វ៉ាស៊ីនតោន — នៅក្នុងប៉ុន្មាននាទីដំបូងរបស់ខ្សែភាពយន្តឯកសារ «Bad Axe» របស់លោក David Siev ដែលរៀបរាប់ពីរឿងរ៉ាវតស៊ូរបស់គ្រួសារចម្រុះជាតិសាសន៍គឺ ខ្មែរម៉ិកស៊ិកអាមេរិកាំង ដើម្បីរក្សាភោជនីយដ្ឋានរបស់ពួកគេក្នុងអំឡុងជំងឺរាតត្បាតកូវីដ១៩ បង្ហាញទិដ្ឋភាពឪពុករបស់លោក ដែលកំពុងកាប់ឈើនៅថ្ងៃដ៏ត្រជាក់មួយ។
លោក Chun Siev បានសួរទៅកាន់កូនប្រុសរបស់ខ្លួនថា៖ «ហេតុអ្វីឯងថតគ្រប់យ៉ាង»?
លោក David Siev បានឆ្លើយពេលកំពុងកាន់កាមេរ៉ាថតថា៖ «ខ្ញុំគ្រាន់តែគិតថា វាជាពេលសំខាន់មួយក្នុងប្រវត្តិសាស្ត្រនាពេលនេះ។ ខ្ញុំគ្រាន់តែចង់ថតគ្រប់យ៉ាងដើម្បីទុកជាឯកសារ»។
លោក David Siev ដែលជាអ្នកផលិតខ្សែភាពយន្តម្នាក់នៅបុរីញូវយ៉ក បានត្រឡប់ទៅស្រុកកំណើតនៅទីក្រុង Bad Axe នៃរដ្ឋ Michigan ពេលជំងឺកូវីដ១៩ បានចាប់ផ្តើមរាតត្បាត ហើយលោកបានផ្តើមថតសកម្មភាពគ្រប់យ៉ាងនៅទីនោះ។ លោកមិនមានគម្រោងផលិតភាពយន្តឯកសារនោះទេ ប៉ុន្តែពេលនេះលោកបានបង្កើតភាពយន្តមួយ ដែលបច្ចុប្បន្នកំពុងត្រូវបានចាត់ទុកថា ជាការពណ៌នាដ៏ល្អបំផុតនូវរយៈពេលដ៏ផ្លាស់ប្តូរខ្លាំង និងដ៏គ្រោះថ្នាក់នាអំឡុងឆ្នាំ២០២០។
លោក Brian Tallerico អ្នកវាយតម្លៃភាពយន្តម្នាក់សម្រាប់គេហទំព័រ RogerEbert.com បានចាត់ទុកខ្សែភាពយន្តរបស់លោក David Siev ថាជា «ខ្សែភាពយន្តដ៏សំខាន់ដែលបង្ហាញពីសម័យបច្ចុប្បន្ននេះ»។ ខ្សែភាពយន្តនេះត្រូវបានផ្តល់ពិន្ទុ ១០០% លើផ្នែកទស្សនិកជន នៅលើគេហទំព័រ RottenTomatoes.com ដែលវាយតម្លៃលើគុណភាពរបស់ភាពយន្តនៅជុំវិញពិភពលោក ហើយភាពយន្តបានទទួលពានរង្វាន់ Audience Award នៅក្នុងមហោស្រពខ្សែភាពយន្ត South by Southwest។ កាលពីខែធ្នូ ឆ្នាំ២០២២ ភាពយន្តនេះក៏ស្ថិតក្នុងចំណោមភាពយន្តចំនួន ១៥ ដែលត្រូវបានជាប់ក្នុងប្រភេទខ្សែភាពយន្តឯកសារសម្រាប់ពានរង្វាន់ Oscar។
ខ្សែភាពយន្ត «Bad Axe» បង្ហាញពីគ្រួសារចម្រុះជាតិសាសន៍ដ៏ជិតស្និទ្ធរបស់លោក David Siev ដោយស្វែងយល់ពីភាពតានតឹងច្រើនជំនាន់រវាងការតស៊ូដើម្បីអ្វីដែលត្រឹមត្រូវ និងការព្យាយាមដើម្បីសម្របសម្រួលខ្លួនក្នុងសង្គម និងថាតើការតស៊ូឬការព្យាយាមអាចជម្នះការរើសអើងជាតិសាសន៍និងការស្អប់ខ្ពើមដែរឬយ៉ាងណា។
នៅពេលដែលជំងឺកូវីដបានបណ្តាលឲ្យគ្រួសាររបស់លោក David Siev បង្ខំចិត្តបិទភោជនីយដ្ឋាន Rachel’s Bar & Grill ហើយត្រូវផ្លាស់ប្តូរអាជីវកម្ម លោក Chun Siev បាននិយាយនៅក្នុងខ្សែភាពយន្តនេះថា វីរុសនេះធ្វើឲ្យលោកភ័យខ្លាចជាងរបបខ្មែរក្រហមទៅទៀត គ្រាដែលលោកនៅក្នុងវ័យជំទង់។ ការបិទអាវជីកម្មមិនមែនជាការប្រឈមតែមួយដែលគ្រួសារនេះបានជួបប្រទះក្នុងខ្សែភាពយន្តនេះនោះទេ។
នយោបាយនិងការរើសអើង ជាការគំរាមកំហែងដ៏គ្រោះថ្នាក់ស្មើគ្នាមួយសម្រាប់គ្រួសារនិងភោជនីយដ្ឋានមួយនេះ ដែលស្ថិតនៅក្នុងសហគមន៍ជនបទមួយដែលមានភ្លើងស្តុបតែពីរគត់នៅផ្សារ Walmart ហើយទង់ដែលសរសេរថា «លោក Trump ឆ្នាំ ២០២០» មានស្ទើរគ្រប់ទីកន្លែង។
បាតុកម្ម Black Lives Matter ដែលបានផ្ទុះឡើងស្ទើរតែគ្រប់រដ្ឋនៅសហរដ្ឋអាមេរិកកាលពីខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីប៉ូលិសនៅក្នុងទីក្រុង Minneapolis នៃរដ្ឋ Minnesota បានធ្វើឲ្យលោក George Floyd ស្លាប់ បានមកដល់ទីក្រុង Bad Axe ហើយបងស្រីរបស់លោក David គឺអ្នកនាង Jaclyn និងអ្នកនាង Raquel បានសម្រេចចិត្តថា ពួកគេមិនអាចនៅស្ងៀមនោះទេ។
ពួកគេបានប្តូររូបថតគណនី Facebook របស់ភោជនីយដ្ឋាន ទៅជាពណ៌ខ្មៅ ហើយបានរៀបចំបដានានាដើម្បីចូលរួមបាតុកម្មនៅក្នុងក្រុង។ ការធ្វើបែបនេះគឺផ្ទុយស្រឡះពីអ្វីដែលឪពុកម្តាយរបស់ពួកគេធ្លាប់ធ្វើពីមុន។ អ្នកនាង Jaclyn បាននិយាយថា រូបមន្តនៃភាពជោគជ័យរបស់គ្រួសារនាងនៅក្នុងទីក្រុងដ៏តូចនេះក្នុងសហរដ្ឋអាមេរិក គឺ «ខំធ្វើការងាររបស់អ្នក ហើយកុំឈឺឆ្អាលខ្លាំងពេក»។
លោក Chun បានរួចជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមកាលពីទសវត្សរ៍ ១៩៧០ ហើយបានភៀសខ្លួនមកសហរដ្ឋអាមេរិកកាលពីលោកនៅវ័យជំទង់។ លោកនិងអ្នកស្រី Rachel បានជួបគ្នា នៅពេលអ្នកទាំងពីរនាក់កំពុងធ្វើការនៅភោជនីយដ្ឋានមួយ ហើយបានស្រឡាញ់គ្នានៅពេលអ្នកស្រីបានចូលហាត់តេខ្វាន់ដូរដែលលោក Chun ជាអ្នកបង្ហាត់។ ពួកគេបានបើកហាងលក់នំដូណាត់ក្នុងទីក្រុង Bad Axe នៃរដ្ឋ Michigan។ អ្នកទាំងពីរមានកូនបួននាក់ ហើយបានបង្កើតគ្រួសារមួយដោយរស់នៅក្នុងផ្ទះដែលមានបន្ទប់គេងពីរ មុននឹងមានលទ្ធភាពបើកភោជនីយដ្ឋាននិងទិញផ្ទះថ្មីមួយ។
នៅពេលដែលអ្នកស្រី Rachel ពិចារណាថា គួរតែចូលរួមបាតុកម្ម Black Lives Matter ជាមួយកូនៗឬយ៉ាងណា លោក Chun បានធ្វើការព្រមាន។
លោកបានសួរអ្នកស្រី Rachel ថា៖ «ហេតុអ្វីនៅសុខៗអ្នកចង់ប្រថុយ ហើយក្លាយជាមុខសញ្ញា?»
ទោះយ៉ាងណាក្តី អ្នកស្រីនៅតែចូលរួម។ នៅក្នុងបាតុកម្ម អ្នកនាង Jaclyn បានស្រែកទៅកាន់បុរសវ័យក្មេងដែលមានពាក់របាំងមុខបីនាក់និងបានបង្ហាញខ្លួននៅក្នុងបាតុកម្មនោះប្រដាប់ដោយអាវុធ។ អ្នកនាងបានចោទសួរ ខណៈប៉ូលិសកំពុងមើលមកអ្នកនាងថា៖ «តើពួកគេបារម្ភថានរណានឹងបង្កហិង្សា? បាតុករ ឬប៉ូលិសទាំងនេះ»។
អ្នកនាង Raquel បានចោទបុរសពាក់របាំងមុខម្នាក់ថាបានហៅអ្នកនាងថាជា «ជនបរទេស» ហើយនាងនិងអ្នកនាង Jaclyn បានឌឺពួកគេវិញថាបានប្រើពាក្យនេះដោយបញ្ចេញសំឡេងខុស។ បន្ទាប់ពីបាតុកម្មនោះ ពួកគេបានងាកស្វែងរកអត្តសញ្ញាណរបស់ពួក «ណាស៊ី» ពាក់របាំងមុខទាំងនោះ។
ប៉ុន្តែក្រោយមក ជីវិតក្នុងក្រុងនេះបានវិលត្រឡប់ទៅរកភាពធម្មតាវិញ។ អភិបាលរដ្ឋ Michigan
អ្នកស្រី Gretchen Whitmer មកពីគណបក្សប្រជាធិបតេយ្យ បានលុបចោទបទបញ្ជាដែលឲ្យប្រជាជននៅក្នុងផ្ទះចេញ ហើយភោជនីយដ្ឋាន Rachel’s Bar & Grill បានស្វាគមន៍ភ្ញៀវដំបូងៗរបស់ខ្លួន បន្ទាប់ពីរៀបចំឲ្យមានកន្លែងភ្ញៀវអង្គុយនៅខាងក្រៅ។ គ្រួសារត្រកូល Siev បានរៀបចំពិធីខួបកំណើតនិងពិធីអបអរបញ្ចប់ការសិក្សាជាមួយមិត្តភក្តិ។ ភាពរីករាយបានកើតឡើងជាថ្មីវិញនៅទីក្រុង Bad Axe ដែលពោរពេញដោយសកម្មភាពកីឡាវាយកូនហ្គោល កីឡាបាល់ទះ និងមនុស្សម្នាអង្គុយលំហែកាយលើខ្នើយអង្គុយធំៗ។
បន្ទាប់មក ខែតុលា ឆ្នាំ២០២០ បានមកដល់ ហើយខ្សែភាពយន្តរបស់លោក David Siev ឈានដល់ភាពងងឹតអាប់អួរ។
អតិថិជនមួយក្រុមដែលមកភោជនីយដ្ឋាន Rachel’s Bar & Grill បានតវ៉ាមិនព្រមពាក់ម៉ាស់ ហើយបានប្រើពាក្យសម្តីមិនគួរសមជាច្រើន មុននឹងចាកចេញបន្ទាប់ពីប៉ូលិសបានមកដល់។ ហើយនៅលើកញ្ចក់ទូរទស្សន៍របស់ភោជនីយដ្ឋាន បុស្តិ៍ CNN បានផ្សាយព័ត៌មានអំពីកំណើននៃអំពើហិង្សាលើជនជាតិអាស៊ីនៅសហរដ្ឋអាមេរិក។
ក្រោយមកលោក David Siev បានបញ្ចេញឈុតខ្លីៗសម្រាប់ភាពយន្តរបស់លោកដែលលោកបានថតអំពីគ្រួសារលោក ហើយប្រតិកម្ម បានធ្វើឲ្យគ្រួសារនេះភ័យខ្លាច។
សម្តីខឹងសម្បាជាច្រើនបានផុសពាសពេញគណនី Facebook ស្របពេលដែលភោជនីយដ្ឋានរបស់គ្រួសារលោក David Siev ទទួលបានសំបុត្រមួយច្បាប់ពីអតិថិជនម្នាក់ ដែលនិយាយថា គ្រួសាររបស់គេនឹងឈប់មកភោជនីយដ្ឋាន Rachel’s Bar & Grill ហើយថា គ្រួសារត្រកូល Siev គួរត្រឡប់ទៅកម្ពុជាវិញ។
ភោជនីយដ្ឋានរបស់គ្រួសារនេះក៏បានទទួលទូរសព្ទមួយពីបុរសពាក់របាំងមុខម្នាក់ ដែលបានមានវត្តមានក្នុងបាតុកម្ម Black Lives Matter ដែលខឹងសម្បា នៅពេលខ្លួនត្រូវបានបង្ហាញក្នុងភាពយន្តនោះ ដែលបុរសនោះអះអាងថា មានរបៀបវារៈប្រឆាំងការរើសអើងជាតិសាសន៍។
ស្ត្រីម្នាក់ដែលស្ថិតនៅក្បែរបុរសដែលបានទូរសព្ទមកនោះ បាននិយាយតាមទូរសព្ទទៅកាន់អ្នកស្រី Rachel ក្នុងពេលដែលអ្នកស្រីនិងក្រុមគ្រួសារនៅជុំគ្នាក្នុងការិយាល័យរបស់ភោជនីយដ្ឋាន ថា អ្នកស្រី «កំពុងជីកផ្នូរកប់ខ្លួនឯង»។
អ្នកស្រី Rachel និយាយថា អ្នកនាង Jaclyn ដែលជាសមាជិកចេញមុខខ្លាំងជាងគេក្នុងគ្រួសារ នៅក្នុងបាតុកម្ម Black Lives Matter ជាគោលដៅចម្បងរបស់ពួកគេ។ ហើយអ្នកស្រីក៏មើលមកកាមេរ៉ា។
អ្នកស្រី Rachel បាននិយាយអំពីប្រតិកម្មចំពោះឈុតខ្លីៗនៃខ្សែភាពយន្តរបស់កូនប្រុសអ្នកស្រីថា៖ «ខ្ញុំដឹងថារឿងបែបនេះនឹងកើតឡើងភ្លាមៗ នៅពេលដែលមានប្រតិកម្មពី David។ David ឯងមិនរស់នៅទីនេះទេ ឯងមិនដឹងអីទេ»។
ការឆ្លើយតបរបស់លោក Chun គឺការត្រៀមអាវុធ។ លោកបានបង្រៀនកូនស្រីរបស់លោកពីរបៀបប្រើកាំភ្លើង និងរបៀបរារាំងមិនឲ្យជនមិនស្គាល់មុខចូលផ្ទះរបស់ពួកគេ។
នៅពេលអ្នកនាង Raquel បាននិយាយថា ទំនងជាមានឡានដឹកទំនិញពីរបានតាមនាងមកផ្ទះ បន្ទាប់ពីនាងបានចេញពីធ្វើការ លោក Chun បានត្រៀមខ្លួនដោយកាន់កាំភ្លើងក្នុងដៃ ហើយប្រាប់កូនស្រីលោកឲ្យលាក់ខ្លួន បើសិនជាមានការបាញ់គ្នា។
បន្ទាប់ពីបានរស់នៅក្នុងសហគមន៍ក្នុងក្រុង Bad Axe ច្រើនជាងពីរទសវត្សរ៍មកនេះ គ្រួសារត្រកូល Siev មិនច្បាស់ថាតើពួកគេត្រូវបានស្វាគមន៍ក្នុងអំឡុងជំងឺរាតត្បាតកូវីដ ឬយ៉ាងណានោះទេ។
ហើយការព្រមានរបស់លោក Chun ប្រៀបដូចជាទំនាយមួយ។ គ្រួសារនេះកំពុងពិចារណាថាតើ លោក David គួរតែចេញផ្សាយភាពយន្តនេះ ឬយ៉ាងណា ព្រោះពួកគេបារម្ភថា ការបញ្ចាំងភាពយន្តនេះនឹងបង្កឲ្យមានការស្អប់ខ្ពើមពីសហគមន៍នេះកាន់តែច្រើនឡើង។
អ្នកនាង Jaclyn បាននិយាយថា៖ «ដរាបណាគ្មានអ្នករងគ្រោះ ភាពយន្តនេះគួរតែចេញ។ ពាក្យសម្តី ការគំរាមកំហែង សំបុត្រនិងសារនានាទាំងនោះ គ្រាន់តែជាវត្ថុប៉ុណ្ណោះ។ បើសិនជាវាអាក្រក់អស់ត្រឹមតែប៉ុណ្ណឹង អ៊ីចឹងភាពយន្តនេះសមនឹងត្រូវបញ្ចាំង»។
ភាពយន្តឯកសារនេះត្រូវបានចាក់បញ្ចាំងលើកដំបូងកាលពីខែមីនា ឆ្នាំ ២០២២ នៅមហោស្រពភាពយន្ត SXSW ហើយតាំងពីពេលនោះមក គ្រួសារត្រកូល Siev ទទួលបានការចាប់អារម្មណ៍ឥតឈប់ឈរ។ លោក David បងស្រី និងឪពុករបស់លោក បានលេចមុខលើប៉ុស្តិ៍ទូរទស្សន៍ MSNBC កាលពីខែវិច្ឆិកា ពេលដែលភាពយន្តនេះត្រូវបានបញ្ចាំង។ ស្ថានីយទូរទស្សន៍ ABC News និងស្ថានីយមួយនៅទីក្រុង Detroit ស្ថិតក្នុងចំណោមភ្នាក់ងារសារព័ត៌មានជាច្រើនទៀត ដែលបានរាយការណ៍អំពីភាពយន្តនេះ ហើយបានសម្ភាសន៍សមាជិកគ្រួសារត្រកូល Siev។
អ្នកនាង Jaclyn ដែលបានប្រកែកច្រើនជាមួយឪពុករបស់នាងក្នុងភាពយន្តនេះ បានប្រាប់អ្នកស្រី Alicia Menendez ពិធីករប៉ុស្តិ៍ទូរទស្សន៍ MSNBC ថា ឪពុកម្តាយរបស់នាងបានប្រដៅកូនៗឲ្យធ្វើអ្វីដែលត្រឹមត្រូវ ហើយតស៊ូមតិសម្រាប់អ្នកដែលគ្មានសំឡេង ទោះបីជាពួកគេមិនយល់ស្របគ្នាលើពេលវេលាក្នុងការធ្វើដូច្នោះក៏ដោយ។
លោក Chun បាននិយាយថា បទពិសោធន៍នេះបានធ្វើឲ្យលោកចាប់ផ្តើមស្តាប់កូនៗរបស់លោក ដែលលោកបានសរសើរពីជំនាន់របស់ពួកគេថា បានប្តូរទិដ្ឋភាពនៃការបោះឆ្នោតបន្ទាប់ពីអាណត្តិរបស់លោក Donald Trump។
លោក David បានប្រាប់អ្នកស្រី Menendez ថា លោកចង់បង្ហាញពីការផ្លាស់ប្តូរសុបិនអាមេរិកសម្រាប់គ្រួសារជនអន្តោប្រវេសន៍ ដែលបានតស៊ូដើម្បីកសាងជីវិតផ្ទាល់ខ្លួន បន្ទាប់ពីប្រឹងប្រែងធ្វើកិច្ចការលំបាកៗជាច្រើនទសវត្សរ៍ដើម្បីចូលជាសមាជិកនៃសហគមន៍នានានៅសហរដ្ឋអាមេរិក។
លោក David បានរៀបរាប់ពីឪពុកម្តាយលោកថា ជំនាន់ឪពុកម្តាយលោកផ្តោតលើស្ថិរភាពផ្នែកហិរញ្ញវត្ថុ និងការបញ្ជូនកូនឲ្យបានទៅរៀនដល់ថ្នាក់មហាវិទ្យាល័យ។
លោកបានថ្លែងថា៖ «សម្រាប់ជំនាន់របស់យើង វាបានផ្លាស់ប្តូរនិងវិវឌ្ឍបន្តិច។ ពិតណាស់ វារួមបញ្ចូលទាំងអស់ ប៉ុន្តែឥឡូវនេះមានធាតុផ្សំផ្សេងទៀតដែលយើងចង់ឲ្យគេមើលឃើញអំពីជំនាន់យើង។ យើងចង់មានសំឡេងខ្លួនឯង។ យើងចង់ឲ្យបទពិសោធន៍របស់យើងត្រូវបានគេយល់ឃើញថាជាផ្នែកមួយនៃបទពិសោធន៍របស់ពលរដ្ឋអាមេរិកាំង»។
លោកថ្លែងទៀតថា៖ «យើងចង់មានកិច្ចសន្ទនាបើកចំហអំពីអ្វីទៅជាបទពិសោធន៍របស់ពលរដ្ឋអាមេរិកាំង»។
ជាមួយនឹងភាពយន្តឯកសារ Bad Axe នេះ លោក David Siev បានធ្វើឲ្យគ្រួសាររបស់លោក ក្លាយជាផ្នែកលើកទឹកចិត្តមួយនៃការសន្ទនាបែបនេះ៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ