អាជ្ញាធរខេត្តស្វាយរៀងបានសម្រេចដុតចោលជើងមាន់បង្កកនាំចូលពីប្រទេសវៀតណាម ដែលមានទម្ងន់សរុបជាង១០០តោន ផ្ទុកក្នុងកុងតឺន័រចំនួន៤។
អាជ្ញាធរពាក់ព័ន្ធអះអាងថាជើងមាន់បង្កកដែលដឹកចូលតាមច្រកបាវិតនោះ មិនមានផ្ទុកសារធាតុគីមីអ្វីឡើយ។ ប៉ុន្តែអាជ្ញាធររកមិនឃើញម្ចាស់ ក្រោយចាប់បានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាសមត្ថកិច្ចសម្រេចដុតចោល ដោយសារតែការដឹកនាំជញ្ជូននោះមិនមានឯកសារច្បាប់ត្រឹមត្រូវ ហើយអាជ្ញាធររកម្ចាស់មិនឃើញ។
លោកថ្លែងថា៖ «វាអត់មានអីផង ដោយសារវាខុសច្បាប់វាអត់មានលិខិតបទដ្ឋានបច្ចេកទេស។ និយាយរួមទៅ វាអត់ច្បាប់ហ្មង[គេ]កម្ទេចចោល រកម្ចាស់វាអត់ឃើញ។ អ៊ីចឹងកម្ទេចចោលហ្មងទៅ កាលណាទុកយូរវាខូចស្អុយដដែល រកម្ចាស់វាអត់ឃើញ»។
បើតាមរបាយការណ៍ស្ដីពីការឃាត់កុងទឺន័រដឹកជើងមាន់បង្កកដែលផ្តល់ដោយអភិបាលរងខេត្តស្វាយរៀង លោក ម៉ែន អេង ជើងមាន់បង្កកទាំងនេះត្រូវបាននាំចូលពីប្រទេសវៀតណាម ហើយជារបស់ក្រុមហ៊ុនSBL។ របាយការណ៍បញ្ជាក់ថា៖ «ផ្អែកតាមការត្រួតពិនិត្យទំនិញជាក់ស្តែងបង្ហាញឲ្យឃើញថាជើងមាន់បង្កកទំាងអស់នោះពុំមានម្ចាស់ គ្មានឯកសារនាំចូល បញ្ជាក់ពីប្រភពដើមច្បាស់លាស់ ការរក្សាទុកមិនគ្រប់តាមស្តង់ដារ(-១២អង្សាសេ) ខូចគុណភាព និងគ្មានសុវត្ថិភាពសម្រាប់ឲ្យមនុស្សបរិភោគបានឡើយ...»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីក្រុមហ៊ុនSBLបាននៅឡើយទេ។
លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង និងជាអ្នកនាំពាក្យ ប្រាប់វីអូអេជាអក្សរតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថាសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ថែម។ ចំណែកអ្នកបើកកុងទឺន័រដឹកជើងមាន់បង្កកទាំង៤នាក់ត្រូវបានតុលាការនាំទៅសាកសួរ។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក សែ សុឃន និងលោក ផាន អូន ប្រតិភូរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបាននៅឡើយទេ។
គួរបញ្ជាក់ថាការនាំចូលសាច់បង្កកពីក្រៅប្រទេសកំពុងបង្កក្តីបារម្ភខ្លាំងសម្រាប់អ្នកចិញ្ចឹមសត្វនៅកម្ពុជា ដោយអ្នកចិញ្ចឹមសត្វក្នុងស្រុកស្នើទៅស្ថាប័នពាក់ព័ន្ធឱ្យរឹតបន្តឹងការនាំចូលសាច់បង្កកឱ្យបានតឹងរ៉ឹង។ កាលពីខែមករា ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យផ្អាកការនាំចូល«គ្រឿងក្នុងនិងបំណែកសាច់បង្កក» ចំនួន៨មុខ ជាបណ្តោះអាសន្នក្នុងរយៈពេល៦ខែ ចាប់ពីថ្ងៃទី ១២ ខែមីនា ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ ដោយសារការស្តុកទុកនិងបង្កកមិនមានអនុលោមភាពដែលអាចបង្កប៉ះពាល់ដល់គុណភាព៕