លោក​ហ៊ុន សែន​ ថា​នឹង​ចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​ថ្ងៃ​ចុង​ក្រោយ

រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្រោយ​ពី​បាន​ចុះឈ្មោះ​បោះឆ្នាត​ឃុំសង្កាត់ ដែល​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ នៅ​ខេត្ត​កណ្តាល កាលពី​ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០១៦។

ប្រធាន​គណបក្ស​កាន់​អំណាច​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ត្រៀម​ខ្លួន​ចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដែល​មាន​រយៈពេល​១៤ថ្ងៃ​នេះ។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​លោក​នឹង​ចូលរួម​យុទ្ធនាការ​បិទ​ការឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ ដែល​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៤​ ខែមិថុនា​ខាង​មុខ។ នេះ​បើ​យោង​តាម​សារ​មួយ​ដែល​ចុះផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន​ នា​ថ្ងៃ​អង្គារ។

ការ​ប្រកាស​របស់​លោក​ ហ៊ុន សែន យ៉ាង​ដូច្នេះ​ កើត​មាន​ឡើង​ អំឡុង​ពេល​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឃុំ-សង្កាត់ បាន​ឈាន​ដល់​ថ្ងៃ​ទី​បួន។ ​ការ​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ ហ៊ុន សែន​ ត្រូវ​បាន​អ្នក​នយោបាយ​បក្ស​ប្រឆាំង​និយាយ​ថា​ គឺ​ជា​រឿង​ដែល​កម្រ ព្រោះ​បុរស​ខ្លាំង​កម្ពុជា ​មិន​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​នោះ​ទេ​ គិត​ចាប់​ពី​ឆ្នាំ​១៩៩៨​មក។

ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​សរ​សេរ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖

«បងប្អូន​មួយ​ចំនួន​បាន​ចូល​មក​សួរ​តាម​ហ្វេស​ប៊ុក​ (Facebook) ថា​អត់​ឃើញ​ សម្ដេច​តេជោ​ ចេញ​ ហែ​ក្បួន។ ដើម្បី​សាមគ្គីភាព​ និង​ការ​គាំទ្រ​ដល់​បេក្ខជន​ ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​ក្នុង​ឋានៈ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ខ្ញុំ​និង​ចូលរួម​ហែ​ក្បួន​បិទ​យុទ្ធនាការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ»។

ដោយ​មិន​បាន​បញ្ជាក់​ពី​តំបន់​ដែល​លោក​នឹង​ចូលរួម​ឃោសនា​ ​លោក​ ហ៊ុន សែន​ ក៏​បាន​អំពាវនាវ​ដល់​សមាជិក​បក្ស​រាប់​លាន​នាក់​នៅ​គ្រប់ ខេត្ត​ ស្រុក​ ខ័ណ្ឌ​ ក្រុង​ ឃុំ​ សង្កាត់​នៅ​ទូទាំង​ប្រទេស​ ឲ្យ​ចាត់​ទុក​រូប​លោក​ថា បាន​ចូលរួម​ជាមួយ​អ្នក​ឃោសនា​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា​នៅ​គ្រប់​ទីកន្លែង។

​លោក​ថា​ ចូលរួម​ហែ​ក្បួន​ និង​បោះឆ្នោត​ឲ្យ​គណបក្ស​របស់​លោក​ ដើម្បី​បន្ត​រក្សា​សនិ្តភាព​ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ។

​គណបក្ស​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន១២ ​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ ដើម្បី​ប្រជែង​យក​តំណែង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ទូទាំង​ប្រទេស។ ក្នុង​ការបោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី៤​នេះ មាន​ឃុំ​សង្កាត់​ចំនួន​១.៦៤៦។ការ​បោះឆ្នោត​លើក​នេះ​ ត្រូវ​គេ​ដឹ​ង​ថា​ មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ជាង​រាល់​ដង​ ដោយ​សារ​កម្លាំង​គាំទ្រ​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង​ មាន​ប្រហាក់​ប្រហែល​គ្នា។

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងទៅកាន់សមាជគណបក្ស កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

លោក​ អេង ឆៃអ៊ាង​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ សម្តែង​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ របស់​លោក​ ហ៊ុន សែន។ ​លោក​ថ្លែង​ប្រាប់​ VOA ថា​ ការណ៍​នេះ​នឹង​ញ៉ាំង​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​ ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ល្អ​ ហើយ​និង​គ្មាន​សង្គ្រាម​ កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត។

«រីករាយ​ដែល​ឃើញ​ លោក​នាយក​រដ្ឋ​មន្ត្រី​ដែល​ជា​ប្រធាន​គណបក្ស​នយោបាយ​កាន់​អំណាច​ មក​ចូល​រួម​ក្នុង​ការ​ឃោសនា​បោះឆ្នោត។ នេះ​បញ្ជាក់​បង្ហាញ​ឲ្យ​ឃើញ​ថា​ ការ​បោះឆ្នោត​ខាង​មុខ​នេះ​ គឺ​ច្បាស់ជា​អត់មាន​សង្គ្រាម​ទេ​ ព្រោះ​យើង​មាន​ការ​ប្រកួត​ប្រជែង​តាម​សន្លឹក​ឆ្នោត​ អាហ្នឹង​គឺ​យើង​ឃើញ​ថា​ ហើយ​បើ​សិន​ជា​ លោក​នាយក​រដ្ឋមន្ត្រី​ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​ ឈាន​មួយ​ជំហាន​ទៀត​ ឲ្យ​មាន​ការ​ពិភាក្សា​នយោបាយ​ជាមួយ​នឹង​គណបក្ស​ប្រឆាំង​ អា​ហ្នឹង​ល្អ​មែន​ទែន»។

លោក​ អេង​ ឆៃអ៊ាង​ ថ្លែង​បន្ត​ថា​ គណបក្ស​ប្រឆាំង​មិន​បារម្ភ​ថា​ ការ​ចូលរួម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​ ហ៊ុន សែន​ នេះ​នឹង​បង្កើន​ការ​គាំទ្រ​ដល់​បក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។

«​យើង​អត់​មាន​ខ្វល់​ខ្វាយ​រឿង​ហ្នឹង​ទេ​ ព្រោះ​យើង​ចង់​ឲ្យ​គណបក្ស​នយោបាយ​ ចង់​ឲ្យ​មេ​ដឹកនាំ​បក្ស​នយោបាយ​ហ្នឹង​ មក​ប្រកួត​ប្រជែង​តាមរយៈ​ការ​ឃោសនា​បែប​ហ្នឹង​ ការ​រក​ការ​គាំទ្រ​ពី​ប្រជា​ពល​រដ្ឋ​ របៀប​គេ​ហៅ​ថា​ របៀប​សន្តិវិធី​តាម​រយៈ​ផ្ញើ​សារ​ ​ដោយ​សន្តិវិធី​ តាមរយៈ​ការ​ចូលរួម ​ជាជាង​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ គំរាមកំហែង​ប្រជាពលរដ្ឋ។ ​អា​ហ្នឹង​គឺ​ជា​ វិធី​ដែល​ល្អ​ហើយ ព្រោះ​យើង​ត្រូវ​តែ​កែ​ប្រែ​ទម្លាប់​ ធ្វើ​ម៉េច​យើង​ប្រកួត​ប្រជែង​ នៅ​លើ​គោលនយោបាយ​ ហើយ​ឲ្យ​មាន​លក្ខណៈ​ស្មើភាព​ឲ្យ​សេរី។ ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​មួយ​ដែល​ស្មើភាព​សេរី​ គឺ​វា​ធ្វើ​ឲ្យ​អ្នក​ឈ្នះ​ ឈ្នះ​ដោយ​កិត្តិយស អ្នក​ចាញ់​ ដោយ​ចាញ់​អស់​ចិត្ត»។

មុន​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នេះ​ មេដឹកនាំ​រដ្ឋាភិបាល​ ក៏​បាន​ព្រមាន​ជា​បន្តបន្ទាប់​អំពី​ការ​ផ្ទុះឡើង​នៃ​សង្គ្រាម​ស៊ីវិល​ ​ប្រសិន​បើ​បក្ស​ប្រជាជន​កម្ពុជា​ មិន​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ដឹកនាំ​ប្រទេស​បន្ត​ទៀត។

កាលពី​ពេល​ថ្មីៗ​នេះ​ នាយ​ឧត្ដម​សេនីយ៍​ ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ក៏​បាន​ព្រមាន​វាយ​បំបែក​ធ្មេញ​ក្រុម​ណា​ ដែល​ចេញ​មក​តវ៉ា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ផង​ដែរ។

យ៉ាងណា​ក៏​ដោយ​ អ្នកស្រី​ Katina Adams ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​បាន​អំពាវនាវ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ​ថា​ រដ្ឋាភិបាល​កម្ពុជា​ ត្រូវ​ចាត់​វិធាន​ការ​បន្ទាន់​ដើម្បី​ធានា​សេរីភាព​នៃ​លំហ​នយោបាយ​ ដែល​គ្មាន​ការ​គំរាម​កំហែង​ ឬ​ការ​បំភិត​បំភ័យ​ក្នុង​ប្រទេស។

អ្នកស្រី​ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លើក​កម្ពស់​សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​ ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ទាំង​អស់៕