ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានថ្លែងថា៖ «ខ្ញុំអត់ទៅណាទេ» កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងអំឡុងពិធីបុណ្យឯករាជ្យអាមេរិក នៅសេតវិមាន ដែលមានរួមការអាំងសាច់ សម្រាប់សមាជិកយោធា និងក្រុមគ្រួសាររបស់ពួកគេរាប់ពាន់នាក់។
លោក Biden បានធ្វើការកត់សម្គាល់យ៉ាងខ្លីបែបនេះនៅលើវេទិកា មុនលោកចុះទៅចូលរួមជាមួយភ្ញៀវ ហើយថតរូប selfie ជាមួយពួកគេ។ មានពេលមួយ មនុស្សម្នាក់ស្រែកថា «តស៊ូទៅមុខទៀត»។
លោក Biden ក៏បានឆ្លើយថា៖ «លោកជឿខ្ញុំទៅ។ ខ្ញុំមិនទៅណាទេ»។
សមត្ថភាពខួរក្បាលនិងកម្លាំងរបស់លោកត្រូវបានគេពិនិត្យពិច័យនៅសប្តាហ៍នេះ បន្ទាប់ពីលោកនិយាយមិនបានល្អនៅក្នុងការជជែកដេញដោលជាមួយអតីតប្រធានាធិបតី Donald Trump ។ នៅក្នុងការជជែកដេញដោលគ្នានោះ លោក Biden បានភ្លេចភ្លាំងប៉ុន្មានដង។ លោកថែមទាំងបាននិយាយខុសម្តង ថា លោកបានបំបាត់កម្មវិធីរ៉ាប់រងសុខភាពសម្រាប់មនុស្សចាស់ ដែលហៅថា Medicare។
លោកប្រធានាធិបតីកំពុងតែចូលរួមក្នុងកម្មវិធីសាធារណៈនានា និងផ្តល់បទសម្ភាសន៍ច្រើនឡើងថែមទៀត ក្នុងកិច្ចប្រឹងប្រែងដើម្បីធានាដល់អ្នកបោះឆ្នោត មន្ត្រីគណបក្សប្រជាធិបតេយ្យ និង ក្រុមអ្នកផ្តល់ថវិកាសម្រាប់យុទ្ធនាការបោះឆ្នោតថា លោកមានសមត្ថភាពឈរឈ្មោះ ហើយអាចធ្វើជាប្រធានាធិបតីសម្រាប់ពេល ៤ ឆ្នាំទៀត។
កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងបទសម្ភាសន៍ថ្ងៃបុណ្យឯករាជ្យអាមេរិកមួយ ជាមួយស្ថានីយវិទ្យុ Wisconsin ឈ្មោះ WAUK លោក Biden បានទទួលស្គាល់ថា លោកមិនបាននិយាយឱ្យបានក្បោះក្បាយ នៅក្នុងការជជែកដេញដោលគ្នា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
លោកបានថ្លែងថា៖ «ខ្ញុំនិយាយអត់ល្អទេយប់នោះ។ ការពិត អ្នកដឹងហើយថាខ្ញុំបរាជ័យ។ ខ្ញុំធ្វើខុស។ ប៉ុន្តែខ្ញុំបានរៀនសូត្រពីលោកឪពុកខ្ញុំ គឺថាពេលណាដែលយើងដួល យើងត្រូវក្រោកឡើងវិញ។
លោកប្រធានាធិបតីធ្វើដំណើរទៅកាន់រដ្ឋ Wisconsin នៅថ្ងៃសុក្រ ហើយផ្តល់បទសម្ភាសន៍ នៅយប់ថ្ងៃសុក្រ ជាមួយស្ថានីយទូរទស្សន៍ ABC៕