នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានស្នើឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺកូវីដ១៩ ខណៈអាជ្ញាធរសុខាភិបាលបានរកឃើញករណីឆ្លងនាំចូលពីក្រៅប្រទេសនូវវីរុសកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុង (Omicron) ចំនួន ១៥ករណី។
គិតត្រឹមថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១ ករណីឆ្លងវីរុសអូមីក្រុងដែលត្រូវបានរកឃើញតាមព្រលានយន្តហោះក្នុងទីក្រុងភ្នំពេញនិងខេត្តសៀមរាបមានចំនួនប្រមាណ៣១ករណី។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន។
ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងប្រភេទ Pfizer ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលីចំនួន៧៨៣ ០០០ដូសនៃជំនួយសរុបចំនួនជាង២,៣លានដូសនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីយប់ថ្ងៃអាទិត្យលោក ហ៊ុន សែន បានប្រាប់ក្រុមមន្ត្រីកម្ពុជាជាន់ខ្ពស់និងមន្ត្រីទូតថា កម្ពុជាបានរកឃើញការឆ្លងវីរុសអូមីក្រុងលើអ្នកដំណើរតាមជើងយន្តហោះចូលមកប្រទេសកម្ពុជាចំនួន១៥ករណីធ្វើឱ្យចំនួនឆ្លងវីរុសនេះសរុបឡើងដល់៣១ករណី។
លោកបន្ថែមថា ហេតុដូច្នេះសាធារណជនត្រូវមានការប្រុងប្រយ័ត្នតែក៏កុំមានការភ័យជ្រុលហួសហេតុនិងត្រៀមទប់ស្កាត់មិនឲ្យមេរោគដែលឆ្លងល្បឿនឆ្លងរហ័សនេះឆ្លងចូលទៅក្នុងសហគមន៍។លោកហ៊ុន សែនថ្លែងថា៖
«ដូច្នេះខ្ញុំសុំយកឱកាសនេះដើម្បីសុំឲ្យប្រជាពលរដ្ឋរបស់យើងមានការប្រុងប្រយ័ត្ន ក៏ប៉ុន្តែក៏មិនត្រូវភ័យស្លន់ស្លោនោះទេ។យើងត្រូវរួមគ្នាដើម្បីទប់ស្កាត់ជាមួយនឹងការឆ្លងនូវមេរោគនេះចូលទៅក្នុងសហគមន៍»។
បើតាមលោកហ៊ុន សែនទោះបីវីរុសប្រភេទអូមីក្រុងឆ្លងលឿនជាងវីរុសបំប្លែងថ្មីដទៃក្តី ក៏វីរុសនេះមិនកាចសាហាវខ្លាំងដូចវីរុសប្រភេទដែលតា(Delta)នោះទេ។មេដឹកនាំកម្ពុជារូបនេះលើកឡើងទៀតថាវ៉ាក់សាំងដែលទទួលបានថ្មីៗពីប្រទេសអូស្រ្តាលីនេះនឹងត្រូវប្រើសម្រាប់ជាដូសជំរុញទី៤ជូនប្រជាពលរដ្ឋ។
អង្គការសុខភាពពិភពលោក (WHO) និងសហរដ្ឋអាមេរិកធ្លាប់បានបញ្ជាក់ថាវីរុសប្រភេទអូមីក្រុងហាក់ដូចជាមិនបង្កគ្រោះថ្នាក់ខ្លាំងជាងវីរុសកូវីដ១៩ប្រភេទផ្សេងទៀតនោះទេហើយថា ការស្រាវជ្រាវបន្ថែមទៀតលើវីរុសនេះគឺចាំបាច់ដើម្បីវាយតម្លៃអំពីគ្រោះថ្នាក់ដែលវាអាចបង្កឡើង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP ដែលចេញផ្សាយកាលពីពេលកន្លងមក៕