មេដឹកនាំគណបក្សជំទាស់ លោក កឹម សុខា ស្នើសុំទៅតុលាការកុំឱ្យរឹតត្បិតការឃុំខ្លួនរបស់លោកខ្លាំងពេក ដូចជាករណីជួបជាមួយជនដទៃទៀតនៅផ្ទះរបស់លោកលើកលែងតែមេធាវី។ ប៉ុន្តែការស្នើសុំនេះត្រូវបានតុលាការច្រានចោល។ នេះបើតាមលោក អាង ឧត្តម សហមេធាវីការពារក្តីលោក កឹម សុខា។
សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃអង្គារនេះ បានបើកសវនាការលើបណ្តឹងសាទុក្ខរបស់មេដឹកនាំនយោបាយជំទាស់លោក កឹម សុខា ដែលត្រូវបានចោទប្រកាន់តាំងពីឆ្នាំ ២០១៧ ក្នុងសំណុំរឿងក្បត់ជាតិដ៏ចម្រូងចម្រាស ដែលលោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ២៧ ឆ្នាំ។
ក្រោយបញ្ចប់សវនាការនាថ្ងៃដំបូង លោកមេធាវីថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «គាត់ [លោក កឹម សុខា] សុំកុំឱ្យរឹតត្បិតការឃុំខ្លួនរបស់គាត់ពេក ជាពិសេសប៉ះពាល់មិនត្រឹមតែគាត់ទេ ប៉ះពាល់ដល់គ្រួសារគាត់ និងអ្នកដែលធ្លាប់នៅជាមួយគាត់រាប់ឆ្នាំទុកជាសាច់ញាតិសន្តាន ហើយមិនឱ្យនៅជាមួយគាត់ ដើម្បីជួយកិច្ចការ ជួយសុខទុក្ខគាត់ទៀត។ គាត់សុំឱ្យបន្ធូរបន្ថយចំណុចហ្នឹង»។
លោកមេធាវី អាង ឧត្តម បញ្ជាក់ទៀតថា សវនាការរបស់លោក កឹម សុខា នឹងប្រព្រឹត្តទៅចំនួន៩លើក ដោយលើកទី ២ នឹងធ្វើឡើងនៅថ្ងៃទី៨ ខែកុម្ភៈនេះ។ បើតាមមេធាវី ស្ថានភាពសុខភាពរបស់លោក កឹម សុខា គឺមានភាពប្រក្រតី។
កាលពីព្រឹកថ្ងៃអង្គារ ក្រុមអ្នកសារព័ត៌មាន និងអ្នកតាមដានមួយចំនួនមិនត្រូវបានអនុញ្ញាតឱ្យចូលស្តាប់នៅក្នុងសវនាការរបស់លោក កឹម សុខា និងមិនអាចចូលទៅជិតសាលាឧទ្ធរណ៍នោះទេ ព្រមទាំងមានការត្រួតពិនិត្យ និងយាមកាមយ៉ាងតឹងរ៉ឹងពីសំណាក់កម្លាំងសមត្ថកិច្ច។
ពាក់ព័ន្ធនឹងករណីមិនអនុញ្ញាតឱ្យចូលស្តាប់សវនាការនេះ នាយកផ្នែកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សួន យុធ្យា យល់ថា តុលាការមិនគួរកំណត់ចំនួននាក់ចូលស្តាប់ ហើយទាល់តែចុះឈ្មោះទើបអនុញ្ញាតឱ្យចូលនោះទេ ពីព្រោះសវនាការនេះជាសវនាការសាធារណៈដែលប្រជាពលរដ្ឋអាចមានសិទ្ធិចូលស្តាប់បានដោយសេរី ប្រសិនបើពួកគេចាប់អារម្មណ៍។
លោកថ្លែងថា៖ «ជាទូទៅសវនាការដាច់ខាតត្រូវតែធ្វើជាសាធារណៈ ហើយមិនតម្រូវឱ្យមានការចុះឈ្មោះទុកជាមុនអ៊ីចឹងទេ ហើយសួរថា បើកន្លែងចង្អៀតតើគួរធ្វើយ៉ាងម៉េច? កន្លែងហ្នឹងគឺជាការងារ និងកិច្ចចាត់ចែងរបស់ខាងមន្រ្តីតុលាការ គឺត្រូវធ្វើយ៉ាងណាធានាយ៉ាងណាឱ្យសាធារណជនដែលមានបំណងចូលទៅស្តាប់សវនាការហ្នឹងចូលទៅបាន ហើយមានកន្លែងអង្គយសមរម្យក្នុងការស្តាប់នូវដំណើរការក្តី ក៏ដូចជាសវនាការហ្នឹងជាដើម»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ឃុន លាងម៉េង អ្នកនាំពាក្យសាលាឧទ្ធរណ៍រាជធានីភ្នំពេញបាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃអង្គារនេះ។
ក្រុមអ្នកគំាទ្រអតីតមេដឹកនាំគណបក្សជំទាស់លោក កឹម សុខា ដែលមានវត្តមាននៅខាងក្រៅតុលាការ បានអំពាវនាវឱ្យសាលាឧទ្ធរណ៍ផ្តល់យុត្តិធម៌ដល់អ្នកនយោបាយចាស់វស្សារូបនេះ ក្នុងសំណុំរឿងក្បត់ជាតិ ក្រោមហេតុផលថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។ បច្ចុប្បន្នលោក កឹម សុខា ត្រូវបានឃុំនៅក្នុងផ្ទះតាមការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។
អ្នកគំាទ្រលោក កឹម សុខា មួយរូបលោក សុខ ឡេង ប្រាប់វីអូអេថា លោក កឹម សុខា ជាអ្នកនយោបាយស្មោះត្រង់ គោរពតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
លោកថ្លែងថា៖ «ការកាត់ទោសហ្នឹង ខ្ញុំអត់ជឿថា គាត់ក្បត់ជាតិទេ ព្រោះឃើញថា សាលាដំបូងអត់ទាន់ឃើញចោទប្រទេសណាមួយថា សន្ទិដ្ឋិភាពជាមួយបរទេសទេឡើយ។ ចំពោះគាត់ គឺនៅតែថា គាត់ស្អាតស្អំ ហើយគាត់ជាមនុស្សដែលគោរពសិទ្ធិមនុស្ស ស្រឡាញ់ប្រទេសជាតិ មានមនសិការស្នេហាប្រទេសជាតិ ស្រឡាញ់ពលរដ្ឋ មិនមានការអំពើហិង្សាទាល់តែសោះ»។
ចំណែកលោក វាសនា ឆៃយ៉ា អ្នកគាំទ្រលោក កឹម សុខា មកពីខេត្តបន្ទាយមានជ័យ យល់ថា អវត្តមានលោក កឹម សុខា ក្នុងឆាកនយោបាយនឹងបាត់បង់ផលប្រយោជន៍ជាច្រើនមកកម្ពុជា រួមមានប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប EBA និងសហរដ្ឋអាមេរិក GSP។
លោកថ្លែងថា៖ «កាលណាគាត់ [លោក កឹម សុខា] អត់បានបន្តការងារ ពាក្យថា ការងារគាត់ជាប្រធានស្រាប់ហើយ ពាក្យថា ការងាររបស់គាត់ គឺខាតច្រើន។ ទីមួយយើងឃើញហើយ EBA និង GSP បាត់បង់។ យើងអត់ទាន់បាត់បង់អស់ទេ អត់មានរបាយការណ៍ណាថា បាត់បង់អស់ទេ។ គេកាត់ ២០%។ យើង ២០% គឺការបាត់បង់របស់យើងហ្នឹងគឺចង់ខាតហើយ»។
មិនខុសគ្នាពីអ្នកគាំទ្រដទៃទៀត លោក គិន លាង លើកឡើងដែរថា កម្ពុជានឹងរងសម្ពាធកាន់តែច្រើន បើមិនមានដំណោះស្រាយលោក កឹម សុខា តាមផ្នែកនយោបាយ។
លោកថ្លែងថា៖ «ប្រសិនបើគាត់មិនបានចូលមកកាន់នយោបាយឡើងវិញ អ៊ីចឹងវានឹងមានសម្ពាធកាន់តែច្រើន ដូចយើងដឹងស្រាប់ហើយបច្ចុប្បន្ននេះគឺហៅថា សកលភាវូបនីយកម្ម ទំនាក់ទំនងទូទៅ។ យើងអាចទំនាក់ទំនងទៅកាន់ប្រទេសមួយចំនួនបាន ក៏ប៉ុន្តែប្រទេសមួយចំនួនដូចជាពួកអរិយប្រទេសមាន G20, G7 ដូចនេះជាដើម។ ប្រសិនបើគេត្រូវការឱ្យយើងមានដំណោះស្រាយនយោបាយ បើយើងអត់ធ្វើតាម អាហ្នឹងអាចជាករណីផ្សេងមួយទៀត»។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយស្នើឱ្យរដ្ឋាភិបាលកម្ពុជាលុបចោលបទចោទប្រកាន់ក្បត់ជាតិលើលោក កឹម សុខា និងបញ្ចប់ការបង្ក្រាបជាបន្តប្រឆាំងនឹងក្រុមជំទាស់។ អង្គការអន្តរជាតិនេះបញ្ជាក់ថា ការកាត់ទោស និងផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២៧ឆ្នាំចំពោះលោក កឹម សុខា បង្ហាញពីការមិនយកចិត្តទុកដាក់របស់អាជ្ញាធរកម្ពុជាចំពោះសិទ្ធិមនុស្ស និងនីតិរដ្ឋ។
គួររំឭកថា កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក កឹម សុខា ឱ្យជាប់ឃុំរយៈពេល ២៧ ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬឃុបឃិត ត្រូវរ៉ូវគ្នាជាមួយបរទេស ដែលត្រូវបានចោទប្រកាន់តាំងពីឆ្នាំ ២០១៧។ តុលាការបានដាក់បម្រាមមិនឱ្យលោក កឹម សុខា ធ្វើនយោបាយ មិនឱ្យចេញពីផ្ទះ និងមិនអនុញ្ញាតឱ្យជួបជនបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។
កាលពីខែឧសភា ឆ្នាំ ២០២៣ អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ធ្លាប់បានប្រតិកម្មទៅនឹងតំណាងទូតបរទេសនៅកម្ពុជាថា បានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ក្នុងនោះមានករណីលោក កឹម សុខា។ លោកលើកឡើងថា តំណាងទូតបរទេសមួយចំនួនបានទៅសួរសុខទុក្ខលោក កឹម សុខា ក្នុងពេលដែលតុលាការកំពុងស៊ើបអង្កេតរឿងឃុបឃិតជាមួយបរទេស៕