ទីក្រុងប៊ុយដាប៉េស៖ ប្រទេស ហុងហ្គារី បានទទួលកាន់តំណែងជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុបនៅថ្ងៃទី១ខែមករា ដោយបានសន្យាថានឹងធ្វើឱ្យប្រសើរឡើងនូវសេចក្តីថ្កុំថ្កើងរបស់ប្រជាពលរដ្ឋរាប់លាននាក់ហើយនឹងបន្តពង្រីកសហភាពនេះបន្ថែមទៀត។ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក ហឺមែន វ៉ាន់ រ៉ុមពុយ (Herman Van Rompuy) រំពឹងថាការចរចាស្តីអំពីសមាជិកភាពជាមួយប្រទេសទួរគី នឹងជឿនលឿនទៅមុខនៅក្រោមអធិបតីភាពរបស់ប្រទេសហុងហ្គារី។
ទន្លេដានូប (Danube) មិនត្រឹមតែហូរកាត់រដ្ឋធានីប៊ុយដាប៉េស (Budapest) ប៉ុណ្ណោះទេ ថែមទាំងហូរកាត់រដ្ឋធានីនៃប្រទេសចំនួនបីទៀតគឺច្រើនជាងទន្លេផ្សេងៗនៅលើពិភពលោក។
ឥឡូវនេះ ប្រទេស ហុងហ្គារីដែលកាន់កាប់តំណែងជាប្រធានសហភាពអឺរ៉ុបនៅថ្ងៃចូលឆ្នាំថ្មីនេះចង់ឱ្យលុយហូរកាត់ប្រទេសចំនួន១៤ ដែលមានព្រំដែនជាប់នឹងទន្លេនេះ។
យុទ្ធសាស្រ្តដានូប (Danube Strategy) មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់ប្រជាពលរដ្ឋជាង115លាននាក់ដែលរស់នៅក្បែរផ្លូវទឹកដ៏ធំមួយនេះនៃទ្វីបអឺរ៉ុបដែលជាជម្រកនៃតំបន់ក្រីក្របំផុតក្នុងទ្វីបអឺរ៉ុបជាពិសេសនៅក្នុងប្រទេសប៊ុលហ្គារី និងប្រទេសរ៉ូម៉ានី។ ប៉ុន្តែ វាក៏ជាជម្រកនៃតំបន់ដែលមានជាងគេបំផុតផងដែរ ដូចជានៅក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសអូទ្រីស។
យុទ្ធសាស្រ្តនេះដែលគេរំពឹងថានឹងត្រូវបានអនុម័តដោយសហភាពអឺរ៉ុបទាក់ទងទៅនឹងការធ្វើទំនើបកម្មផ្លូវថ្នល់ ផ្លូវរថភ្លើងនិងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ការទាក់ទាញទេសចរបន្ថែមទៀត ការបង្កើតទីផ្សារថាមពលក្នុងតំបន់ និងការពង្រឹងសន្តិសុខឡើងវិញ ដែលក្នុងពេលជាមួយគ្នានោះ នឹងធ្វើការការពារបរិស្ថាន។
ក្រៅពីយុទ្ធសាស្រ្តដានូប ប្រទេស ហុងហ្គារី ក្នុងឋានៈជាប្រធានសហភាពអឺរ៉ុបក៏នឹងត្រូវទទួលរ៉ាប់រងទៅលើកិច្ចខិតខំប្រឹងប្រែងក្នុងការអនុម័តច្បាប់សារពើពន្ធថ្មីដើម្បីការពារកុំឱ្យមានការកើតឡើងជាថ្មីម្តងទៀតនូវវិបត្តិសេដ្ឋកិច្ចនាពេលចប្ចុប្បន្ននៅក្នុងសហភាពនិងនៅក្នុងប្រទេសដែលបានអនុម័តទទួលយករូបិយប័ណ្ណអឺរ៉ុបតែមួយឬហៅថា«តំបន់អឺរ៉ូ»។
ប៉ុន្តែ រដ្ឋាភិបាល ហុងហ្គារី ដែលមានទំនោរទៅរកនិន្នាការអភិរក្សនិយម មានការខ្វល់ខ្វាយថា ផែនការប្រកបដោយមហិច្ឆតាទាំងនេះមិនអាចនឹងក្លាយទៅជាការពិតបានទេប្រសិនបើសហភាពអឺរ៉ុបមិនផ្លាស់ប្តូរទំនោររបស់ខ្លួន ដែលជាទ្វីបមួយមានប្រជាពលរដ្ឋវ័យចំណាស់ច្រើន។
លោករដ្ឋមន្រ្តីការបរទេស ហ្សាណូស ម៉ាតុនយី (Janos Martonyi) និយាយថា ទ្វីបអឺរ៉ុបត្រូវការក្មេងៗបន្ថែមទៀតហើយពន្យល់ថាប្រទេសហុងហ្គារីចង់ប្រើប្រាស់ឋានៈរបស់ខ្លួនក្នុងនាមជាប្រធានសហភាពអឺរ៉ុប ដើម្បីដាក់បញ្ចូលការពិភាក្សាមួយស្តីអំពី«តម្លៃនៃគ្រួសារ» ហើយនឹងធ្វើការស្នើថា ឆ្នាំ2014នឹងត្រូវបានប្រកាសថា គឺជា«ឆ្នាំនៃគ្រួសាររបស់អឺរ៉ុប»។
«យើងបានដឹងយ៉ាងច្បាស់ថា វាមានការពិបាកខ្លាំងណាស់ ក្នុងការធ្វើឱ្យទ្វីបអឺរ៉ុប ដែលមានប្រជាពលរដ្ឋចាស់ជរានិងកាន់តែមានចំនួនតិចក្លាយទៅជាតំបន់ប្រកួតប្រជែងខ្លាំងបំផុតមួយនៅលើពិភពលោកដោយមិនធ្វើការប្រឈមទៅនឹងឧបសគ្គផ្នែកប្រជាសាស្រ្ត។ នេះគឺជាមូលហេតុដែលយើងចង់និយាយអំពីគ្រួសារ ការរួមបញ្ចូលក្នុងសង្គម ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។ យើងសង្ឃឹមយ៉ាងមុតមាំថា គម្រោងយុទ្ធសាស្រ្តមួយនឹងត្រូវបានអនុម័តស្តីអំពីបញ្ហាក្នុងទ្វីបអឺរ៉ុបទាំងមូលដែលជាការរួមបញ្ចូលគ្នានៃជាតិសាសន៍រ៉ូម៉ា»។
ក្រៅពីបញ្ហាប្រឈមផ្នែកសង្គមកិច្ចនិងសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប ហុងហ្គារី ក៏ចង់ប្រើប្រាស់ឋានៈជាប្រធានរបស់ខ្លួនដើម្បីសម្រេចឱ្យបាននូវការចរចាអំពីសមាជិកភាពជាមួយប្រទេសក្រូអាស៊ី ដែលនៅជិតខាងហើយធ្វើដំណើរទៅមុខដើម្បីសម្រេចឱ្យបានការចរចាផ្សេងៗទៀតជាមួយនឹងប្រទេសដែលសង្ឃឹមថានឹងអាចចូលជាសមាជិករបស់សហភាពអឺរ៉ុបដែលរួមមានទាំងប្រទេសក្នុងតំបន់បាលកង់ខាងលិចក៏ដូចជាប្រទេស អាយស៍លែន និងប្រទេសទួរគី។
ជាងនេះទៅទៀត ហុងហ្គារី ចង់ធ្វើឱ្យកាន់តែស្រួលដល់ជនជាតិហុងហ្គារីរាប់លាននាក់ ដែលរស់នៅក្នុងប្រទេសជិតខាងដើម្បីទទួលបានលិខិតឆ្លងដែនហុងហ្គារី។
នាងប៊ូចដូស (Bujdos) មើលឃើញអធិបតីភាពទៅលើសហភាពអឺរ៉ុបរបស់ប្រទេស ហុងហ្គារី ថាជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់បំផុតមួយចាប់តាំងពីរបបកុម្មុយនីស្តនៅក្នុងប្រទេសនេះបានដួលរលំនៅក្នុងឆ្នាំ1989 គឺនៅក្នុងឆ្នាំតែមួយដែលនាងបានចាប់កំណើត។
ប្រែសម្រួលដោយឌីខាំ បូលី៕