នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​មួយ​ក្នុង​តំបន់​ភ្នំ​ហេមពាន្ត​ការ​ជួប​ពេទ្យ​តាម​អ៊ីនធឺណិត​នាំ​ឱ្យ​មាន​ការ​ថែទាំ​សុខភាព​ទំនើប

  • Anjana Pasricha

រូបឯកសារ៖ វេជ្ជបណ្ឌិតឥណ្ឌាពិនិត្យអ្នកជំងឺមរបេងម្នាក់នៅក្រុង Allahabad ប្រទេសឥណ្ឌា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤។

នៅ​ក្នុង​ភូមិ​ Bharmour​ ក្នុង​តំបន់​ដាច់​ស្រយាល​នៃ​តំបន់​ភ្នំ​ហេមពាន្ត​ក្នុង​រដ្ឋ​Himachal Pradesh ​គ្មាន​វេជ្ជបណ្ឌិត​ខាង​កែ​ទម្រង់​ឆ្អឹង​និង​សន្លាក់​ដើម្បី​ពិនិត្យ​ឆ្អឹង​ដែល​ដុះ​មិន​ល្អ​របស់​លោក ​Ajay Singh ​ដែល​ឈឺ​ខ្នង​ជា​ប្រចាំ​នោះទេ។​ ដូច្នេះ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ក្នុង​មូលដ្ឋាន​បាន​ចាត់ចែង​ការ​ពិគ្រោះ​តាម​អ៊ីនធឺណិត​ជា​មួយ​អ្នក​ជំនាញ​ម្នាក់​នៅ​ក្នុង​ក្រុង ​Chennai ​ក្នុង​ប៉ែក​ខាងត្បូង​ប្រទេស​ដែល​បាន​ចេញ​វេជ្ជបញ្ជា​តាម​អ៊ីនធើណិត​ឱ្យ​លោក​ទិញ​ឱសថ​ដែល​ពួក​បុគ្គលិក​ពេទ្យ​ក្នុង​មូលដ្ឋាន​ជា​អ្នក​ជួយ​ពិនិត្យ។​

ដូច​លោក ​Ajay Singh ​ដែលអ្នកស្រុក​ច្រើន​នាក់​បាន​ជួប​ទាក់​ទង​ជា​មួយ​ពួក​វេជ្ជបណ្ឌិត​មាន​គុណវុឌ្ឍិ​នៅ​ចម្ងាយ​រាប់​រយ​គ.ម.​ពី​ភូមិ​ពួក​គេ​តាម​រយៈ​កម្មវិធី​ជួប​ពេទ្យ​តាម​អ៊ីនធឺណិត​ដែល​បាន​ចាប់​ផ្តើម​ធ្វើ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន។

ការ​ក្រហាយ​ក្នុង​បំពង់​ក​របស់​លោក​ Sanjay Sharma ​ជា​ប្រចាំ​មាន​ស្ថានភាព​ប្រសើរ​ជាង​មុន​ចាប់​តាំង​ពី​លោក​បាន​ចាប់​ផ្តើម​ប្រើ​ឱសថ​តាម​វេជ្ជ​បញ្ជា​នៅ​ក្រោយ​ការ​ពិគ្រោះ​បញ្ហា​សុខភាព​នេះ​តាម​អ៊ីនធឺណិត​ជា​មួយ​អ្នក​ជំនាញ​ម្នាក់។ ​លោក​ Sanjay Sharma ​បាន​និយាយ​ជា​ភាសា Hindi ​ថា៖​

«យើង​មាន​កន្លែង​ជួប​ពិគ្រោះ​ជំងឺ​ជាមួយ​វេជ្ជ​បណ្ឌិត​ពី​ចម្ងាយ​តាម​អ៊ីនធឺណិត។ ​បើ​គ្មាន​កន្លែង​នេះ​ទេ​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​យ៉ាង​តិច​ណាស់​ពី​១០​ទៅ​១៥​ម៉ោង​ទៅ​កាន់​ទី​ក្រុង​ដើម្បី​ពិគ្រោះ​ជា​មួយ​វេជ្ជ​បណ្ឌិត។​ ខ្ញុំ​ចំណេញ​ទាំង​ពេល​វេលា​ទាំង​ប្រាក់​កាស»។​

ទោះណា​ជា​តំបន់​ដាច់​ស្រយាល​ភាគច្រើន​ក្នុង​ប្រទេស​ឥណ្ឌា​គ្មាន​កន្លែង​ថែទាំ​សុខភាព​សមរម្យ​ក៏​ដោយ​ ក៏​ការ​ថែទាំ​សុខភាព​នៅ​ក្នុង​ភូមិ​ទាំង​នេះ​ក្នុង​តំបន់​ភ្នំ​ហេមពា ន្ត​មាន​ឧបសគ្ គ​ជា​ពិសេស​គឺ​ តំបន់​ទាំង​នេះ​មាន​អ្នកស្រុក​តិច​ ហើយ​អាកាសធាតុ​មិន​ល្អ​នាំ​ឱ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ទាក់ទាញ​ពួក​បុគ្គលិក​ពេទ្យ​ឱ្យ​ទៅ​ធ្វើការ​នៅ​កន្លែង​ទាំង​នោះ។ ​ទីក្រុង​ធំៗ​នៅ​ជិត​បំផុត​នៅ​ចម្ងាយ​៤០០​គ.ម.​ពី​តំបន់​ដាច់​ស្រយាល​នោះ។​ លោក ​Rajesh Guleri​ ដែល​ជា​ប្រធាន​មន្ត្រី​ពេទ្យ​នៅក្រុង ​Chamba​និយាយ​ថា៖

«តំបន់​នេះ​បាន​ត្រូវ​កាត់​ផ្តាច់​ពី​តំបន់​ឯ​ទៀតៗ​នៃ​ពិភពលោក​ដោយសារ​មាន​ធ្លាក់​ទឹកកក​ផុសៗ​ច្រើន​រយៈ​ពេល​ភាគ​ច្រើន​នៃ​ឆ្នាំ​នីមួយៗ​ ដែល​រារាំង​ច្រក​ភ្ជាប់​គ្នា​រវាង​កន្លែង​ទាំង​នេះ​ជា​មួយ​ផ្នែក​ឯ​ទៀតៗ​នៃ​ស្រុក​និង​រដ្ឋ។​ ដូច្នេះ ​អ្នក​ស្រុក​គ្មាន​ជម្រើស​ក្រៅ​ពី​ត្រូវ​ទទួល​ការ​ព្យាបាល​ដែល​មាន​នៅ​ទីនេះ​ ពីព្រោះ​បើ​មិន​ធ្វើ​ដូច្នេះ​ទេ​គេ​ត្រូវ​ដឹក​អ្នក​ជំងឺ​តាម​ឧទ្ធម្ភាគ​ចក្រ​ដែល​ភាគ​ច្រើន​មាន​ការ​ពិបាក​ណាស់»។​

នៅ​ពេល​នេះ​ពួក​បុគ្គលិក​ពេទ្យ​មូលដ្ឋាន​ក្នុង​ភូមិ​ពីរ​គឺ​ភូមិ​ Bharmour ​និង​ភូមិ​ Pangi ​បាន​ត្រូវ​ហ្វឹកហ្វឺន​ឱ្យ​ធ្វើ​តេស្ត ​ដូចជា​ឧបករណ៍​សរីរាង្គ ​ultrasounds និង​ឧបករណ៍​មើល​សង្វាក់​បេះដូង (​electrocardiograms) ​ហើយ​ពួក​អ្នក​ជំនាញ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ក្នុង​ក្រុង​ទទួល​របាយ​ការណ៍​តាម​អ៊ីនធឺណិត។​

បច្ចេកវិទ្យា​ផ្កាយ​វិទ្យាសាស្ត្រ​ជួយ​ជម្នះ​ឧបសគ្គ​ឱ្យ​ពួក​ជន​ក្រីក្រ​មាន​ការ​ទាក់ទង​ជា​មួយ​ពួក​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ក្នុង​តំបន់​ទាំងនោះ។ ​លោក​Rajesh Guleri​ ដែល​ជា​ប្រធាន​មន្ត្រី​ពេទ្យ​នៅក្រុង​ Chamba​ និយាយ​ថា៖​

«យើង​អាច​ចាត់ចែង​ការ​ពិគ្រោះ​ជំងឺ​ប្រមាណ​៣​ពាន់​នាក់​ផ្នែក ​OPD ​គឺ​អ្នក​ជំងឺ​មិន​សម្រាក​ក្នុង​មន្ទីរ​ពេទ្យហើយ​ការ​ជួយ​អ្នក​ជំងឺ​អាសន្ន​តាម​អ៊ីនធឺណិត​ជាង​ ៦០​បាន​ត្រូវធ្វើ​នៅ​ឯ​កន្លែង​ទាំង​ពីរ​នេះ​ចាប់តាំង​ពី​មាន​ការ​ចាប់​ផ្តើម​អនុវត្ត​កម្មវិធី​នេះ​មក»។​

លោក​ Anil Kumar ​អ្នក​ស្រុក​តំបន់​នេះ​និយាយ​ថា​ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វេជ្ជបណ្ឌិត​ជំងឺ​បេះដូង​អំពី​ស្ថានភាព​បេះដូង​របស់បង​ប្រុស​លោក​បាន​ធ្វើ​ទាន់​ពេល​ដែល​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​ភ្លាមៗ។​ លោក​ Anil Kumar ​ដែល​ជា​អ្នកស្រុក​ភូមិ​ Bharmour ​បាន​ថ្លែង​ថា៖​

«ពួក​វេជ្ជបណ្ឌិត​បាន​និយាយ​ប្រាប់​យើង​ថា​ បង​ប្រុស​ខ្ញុំ​មាន​បញ្ហា​បេះដូង​គឺ​មាន​ស្ទះ​សរសៃ​ឈាម​បេះដូង​...​យើង​បាន​ទៅ​ក្រុង​ Shimla ​ដែល​នៅទី​នោះ​ពួក​វជ្ជបណ្ឌិត​បាន​ដាក់​បញ្ចូល​ទុយោ​មួយ​ក្នុង​សរសៃ​បេះដូង។​ វា​បាន​ដោះស្រាយ​បញ្ហា​សុខភាព​នេះ​បាន»។​

កម្មវិធី​ជួប​ពេទ្យ​តាម​អ៊ីនធឺណិត​ក៏​បាន​ជួយ​ពួក​ស្ត្រី​ដែល​បញ្ហា​សុខភាព​នៅ​ក្នុង​តំបន់​ជន​បទ​ដែល​មិន​បាន​ត្រូវ​អើពើ​ជា​ញឹកញយ។ ​ អ្នកស្រី​ Reeta Devi ​ដែល​ជា​អ្នកស្រុក​ភូមិ ​Bharmour ​បាន​និយាយ​ថា៖

«ពួក​វេជ្ជបណ្ឌិត​នៅ​ទី​នេះ​បាន​និយាយ​ប្រាប់​ខ្ញុំ​ឱ្យ​ពិគ្រោះ​ជា​មួយ​អ្នក​ជំនាញ​អំពី​ការ​ឈឺ​ក្បាល​ជា​ប្រចាំ​របស់​ខ្ញុំ។ វេជ្ជបណ្ឌិត​បាន​រក​ឃើញ​ថា បញ្ហា​នេះ​គឺ​ជំងឺ​ប្រកាំង។ ​ ឱសថ​ដែល​ខ្ញុំ​ទទួល​បាន​កាល​ពី​ខែ​មុន​បាន​ជួយ​ច្រើន»។​

ការ​ព្រួយ​បារម្ភ​អំពី​ផ្លូវ​ដ៏​ពិបាក​ទាំង​នេះ​កាត់​ផ្តាច់​ពួក​អ្នក​ស្រុក​ពី​ការ​ថែទាំ​សុខភាព​បាន​ធូរ​ស្រាល​សម្រាប់​ក្រុម​អ្នក​ស្រុក​នៅ​ក្នុង​ភូមិ​នេះ​ក្នុង​តំបន់ភ្នំ​ហេមពាន្ត។​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ