អតីតនាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន និងជាប្រធានគណបក្សកាន់អំណាចបានជួប និងសួរសុខទុក្ខលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ក្រោយអតីតនាយករដ្ឋមន្រ្តីថៃរូបនេះ ត្រូវបានព្រះមហាក្សត្រថៃសម្រេចដោះលែងពីមន្ទីរពេទ្យក្រុមតម្រួតនៅទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ។
លោក ថាក់ស៊ីន ទទួលបានសេរីភាពដោយមានលក្ខខណ្ឌ បន្ទាប់ពីលោកទើបអនុវត្តទោសបាន ៦ ខែនៃទោសជាប់ពន្ធនាគារ ៨ ឆ្នាំ ចំពោះបទចោទប្រកាន់អំពើពុករលួយ។ លោកត្រូវបានគេចាប់ខ្លួនពេលចូលដល់ប្រទេសថៃកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីការនិរទេសខ្លួនដោយខ្លួនឯងរយៈពេល ១៥ ឆ្នាំនៅក្រៅប្រទេស។
បើតាមកាសែតបាងកកប៉ុស្តិ៍ លោក ថាក់ស៊ីន ទទួលបានការដោះលែង ដោយសារបញ្ហាសុខភាពដែលមានតាំងពីមានការឆ្លងជំងឺរាតត្បាតកូវីដ១៩។
អតីតនាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន បានបង្ហោះសារខ្លីមួយនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃពុធនេះថា៖ «ខ្ញុំកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកកដើម្បីសួរសុខទុក្ខបងធម៌របស់ខ្ញុំគឺឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ»។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី បដិសេដផ្តល់ការអត្ថាធិប្បាយ ដោយលោកថាពុំមានព័ត៌មានជុំវិញដំណើររបស់លោក ហ៊ុន សែន ទៅប្រទេសថៃ ដើម្បីជួបជាមួយលោក ថាន់ស៊ីន ឡើយ។
អ្នកវិភាគនយោបាយលោក សេង សារី ប្រាប់វីអូអេថា ដំណើររបស់លោក ហ៊ុន សែន ទៅសួរសុខទុក្ខលោក ថាក់ស៊ីន គឺជាការរក្សាទំនាក់ទំនងរវាងអតីតនាយករដ្ឋមន្ត្រីទាំងពីរនេះ ក្នុងនាមជាបងប្អូនធម៌នឹងគ្នា។
យ៉ាងណាមិញ លោកមើលឃើញថា ជំនួបនេះ ក៏អាចនឹងមានការជជែកគ្នាលើការធ្វើជំនួញផងដែរ ដោយសារតែលោក ថាន់ស៊ីន គឺនៅតែជាមហាសេដ្ឋីដែលមានឥទ្ធិពលម្នាក់ក្នុងប្រទេសថៃ។
លោកថ្លែងថា៖ «ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ប្រាកដណាស់ថានឹងមានការជជែកលើសពីកម្រិតមិត្តភក្តិ កម្រិតបងប្អូនធម៌ អាចជជែកគ្នាក្នុងកម្រិតនយោបាយ ឬក៏កម្រិតជំនួញ ដោយសារតែលោក ថាក់ស៊ីន ទោះបីជាយ៉ាងណាក៏ដោយនៅតែជាមហាសេដ្ឋីថៃដែលមានឥទ្ធិពលនៅក្នុងវិស័យជំនួញ នៅក្នុងវិស័យសេដ្ឋកិច្ចរបស់ថៃ។
បើតាមសេចក្តីរាយការណ៍របស់អង្គភាពព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាលនៅថ្ងៃពុធនេះ លោកហ៊ុន សែន និងលោក ថាក់ស៊ីន មានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ហើយបានរាប់អានគ្នាជាបងប្អូនធម៌តាំងពីឆ្នាំ ១៩៩២ មុនពេលលោក ថាក់ស៊ីន បានក្លាយជានាយករដ្ឋមន្ត្រីថៃ។
សេចក្តីរាយការណ៍របស់អង្គភាពព័ត៌មានក្នុងស្រុកដដែលនេះបន្តថា បន្ទាប់លោកថាក់ស៊ីន ត្រូវបានធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចក្នុងឆ្នាំ ២០០៦ លោក ថាក់ស៊ីន នៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក ហ៊ុន សែន ហើយលោកត្រូវបានតែងតាំងជាទីប្រឹក្សារបស់លោក ហ៊ុន សែន ថែមទៀតផង ហើយអំឡុងពេលរស់នៅក្រៅប្រទេសលោក ថាក់ស៊ីន និងក្រុមគ្រួសារបានមកប្រទេសកម្ពុជាដើម្បីជួបជាមួយលោក ហ៊ុន សែន ជាញឹកញាប់ផងដែរ។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតថៃប្រចាំនៅប្រទេសកម្ពុជាតាមសារអេឡិចត្រូនិចអ៊ីមែល បាននៅឡើយទេ។
បើទោះបីជាលោក ថាក់ស៊ីន ត្រូវបានព្រះមហាក្សត្របន្ធូរបន្ថយទោស និងដោះលែងឱ្យមានសេរីភាពក៏ពិតមែន ប៉ុន្តែកាលពីថ្ងៃទី ១៩ ខែកុម្ភៈនេះ រដ្ឋអាជ្ញាថៃនឹងធ្វើការស៊ើបអង្កេតបន្ថែមថាតើអតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra បានរំលោភច្បាប់ប្រមាថព្រះមហាក្សត្រឬក៏អត់។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ច្បាប់ប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃមានបំណងការពារព្រះមហាក្សត្រពីការមាក់ងាយ ហើយជនដែលរំលោភច្បាប់នេះអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅ ១៥ ឆ្នាំ បើសិនជននោះ ត្រូវតុលាការរកឃើញថាមានទោស។ ព្រះមហាក្សត្រថៃត្រូវបានគេគោរពស្ទើរតែដូចអាទិទេពនៅក្នុងសង្គមថៃ។
គួររំឭកថា កាលពីខែសីហា ឆ្នាំ ២០២៣ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) និងប្អូនស្រីរបស់លោក អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) បានបង្ហាញខ្លួននៅក្នុងគេហដ្ឋានរបស់លោក ហ៊ុន សែន ដែលពួកគេទាំងពីរបានមកចូលរួមក្នុងពិធីខួបកំណើតរបស់លោក ហ៊ុន សែន មុនវិលត្រឡប់ទៅប្រទេសថៃ៕