយុត្តិធម៌ និងផ្អែកលើច្បាប់ត្រឹមត្រូវ។
«ទី១ការបង្កសំណុំរឿងផ្អែកទៅលើភស្តុតាងដែលថា ភួយមានឈាមក្នុងឡាន ស្អីផ្សេងៗគឺអត់មានទាំងអស់ គឺកោសល្យវិច័យដល់វៀតណាមគឺអត់មានទាំងអស់។ សំអាងហេតុទី២លើលេខទូរស័ព្ទគឺទូរស័ព្ទនិយាយគឺមិនប្រាកដថា ជនជាប់ចោទនិយាយទេ។ ហើយទី៣ ប្រសិនបើជាកូនក្តីខ្ញុំពិតជាបានប្រព្រឹត្តរឿងនឹងមែន គេមិនភ្លើទៅយកស្បែកជើងគប់ជិតផ្ទះនោះទេ»។
ជាមួយគ្នានេះ អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តរតនគីរី លោកឆាយ ធីបានប្រាប់វីអូអេផ្នែកខេមរភាសាតាមទូរស័ព្ទថា ការកាត់ក្តីរបស់តុលាការដោយលើកលែងទោសជនជាប់ទាំងពីរនាពេលនេះ មិនមានភាពសុក្រឹត្យ យុត្តិធម៌សម្រាប់ជនរងគ្រោះនិងគ្រួសារនោះទេ។
«យើងមានការចាប់អារម្មណ៍ច្រើនដោយសាររឿងនេះ។ ហេតុអីបានជាមានការចោទកន្លងមកហើយ រហូតដល់មានការឃុំខ្លួន ហើយបែរជាមានការលើកលែងការចោទជាស្ថាពរទៅវិញ? វាអយុត្តិធម៌ណាស់សម្រាប់ប្រពន្ធជនរងគ្រោះ និងកូន។ ជនគ្រោះស្លាប់តាំងពីពេលកូនមិនទាន់ចាប់កំណើតរហូតដល់ចាប់កំណើតហើយនៅតែមិនទាន់អាចរកយុត្តិធម៌ជូនជនរងគ្រោះបាន»។
លោកឆាយ ធីបានធ្វើការរិះគន់ទៅលើការស៊ើបសួររបស់តុលាការ ដោយនិយាយថា មានចន្លោះប្រហោងដោយសារតែតុលាការនេះពុំបានត្រួតពិនិត្យឲ្យត្រឹមត្រូវ និងដិតដល់ទៅលើភស្តុតាងដែលរកឃើញ។ លោកបន្តថា ក្រុមមេធាវីជនជាប់ចោទបានច្រានចោលភស្តុតាងដែលប៉ូលិសស៊ើបអង្កេតបង្ហាញទៅតុលាការ។
វីអូអេ បានព្យាយាមទាក់ទងសុំការបកស្រាយពីចៅក្រមនិងព្រះរាជអាជ្ញាខេត្តរតនគីរីដែលកាន់សំណុំរឿងនេះ តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ ដោយអស់លោកបញ្ជាក់ថា នៅជាប់រវល់ រួចក្រោយមកបានបិទទូរស័ព្ទចោល៕