លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃច័ន្ទ បានថ្លែងទៅកាន់មេដឹកនាំពិភពលោកថា ប្រទេសក្រីក្របានរងគ្រោះ ដោយសារការដាក់ទណ្ឌកម្មពីប្រទេសអភិវឌ្ឍន៍ ក្រោមហេតុផលសិទ្ធិមនុស្ស និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។
នេះជាការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី នៅថ្ងៃទី២១ ខែកញ្ញា ឆាំ្ន២០២០ តាមរយៈវីដេអូអនឡាញនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់រំឭកខួបលើកទី៧៥នៃអង្គការសហប្រជាជាតិ ដែលធ្វើឡើងនៅសាលប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។
កិច្ចប្រជុំនេះ ក្រោមមូលបទ«អនាគតដែលយើងចង់បាន អង្គការសហប្រជាជាតិដែលយើងត្រូវការ៖ បញ្ជាក់អំពីការប្តេជ្ញាចិត្តរួមជាថ្មីឡើងវិញរបស់យើងចំពោះពហុភាគីនិយម»។
ក្នុងវីដេអូថតទុក៧នាទី លោក ហ៊ុន សែន ថ្លែងថា ប្រទេសកំពុងអភិវឌ្ឍន៍នៅមានសមត្ថភាពខ្វះខាតក្នុងការគោរពសិទ្ធិមនុស្សឲ្យស្របតាមស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍។លោកបញ្ជាក់ថា ការណ៍នេះនាំឲ្យប្រទេសទាំងនោះរងទណ្ឌកម្មពីប្រទេសអភិវឌ្ឍន៍។
លោក ហ៊ុន សែន ថ្លែងថា៖ «ជំនួសការទទួលបានការគាំទ្រជារឿយៗ ប្រទេសកំពុងអភិវឌ្ឍន៍តែងត្រូវបានប្រែក្លាយជាមុខព្រួញនៃការដាក់ទណ្ឌកម្មចំពោះកិច្ចដំណើរការប្រឹងប្រែងកសាងជាតិរបស់ខ្លួន ដែលមិនបានល្អឥតខ្ចោះ ស្របតាមស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍ ខណៈដែលសមត្ថភាពប្រទេសទន់ខ្សោយទាំងនោះនៅមានការខ្វះខាតក្នុងកិច្ចការពារសិទ្ធិមនុស្សជាមូលដ្ឋាន ដូចជាសិទ្ធិទទួលបានសន្តិភាព សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានអាហារ ទីជម្រក និងការងារជាដើម»។
លោកចាត់ទុកថា នេះជាមូលហេតុមួយនាំឲ្យមាន«ការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ»ដល់កិច្ចខិតខំប្រឹងប្រែងនៃការអភិវឌ្ឍរបស់ប្រទេសក្រីក្រ តាមរយៈ«ការយកបញ្ហាសិទ្ធិមនុស្សមកធ្វើជារឿងនយោបាយឲ្យស្របតាមរបៀបវារៈភូមិសាស្រ្តនយោបាយនៃប្រទេសអភិវឌ្ឍន៍មួយចំនួន»។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនត្រូវបានរិះគន់ដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច អំពីការមិនគោរពសិទ្ធិមនុស្ស និងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ តាមរយៈការរំលាយគណបក្សសង្រ្គោះជាតិ និងការចាប់មនុស្សដាក់ពន្ធនាគារតាមទំនើងចិត្ត។ជារឿយៗ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ប្រទេសលោកខាងលិចបានយកបញ្ហាសិទ្ធិមនុស្សមករិះគន់វាយប្រហាររដ្ឋាភិបាលរបស់លោក ជាពិសេសសហរដ្ឋអាមេរិក និងប្រទេសនៅសហភាពអឺរ៉ុប។
នៅក្នុងសារថ្លែងទៅមេដឹកនាំពិភពលោកដែលចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ លោក ហ៊ុន សែន បន្តថា ការប្រកួតប្រជែងគ្នារបស់ប្រទេសមហាអំណាចក៏ជាឧបសគ្គនៃសិទ្ធិស្វ័យសម្រេចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការជ្រើសរើសយកឯករាជ្យនិងអធិបតេយ្យភាព។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា នេះជាឧបសគ្គពិតប្រាកដដ៏ចម្បងមួយរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការធ្វើឲ្យសម្រេចបាននូវគោលដៅរបៀបរវាៈ(អភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០) បន្ថែមលើបញ្ហាប្រឈមបន្ទាន់ទាំងឡាយ ដែលបង្កឡើងនៃការរាតត្បាតជំងឺកូវីដ១៩»។
កាលពីថ្ងៃទី១២ ខែសីហាសហភាពអឺរ៉ុបបានបន្ថយការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម«គ្រប់មុខទំនិញលើកលែងសព្វាវុធ ឬ Everything But Arms (EBA)» ដោយចាប់ផ្ដើមយកពន្ធចំនួន២០ភាគរយលើទំនិញកម្ពុជា ជាការឆ្លើយតបនឹងការ «រំលោភបំពានជាប្រព័ន្ធនិងយ៉ាងធ្ងន់ធ្ងរ» លើសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ក្រោយការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ។
លោកW. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាក៏បានបង្ហាញក្តីបារម្ភនេះដូចគ្នានឹងសហភាពអឺរ៉ុបផងដែរ។
កាលពីថ្ងៃអង្គារសប្តាហ៍មុន សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មក្រុមហ៊ុនចិនឈ្មោះUnion Development Group (UDG) ដែលរកស៊ីនៅប្រទេសកម្ពុជាក្នុងទឹកប្រាក់ប្រមាណ៣៨០០លានដុល្លារ ក្រោមហេតុផលនៃការរឹបអូសយកដីធ្លី និងបំផ្លាញលំនៅដ្ឋានពលរដ្ឋកម្ពុជា នៅខេត្តកោះកុង។
នៅក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ កាលពីថ្ងៃទី២១ ខែកញ្ញា លោក ហ៊ុន សែន បានលើកឡើងនៅក្នុងសាររបស់លោកថា ប្រទេសមហាអំណាចនិងលោកខាងលិចខ្លះបាននិងកំពុងសហការប្រទាក់ក្រឡាគ្នាជាប្រព័ន្ធក្នុងការដាក់សម្ពាធ គាបសង្កត់ឲ្យកម្ពុជា ដើរតាមគន្លងនយោបាយរបស់ខ្លួន ដូចដែលពួកគេធ្លាប់បានប្រព្រឹត្តមកលើកម្ពុជាកាលពីទសវត្សរ៍១៩៧០និង១៩៨០។លោកថា នេះជាការរំលោភបំពានលើគោលការណ៍សមភាពអធិបតេយ្យភាពរវាងបណ្តារដ្ឋ និងគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃទៀត ដូចដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងក្នុងច្បាប់អន្តរជាតិ។
លោក អំ សំអាត នាយករងទទួលបន្ទុកការឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថាប្រទេសកំពុងអភិវឌ្ឍន៍តែងតែត្រូវការជំនួយពីប្រទេសអភិវឌ្ឍន៍ ដែលចង់ឃើញការដើរតាមគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ លោកបន្តថាប្រសិនបើមិនមានការគោរពតាមពួកគេនឹងរិះគន់ឬក៏ដាក់ទណ្ឌកម្មលើប្រទេសនោះ។
លោកមានប្រសាសន៍ថា៖ «ហើយបើសិនជាគេនៅមើលឃើញថា ប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ តែនៅមានការរំលោភសិទ្ធិមនុស្ស នៅមានការបំពារបំពាន ទាក់ទងនឹងផ្នែកសេរីភាពជាមូលដ្ឋាន ឬក៏សិទ្ធិមនុស្សហ្នឹង អាហ្នឹងគេតែងតែមានដាក់លក្ខខណ្ឌឬក៏អាចនឹងមានការដាក់ទណ្ឌកម្មអីដែរបាទ»។
លោក អំ សំអាតបន្តថា រដ្ឋាភិបាលប្រទេសណាក៏ដោយ ក៏តែងតែថ្លែងការពារប្រទេសរបស់ខ្លួនអំពីការរំលោភសិទ្ធិមនុស្សប៉ុន្តែប្រទេសអភិវឌ្ឍន៍ដែលគោរពប្រជាធិបតេយ្យ វាយតម្លៃការមិនគោរពសិទ្ធិមនុស្ស ដើរខុសគន្លងប្រជាធិបតេយ្យ តាមរយៈរបាយការណ៍ជាក់ស្តែងដែលពួកគេប្រមូលបាន៕