សេដ្ឋកិច្ចប្រទេសកម្ពុជា នឹងមានការរីកចម្រើនបន្តទៀតក្នុងរង្វង់៧ភាគរយនៅឆ្នាំ២០១៧និង២០១៨ ប៉ុន្តែការចំណាយសាធាិរណៈជាពិសេសលើប្រាក់ខែខ្ពស់សម្រាប់មន្ត្រីរាជការមិនមានសមាមាត្រជាមួយនឹងការរីកចម្រើននេះទេ ហើយនឹងនាំឱ្យមានឱនភាពសារពើពន្ធជិត៤ភាគរយនៅឆ្នាំនេះ។ នេះបើតាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិកាលពីថ្ងៃអង្គារ។
ប្រតិភូរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ដឹកនាំដោយលោក Jarkko Turunen ដែលទៅពីរដ្ឋធានីវ៉ាស៊ីនតោន បានជួបពិភាក្សាជាមួយនឹងមន្ត្រីកម្ពុជាពីថ្ងៃទី១២ដល់២៥ ខែកក្កដាឆ្នាំនេះនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។
លោក Turunen បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ នៅពេលបញ្ចប់បេសកកម្មនេះថា៖
«ប្រទេសកម្ពុជាបន្តរីកចម្រើនក្នុងជំហានមួយគួរឱ្យស្ងើចសរសើរ។ សកម្មភាពសេដ្ឋកិច្ចបន្តខ្លាំងក្នុងឆ្នាំ២០១៦ ក្នុងខណៈពេលដែលអតិផរណាឡើងដល់៣ភាគរយ ដោយសារតែតម្លៃម្អូបអាហារ និងប្រេងឡើងខ្ពស់ជាងមុន»។
IMF មើលឃើញថា កត្តាដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាបានមកពីការវិនិយោគវិស័យឯកជន វិស័យសំណង់ដែលកើនឡើងយ៉ាងខ្លាំង និងសកម្មភាពទេសចរណ៍។
IMF បញ្ជាក់ថា បើទោះបីជាកម្ពុជាមានការរីកចម្រើនរហ័សក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ដោយសារតែមានបរិយាកាសស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទីផ្សារសេរី និងស្ថិតនៅលើក្នុងតំបន់ដែលមានសេដ្ឋកិច្ចរីកចម្រើនរហ័សរបស់ពិភពលោក ក៏ប៉ុន្តែកម្ពុជានៅតែប្រឈមមុខនឹងបញ្ហាប្រឈមខាងរចនាសម្ព័ន្ធ ដែលមានដូចជាមូលដ្ឋានសេដ្ឋកិច្ចចង្អៀត បរិយាកាសសេដ្ឋកិច្ចខ្សោយ និងទីផ្សារហិរញ្ញវត្ថុមិនទាន់មានការអភិវឌ្ឍល្អ។
ការគ្រប់គ្រងសារពើពន្ធដោយប្រយ័ត្នប្រយែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានជួយរក្សាលំនឹងឱនភាពថវិកា និងបំណុលសាធារណៈឱ្យនៅកម្រិតទាប។ ការអនុវត្តយុទ្ធសាស្រ្តប្រមូលពន្ធរបស់រដ្ឋាភិបាល រួមគ្នាជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏ខ្លាំងនេះបាននាំឱ្យការប្រមូលពន្ធកើនឡើងរហូតដល់១៥ភាគរយនៃផលិតផលសរុបក្នុងស្រុក (GDP)។ ប៉ុន្តែ IMF ព្រមានថាឱនភាពសារពើពន្ធនៅក្នុងឆ្នាំនេះអាចនឹងមានគម្លាតរហូតដល់៣,៧ភាគរយ ប្រៀបធៀបនឹងផលិតផលសរុបក្នុងស្រុកដោយសារតែការបើកប្រាក់ខែមន្ត្រីរាជការច្រើន និងការចំណាយផ្សេងៗទៀតនាពេលបច្ចុប្បន្ន។
លោក Trurunen បានបន្ថែមថា៖
«ដូច្នេះហើយត្រូវដាក់ចេញនូវវិធានការបន្ថែមជាចាំបាច់ ដើម្បីរក្សាចីរភាពសារពើពន្ធនិងសម្រេចបានការចំណាយរួមដែលសមាមាត្រគ្នាជាមួយនឹងការរីកចម្រើន និងការអភិវឌ្ឍ។ ជាពិសេសយើងមើលឃើញនូវតម្រូវការក្នុងការទប់ទល់នឹងឱនភាពសារពើពន្ធក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ពង្រឹងគោលនយោបាយនិងរដ្ឋបាលពន្ធដា ផ្តល់អាទិភាពលើការចំណាយដែលគាំទ្រដល់ការអភិវឌ្ឍ និងធានាថាការដំឡើងប្រាក់ខែមន្ត្រីរាជការនៅតែមានចីរភាព ទន្ទឹមគ្នានឹងការរីកចម្រើនបន្ថែមទៀតនៃកំណែទម្រង់សាធារណៈ»។
រដ្ឋាភិបាលកម្ពុជាប្រមូលចំណូលពន្ធបង់ចូលថវិកាជាតិបានចំនួន ១,១៩២លានដុល្លារអាមេរិក នៅឆមាសទី១ ឆ្នាំ២០១៧នេះ គឺកើនឡើង៣២,១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។ នេះបើតាមរបាយការណ៍របស់អគ្គនាយដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
រដ្ឋាភិបាលបានដំឡើងប្រាក់ខែដល់មន្ត្រីរាជការយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្រោយពីការបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលគណបក្សប្រជាជនកម្ពុជាបានឈ្នះដោយប្រផិតប្រផើយ។
IMF ក៏បានស្នើឱ្យអាជ្ញាធរកម្ពុជាបន្តចាត់វិធានការធ្វើឱ្យប្រសើរឡើងដល់ភាពរឹងមាំ និងដោះស្រាយភាពងាយរងគ្រោះនៃវិស័យហិរញ្ញវត្ថុដែលបានឡើងខ្ពស់ ក្នុងនោះមានដូចជាការគ្រប់គ្រងហានិភ័យឥណទានឱ្យបានប្រសើរឡើង ដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយធានារ៉ាប់រងកម្រិតខ្ពស់ បង្កើតនូវក្របខណ្ឌគ្រប់គ្រងគ្រោះអាសន្ន និងបង្កើននិយ័តកម្មនៃស្ថាប័នហិរញ្ញវត្ថុដែលមិនមែនជាធនាគារ៕