ដោយអត្រាចម្លងរោគរបេងកំពុងធ្លាក់ចុះនៅទូទាំងពិភពលោក ក្រុមមន្ត្រីសុខាភិបាលកំពុងប្រញាប់ប្រញាល់បំពេញបន្ថែមលើសមិទ្ធផលទាំងនោះ។ របាយការណ៍ចុងក្រោយបំផុតរបស់អង្គការសុខភាពពិភពលោក (World Health Organization) ឬហៅកាត់ថា WHO ស្តីពីរោគរបេងបង្ហាញថាតើចំនួនប្រជាពលរដ្ឋដែលឆ្លងជំងឺនេះបានធ្លាក់ចុះទៅដល់៨.៨លាននាក់នៅឆ្នាំ២០១០ ដែលបានថយចុះពី៩លាននាក់កាលពី៥ឆ្នាំកន្លងទៅយ៉ាងដូចម្តេច។ សមិទ្ធផលទាំងនេះភាគច្រើនបំផុតបានទទួលពីតំបន់ដែលទទួលរងគ្រោះធ្ងន់ធ្ងរបំផុតនៃទ្វីបអាហ្វ្រិកខាងកើត ពោលគឺប្រទេសកេនយ៉ា(Kenya) និងតង់ហ្សានី (Tanzania)។
ការព្យាបាលដ៏ប្រសើរជាងមុនបានរួមចំណែកយ៉ាងធំធេងដល់អត្រាចម្លងដែលបានថយចុះនេះ។ ប៉ុន្តែ ក្រុមមន្ត្រីផ្នែកវេជ្ជសាស្ត្រមិនត្រឹមតែស្វែងរកវិធីព្យាបាលរោគរបេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទប់ស្កាត់មេរោគនេះទៀតផង។ មានគម្រោងជាច្រើន ដែលកំពុងអនុវត្តដើម្បីផលិតវ៉ាក់សាំងប្រកបដោយប្រសិទ្ធិភាពជាងមុន។ អង្គការ WHO ថ្លែងថា មានថ្នាំវ៉ាក់សាំងលំដាប់កំពូលចំនួន១០ ដែលត្រូវបានសាកល្បងនៅពេលនេះ។ វ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងទាំងនោះត្រូវបានបង្កើតដោយក្រុមហ៊ុនអេរ៉ាស (Aeras) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
លោកស្រី វីកគី ខាដេណាស (Vicky Cardenas) ជានាយិការផលិតផលគ្លីនីករបស់ក្រុមហ៊ុនអេរ៉ាស ដែលបច្ចុប្បន្នកំពុងសាកល្បងថ្នាំថ្មីរបស់ខ្លួននៅប្រទេសចំនួន៥ ក្នុងអនុតំបន់សាហារ៉ារបស់ទ្វីបអាហ្រ្វិក។
«គោលដៅរបស់យើងគឺត្រូវចុះឈ្មោះកុមារចំនួន៤ពាន់នាក់នៅត្រឹមចុងឆ្នាំក្រោយ ហើយសង្ឃឹមថា យើងនឹងមានថ្នាំវ៉ាក់សាំងមួយដែលមានប្រសិទ្ធិភាពជាងថ្នាំវ៉ាក់សាំងបច្ចុប្បន្ននេះ។ ថ្នាំវ៉ាក់សាំងបច្ចុប្បន្នត្រូវបានហៅថា BCG ហើយថ្នាំនេះត្រូវបានចាក់នៅពេលទារកចាប់កំណើត ប៉ុន្តែថ្នាំនេះមិនអាចការពារបានល្អប្រឆាំងនឹងជំងឺរបេងសួត ហើយថ្នាំនេះក៏មិនអាចការពារមនុស្សពេញវ័យប្រឆាំងនឹងជំងឺរបេងឡើយ»។
ថ្នាំវ៉ាក់សាំងបច្ចុប្បន្ន BCG ត្រូវបានប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩២១មកម៉្លេះ។ ការព្យាបាលភាគច្រើនមានរយៈកាលប្រហែល៥០ឆ្នាំ ហើយការចម្លងរោគរបេងកំពុងស៊ាំនឹងឪសថពីបុរាណនោះ។ ថ្នាំវ៉ាក់សាំងថ្មីរបស់ក្រុមហ៊ុន Aeras ដែលត្រូវបានស្គាល់ថាជា Aeras-402 ស្ថិតនៅក្នុងដំណាក់កាលសាកល្បងកម្រិតខ្ពស់ ហើយក្រុមហ៊ុននេះសង្ឃឹមថានឹងមានថ្នាំនេះដាក់លក់នៅតាមទីផ្សានៅត្រឹមឆ្នាំ២០២០។
ក្រុមហ៊ុន អ៊ែរ៉ាស (Aeras) កំពុងធ្វើការសាកល្បងថ្នាំព្យាបាលនេះនៅទីក្រុងគីសុមុ (Kisumu) ស្ថិតនៅប្រទេសកេនយ៉ាភាគខាងលិច នៅឯគ្លីនីកមួយកន្លែង គ្រប់គ្រងដោយមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ និងវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រកេនយ៉ា។
លោកខាឌឺណាស មានប្រសាសន៍ថា ហេតុផលមួយដែលពួកគេជ្រើសរើសយកប្រទេសកេនយ៉ាដើម្បីសាកល្បងនោះគឺដោយសារឥទ្ធិពលរបស់ប្រទេសនេះនៅក្នុងតំបន់។
«អ្វីដែលខ្ញុំបានរកឃើញនៅពេលដែលខ្ញុំកំពុងធ្វើការទាក់ទងនឹងថ្នាំវ៉ាក់សាំងជំងឺគ្រុនចាញ់ គឺថាប្រទេសភាគច្រើនថ្លែងថា «ខ្ញុំនឹងមិនទិញវ៉ាក់សាំងនោះទេ ដរាបណាអ្នកបានសាកល្បងថ្នាំនោះនៅក្នុងចំណោមពលរដ្ឋរបស់ខ្ញុំសិន»។ ដូច្នេះ យើងត្រូវតែជម្នះឧបសគ្គនោះ ដោយសារតែយើងមិនអាចធ្វើការសាកល្បងថ្នាំនេះនៅក្នុងប្រទេសចំនួន១៩២បានទេ។ ដូច្នេះ អ្វីដែលយើងត្រូវធ្វើគឺត្រូវស្វែងរកប្រទេសណាដែលមានលក្ខណៈជាមេគំនិតនៅក្នុងតំបន់នោះ ហើយដូច្នេះគឺមានតែប្រទេសកេនយ៉ានេះតែម្តង។ នោះជាអ្វីដែលយើងគិតអំពីកេនយ៉ា។ កេនយ៉ាអាចដឹកនាំប្រទេសផ្សេងទៀត»។
យោងតាមទិន្នន័យរបស់អង្គការ WHO ក្នុងចំណោមប្រទេសដែលគេហៅថាមានកម្រិតខ្ពស់ចំនួន២២ ដែលជំងឺរបេងរីករាលដាលច្រើនបំផុត ប្រទេសចំនួន៩ ស្ថិតនៅក្នុងអនុតំបន់សាហារ៉ារបស់ទ្វីបអាហ្វ្រិក។ ប្រទេសអាហ្វ្រិកខាងត្បូង ជាប្រទេសទទួលផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ដោយមានករណីជំងឺនេះចំនួន២សែន ១ម៉ឺន ៣ពាន់នាក់ បន្ទាប់មកប្រទេសកេនយ៉ា ដែលមានអ្នកកើតជំងឺរបេងចំនួន៩ម៉ឺន៧ពាន់នាក់។ ប្រទេសអ៊ុយហ្គាន់ដា(Uganda) តង់ហ្សានី(Tanzania) និងអេត្យូពី(Ethiopia) ក៏ស្ថិតនៅក្នុងចំណោមប្រទេសមានកម្រិតឆ្លងខ្ពស់ដែរ។
អង្គការ WHO បានឲ្យដឹងថា ខណៈដែលការចម្លងជំងឺរបេងបានធ្លាក់ចុះ អង្គការនេះបញ្ជាក់ថា មូលនិធិច្រើនថែមទៀតនៅតែត្រូវការចាំបាច់ដើម្បីពង្រីកការព្យាបាលសម្រាប់អ្នកជំងឺកាន់តែច្រើនឡើង ជាពិសេសអ្នកដែលមានផ្ទុកជំងឺដែលមានភាពស៊ាំនឹងថ្នាំ៕
ប្រែសម្រួលដោយ លី សុខឃាង