លោក​ ហ៊ុន សែន​ នឹង​រុះរើ​គណៈរដ្ឋមន្ត្រី​ដូរ​មន្ត្រី​អសកម្ម

អគារ​​ថ្មី​នៃ​​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នឹង​រុះរើ​គណៈរដ្ឋ​មន្ត្រី​របស់​លោក​ក្នុង​ទ្រង់​ទ្រាយ​តូច​មួយ​បន្ទាប់​ពី​សង្កេត​ឃើញ​ថា​ថ្នាក់​ដឹកនាំ​​ក្រសួង​​មួយ​ចំនួន​មាន​ភាព​អសកម្ម​បណ្តាល​ឱ្យ​បញ្ហា​កើតមានឡើង​ជាច្រើន។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នឹង​រុះរើ​គណៈរដ្ឋ​មន្ត្រី​របស់​លោក​ក្នុង​ទ្រង់​ទ្រាយ​តូច​មួយ​បន្ទាប់​ពី​សង្កេត​ឃើញ​ថា​ថ្នាក់​ដឹកនាំក្រសួងមួយ​ចំនួន​មាន​ភាព​អសកម្ម​បណ្តាល​ឱ្យ​បញ្ហា​កើតមានឡើង​ជាច្រើន។ នេះ​បើ​តាម​ប្រភព​មន្ត្រី​រដ្ឋាភិបាល​បាន​ប្រាប់​ VOA ​ខេមភាសា។

ប្រភព​នោះ​បាន​បន្ថែម​ថា​លិខិត​សំណើ​ឱ្យ​មាន​ការរុះរើ​គណៈរដ្ឋ​មន្ត្រី​ត្រូវ​បាន​រដ្ឋាភិបាល​ផ្ញើ​ជូន​ដល់​សភាជាតិ​ហើយ​ដើម្បី​ឱ្យ​មាន​ការ​ប្រជុំ​មួយ។

លោក​ផៃ ស៊ីផាន​ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​មិនហ៊ាន​បញ្ជាក់​ពី ខ្លឹមសារ​នៃ​សំណើ​របស់​រដ្ឋាភិបាល​ឬ​ថា​តើ​លិខិត​នោះ​ទៅ​ដល់​រដ្ឋ​សភា​ហើយ​ឬនៅទេ​នៅ​ពេល​ដែល​ VOA ​ទាក់​ទង​៖​

«ចំពោះ​ការងារ​រដ្ឋបាល​ខ្ញុំ​អត់​ដឹង​ទាល់​តែ​សោះ​ ប៉ុន្តែ​យើង​បាន​ដឹង​តាំង​ពីថ្ងៃ​ដែល​សម្តេច​គាត់​ថា​នឹង​មាន​ការរុះរើ។ យើង​ជឿថា​នៅ​ពេល​ដែល​លោក​មាន​ប្រសាសន៍​បានន័យ​ថា​លោក​នឹង​ចាត់​វិធានការ‍»។​

លោក​ឈាង វុន ​ប្រធាន​គណៈកម្មការ​កិច្ច​ការ​បរទេស​និង​ជា​អ្នកនាំ​ពាក្យ​សភាជាតិ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​យប់​ថ្ងៃ​ពុធ​ដោយ​ទូរស័ព្ទ​របស់​លោ​ក​មិន​មាន​អ្នក​ទទួល។​

ប៉ុន្តែ​លោក​ឡេង ប៉េងឡុង ​អគ្គលេខាធិការ​និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​ខាងផ្នែករដ្ឋបាលបាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​CEN ​ដែល​ផ្សាយ​តាម​អ៊ីនធឺណិត​ថា ​លិខិត​របស់​លោក​នាយក ​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ចូលមក​ដល់​រដ្ឋសភា​ហើយ ​នៅថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ២០១៦​ ដោយ​ស្នើសុំ​ឱ្យ​មាន​ការកែ​សម្រួល​និង​បំពេញ​បន្ថែម​ថ្នាក់​ដឹកនាំ​ក្រសួង​មួយ​ចំនួន។

អ្នកនាំពាក្យ​រដ្ឋសភា​ បាន​បន្ថែម​ថា ​ចំពោះ​លិខិត​ស្នើ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ខាង​អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា ​បាន​ធ្វើ​បែបបទ​បញ្ជូន​ទៅ​លោក​ហេង សំរិន​ប្រធាន​សភា​ ដើម្បី​ដាក់​ប្រជុំ​នៅក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ ដើម្បី​ដាក់​ចូល​ក្នុង​របៀប​វារៈ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា។

លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ធ្លាប់​បាន​ព្រមាន​ជា​សាធារណៈ​ស្តី​ពីការ​រុះរើ​គណៈរដ្ឋ​មន្ត្រី​នេះ​កាលពី​ចុងខែ​កុម្ភៈ​នៅ​ក្នុង​ឱកាស​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​មហាផ្ទៃ។

លោក​ហ៊ុន សែន​បាន​លើក​ឡើង​ថា ​វា​ល្មម​ដល់​ពេល​ត្រូវ​ចាប់​មន្ត្រី​មួយ​ចំនួន​ព្យាបាល​ជំងឺ​ហើយ​ ព្រោះ​លោក​ទុកពេល​ឲ្យ​យូរ​ឆ្នាំ​ហើយ​ដើម្បី​ «ងូតទឹក​ ឆ្លុះកញ្ចក់​ ដុសក្អែរ‍»។

លោក ផៃ ស៊ីផាន​ក៏​មិន​ហ៊ាន​បញ្ជាក់​ថា​តើ​ក្រសួង​ប៉ុន្មាន​នឹង​ត្រូវ​ទទួល​ការព្យាបាល​នោះ​ទេ។

«អ្វី​ដែល​សម្តេច​គាត់​បាន​លើក​ឡើង​គឺ​ក្រសួង​មួយ​ចំនួន​ដែល​យើង​អាច​ដឹង​តាម​ការ​បញ្ចេញ​ព័ត៌មាន​ជា​សាធារណៈ​របស់​សម្តេច​ដែកជោ​គឺ​ក្រសួង​ដឹកជញ្ជូន​ ក៏ដូចជា​ក្រសួង​កសិកម្ម​។ នេះ​យើង​ដឹង​ច្បាស់​ពីព្រោះ​សម្តេច​លោក​បាន​ព្រមាន។ រីឯ​ក្រសួង​ដទៃ​ទៀត​សម្តេច​គាត់​អត់​បាន​បង្ហើប​គ្មាន​អ្នក​ណា​គាត់​ដឹង​ទេ។ ទីមួយ​វាប៉ះពាល់​ដល់​ការងារ​សន្តិសុខ​ជាតិ​ប៉ះពាល់​ដល់​ការងារ​សណ្តាប់​ធ្នាប់​សង្គម​ម្ល៉ោះ​ហើយ​គ្មាន​អ្នកណា​ដឹង​ក្រៅពី​សម្តេច​ហើយ​នឹង​សម្តេច​ហេង សំរិន​ទេ‍»។​

នាពេល​ថ្មីៗ​នេះ​មាន​សំណុំ​រឿង​មួយ​ចំនួន​ដែល​បណ្តាល​ឱ្យ​មានការ​រិះគន់​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម។ ក្នុង​នោះ​មាន​ដូចជា​រថយន្ត​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ឯកជន​មួយ​បាន​ដឹក​លើស​ទម្ងន់​ហើយ​ធ្វើ​ឱ្យ​ខូច​សាច់​ថ្នល់​លើ​ស្ពានត្សឹបាហ្សាដែល​ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន​ ការចាប់​ពលរដ្ឋ​រងគ្រោះ​ដោយ​សារ​ដីធ្លី​ដាក់​ពន្ធនាគារ​ និង​គ្រួសារ​បក្ស​ពួកនិយម​ក្នុង​ក្រសួង​រដ្ឋ​មួយ​ចំនួន​ដែល​គេ​ហៅ​ថា​ក្រសួង​គ្រួសារ​ជាដើម។

លោក​យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជាអ្នក​តំណាងរាស្រ្ត​បាន​បញ្ជាក់​ថា​លោក​នៅ​មិន​ទាន់​បានការជូន​ដំណឹង​ពីរដ្ឋ​សភា​នៅ​ឡើយ​ទេពី​សំណើ​របស់​រដ្ឋាភិបាល​ក្នុង​ការ​រុះរើ​គណរដ្ឋ​មន្ត្រី​នោះហើយ​គណបក្ស​ប្រឆាំង​នៅ​មិន​ទាន់​អាច​មាន​អត្ថាធិប្បាយ​អ្វី​ឡើយ​ដោយ​ត្រូវ​ពិភាក្សា​នៅ​ក្នុង​គណបក្ស​សិន​ប្រសិន​បើ​មាន​ការ​ស្នើឡើង​មែន៕