ផលវិបាករាលដាលដល់ម្ចាស់អាជីវកម្មខ្នាតតូចនៅក្នុងតំបន់រដ្ឋធានី Washington ដែលត្រូវបង្ខំចិត្តបញ្ឈប់បុគ្គលិក នៅពេលគ្មានប្រាក់ចំណូល។ ក្នុងចំណោមអ្នកទាំងនោះ មានលោក Divo Le អ្នកជំនាញធ្វើសក់ ក្នុងទីក្រុង Alexandria រដ្ឋ Virginia ដែលកំពុងនៅផ្ទះជាមួយកូនស្រីភ្លោះអាយុ ៦ឆ្នាំរបស់លោក ប៉ុន្តែនិយាយដោយសោកស្តាយពីការបិទទ្វាហាង ដែលលោកធ្លាប់មានបុគ្គលិក ៨ នាក់។
បុរសអាយុ ៥២ឆ្នាំរូបនេះបាននិយាយថា៖ «ខ្ញុំចូលចិត្តលេងជាកូនស្រីខ្ញុំ និងជួយពួកគេ ប៉ុន្តែខ្ញុំពិតជាចង់ត្រឡប់ទៅធ្វើការវិញណាស់»។
នៅក្នុងខែមីនា រដ្ឋ Virginia បានចូលរួមជាមួយនឹងរដ្ឋផ្សេងៗទៀត ដើម្បីបិទអាជីវកម្មពុំសូវចាំបាច់ដែលរួមទាំងហាងធ្វើសក់ផងដែរ។
ជំងឺកូវីដ១៩ បានបង្កការលំបាក ដែលលោក Divo មិនដែលជួបប្រទះពីមុនមក និងបង្ខំឲ្យលោកផ្អាកសុបិនរបស់លោកមួយរយៈ។ នៅពេលលោកមានអាយុ ១៥ឆ្នាំ លោកបានចាកចេញពីប្រទេសវៀតណាមជាមួយមិត្តម្នាក់ ដើម្បីគេចចេញពីភូមិក្រីក្រមួយ ដើម្បីអ្វីដែលលោករំពឹងថានឹងទទួលបានអនាគតភ្លឺស្វាង ៨ឆ្នាំបន្ទាប់ពីការបញ្ចប់សង្រ្គាមវៀតណាម ដែលបានបំផ្លិចបំផ្លាញប្រទេសនេះ។
លោកនិយាយថា៖ «កាលនោះខ្ញុំល្ងង់ណាស់ ហើយសូម្បីពេលខ្ញុំចាកចេញ ក៏ខ្ញុំមិនបានប្រាប់ឪពុកម្ដាយខ្ញុំដែរ។ ខ្ញុំគ្រាន់តែដឹងថា មនុស្សជាច្រើននាក់ព្យាយាមចាកចេញពីវៀតណាម ដោយសង្ឃឹមថាមានទៅដល់សហរដ្ឋអាមេរិក ហើយខ្ញុំក៏ចង់ទៅទីនោះដែរ»។
លោក Divo បានជិះទូកទៅកាន់ប្រទេសថៃ និងត្រូវបានគេឲ្យស្នាក់នៅក្នុងជំរំ។ ប្រហែលមួយឆ្នាំក្រោយមក លោកបានមកដល់តំបន់រដ្ឋធានី Washington កន្លែងដែលលោកត្រូវបានស្វាគមន៍ដោយឪពុកម្ដាយធម៌ជនជាតិអាមេរិកាំង ដែលលោកហៅថា៖ «ជាគ្រួសារល្អមួយ» នៅជាយរដ្ឋ Virginia។
លោកបានចាប់ផ្ដើមរៀនភាសាអង់គ្លេស ហើយជាជាងហៅឈ្មោះខ្លួនឯងថា Phong លោកបានជ្រើសរើសឈ្មោះហៅក្រៅមួយថា Divo ជាឈ្មោះដែលគ្រប់គ្នាបានហៅគាត់តាំងពីពេលនោះមក។ លោកថា លោកចូលចិត្តឈ្មោះនេះ។
បន្ទាប់ពីរៀនចប់វិទ្យាល័យ លោក Divo បានក្លាយជាជាងធ្វើសក់ម្នាក់ ធ្វើការនៅតាមហាងធ្វើសក់នានានៅក្នុងតំបន់រដ្ឋធានី Washington អស់រយៈពេលជាង ២៥ឆ្នាំមកហើយ។
ពេលវេលាកន្លងផុតទៅយ៉ាងលឿន ប្រាំឆ្នាំមុន សុបិនរបស់លោកបានក្លាយជាការពិត។ លោកបានបើកហាងធ្វើសក់មួយឈ្មោះ សាឡន Divo ។ វាមិនងាយស្រួលទេក្នុងការចាប់ផ្ដើមអាជីវកម្មខ្នាតតូចរបស់លោក នៅពេលដែលលោកមិនអាចទទួលបានកម្ចីពីធនាគារ។ ដូច្នេះ លោក និងអ្នកស្រី Dina ភរិយារបស់លោក បានចំណាយប្រាក់សន្សំទាំងអស់ និងប្រើកាតឥណទានជាច្រើន ដើម្បីបើកហាងធ្វើសក់នេះ។
ឥឡូវនេះ លោក Divo អង្គុយលើកៅអីក្នុងហាងធ្វើសក់ដ៏ស្ងាត់ ពិចារណាពីអនាគតអាជីវកម្មរបស់លោក ដែលរីកចម្រើនក្លាយខ្លួនជាហាងធ្វើសក់ផង និងធ្វើក្រចកផង ដែលមានពីរជាន់នៅក្នុងអគារសាងពីឥដ្ឋមួយ។ ទីតាំងនោះលោកជួលពីគេពីរម្ចាស់។
លោកនិយាយថា៖ «ម្ចាស់ទីតាំងម្នាក់ចង់បានថ្លៃឈ្នួលឥឡូវនេះ ហើយមិនរង់ចាំឡើយ ប៉ុន្តែម្ចាស់ទីតាំងម្នាក់ទៀតមានការយោគយល់ជាង ដោយបាននិយាយថាគាត់អាចរង់ចាំរហូតដល់បើកហាងឡើងវិញ មុនឲ្យយើងបង់ឈ្នួលផ្ទះ»។
អ្នកស្រី Dina ភរិយារបស់លោក ដែលជាជាងធ្វើសក់ម្នាក់នៅហាងនេះ បានបន្ថែមថា៖ «យើងបានត្រៀមទុកប្រាក់មួយចំនួនតូច សម្រាប់ទប់ទល់នៅពេលមានរឿងអ្វីកើតឡើង ប៉ុន្តែយើងមិនអាចទប់ទល់បានយូរទេ»។
នៅពេលកំពុងលាយថ្នាំលាបសក់ លក់ជូនអតិថិជនដែលមកយកនៅហាងរបស់លោក លោក Divo បាននិយាយថា៖ «យើងដូចជាពលរដ្ឋអាមេរិកាំងដទៃទៀតដែរគឺព្យាយាមតស៊ូរកប្រាក់ចិញ្ចឹមជីវិត»។ ដើម្បីទទួលបានចំណូលបន្តិចបន្តួច លោកលក់សម្ភារៈលាបសក់ ជូនអតិថិជនដែលមកទិញយកទៅផ្ទះ។
អ្នកនាង Lori Luster ដែលជាអតិថិជនប្រចាំម្នាក់បាននិយាយថា៖ «Divo និង Dina កំពុងតែជួបការលំបាកក្នុងពេលបច្ចុប្បន្ន ហើយខ្ញុំចង់ជួយពួកគេក្នុងកាលៈទេសៈពិបាកនេះ។ ពួកគេចិត្តល្អជាមួយគ្រួសាររបស់ខ្ញុំ ហើយខ្ញុំនឹងជួយពួកគេតាមដែលខ្ញុំអាចធ្វើបាន»។
លោក Divo សម្ដែងការដឹងគុណចំពោះ អតិថិជនដែលមានចិត្តល្អ ដែលហៅទូរស័ព្ទ និងផ្ញើសារមកគាត់ ប្រាប់ថាពួកគេនឹងមក នៅពេលហាងគាត់បើកដំណើរការវិញ។ លោកមិនចង់ផ្អាកបុគ្គលិកទាំងប្រាំបីនាក់ដូច្នេះឡើយ ហើយតែងតែសួរពីសុខទុក្ខរបស់ពួកគេជានិច្ច។
នៅពេលដែលហាងធ្វើសក់បើកឡើងវិញ ហើយពួកគេត្រឡប់មកធ្វើការវិញ លោកគ្រោងនឹងបើកប្រាក់ខែឲ្យពួកគេតាមរយៈកម្មវិធីការពារប្រាក់បៀវត្សរបស់រដ្ឋាភិបាលអាមេរិកថ្មីមួយ ដែលបង្កើតឡើងដើម្បីផ្ដល់កម្ចីឥតសំណង ទៅកាន់អាជីវកម្មខ្នាតតូច ដែលនៅបន្តបើកប្រាក់បៀវត្សឲ្យបុគ្គលិករបស់ពួកគេ។
លោក Divo និយាយថា៖ «យើងកំពុងរង់ចាំដំណឹង ថាតើយើងនឹងទទួលបានកម្ចីឬទេ។ កម្ចីនេះនឹងជួយដល់យើងច្រើនណាស់»។
ដូច្នេះអាចមានដំណឹងល្អ សម្រាប់ហាងធ្វើសក់របស់លោក Divo ដោយសារអភិបាលរដ្ឋ Virginia បានបើករដ្ឋដំណាក់កាលទី១ នៅថ្ងៃទី១៥ ខែឧសភា។ ការបើករដ្ឋជំហានទី១មួយ អនុញ្ញាតឲ្យអាជីវកម្មដែលមិនសូវចាំបាច់បើកទ្វា តែត្រូវកំណត់ចំនួនអតិថិជនចូលហាង និងរក្សាឲ្យបាននូវការថែរក្សាអនាម័យដើម្បីការពារដល់បុគ្គលិក និងអតិថិជន។
លោក Divo ពន្យល់ថា៖ «ដំបូងប្រហែលជាមានតែខ្ញុំនៅក្នុងហាង ជាមួយអតិថិជនម្នាក់ម្ដងៗ ព្រោះថាដើម្បីរក្សាគម្លាតពីគ្នា ការឲ្យបុគ្គលិកទាំងអស់មកធ្វើការមិនអាចទៅរួចទេ។ វាប្រហែលជាត្រូវលំបាកដើម្បីឲ្យហាងដំណើរការដូចដើម ប៉ុន្តែខ្ញុំជឿលើសហរដ្ឋអាមេរិក ហើយថាយើងនឹងឆ្លងផុតការលំបាកនេះ ដោយសារយើងមានរដ្ឋាភិបាលល្អមួយថែរក្សាពួកយើង៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា