នាង Chunxiu Chen ដែលជាកូនស្រីរបស់កសិករក្រីក្រ បានតាំងចិត្តរៀនសូត្រឲ្យដល់កម្រិតឧត្តមសិក្សា ដើម្បីជួយឲ្យនាងមានជីវភាពប្រសើរឡើងនៅក្នុងសង្គមចិន។ នាងបានខិតខំប្រឹងប្រែងរៀនសូត្រ ហើយទទួលបានចំណាត់ថ្នាក់ល្អនៅក្នុងការប្រឡងចូលរៀនមហាវិទ្យាល័យ ប៉ុន្តែទោះជានាងទទួលបានលទ្ធផលល្អយ៉ាងនេះក្ដី ក៏នាងនៅតែមិនអាចជាប់ចូលរៀននៅមហាវិទ្យាល័យបាន។
នៅក្នុងឆ្នាំនេះ គឺក្នុងពេល ១៦ ឆ្នាំក្រោយមក បន្ទាប់ពីប្រកបការងារទទួលបានប្រាក់កម្រៃទាបជាកម្មកររោងចក្រ ជាអ្នករត់តុ និងជាគ្រូបង្រៀនថ្នាក់មត្តេយ្យ ទីបំផុតនាងបានដឹងអំពីមូលហេតុដែលនាងមិនអាចជាប់ចូលរៀនមហាវិទ្យាល័យបាន។ អ្វីដែលនាងបានឃើញគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។
នាងបានដឹងថា សិស្សម្នាក់ទៀតដែលមានពិន្ទុទាបជាងនាងខ្លាំង ប៉ុន្តែមានឪពុកម្ដាយដែលមានខ្សែរយៈច្រើន បានលួចបន្លំអត្តសញ្ញាណរបស់នាង ដើម្បីចូលរៀននៅមហាវិទ្យាល័យមួយក្នុងខេត្ត Shandong។ អ្នកបន្លំអត្តសញ្ញាណរបស់នាង Chunxiu Chen បានការងារធ្វើនៅក្នុងជួររដ្ឋាភិបាលថ្នាក់មូលដ្ឋាន ហើយនៅតែបន្ដប្រើអត្តសញ្ញាណរបស់នាង។
ករណីនេះធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសចិន រហូតធ្វើឲ្យទីភ្នាក់ងារព័ត៌មាន Xinhua របស់រដ្ឋាភិបាលចិន កាលពីពេលថ្មីៗនេះ បានអំពាវនាវឲ្យអាជ្ញាធរស៊ើបអង្កេតឲ្យបានហ្មត់ចត់រកអ្នកដែលពាក់ព័ន្ធនឹងរឿងនេះ។
ចាប់តាំងពីរឿងរ៉ាវរបស់នាង Chen ត្រូវបានគេដឹងឮជាសាធារណៈមក អ្នកផ្សេងទៀតក៏បានចេញមុខរាយការណ៍អំពីរឿងរ៉ាវរបស់ពួកគេដែលស្រដៀងគ្នានេះនៅលើបណ្ដាញអ៊ីនធឺណិតផងដែរ។
លោក Hu Jia ដែលជាសកម្មជនសិទ្ធិមនុស្សដ៏ល្បីល្បាញមួយរូបក្នុងទីក្រុងប៉េកាំង ប្រទេសចិន បានថ្លែងថា៖ «ករណីសោកនាដកម្មទាំងអស់នេះដែលត្រូវបានគេលាតត្រដាងគឺជាគ្រាន់តែជាផ្នែកតូចមួយនៃបញ្ហាទាំងមូលតែប៉ុណ្ណោះ។ ករណីភាគច្រើននៅតែមិនទាន់ត្រូវបានគេលាតត្រដាងនៅឡើយទេ»។
លោកបានថ្លែងទៀតថា៖ «ការពិតទៅ តាមរយៈការលាតត្រដាងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យទំនើបដែលប្រើប្រាស់អ៊ីនធឺណិត និងការយកចិត្តទុកដាក់ពីពិភពលោកខាងក្រៅ មានតែករណីតិចតួចប៉ុណ្ណោះដែលត្រូវបានលាតត្រដាង។ ហើយជនរងគ្រោះនៅក្នុងករណីដែលត្រូវបានគេលាតត្រដាងទាំងនោះគឺជាអ្នកដែលមានសំណាង»។
របាយការណ៍ស៊ើបអង្កេតមួយដែលត្រូវបានចេញផ្សាយក្នុងពេលថ្មីៗនេះរបស់សារព័ត៌មាន Southern Metropolis Daily របស់ចិន បានឲ្យដឹងថា សាកលវិទ្យាល័យចំនួន ១៤ នៅក្នុងខេត្ត Shandong បានកំណត់អត្តសញ្ញាណបុគ្គលចំនួន ២៤២ នាក់ ដែលត្រូវបានសង្ស័យថាបានប្រើប្រាស់ឈ្មោះរបស់បុគ្គលផ្សេងដើម្បីបានចូលរៀនថ្នាក់ឧត្តមសិក្សានៅចន្លោះឆ្នាំ ២០១៨ និង ២០១៩។
ក្រុមអ្នកឃ្លាំមើលនយោបាយចិនបានថ្លែងថា ទង្វើរបៀបនេះឆ្លុះបញ្ចាំងពីតថភាពជាក់ស្ដែងដែលទូលំទូលាយជាងនេះនៅក្នុងប្រទេសចិន ដែលពលរដ្ឋក្រីក្រ និងងាយរងគ្រោះត្រូវបានអ្នកមានទ្រព្យសម្បត្តិនិងមានអំណាចកេងប្រវ័ញ្ច។
ការកេងប្រវ័ញ្ចរបៀបនេះច្រើនកើតឡើងនៅពេលប្រឡងចូលរៀនមហាវិទ្យាល័យ ដែលជាពេលដែលផ្ដល់ឱកាសតែមួយគត់សម្រាប់សិស្សក្រីក្រក្នុងការឆ្លងផុតពីភាពក្រីក្រនៅក្នុងសង្គម។ ប៉ុន្តែការប្រកួតប្រជែងសម្រាប់ចំនួនមានកម្រិតនេះមានភាពតានតឹងខ្លាំង។ អ្នកខ្លះប្រដូចស្ថានភាពនេះទៅនឹង «ទាហានរាប់ពាន់នាក់ដើរឆ្លងស្ពានដ៏តូចចង្អៀតមួយ»។
លោក Hu Jia បានថ្លែងថា ការបន្លំអត្តសញ្ញាណដូចនេះច្រើនកើតឡើងនៅកន្លែងដែលការប្រកួតប្រជែងមានភាពតានតឹងខ្លាំង ដូចជានៅក្នុងខេត្ត Shandong ខេត្ត Henan និងខេត្ត Sichuan ជាដើម ដែលមានមនុស្សរស់នៅច្រើនកុះករ។ លោកក៏បាននិយាយផងដែរថា ជនរងគ្រោះភាគច្រើនគឺជាស្ត្រី។
លោក Hu Jia បានលើកឡើងថា ឪពុកម្ដាយដែលមានអំណាចនឹងសូកប៉ាន់ ឬឃុបឃិតជាមួយនឹងមន្ត្រីទទួលសិស្សឲ្យចូលរៀនដើម្បីជួយកូនៗរបស់ខ្លួនដែលមានពិន្ទុទាប។ ការណ៍នេះបានរុញច្រានសិស្សដែលមានពិន្ទុល្អជាង «ឲ្យធ្លាក់ពីស្ពានចូលក្នុងទឹកទន្លេ»។
លោក Hu Jia បានថ្លែងទៀតថា នៅពេលដែលគេរកឃើញការបន្លំរបៀបនេះ ក្រុមគ្រួសាររបស់ជនក្លែងបន្លំនឹងតែងតែប្រើលុយ ឬខ្សែរយៈក្នុងសង្គម ដើម្បី«ដោះស្រាយបញ្ហានេះ»។ ជាងនេះទៅទៀត ក្រុមគ្រួសាររបស់ជនក្លែងបន្លំដែលលួចអត្តសញ្ញារបស់នាង Chen បានស្នើឲ្យមានការដោះស្រាយជាលក្ខណៈឯកជន ប៉ុន្តែនាង Chen បានជួលមេធាវីម្នាក់ និងគ្រោងដាក់ពាក្យបណ្ដឹងទៅតុលាការ។
លោក Hu Ping អ្នកធ្វើអត្ថាធិប្បាយអំពីនយោបាយចិន ដែលរស់នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានបញ្ជាក់ថា ប្រព័ន្ធនៃការក្លែងបន្លំចូលរៀនមហាវិទ្យាល័យរបៀបនេះអាចនឹងមានបន្ដទៅទៀត ដោយសារតែអ្នកប្រព្រឹត្តខុសប្រឈមមុខតិចតួចប៉ុណ្ណោះទៅនឹងការទទួលទោសធ្ងន់ធ្ងរ។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ប្រព័ន្ធប្រឡងចូលរៀនថ្នាក់មហាវិទ្យាល័យនៅក្នុងប្រទេសចិន គួរតែមានការដាក់ទណ្ឌកម្មនិងការពិន័យធ្ងន់ធ្ងររួចជាស្រេចចំពោះការលួចបន្លំអត្តសញ្ញាណ ដោយសារតែវាប្រហែលជាឱកាសតែមួយគត់សម្រាប់សិស្សរាប់ម៉ឺននាក់ដែលមកពីគ្រួសារក្រីក្រ ក្នុងការផ្លាស់ប្ដូរជោគវាសនារបស់ពួកគេ»។
លោកបានបន្ថែមទៀតថា៖ «វាក៏ឆ្លុះបញ្ចាំងអំពីកង្វះការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃប្រព័ន្ធអប់រំរបស់ប្រទេសចិនផ្ទាល់ផងដែរ ដែលធ្វើឲ្យជនក្លែងបន្លំងាយស្រួលក្នុងការក្លែងបន្លំបាន។ លើសពីនេះទៅទៀត ចិនក៏មិនមានយន្ដការទូលំទូលាយមួយសម្រាប់តាមដាននោះដែរ ដែលនោះគឺជាសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន»៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា