ការ​អំពាវនាវ​រក​សន្តិភាព​មាន​ប្រសិទ្ធិភាព​តិចតួច​ប៉ុណ្ណោះ​ក្នុង​ការ​បំបែក​ភាព​ជាប់គាំង​នៅក្នុង​ជម្លោះ​ជាតិសាសន៍​ក្នុង​ប្រទេស​ភូមា​

កងទ័ព​​ឯករាជ្យ​ ​Kachin​ ដែល​ជា​ក្រុម​ប្រដាប់​អាវុធ​​ជន​ជាតិ​​ភាគ​តិច​​ដ៏​ធំ​មួយ​​កំពុង​​ហាត់​​ហ្វឹក​ហ្វឺន​​នៅ​ជំរំ​ ​Laiza​ក្នុង​ប្រទេស​​ភូមា​ ​ថ្ងៃ​ទី​​​១៧​​ មេសា​​ ឆ្នាំ​​២០១០​។

ប្រធានាធិបតី​ភូមា​មាន​ប្រសាសន៍​ថា​ លោក​ចង់​ឲ្យ​មាន​កិច្ចចរចារ​រក​សន្តិភាព​ដើម្បី​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​រយៈពេល​ ២​ ខែ​ ជា​មួយ​នឹង​ជន​សកម្ម​ប្រយុទ្ធ​ភាគតិច​ ប៉ុន្តែ​ការ​ចរចា​ត្រូវ​ដឹកនាំ​ដោយ​មន្ត្រី​ក្នុង​តំបន់​ មិនមែន​ដោយ​រដ្ឋាភិបាល​កណ្តាល​នោះ​ទេ។

លោក​ប្រធានាធិបតី​ ធាន សៀន​ (Thien Sein)​ បាន​អំពាវនាវ​ឲ្យ​ពួក​សកម្ម​ប្រយុទ្ធ​ ជនជាតិ​ភាគតិច​ ដែល​កំពុង​ប្រយុទ្ធ​ជា​មួយ​នឹង​ទាហាន​រដ្ឋាភិបាល​ក្នុង​ប្រទេស​ភូមា​ធ្វើ​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល​តាម​រដ្ឋ​នីមួយៗ​ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​បញ្ចប់​ជម្លោះ​ ដែល​អូស​បន្លាយ​អស់​រយៈពេល​ជា​ច្រើន​ខែ​ ដោយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ ៥​ ម៉ឺន​នាក់​ ជម្លៀស​ចេញ​ពី​ទី​លំនៅ​នៅ​តាម​បណ្តា​រដ្ឋ​នៅ​ភាគ​ខាង​កើត​ និង​ខាង​ជើង។

ក្នុង​ការ​និយាយ​ទៅកាន់​ក្រុម​ពាណិជ្ជករ​ និង​សមាជិក​សភា​កាលពី​ថ្ងៃ​ពុធ​ លោក​ប្រធានាធិបតី​ក៏​បាន​ចោទ​ប្រកាន់​ពួក​សកម្ម​ប្រយុទ្ធ​ជនជាតិ​ភាគ​តិច​ កាឈីន​ (Kachin)​ អំពី​អំពើ​ភេរវកម្ម​ និង​បាន​ប្រកាន់​ខ្ជាប់​ថា​ ទាហាន​ភូមា​គ្រាន់តែ​សម្តែង​នូវ​ការ​ការពារ​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​តែ​ប៉ុណ្ណោះ។

ជន​សកម្ម​ប្រយុទ្ធ​ កាឈីន​ គឺជា​ផ្នែក​នៃ​សម្ព័ន្ធ​នយោបាយ​ក្រុម​ជនជាតិ​ភាគ​តិច​ដ៏​ទូលំ​ទូលាយ​មួយ​ ដែល​បាន​បង្កើត​ឡើង​ក្នុង​ខែ​កុម្ភៈ​ និង​ដែល​មាន​សមាជិក​មក​ពី​ក្រុម​ជនជាតិ​ភាគ​តិច​ស្ហាន​ (Shan)​ ការ៉េន​ (Karen)​ មន​ (Mon)​ និង​ ការ៉េននី​ (Karenni)។​ អ៊ុងហ្សូ​ (Aung Zaw)​ ដែល​ជា​អ្នក​ពិនិត្យ​ផ្ទៀងផ្ទាត់​អក្ខរាវិរុទ្ធ​របស់​សារព័ត៌មាន​ អ៊ីរ៉ាវ៉ាឌី​ (Irrawaddy)​ នៅ​ទីក្រុង​ឈៀងម៉ៃ​ និយាយ​ថា​ ក្រុម​ទាហាន​ជនជាតិ​ភាគ​តិច​មាន​ការ​រួបរួម​គ្នា​ជាង​មុន​ ពីព្រោះ​ថា​រដ្ឋាភិបាល​បាន​ទទូច​ឲ្យ​មាន​គោលនយោបាយ​មួយ​ដើម្បី​បង្ខំ​ពួក​គេ​ឲ្យ​ចូលរួម​ជា​មួយ​នឹង​កង​កម្លាំង​ត្រួត​ពិនិត្យ​ព្រំដែន។

«នេះ​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​របស់​រដ្ឋាភិបាល។​ ពួកគេ​ស្នើ​គោល​នយោបាយ​នេះ​ឡើង​ ហើយ​ក្រុម​ជនជាតិ​ភាគតិច​ទាំងអស់​និយាយ​ថា​ ពួកយើង​មិន​អាច​ទទួល​យក​សំណើ​នេះ​បាន​ទេ​ ដោយ​ហេតុ​ថា​ពួកយើង​មិនមែន​ប្រយុទ្ធ​ដើម្បី​ធ្វើ​ជា​កម្លាំង​ ឬ​សកម្ម​ប្រយុទ្ធ​ការពារ​ព្រំដែន​ជនជាតិ​ភាគតិច​នោះ​ទេ។​ ពួកយើង​ចង់​បាន​ស្វ័យភាព​ ពួកយើង​ចង់​បាន​ការ​គោរព​លើ​សហព័ន្ធ​កណ្តាល​នៃ​ប្រទេស​ភូមា។​ ខ្ញុំ​គិត​ថា​ នេះ​ជា​មូលហេតុ​នៃ​បញ្ហា»។

ពួក​សកម្ម​ប្រយុទ្ធ​ជនជាតិ​ភាគតិច​ទាមទារ​ថា​ កិច្ច​ចរចារ​រក​សន្តិភាព​ណា​មួយ

ក៏​ដោយ​ត្រូវតែ​រួម​បញ្ចូល​នូវ​សម្ព័ន្ធភាព​ទាំងមូល​ ហើយ​ត្រូវតែ​ធ្វើ​ជា​មួយ​នឹង​ រដ្ឋាភិបាល​កណ្តាល​ ដែល​ករណី​នេះ​ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​ច្រាន​ចោល។

គ្រា​ដែល​ការ​ចរចារ​រក​សន្តិភាព​ស្ថិត​ក្នុង​ភាព​ទាល់ច្រក​នៅ​ឡើយ​នោះ​ រដ្ឋាភិបាល​ និង​ក្រុម​សិទ្ធិ​មនុស្ស​ កាឈីន​ ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅមក​អំពី​រឿង​វាយ​ប្រហារ​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។

កាលពី​ដើម​ខែ​នេះ​ ស្ត្រី​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​មួយ​ក្រុម​ បាន​និយាយ​ថា​ ទាហាន​ភូមា​កំពុង​ប្រើប្រាស់​ការ​ចាប់​រំលោភ​ ជា​អាវុធ​សង្រ្គាម​នៅក្នុង​ការ​ប្រយុទ្ធ​គ្នា​ជា​មួយ​ពួក​ កាឈីន​ ក៏​ដូចជា​ជម្លោះ​ប្រដាប់​អាវុធ​នៅ​ក្នុង​រដ្ឋ​ ស្ហាន​ (Shan)​ ក្បែរ​ខាង​ផង​ដែរ។​ ម៉ូន​ ណាយ​ លី​ (Moon​ Nay​ Li)​ គឺជា​អ្នក​នាំពាក្យ​របស់​សមាគម​ស្ត្រី​ កាឈីន​ ដែល​ជា​ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​រដ្ឋ​ កាឈីន។

«គេ​ឃើញ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ច្រើន​ប្រភេទ​ប្រព្រឹត្ត​ឡើង​ដោយ​ពួក​ទ័ព​ទាហាន​ភូមា​ ដូចជា​ការ​បង្ខំ​ឲ្យ​លីសែង​ហួស​កម្លាំង​ និង​ការ​ចាប់​រំលោភ​បូក​ចំពោះ​ក្មេង​ស្រី​ ស្ត្រី​ និង​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុម​ទ័ព​ឯករាជ្យ​ កាឈីន។​ ពួកគេ​គ្មាន​សួរ​អ្វី​ទេ​ ពួកគេ​ចាប់​អ្នក​ទាំងនោះ​តែម្តង។​ ករណី​ហ្នឹង​ គឺជា​ការ​ចាប់ខ្លួន​ខុស​ច្បាប់។​ អ្នកភូមិ​ភាគ​ច្រើន​មាន​ការ​ភិតភ័យ​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​បែប​នេះ​ ដូច្នេះ​ពួកគេ​បាន​រត់​គេច​ខ្លួន។

ជនជាតិ​ កាឈីន​ ២​ ម៉ឺន​ នាក់​បាន​រត់​គេច​ទៅ​កាន់​ជំរុំ​ទាំង​ ១៥​ នៅ​តាម​បណ្តោយ​ព្រំដែន​ចិន​ភូមា។​ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ ក្រុម​សិទ្ធិ​មនុស្ស​ ស្ហាន​ (Shan)​ និង​សហជីព​ប្រជាធិបតេយ្យ​ ស្ហាន​ (Shan)​ បាន​និយាយ​ថា​ មនុស្ស​ច្រើន​ជាង​ ៣​ ម៉ឺន​ នាក់​ បាន​ផ្លាស់ទី​ចាប់​តាំង​ពី​ការ​ប្រយុទ្ធ​គ្នា​បាន​ចាប់​ផ្តើម​នៅក្នុង​រដ្ឋ​ ស្ហាន​ (Shan)​ កាល​ពី​ខែ​មិនា។

អ្នកស្រី​ សាលលី​ ថមសិន​ (Sally​ Thompson)​ ដែល​ជា​នាយិកា​រង​របស់​សមាគម​ព្រំដែន​ថៃ​ចិន​ ដែល​បាន​ជួយ​ប្រជាពលរដ្ឋ​ភូមា​ជាង​ ១៤​ ម៉ឺន​ នាក់​នៅ​ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ​ បាន​និយាយ​ថា​ សំណើ​សុំ​ជំនួយ​អន្តរជាតិ​ទៅ​កាន់​តំបន់​ដាច់​ស្រយាល​ត្រូវ​បាន​រដ្ឋាភិបាល​ភូមា​បដិសេធ​ចោល។​ អ្នកស្រី​និយាយ​ថា​ ការ​លែង​គោរព​តាម​បទ​ឈប់​បាញ់​គ្នា​ដែល​មាន​រយៈពេល​ពេញ​មួយ​ឆ្នាំ​ជា​មួយ​នឹង​ក្រុម​ជនជាតិ​ភាគ​តិច​គឺជា​សញ្ញាណ​បង្ហាញ​ឲ្យ​ឃើញ​ថា​ មាន​ក្តី​សង្ឃឹម​តិច​តួច​ប៉ុណ្ណោះ​សម្រាប់​ការ​ចរចារ​រក​សន្តិភាព។

«តំបន់​ទាំងនេះ​ធ្លាប់​មាន​សន្តិភាព​កន្លង​មក​ ហើយ​ឥឡូវ​នេះ​ ដោយសារ​ពួកគេ​មិន​យល់ព្រម​ជា​មួយ​នឹង​ការ​ទាមទារ​ឲ្យ​ផ្លាស់​មក​ធ្វើជា​អ្នក​ការពារ​ព្រំដែន​ យើង​មិន​ចាំបាច់​ចរចា​ទៀត​ទេ។​ យើង​ត្រូវតែ​ប្រើ​កម្លាំង»។

នៅ​សប្តាហ៍​ក្រោយ​ លោក​ Tomas​ Quintana​ ដែល​ជា​អ្នក​ស៊ើប​អង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ភូមា​ និង​បើក​ការ​ពិភាក្សា​ជា​មួយ​នឹង​បណ្តា​មន្រ្តី​ជាន់​ខ្ពស់​ទាំងឡាយ​ ដើម្បី​វាយ​តម្លៃ​លើ​ ស្ថានការណ៍​សិទ្ធិ​មនុស្ស​ក្នុង​បរិបទ​នៃ​រដ្ឋាភិបាល​ថ្មី។​ នេះ​ជា​លើក​ដំបូង​បង្អស់​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​ ដែល​មន្រ្តី​រដ្ឋការ​ភូមា​ផ្តល់​វីសា​ជូន​គាត់៕

ប្រែ​សម្រួល​ដោយ​ ភី​ សុភាដា