រឿង​ក្តី​របស់​អតីត​ឧប​នាយក​រដ្ឋមន្ត្រី​​កុងហ្គោ​​ត្រូវ​បាន​បញ្ចប់​ ​រឿង​ក្តី​មួយ​ទៀត​ចាប់​ផ្តើម

  • Lisa Bryant

លោក Jean-Pierre Bemba អតីត​ឧប​នាយក​​រដ្ឋមន្ត្រី​​កុងហ្គោ​​​ពេលកាត់​ទោស​​នៅ​តុលាការ​​អន្តរជាតិ​​

អង្គ​ជំនុំ​ជម្រះ​ក្តី​កាត់​ទោស​លោក​ Jean-Pierre Bemba ​អតីត​ឧប​នាយក​រដ្ឋមន្ត្រី​របស់​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​កុងហ្គោ​ ដែល​មាន​រយៈ​ពេល​៤​ឆ្នាំ​ ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​នៅ​ទីក្រុង​ឡាអេ។ ​ប៉ុន្តែ​រឿង​ក្តី​នេះ​មិន​ទាន់​ចប់​ទេ។ ​ចៅ​ក្រម​របស់​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ ICC ​ចង់​បាន​អង្គ​ជំនុំ​ជម្រះ​មួយ​ទៀត​ ដើម្បី​កាត់​ទោស​ទាំង​លោក ​Bemba ​និង​ក្រុម​អ្នក​ច្បាប់​របស់​លោក​ចំពោះ​ការ​រំខាន​ដល់​ដំណើរ​ការ​យុត្តិធម៌។​

សេចក្តី​ថ្លែង​ការណ៍​បិទ​សំណុំ​រឿង​នេះ​បន្ត​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​សម្រាប់​សំណុំ​រឿង​របស់​លោក ​Jean-Pierre Bemba ​ដែល​មាន​អាយុ​៥២​ឆ្នាំ។​

លោក ​Bemba ​ដែល​ជា​អតីត​ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​ស្តេច​សង្គ្រាម​ម្នាក់​មក​ពី​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​កុងហ្គោ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​កម្ម​៥​ករណី​ ទាក់​ទង​នឹង​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ សម្រាប់​ការ​សម្លាប់​ ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​យោធា​នៃ​ចលនា​រំដោះ​កុងហ្គោ​របស់​លោក​ នៅ​សាធារណ​រដ្ឋ​អាហ្រ្វិក​កណ្តាល​ ដែល​ជា​ប្រទេស​ជិត​ខាង។​

សកម្ម​ភាព​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នេះ​បាន​កើត​ឡើង​នៅ​ចន្លោះ​ខែ​តុលា​ឆ្នាំ​២០០២​ដល់​ខែ​មិនា​ឆ្នាំ​២០០៣។ ​សកម្ម​ភាព​នោះ​រួម​មាន​ការ​សម្លាប់ ​ការ​រំលោភផ្លូវ​ភេទ​ និង​ការ​លួច​ប្លន់ ​ខណៈ​ក្រុម​ឧទ្ទាម​របស់​លោក ​Bemba ​បាន​ជួយ​បង្ក្រាប​រដ្ឋ​ប្រហារ​ប្រឆាំង​លោក​ Ange-Felix Patasse ​អតីត​ប្រធានាធិបតី​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល។​

ក្នុង​សេចក្តី​ថ្លែង​របស់​ខ្លួន ​រដ្ឋ​អាជ្ញា​បាន​រៀប​រាប់​ពី​អំពើ​សាហាវ​ព្រៃ​ផ្សៃ​ទាំង​នោះ។​

«កង​ទ័ព​ចលនា​រំដោះ​កុងហ្គោបាន​ប្រព្រឹត្ត​ការ​រំលោភ​សេព​សន្ថវៈ​ដ៏​ធំ​ធេង​ ដោយ​មាន​និទណ្ឌ​ភាព​ទាំង​ស្រុង​ ក្នុង​អំឡុង​ជម្លោះ​ ហើយ​ពួក​យោធា​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​នៅ​ក្នុង​តំបន់​ក្រោម​ការ​គ្រប់​គ្រង​របស់​គេ។ ​ពួក​យោធា​នេះ​បាន​រំលោភ​សេព​សន្ថវៈជន​រង​គ្រោះ​នៅ​ចំពោះ​មុខ​សមាជិក​គ្រួសារ​របស់​គេ។ ​ពួក​យោធា​ក៏​បាន​បង្ខំ​សមាជិក​គ្រួសារ​ម្នាក់​រំលោភ​សមាជិក​គ្រួសារ​ម្នាក់​ទៀត។​ ពេល​ខ្លះ​កូន​ប្រុស​ត្រូវ​បាន​បង្ខំ​ឲ្យ​រំលោភ​ម្តាយ​ខ្លួន​ឯង​ចំពោះ​មុខ​ឪពុក​គេ។​ ពួក​យោធា​នេះ​បាន​រំលោភ​ជន​រង​គ្រោះ​ដែល​ជា​ប្រពន្ធ​នៅ​ចំពោះ​មុខ​ប្តី​របស់​គេ។ ​ពួក​គេ​បាន​រំលោភ​កូន​ក្មេង​ស្រី​នៅ​ចំពោះ​មុខ​ឪពុក​ម្តាយ​របស់​គេ។ ​នេះ​គឺជា​ករណី​រំលោភ​ដែល​ពួក​យោធា​ចលានា​រំដោះ​កុងហ្គោ​របស់​លោក ​Jean-Pierre Bemba ​បាន​ប្រព្រឹត្ត​យុទ្ធនា​ការ​រំលោភ​សេព​សន្ថវៈរបស់​គេ​នៅ​សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល»។​

លោក​ Bemba ​បាន​អះអាង​ថា ​លោក​គ្មាន​ទោស​ទេ។ ​ក្រុម​មេធាវី​របស់​លោក​បាន​អះអាង​ថា ​កង​កម្លាំង​របស់​លោក​ Bemba ​មិន​បាន​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​លោក​ទេ ​នៅ​ពេល​ដែល​កង​កម្លាំង​នេះ​ឆ្លង​ទៅ​ដល់​សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល។ ​សាល​ក្រមត្រូវ​បាន​រំពឹង​ទុក​ថា​ នឹង​ប្រកាស​នៅ​ឆ្នាំ​ក្រោយ​នេះ។​

ទោះ​ជា​សាល​ក្រម​នេះ​មាន​លទ្ធផល​យ៉ាង​ណា​ក៏​ដោយ​ ក៏​លោក​ Bemba មិន​ទាន់​ចប់​កិច្ច​ការ​ជាមួយ​នឹង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅ​ឡើយ​ទេ។​ នៅ​ថ្ងៃ​អង្គារ​ តុលាការ​បាន​កោះ​ហៅ​លោក ​Bemba ​និង​សមាជិក​ក្រុម​ច្បាប់​របស់​លោក​ឲ្យ​ប្រឈម​នឹង​ការ​កាត់​ទោស​មួយ​ទៀត​ពី​បទ​ចោទ​ប្រកាន់​ពី​ការ​សូក​ប៉ាន់​ និង​ដាក់​ឥទ្ធិពល​មក​លើ​សាក្សី​ឲ្យ​ផ្តល់​ភស្តុតាង​ខុស។ ​គ្មាន​កាល​បរិច្ឆេទ​ច្បាស់​លាស់​ត្រូវ​បាន​កំណត់​សម្រាប់​ដំណើរ​ការ​នីតិ​វិធី​នេះ​ទេ៕​

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត