មួយ​ឆ្នាំ​ក្រោយ​មក គ្រួសារ​ជនរងគ្រោះ​ស្លាប់​ក្នុង​រថយន្ត​ដឹក​ទំនិញ​ធុនធ្ងន់​នៅ​អង់គ្លេស៖ «ខ្ញុំ​មិន​បន្ទោស​នរណា​ម្នាក់​ទេ»

លោក Le Minh Tuan ជា​ឪពុក ឈរ​មើល​រូបថត​កូនប្រុស​របស់​ខ្លួន គឺ​លោក Le Van Ha ដែល​ស្ថិត​ក្នុង​ចំណោម​ជនរងគ្រោះ​៣៩នាក់ ដែល​ស្លាប់​ក្នុង​រថយន្ត​ដឹក​ទំនិញ​ធុនធ្ងន់​នៅ​អង់គ្លេស​កាលពី​ឆ្នាំ២០១៩។

លោក Le Minh Tuan តែង​សម្រាក​នៅ​លើ​គ្រែកូនប្រុស​របស់​លោក​ជា​រៀងរាល់​យប់ ចាប់តាំង​ពីពេលដែល​កូនប្រុស​របស់​លោក ​បាន​ស្លាប់​ដោយ​សារ​ថប់ដង្ហើម​នៅ​ក្នុង​រថយន្ត​ដឹក​ទំនិញ​ធុនធ្ងន់​មួយ​នៅ​ប្រទេស​អង់គ្លេស​ ជាមួយ​ជន​ចំណាកស្រុក​វៀតណាម​មួយ​ចំនួន​ទៀត​ កាល​ពី​ឆ្នាំ​មុន។​ បុរសបួន​នាក់​កំពុង​ជាប់សវនាការ​នៅក្រុង​ឡុងដ៍​ ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​បុរស​ និង​ស្រ្តី​ជនជាតិ​វៀតណាម​ចំនួន ៣៩​នាក់ ដោយ​ប្រឈម​នឹងបទ​ចោទប្រកាន់​ផ្សេងៗ រួម​មាន​ បទមនុស្ស​ឃាតដោយ​អចេតនា និង​ឃុបឃិត​លួច​នាំ​មនុស្ស​ឆ្លង​ដែន។

ប៉ុន្តែ​ដូចគ្រួសារ​ដែល​កំពុង​ជួប​ទុក្ខ​ផ្សេងទៀតដែរ លោក Tuan មិន​បាន​គិត​ថា បុរស​ទាំង​នោះ​ ជា​អ្នកទទួលខុសត្រូវផ្ទាល់​ចំពោះ​សោកនាដកម្ម​មួយ​នេះ​នោះ​ទេ។​ លោក ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ពី​ផ្ទះ​របស់​លោក​នៅ​ខេត្ត Nghe An ដោយ​ស្រក់​ទឹក​ភ្នែក​បណ្តើរ​ថា៖ «ខ្ញុំ​មិន​បន្ទោស​នរណា​ម្នាក់ទេ»។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​ទៅ​ប្រទេស​អង់គ្លេស​ដើម្បី​ចូលរួម​សវនាការ និង​អុជធូប​នៅ​កន្លែង​ដែល​ពួកគេ​ បាន​រកឃើញ​សាកសព​កូន​ប្រុស​របស់​ខ្ញុំ»។

កូន​ប្រុស​របស់​លោក​ឈ្មោះ Le Van Ha អាយុ​ ៣០​ឆ្នាំ បាន​បង់​ប្រាក់​ឲ្យ​ក្រុម​លួច​នាំ​មនុស្ស​ឆ្លង​ដែន​ដើម្បី​នាំ​ខ្លួន​ពី​ប្រទេស​វៀតណាម​ទៅ​អឺរ៉ុប ដោយ​ធ្វើ​ដំណើរ​ពី​ប្រទេស​តួកគី​ទៅ​កាន់​ប្រទេស​ក្រិក ហើយ​បន្ត​ទៅប្រទេស​បារាំង មុន​ទៅ​ដល់ប្រទេស​អង់គ្លេស ដែល​ជា​គោលដៅ​ចុងក្រោយ ដើម្បី​ស្វែងរក​ជីវភាពប្រសើរ​ជាង​មុន។

Ha ជា​កសិករ​ធ្វើ​ស្រែ មាន​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​មន្រ្តី​ប៉ូលិស​ម្នាក់​ ប៉ុន្តែ​មិន​បាន​សម្រេច​ដូច​បំណង​នោះទេ។ ហើយ​ Ha បាន​ចាកចេញ​ពី​ប្រពន្ធ និង​កូន​តូចៗ​ពីរ​នាក់​ ធ្វើ​ដំណើរ​ដោយ​លួចលាក់​ទៅ​កាន់​ប្រទេស​អង់គ្លេស​កាល​ពី​ឆ្នាំ​មុន។ ​

សាកសព​របស់ Ha ត្រូវ​បាន​គេរក​ឃើញ​កាល​ពី​ថ្ងៃ​ទី២៣ ខែ​តុលា នៅ​ក្រុង Essex ភាគ​អាគ្នេយ៍​ប្រទេស​អង់គ្លេស ​ក្នុងកុងតឺន័រ​ដ៏​ក្តៅ និង​ងងឹត​នៃ​រថយន្ត​ដឹក​ទំនិញ​ធុនធ្ងន់​មួយ​ ដែល​ត្រូវ​បាន​បិទជិតអស់រយៈពេល​យ៉ាងហោចណាស់ ១២​ម៉ោង។

​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ដទៃ​ទៀត​រួម​មាន​យុវជន​ចំនួន​ ១០​នាក់ ដែល​ក្នុង​នោះ​ មាន​ក្មេង​ប្រុស​អាយុ ១៥​ឆ្នាំ​ពីរ​នាក់ និង​យុវជន Nguyen Dinh Luong វ័យ២០​ឆ្នាំ ដែល​ព្យាយាម​ហៅ​ទូរសព្ទ​ទៅ​កាន់​ក្រុម​សង្រ្គោះ​បន្ទាន់​ នៅ​ពេល​ពួកគេ​ចាប់ផ្តើម​ស្ទះ​ខ្យល់។

រយៈពេល​ជិត​មួយ​ឆ្នាំ​ចាប់តាំង​ពី​សោកនាដកម្ម​នោះ ក្រុម​រាជអាជ្ញា​និយាយ​ថា ក្រុម​ជន​លួច​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់ ​ចំនួន​បួន​នាក់ ​ព្យាយាម​ដឹក​ជនចំណាកស្រុក​ ដែល​ត្រូវ​ជិះ​ជា​ពីរ​រថយន្ត​ធុនធ្ងន់​ តែ​បាន​ដាក់ពួកគេ​ក្នុង​តែរថយន្ត​ធុនធ្ងន់​តែ​មួយ ដើម្បី​គេច​ពី​ការ​ស្ទាក់​ចាប់​ដោយប៉ូលិស។​

ប៉ុន្តែ​ ដូច​លោក​ Tuan ដែរ ឪពុកម្តាយ​របស់ Luong មិនបាន​ចងកំហឹង​នឹង​ពួក​ជន​ដែល​ត្រូវ​បាន​ចោទប្រកាន់ទាំង​នោះ​ទេ។

លោក Nguyen Van Gia ឪពុក​របស់ Luong បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា៖ «ជន​ទាំងនោះមិន​មាន​ចេតនា​ឲ្យ​ពួកគេស្លាប់​នោះ​ទេ»។

នៅ​ផ្ទះ​របស់​លោក​ក្នុង​ខេត្ត Ha Tinh ជាប់ខេត្ត Nghe An លោក Gia និង​ភរិយា បាន​បង្ហាញ​ធ្នើ​អសនៈមួយ​ដែល​មាន​ដាក់រូប​កូន​ប្រុស​វ័យ​ក្មេង​របស់​ពួកគេ។

Luong គឺ​ជាកូនប្រុស​ម្នាក់​នៅ​ក្នុង​ចំណោម​កូន​ចំនួនប្រាំបី​នាក់ ដែល​បានទៅ​ធ្វើ​ការ និង​រស់នៅ​ប្រទេស​បារាំង ចាប់តាំង​ពី​ឆ្នាំ ២០១៨​មក មុន​ពេល​លួចធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អង់គ្លេស​ ដើម្បី​ស្វែង​រក​ឱកាសប្រសើរជាង​នេះ។ ​

លោក Gia បាន​និយាយ​ថា៖ «គ្មាន​នរណា​ម្នាក់​បង្ខំ​ឲ្យ​គាត់​ទៅ​នោះ​ទេ​។ គាត់​គ្រាន់​តែ​ជួប​សំណាង​អាក្រក់​ប៉ុណ្ណោះ»។

ដូចអ្នក​ដទៃ​ទៀត​មក​ពីខេត្ត​ក្រីក្រ​នៅ​តំបន់​ភាគ​កណ្តាលប្រទេស​វៀតណាម បុរស​វ័យ​ក្មេង​ទាំង​នោះ ​ត្រូវ​បាន​ឈ្មួញ​បញ្ចុះបញ្ចូលឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់ និង​ប្រកប​ដោយ​គ្រោះថ្នាក់។

ជា​ញឹកញយ​ បុរស​ និង​ស្រ្តី​វ័យ​ក្មេងនៅ​វៀតណាម ​បាន​ចំណាយ​ប្រាក់​រាប់ម៉ឺន​ដុល្លារ​ ដើម្បី​គេច​ចេញពី​ការ​ធ្វើ​ស្រែ ហើយ​តាម​ចាប់​ក្តីស្រមៃ​ថា នឹង​អាច​ស្វែង​រក​ភាព​មាន​បាន​នៅ​ក្រៅ​ប្រទេស។

ប៉ុន្តែ មួយ​ចំនួន​នៃ​ពួកគេ​ ​នៅ​ទី​បំផុត​ បាន​ត្រឹមតែ​ទៅ​ធ្វើ​ការ​ដោយ​ខុសច្បាប់​នៅ​តាមហាង​ធ្វើ​ក្រចក ឬ​កសិដ្ឋាន​ដំណាំ​កញ្ឆា​នៅ​ប្រទេស​អង់គ្លេស ដោយ​ជាប់​បំណុល​យ៉ាង​ច្រើន និង​ងាយ​រង​ការ​កេង​ប្រវ័ញ្ច។

យ៉ាងណាក្តី ជនចំណាកស្រុក​ភាគ​ច្រើន​មិន​បាន​គិតថា ខ្លួន​ជា​ជនរគ្រោះ​នោះ​ទេ ពី​ព្រោះ​ពួកគេ​ជា​អ្នក​សម្រេច​ចិត្ត​ចាកចេញ។ នេះ​បើ​យោង​ទៅ​តាម​នាង Le Thi Hong Luong នៃ​អង្គការ​សប្បុរធម៌​ Blue Dragon នៅ​វៀតណាម ដែល​ផ្តោតលើ​ការងារ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស។

​Le Thi Hong Luong ​បាន​និយាយ​ថា សោកនាដកម្ម​កាល​ពី​ឆ្នាំ​មុន​មិន​បាន​ធ្វើ​ឲ្យ​ថមថយការ​ចាប់អារម្មណ៍ធ្វើ​ដំណើរ​ដោយ​លួចលាក់​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ។ នាង​បន្ថែមថា មនុស្ស​ជា​ច្រើន​ទៀត​នឹង​ព្យាយាម​ធ្វើ​ដំណើរ​ដូចនេះ នៅ​ពេល​ដែល​ការរាតត្បាត​ជំងឺ​កូវីដ១៩ បាន​បញ្ចប់ ហើយ​ព្រំដែន​បើក​ឡើង​វិញ។ នាង​បាន​និយាយ​ថា៖ «នៅ​តែ​មាន​មនុស្ស​ច្រើនទៀត​ចង់​ទៅ​ អ៊ីចឹង»។

មាន​ផលប្រយោជន៍​ច្រើន​សម្រាប់​ពួកគេ​គឺ​ លទ្ធភាព​សង់​ផ្ទះ​ធំៗ និង​ទិញឡាន​ជិះ​នៅខេត្ត​របស់​ពួកគេ​ ពី​ប្រាក់​ដែល​រក​បាន​ដោយ​ជនចំណាកស្រុក​វៀតណាម​ធ្វើការ​នៅ​ក្រៅ​ប្រទេស។ ប៉ុន្តែ​នេះ គឺ​ជា​រឿង​កម្រមួយ​ ដែល​យុវជន​វ័យ​ក្មេង​មានសង្ឃឹម​ខ្ពស់​ គិត​ថា​ជា​រឿង​កើត​មាន​ជាទូទៅ។

នាង​បាន​បន្ត​ថា៖ «ពលរដ្ឋ​នៅ​វៀតណាម​គ្រាន់​តែ​គិត​ថា អ្នក​ដែល​បាន​ស្លាប់នោះ​គឺ​ជា អ្នក​ជួប​សំណាង​អាក្រក់​ប៉ុណ្ណោះ​ ប៉ុន្តែ​ ពួកគេ​វិញ ​នឹង​មិន​ជួប​រឿង​អ៊ីចឹង​ទេ។ ពួកគេ​នឹងមានសំណាង​ល្អ»។

«ខ្ញុំ​នឹក​កូន​ខ្លាំង​ណាស់»

Ha ដែល​ជា​កូនរបស់​លោក Tuan ជាប់​បំណុល​ច្រើន​រួច​ទៅ​ហើយ មុន​ពេល​ចាកចេញ​ទៅ​ប្រទេស​អង់គ្លេស។ Ha ​បាន​បង់​ប្រាក់​ចំនួន​ ៨​ពាន់​ ៥​រយ​ដុល្លារ​ ដើម្បី​សង់​ផ្ទះ​ពី​លើ​ប្រាក់​ចំនួន​ ៣​ម៉ឺន​ដុល្លារ​ ដែល​ខ្លួន​បានបង់​ឲ្យ​ក្រុម​លួច​នាំ​មនុស្ស​ឆ្លង​ដែន ហើយ​គ្រួសារ​របស់​លោកសង្ឃឹម​ថា Ha នឹង​រក​ការងារ​បាន​ប្រាក់​ខែ​គួរ​សម​មួយ​នៅ​ប្រទេស​អង់គ្លេស។ ឥឡូវ​នេះ ពួកគេ​កំពុង​ជួប​ប្រទះ​ការ​លំបាក​ផ្នែក​ជីវភាព​កាន់​តែ​ខ្លាំង។

លោក Tuan បាន​និយាយ​ថា៖ «យើងកំពុង​ជួប​បញ្ហា​លុយ​កាក់» ដោយ​លោក​បាន​ពន្យល់​ថា បំណុល​របស់​គ្រួសារ​លោក​ កាន់​តែ​កើន​ឡើង បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ឲ្យ​លោក​ខ្ចី​ប្រាក់​ជិត​ ៣​ពាន់​ដុល្លារ​ ដើម្បី​ដឹក​សាកសព​ Ha មក​កាន់​ស្រុក​កំណើត​វិញ។

ដូច​មនុស្ស​ដទៃ​ទៀត​ ពលរដ្ឋ​វៀតណាម​ជឿ​ថា វា​ជា​រឿង​អព្វមង្គល​មួយ​នៅ​ក្នុង​ការ​ទិញ​របស់របរ​ពី​គ្រួសារ​ដែល​សាច់ញ្ញាតិ​ទើប​តែ​បាន​ស្លាប់​នា​ពេល​ថ្មីៗ​ ជា​ពិសេស​នៅ​ពេល​ដែល​សាច់ញ្ញាតិ​នោះ​នៅ​វ័យ​ក្មេង ឬ​បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​ណា​មួយ ហើយ​ការណ៍​នេះ​កាន់​តែ​ធ្វើ​ឲ្យ​ជីវភាព​របស់​លោក Tuan ​កាន់​តែ​លំបាក។

លោក Tuan មាន​ជំនាញ​ជា​ជាង​ឈើ​ម្នាក់ ប៉ុន្តែអ្នក​ជិត​ខាង​របស់​លោកមិន​បាន​បញ្ជា​ទិញ​អ្វី​ពី​លោក​នោះ​ទេ។

លោក​ Tuan បាន​និយាយ​ថា៖ «រឿង​នេះ​នឹង​អូស​បន្លាយ​រយៈពេល​យ៉ាងហោចណាស់​ពីរ​ឆ្នាំ ​ហើយ​នេះ​មាន​ន័យ​ថា ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​ដើម្បី​រក​លុយ​បាន​ទេ»។

ការ​ឈឺចាប់​ដោយសារ​បាត់បង់​កូន​ប្រុស និង​ផលវិបាក​ទាំង​នេះ គឺ​សឹង​តែ​មិន​អាច​ទ្រាំទ្រ​បាន​ចំពោះ​លោក Tuan។

លោក Tuan សារភាព​ថា៖ «ខ្ញុំ​មិន​ដឹង​ថា នឹង​ដើរ​ទៅ​មុខ​យ៉ាង​ដូចម្តេច​ទេ។ ខ្ញុំ​នឹក​កូន​ខ្លាំងណាស់»៕​

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា