ក្រោយជាប់ឃុំក្នុងផ្ទះ លោកស្រី​អោង​ សាន​ស៊ូជី​ ជួប​ឥស្សរជន​បរទេស​ជាន់​ខ្ពស់​​ជាច្រើន

មេ​ដឹកនាំ​និយម​លទ្ធិ​ប្រជាធិបតេយ្យ​ លោកស្រី​អោង​ សាន​ស៊ូជី​ និយាយ​ជាមួយ​ពួក​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​ជួប​ជាមួយ​រដ្ឋ​មន្រ្តី​ការបរទេស​ជប៉ុនក្នុង​ទីក្រុង​រ៉ង់​ហ្គូន​ ថ្ងៃ​ទី​២៦​ ខែ​ធ្នូ​ ឆ្នាំ​២០១១។

លោកស្រី​អោង​ សាន​ស៊ូជី​ មេដឹកនាំ​ប្រជាធិបតេយ្យ​ភូមាបាន​ជួប​ក្នុង​រយៈ​ពេលប៉ុន្មាន​សប្តាហ៍​ថ្មី​នេះ​ជាមួយ​ឥស្សរជន​បរទេស​ជាន់​ខ្ពស់ជាច្រើន។ ​ការ​ជួប​នេះ​រួមមាន​ទាំងរដ្ឋាភិបាល​ស៊ីវិល​មាន​តែ​ឈ្មោះ​របស់​ភូមាដែល​មាន​គោល​បំណងធ្វើ​ឲ្យ​ប្រសើរ​ឡើងនូវ​កំណែ​ទម្រង់ខាង​នយោបាយ​ដែល​កំពុងបន្ត​មាន​ឡើងនៅ​ក្នុង​ប្រទេស​នោះ​ ក៏​ប៉ុន្តែ​ ពួក​អ្នក​វិភាគ​ព្រមាន​ថាការ​រីក​ចម្រើន​នៅមាន​ភាពស្រួយ​នៅ​ឡើយ។

លោកស្រី​អោង សាន​ស៊ូជី​ ​មេដឹកនាំ​និយម​លទ្ធិ​ប្រជា​ធិបតេយ្យបាន​ជួប​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ជាមួយលោក​ George Soros នៅ​គេហដ្ឋានរបស់​លោក​ស្រី​ក្បែរ​មាត់​បឹង។

អង្គការ​មូលនិធិចិត្ត​សប្បុរសធម៌​របស់មហាសេដ្ឋី​អាមេរិកាំងប្រាប់​ឲ្យ​ដឹង​ថា​ ខ្លួន​គាំទ្រ​ការ​ធានា​ដែល​ផ្តល់​ព័ត៌មាន​ដោយ​គ្មាន​ការ​ចាប់​ពិរុទ្ធដល់​ប្រ​ទេស​ភូមា​និង​ពួក​សកម្មជនដែល​អំពាវ​នាវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់ជា​សា​ធា​រណៈដល់​ការ​ប្រើ​អំណាច​ជ្រុល​ហួស។

លោក​ Soros ជា​ឥស្សជន​សាធារណៈ​ថ្មីៗ​បំផុតដែល​បាន​ជួប​ជាមួយ​ជ័យ​លាភីណូបែល​សន្តិភាព​ចាប់​តាំង​ពី​លោកស្រី​ត្រូវ​បាន​ដោះលេង​កាល​ពី​១​ឆ្នាំ​មុន ​ឲ្យរួចពីការ​ឃុំឃាំង​នៅ​ក្នុងផ្ទះជាខណៈៗអស់​រយៈពេល​១៥​ឆ្នាំ។​ លោក​ Carl Thayer​ សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយនៅ​បណ្ឌិត​សភា​ការពារ​ប្រទេស​អូស្ត្រាលីនិយាយ​ថា មេដឹកនាំ​ពាណិជ្ជកម្ម​ និងនយោបាយដ៏​មាន​ឥទ្ធិ​ពល​ កំពុង​តែនាំ​គ្នា​ធ្វើ​ការ​ផ្លាស់​ប្តូរ​ក្នុង​កម្រិត​ខ្ពស់​បំផុតនៅ​ក្នុង​ប្រ​ទេស​ភូមា​ ហើយ​នឹងពង្រឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​កំណែ​ទម្រង់។

«លោកស្រី​ជា​មនុស្ស​មាន​បញ្ញា​ឈ្លាសវៃ​ ហើយ​គេ​ដាក់​ឲ្យ​នៅ​ឯកោ។ ​ហើយ​ខ្ញុំ​គិត​ថា លោកស្រី​ត្រូវ​ការ​ការ​ណែនាំរបស់​មនុស្ស​ ដូចជាលោក​ Soros ​និងមនុស្ស​ផ្សេងៗ​ទៀត ហើយនឹង​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ និងអង្គការ​មូលនិធិ​ ហើយ​នឹង​មនុស្ស​នៅ​មូលដ្ឋាន​ ដើម្បីប្រតិបត្តិ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោកស្រី»។

កាល​ពី​មួយ​ខែមុន​ ​លោកស្រី​អោង ​សាន​ស៊ូ​ជីបាន​ជួប​ជាមួយលោកស្រី​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ Hillary​ Clinton​ ​នាយក​រដ្ឋមន្រ្តី​ថៃ​លោកស្រី​ Yingluck​ Shinawatra ​និង​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ឥណ្ឌូណេ​ស៊ី​និង​ជប៉ុន។ ​នៅ​ចុង​សប្តាហ៍​នេះ​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេសអង់គ្លេស William Hague ​ត្រូវគេ​រំពឹងថា​ នឹង​បំពេញ​ទស្សន​កិច្ចប្រទេស​ភូមា។

ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក​ Haque ​នឹង​កើត​ឡើង​ក្នុង​ពេល​ជាមួយ​គ្នានៃ​ការ​លើកលេង​ទោស​ជាទូទៅ ​ដល់​ពួក​អ្នក​ទោសដែល​បាន​ប្រកាសកាល​ពី​ថ្ងៃ​ច័ន្ទ​ដោយ​បណ្តាញ​ផ្សាយ​ព័ត៌មានរដ្ឋ​ភូមា។

កាយ​វិការសប្បុរសធម៌​នេះ​ ជា​ធម្មតា​ធ្វើ​ឡើង​នៅពេលប្រារព្ធបុណ្យ​ឯក​រាជ្យរបស់​ភូមា។ អ្នក​ទោស​ដែល​គេ​ជ្រើស​រើស​នឹងត្រូវ​បាន​បន្ធូរ​បន្ថយ​ទោស​នៅ​ថ្ងៃ​អង្គារ។ ​គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ ថាតើ​ពួក​អ្នក​ទោស​ប៉ុន្មាន​នាក់ ដែល​នៅ​ក្នុង​ពន្ធ​នាគារ នឹង​ត្រូវទទួល​បាន​ការ​លើក​លេង​ទោស​ ឬ​ថា​ តើ​មាន​អ្នក​ទោស​នយោបាយ​ប៉ុន្មាន​នាក់នឹង​រួម​មាន​នៅ​ក្នុង​នោះ​ទេ?

ភូមា​កំពុង​ឃុំ​ឃាំងមនុស្ស​រាប់​រយ​នាក់​ដោយ​សារ​ជំនឿ​ខាង​នយោបាយ​របស់​ពួកគេ។ ​លោកស្រី​គ្លីន​តុន​ និង​មន្រ្តី​ផ្សេងៗ​ទៀត ដែល​បាន​បំពេញ​ទស្សន​កិច្ចនៅ​ភូមា​ បាន​ចូលរួម​ជាមួយ​លោកស្រី​អោង​ សាន​ស៊ូជីនៅ​ក្នុង​ការ​អំពាវនាវឲ្យ​ដោះលេង​ពួក​គេ​ជា​បន្ទាន់។

លោក​Thitinan Pongsudhirak ​នាយក​វិទ្យាស្ថាន​ការ​សិក្សាសន្តិសុខ​ និងអន្តរ​ជាតិ នៅ​សកល​វិទ្យា​ល័យ​ Chulalongkorn ​ក្នុង​ទីក្រុង​បាងកក​ និយាយ​ថា ដំណើរ​បំពេញ​ទស្សន​កិច្ចរបស់​លោកស្រី​គ្លីតុន​បាន​បើក​ផ្លូវឲ្យ​មាន​ការ​ទាក់​ទង​ខាង​ការទូតជាមួយ​ភូមា​ ដែល​មាន​ឈ្មោះ​ថ្មី​ថា ​ជា​មីយ៉ាន​ម៉ា។

«វាជា​ភ្លើង​ខៀវសម្រាប់​ប្រទេស​ផ្សេងៗ​ទៀតដើម្បី​ចាប់​ផ្តើមលុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​ ដើម្បី​ផ្តល់​ជំនួយ​អភិវឌ្ឍន៍។ ​ពួកគេ​ត្រូវ​តែប្រយ័ត​ប្រយ៉ែង ​ដោយមិន​ផ្សព្វ​ផ្សាយផល​ប្រយោជន៍​ខាង​ពាណិជ្ជកម្មឆាប់​រហ័ស​ពេក។​ មាន​ក្រុម​ប្រឆាំង​ខ្លះ​ដែល​ឃើញ​ថា​ អត្ថប្រយោជន៍ទាំង​នេះជាប្រភេទ​ដ៏​ធំមួយ​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម»។

ភូមា​ជា​ប្រភព​ដ៏​សំខាន់​មួយនៃ​ឧស្ម័ន​ធម្ម​ជាតិ​ ត្បូង​ និង​ឈើ។​ ប៉ុន្តែ​ ប្រទេស​លោក​ខាង​លិច​បាន​ដាក់​កម្រិត​ពាណិជ្ជ​កម្ម​ ពីព្រោះ​តែ​ការ​ដាក់​ទ័ណ្ឌ​កម្ម​សេដ្ឋ​កិច្ចប្រឆាំងការ​ជិះ​ជាន់​សង្កត់​សង្កិតរបស់​ពួក​យោធា​លើ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស។

ចាប់​តាំង​ពី​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ Thein Sein ​បាន​ចូល​កាន់​តំណែងក្នុង​ខែ​មិនា​ឆ្នាំ​ទៅជំនួសការ​គ្រប់​គ្រង​របស់​ពួក​យោ​ធា​មក​នោះ​ ​រដ្ឋាភិបាល​នេះ​បាន​ទទួល​ការ​សរសើរជាបន្ត​បន្ទាប់​ចំពោះ​ចំ​ណាត់​ការខាង​នយោបាយ ​និង​សេដ្ឋ​កិច្ច​សេរី។ ​ប្រធានាធិបតី Thein Sein ​បាន​ធ្វើ​ចរចា​ដោយ​ផ្ទាល់​ជា​មួយលោកស្រី​អោង​ សាន​ស៊ូជី។

លោក​Thitinan ​និយាយ​ទៀត​ថា កិច្ច​សហ​ប្រតិបត្តិ​ការ​រវាងភាគី​ទាំង​២​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំងដើម្បី​ទ្រទ្រង់​ការ​ធ្វើ​កំណែ​ទម្រង់។​ លោក​និ​យាយ​ទៀត​ថា នៅ​មាន​អ្នក​ប្រកាន់​នយោបាយ​តឹង​រ៉ឹងនៅ​ក្នុង​រដ្ឋាភិបាលដែល​នឹង​ធ្វើ​ឲ្យ​ខូច​ដល់​ដំណើរ​ការ​នេះ ប្រសិនបើវា​ទៅ​លឿន​ពេក។

«សន្ទុះ​ដែល​យើង​កំពុង​ឃើញនេះ​មិន​ធ្លាប់មាន​ទេ​កាល​ពី​ពេល​មុន ​ហើយវា​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ការ​ផ្លាស់​ប្តូរ​ដំណើរ​ការ​នេះ​ដោយ​មិន​មាន​ការ​ខាត​បង់​ដ៏​ច្រើន​ដល់ពួកអ្នកដឹកនាំ​នៅ​ភូមា​គឺជាការ​ពិបាក។ ទោះបី​ពួកគេ​ចង់​ពន្យឺត​វា​ ​ឬ​ផ្លាស់​ប្តូរ​វា​ក៏ដោយ​គឺ​គេមិន​អា​ច​ធ្វើ​បាន​ទេ​ ព្រោះ​ឥឡូវ​នេះ ពួកគេ​ចូល​ជ្រៅ​ណាស់​ទៅ​ហើយ។​ ឥឡូវ​នេះ​ ពេលប្រទេសភូមា​ជិត​ដល់​ពេល​ដើរ​តួនាទី​ជា​ប្រធាន​របស់​សមាគម​ ASEAN ​ក្នុង​ឆ្នាំ​២០១៤​នោះ​ ខ្ញុំ​រំពឹង​ថា ការ​ធ្វើ​កំណែ​ទម្រង់​ នឹង​មាន​និរន្តភាព»។

មាន​ការ​ព្រួយកង្វល់​ដែរ​អំពី​ការឡើងថ្លៃ​ទំនិញ​ បន្ទាប់​ពី​អាជ្ញាធរបាន​ដំឡើង​ថ្លៃ​ឧស្ម័ន​ចំនួន​៣០​ភាគ​រយ​ កាល​ពី​ថ្ងៃ​អាទិត្យ។​ កាលពីនៅ​ក្នុង​ឆ្នាំ​២០០៧​មានការ​ដំឡើង​ថ្លៃ​មិន​ប្រកាស​ស្រដៀងគ្នា​នេះ​ដែរ​ ​ដែលបាន​ធ្វើ​ឲ្យ​មានការ​ប្រ​ឆាំង​តវ៉ាហើយ​ដែល​បន្ទាប់​មកត្រូវពួក​យោធា​កម្ទេច​ដោយ៕

ប្រែ​សម្រួល​ដោយ ជឹង​ ប៉ូជីន