លោក​ហ៊ុន សែន​អរគុណ​សារៈមន្ទីរ​នៅ​ញ៉ីវយ៉ក​ដែល​ព្រម​ប្រគល់​វត្ថុ​បុរាណ​មក​វិញ

រដ្ឋ​អាជ្ញា​សហរដ្ឋ​អាមេរិក និង​រដ្ឋាភិបាល​កម្ពុជា​និយាយ​ថា រូប​ចម្លាក់​ទេវៈ​ធ្វើ​ពី​ថ្ម​ភក់ ដែល​ជា​តួអង្គ​មួយ​ក្នុង​រឿង​ព្រេង​មហាភារតៈ ដែល​មាន​អាយុកាល​១​ពាន់​ឆ្នាំ​នេះ ត្រូវ​បាន​លួច​ពី​ប្រាសាទ​ចិន​នៅ​កោះកេរ ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ទសវត្សរ៍​១៩៦០ ឬ​១៩៧០។

លោក ហ៊ុន សែន ​បាន​សម្តែង​ការសរសើរ​ដល់​សារមន្ទីរ​ដ៏​ធំ​មួយ​របស់​សហរដ្ឋ​អាមេរិក​ដែល​បានសម្រេច​ប្រគល់​ឲ្យ​កម្ពុជា​វិញ​នូវ​រូប​បដិមា​វ័យ​ចំណាស់​ចំនួន​ពីរ។
ភ្នំពេញ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ​បាន​សម្តែង​ការសរសើរ​ដល់​សារមន្ទីរ​ដ៏​ធំ​មួយ​របស់​សហរដ្ឋ​អាមេរិក​ដែល​បានសម្រេច​ប្រគល់​ឲ្យ​កម្ពុជា​វិញ​នូវ​រូប​បដិមា​វ័យ​ចំណាស់​ចំនួន​ពីរ។

សេចក្តី​ថ្លែងការណ៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ​នេះ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​របស់​គណៈ​រដ្ឋមន្ត្រី។

កាលពី​ថ្ងៃទី​២៦ ​ខែមេសា ​សារមន្ទីរ​មេត្រូប៉ូលីតែន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញ៉ូវយ៉ក​ បានសម្រេច​ថា​នឹង​ប្រគល់​រូបចម្លាក់​នៃ​សតវត្សរ៍​ទី១០​ចំនួន​ពីរ​ដល់​ប្រទេស​កម្ពុជា។ រូប​ទាំងនោះ​គឺជា​រូប​បនទវៈ​លុតជង្គង់​ឬ​គេ​ស្គាល់​ថា​ជា​រូប​អ្នកបម្រើ​លុតជង្គង់​ដែល​ដាក់​ដៃ​ខាងឆ្វេង​នៅលើ​ជង្គង់​បញ្ឈរ​ និង​ដៃ​ខាងស្តាំ​ពាក់​នៅលើ​ស្មា។

រូប​បដិមារ​ទាំងពីរ​នេះ​តំណាង​ឲ្យ​រូប​បដិមា​មួយ​ក្រុម ​ក្នុង​ការប្រយុទ្ធ​តស៊ូ​ដ៏​ល្បីល្បាញ​រវាង​ភីម​និង​ឌូរិយោដាន​នៅ​ក្នុង​រឿង​ព្រេង​មហាភារតៈ។

រូបចម្លាក់​ទាំងនេះ​ត្រូវគេ​លួច​នៅក្នុង​អំឡុង​សង្គ្រាម​ទសវត្សរ៍​១៩៧០​ចេញពី​ប្រសាទ​ចិន​នៅ​កោះ​គែរ។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា​លោក​ហ៊ុន សែន ​បាន​ថ្លែង​អំណរគុណ​ដល់​សារមន្ទីរ​សហរដ្ឋ​អាមេរិក​និង​គណៈប្រតិភូ​កម្ពុជា​ដែល​នាំ​ឲ្យ​មាន​ការប្រគល់​រូបចម្លាក់​ទាំងពីរ​នេះ។

លោក ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែម។

«លោក​អរគុណ​ចំពោះ​ការសម្រេចចិត្ត​របស់​សារមន្ទីរ​ទី១ ​ហើយ​ទី២ ​លោក​ថ្លែង​អំណរគុណ​ដល់​ការប្រឹងប្រែង​របស់​សមាជិក​រដ្ឋាភិបាល​របស់​លោក​ហ្នឹង​នៃ​ការសុំ​ឲ្យ​មាន​មាតុភូមិនិវត្តន៍​នៃ​រូបចម្លាក់​របស់​យើង​មកកាន់​មាតុប្រទេស​វិញ»។

គេ​នៅ​មិនទាន់​ដឹង​ថា ​តើ​រូបចម្លាក់​ចំណាស់​១.០០០ឆ្នាំ​របស់​កម្ពុជា​នឹង​ត្រូវ​មកដល់​មាតុភូមិ​កម្ពុជា​នៅពេលណា​នោះទេ?

លោក ចាន់ តានី ​រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដែល​ទទួល​បន្ទុក​កិច្ចការ​នេះ​បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​កំពុងតែ​រៀបចំ​នីតិវិធី ​ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​វត្ថុ​បុរាណ​ទាំងពីរ​នេះ​ពី​សហរដ្ឋ​អាមេរិក។

«យើង​ចង់​ឲ្យ​បាន​ឆាប់ ​ដូច​ចំពេល​ដែល​យើង​រៀបចំ​បេតិកភណ្ឌ​ពិភពលោក​នៅ​ស្រុក​យើង»។

ប្រទេស​កម្ពុជា​បាន​បាត់បង់​រូបចម្លាក់​ប្រាសាទ​ជាច្រើន​នៅតាម​តំបន់​នានា​ជាពិសេស​នៅក្នុង​ខេត្តសៀមរាប​និង​ខេត្ត​បន្ទាយមានជ័យ។ ការបាត់បង់​ទាំងនេះ​កើតឡើង​នៅក្នុង​និង​ក្រោយ​អំឡុង​សង្គ្រាម​ស៊ីវិល​ដែល​បានអូសបន្លាយ​ជាង​បី​ទសវត្សរ៍៕