លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអាទិត្យ បានប្រើប្រាស់ហ្វេសប៊ុករបស់លោក សរសេរសារបែបចំអកឲ្យប្រទេសមហាអំណាចមួយ ដែលលោកមិនបញ្ចេញឈ្មោះថា «ចាញ់រត់ទៅផ្ទះ» នៅក្នុងសង្រ្គាមក្នុងប្រទេសអាហ្វហ្គានីស្ថាន។
សារបែបចំអករបស់មេដឹកនាំកម្ពុជា ត្រូវបានអ្នកវិភាគមួយចំនួននិយាយថាបង្ហាញពីការបន្តធ្លាក់ចុះបន្ថែមទៀតនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុករបស់លោក ដែលសារបង្ហោះនោះមានលក្ខណៈបែបលេងសើចជាមួយរូបភាពរបស់ចៅប្រុសលោក ក្នុងសម្លៀកបំពាក់ជាទាហាន កាន់កាំភ្លើងជ័រវែង ប៉ុន្តែហាក់ដូចជាមានបង្កប់ន័យផ្នែកនយោបាយ ដោយសំដៅលើបរាជ័យសង្រ្គាម និងការដកកងទ័ពរបស់សហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថាន ២០ឆ្នាំ បន្ទាប់ពីការឈ្លានពានរបស់សហរដ្ឋអាមេរិក។
នៅក្នុងសារនោះ លោក ហ៊ុន សែន បានណែនាំឲ្យចៅប្រុសរបស់លោកមិនឲ្យទៅប្រទេសអាហ្វហ្គានីស្ថាន ដោយលើកឡើងក្នុងសំណេរដើមថា «ប្រទេសមហាអំណាចកំពុងចាញ់រត់ទៅផ្ទះគេអស់ហើយ»។
លោក ហ៊ុន សែន សរសេរថា៖ «ខ្ញុំសួរទៅចៅស្លៀកពាក់ទាហានត្រៀមចេញទៅអាហ្វហ្គានីស្ថានឬអី? កុំទៅចៅ ព្រោះមហាអំណាចកំពុងរត់ចោលអាហ្វហ្គានីស្ថាន។ ចៅទៅក៏ជួយអាហ្វហ្គានីស្ថានមិនបានដែរ ព្រោះប្រទេសមហាអំណាចកំពុងចាញ់រត់ទៅផ្ទះគេអស់ហើយ។ ម្យ៉ាងទៀតកាំភ្លើងចៅមិនទំនើបដូចកាំភ្លើងប្រទេសមហាអំណាចទេ»។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានថ្លែងប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា សារបង្ហោះតាមបណ្តាញសង្គមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អាចបកស្រាយបានជាពីរជ្រុង។
លោកនិយាយថា ក្នុងជ្រុងទីមួយ សារបង្ហោះនេះ អាចត្រូវបានចាត់ទុកគ្រាន់តែជាសារបែបលេងសើចជាលក្ខណៈឯកជនរបស់លោកនាយករដ្ឋមន្រ្តីជាមួយចៅប្រុសរបស់លោក ហើយក្នុងជ្រុងទីពីរ សារបង្ហោះនេះ អាចមានបង្កប់ន័យផ្នែកនយោបាយ ដោយផ្តោតលើបរាជ័យរបស់សហរដ្ឋអាមេរិកក្នុងសង្រ្គាមនៅអាហ្វហ្គានីស្ថាន និងការបោះបង់ចោលពលរដ្ឋអាហ្វហ្គានីស្ថាន តាមរយៈការដកកម្លាំងចេញពីប្រទេសនេះ។
លោកបន្តថា បើសិនជាសារពីសំណាក់លោកនាយករដ្ឋមន្រ្តីមានបង្កប់ន័យផ្នែកនយោបាយ វាអាចបង្កឲ្យទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកកាន់តែធ្លាក់ចុះបន្ថែមទៀតផងដែរ។
លោកបានថ្លែងថា៖ «បើសិនជាសាររបស់គាត់មានបង្កប់នូវខ្លឹមសារបញ្ឈឺ ឬក៏ឌឺដងបែបនយោបាយ តិចឬក៏ច្រើន ការបញ្ចេញទស្សនៈក្នុងនាមជាថ្នាក់ដឹកនាំរបស់ប្រទេសមួយបែបនេះ ជាពិសេសនៅក្នុងបរិបទដែលទំនាក់ទំនងរបស់កម្ពុជានឹងមានភាពប្រេះឆានៅឡើយ វានាំឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកដែរ ជាពិសេសនៅក្នុងស្ថានភាពដែលអាមេរិកកំពុងប្រឈមមុខនឹងបញ្ហារឿងដកទ័ពនៅអាហ្វហ្គានីស្ថាន ហើយជំហររបស់អាមេរិកនៅមានភាពរម៉ាំងរម៉ោក ដូចជាមិនទាន់រកឃើញមាគ៌ា ដែលធ្វើឲ្យទំនាក់ទំនងការទូត ឬទំនាក់ទំនងការបរទេស និងសហប្រតិបត្តិការរវាងអាមេរិកនិងកម្ពុជា មានភាពរលូននៅឡើយទេ»។
លោក មាស នី អ្នកវិភាគនយោបាយ និងសង្គម បានថ្លែងថា ជារឿងពិបាកក្នុងការវែកញែកពីគោលបំណងច្បាស់លាស់នៃសារបង្ហោះនៅទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ដោយលោកបានលើកឡើងថា សារនេះអាចគ្រាន់តែជាការលេងសើច ឬក៏អាចបង្កប់ន័យបង្ហាញភាពមិនពេញចិត្តផងដែរ។
យ៉ាងណាក្តី លោក មាស នី បានបន្តថា ការបង្ហោះសារដោយប្រើប្រាស់ភាសាបែបបញ្ចើចបញ្ចើរនេះ អាចផ្តល់ផលអវិជ្ជមានផងដែរមកលើទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
លោកបានថ្លែងថា៖ «អាហ្នឹងតាមពិត វាត្រូវតែប៉ះពាល់ហើយ ទោះបីជាថា សាម៉ីខ្លួនមិនបានគិតទៅដល់ពេលហ្នឹង ក៏ប៉ុន្តែសម្រាប់មហាជនទូទៅ គឺយើងអាចមើលឃើញថា នេះជាសារនិយាយលេងមែន ក៏ប៉ុន្តែវាមានភាពដៀមដាមជាអវិជ្ជមានទៅលើមហាអំណាច»។
ចំណែកលោក សេង សារី អ្នកស្រាវជ្រាវសង្គមឯករាជ្យ បានបញ្ជាប់ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា សារបង្ហោះបែបប្រើប្រាស់ភាសាឌឺដងទៅកាន់សហរដ្ឋអាមេរិក មិនគួរជាមធ្យោបាយដែលអ្នកនយោបាយដែលមានបទពិសោធន៍យូរឆ្នាំក្នុងឆាកនយោបាយប្រើប្រាស់នោះទេ ដោយសារតែការណ៍នេះមិនបានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិនោះទេ។
លោកបន្តថា ភាពជាដឹកនាំផ្នែកនយោបាយដើម្បីអាចទទួលបានផលប្រយោជន៍ពីទាំងប្រទេសចិន និងសហរដ្ឋអាមេរិកជារឿងប្រសើរជាងការប្រើប្រាស់សារបង្អាប់ទៅកាន់មហាអំណាចមួយក្នុងចំណោមនេះ។
លោកបានថ្លែងថា៖ «យើងដឹងថា សហរដ្ឋអាមេរិកជាប្រទេសមហាអំណាច មិនមែនតែសហរដ្ឋអាមេរិកនោះទេ សូម្បីតែចិនហ្នឹង គឺសុទ្ធតែអ្នកផ្តល់ផលប្រយោជន៍មកដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ វាជារឿងប្រកែកមិនបាន ក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា តើយើងចេះធ្វើនយោបាយបែបណា ដើម្បីបានប្រយោជន៍ពីមហាអំណាចទាំងពីរនោះ។ យើងមិនគួរប្រកាស ពឹងផ្អែកលើមហាអំណាចមួយ ហើយស្រាប់តែយើងទៅឌឺដងបញ្ចេញសារចំអកឡកឡឺយទៅមហាអំណាចមួយទៀត ដែលនាំឲ្យកម្ពុជាទៅរកស្ថានភាពមួយដែលគួរឲ្យបារម្ភ»។
នៅក្នុងសារអ៊ីមែលឆ្លើយតបមកកាន់វីអូអេនៅថ្ងៃចន្ទនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា សុំមិនបញ្ចេញមតិពាក់ព័ន្ធនឹងការបង្ហោះសាររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
នៅក្នុងការថ្លែងជាសាធារណៈជាលើកដំបូងចាប់តាំងពីក្រុមឧទ្ទាមតាលីបង់កាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន លោកប្រធានាធិបតី Joe Biden បាននិយាយថា លោក«មិនងាករេដាច់ខាត» ពីសេចក្តីសម្រេចរបស់លោកក្នុងការដកកងកម្លាំងសហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន។
នៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍ពីសេតវិមានកាលពីពាក់កណ្តាលខែសីហានេះ លោក Biden បញ្ជាក់ថា បេសកកម្មអាមេរិកនៅអាហ្វហ្គានីស្ថាន «មិនដែលសន្មតថាជាបេសកកម្មកសាងប្រទេសនោះទេ» ហើយការគំរាមកំហែងរបស់ភេរវជន ដែលនាំឲ្យសហរដ្ឋអាមេរិកមានវត្តមាននៅអាហ្វហ្គានីស្ថាននោះ ឥឡូវនេះបានរីកសាយហួសពីប្រទេសអាហ្វហ្គានីស្ថានទៅកាន់ប្រទេសផ្សេងៗទៀតទៅហើយ។
លោកប្រធានាធិបតីអាមេរិក ក៏បានទទួលស្គាល់ថា ការដួលរលំនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងជ័យជម្នះរបស់ក្រុមបះបោរតាលីបង់នៅទូទាំងប្រទេសនេះ បានកើតឡើង«លឿនជាងការរំពឹងទុករបស់យើង»។
ទោះជាយ៉ាងនេះក្តី លោក Biden ថ្លែងថា វាជាការមិនត្រឹមត្រូវទេ ដែលបញ្ជាឲ្យទាហានអាមេរិកបន្តប្រយុទ្ធ នៅពេលទាហានអាហ្វហ្គានីស្ថានខ្លួនឯង មិនមានឆន្ទៈប្រយុទ្ធនោះ។
សហរដ្ឋអាមេរិកបានជម្លៀសកម្លាំង និងពលរដ្ឋខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីប្រទេសនេះធ្លាក់ចូលក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ ក្រោយពីបានប្រយុទ្ធក្នុងសង្រ្គាមអស់រយៈពេលប្រមាណ២០ឆ្នាំកន្លងមកនេះ៕