ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រមួយក្នុងទីក្រុងភ្នំពេញនៅថ្ងៃអង្គារនេះ នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែន ប្រកាសថាលោកនឹងមិនធ្វើការបកស្រាយណាមួយលើខ្លឹមសារនិងការអនុវត្តកិច្ចព្រមព្រាងសន្តិភាពទីក្រុងប៉ារីសនោះទេ ស្របពេលដែលអ្នកវិភាគនិងអ្នកឃ្លាំមើលសិទ្ធិមនុស្សវាយតម្លៃថាកម្ពុជាបរាជ័យក្នុងការអនុវត្តពេញលេញនូវខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ។
សេចក្ដីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីខ្មែរ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ មុននឹងខួប២៨ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
អ្នកវិភាគនិងក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាបានលើកឡើងក្នុងបទសម្ភាសន៍ជាមួយវិទ្យុវីអូអេ កាលចុងសប្ដាហ៍មុនថាជិត៣០ឆ្នាំក្រោយពីកិច្ចព្រមព្រៀងនេះ កម្ពុជានៅតែមានបញ្ហាធ្ងន់ធ្ងរក្នុងការជំរុញការគោរពសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថាលោកនឹងមិនធ្វើការបកស្រាយលើខ្លឹមសារនៃកិច្ចព្រមព្រៀងនេះទេ។
«ខ្ញុំអត់និយាយទេ កិច្ចព្រមព្រៀងទីក្រុងប៉ារីស។ទុកឲ្យគេបកស្រាយទៅ»។
លោកប្រមុខរដ្ឋាភិបាលខ្មែរបន្ថែមថាក្នុងពេលនេះកម្ពុជាត្រូវអនុវត្តតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញដោយហេតុថាខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញ។
«តម្លៃកិច្ចព្រមព្រៀងស្អីៗៗ ចុះរដ្ឋធម្មនុញ្ញខ្មែរទៅណាបាត់? ពេលវេលានេះជាពេលវេលាត្រូវអនុវត្តតាមក្របខណ្ឌនៃរដ្ឋធម្មនុញ្ញ។ ចាំមើលឲ្យគេចេញមកបក(ស្រាយ)ទៅ»។
នៅត្រង់ចំណុចក នៃមាត្រា១៥ របស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ ១៩៩១ ចែងថាកម្ពុជាធានាដល់ការគោរពនិងប្រតិបត្តិសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ រួមទាំងគាំទ្រ«ពលរដ្ឋកម្ពុជាទាំងអស់ក្នុងការធ្វើសកម្មភាពដែលជំរុញ និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន» ដើម្បីធានាថា នយោបាយ និងអំពើប្រព្រឹត្តក្នុងអតីតកាលមិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់មកវិញដាច់ខាត និងចូលរួមកិច្ចព្រមព្រៀងជាអន្តរជាតិទាំងឡាយដែលពាក់ព័ន្ធដល់សិទ្ធិមនុស្ស។
លោក ហ៊ុន សែន បានបន្ថែមការអធិប្បាយថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនបានចែងឲ្យមានការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមនោះទេ ហើយកម្ពុជាបានអនុវត្តលើសពីកិច្ចព្រមព្រៀងនេះចែងទៅទៀត។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយប្រាប់ VOAថា កម្ពុជាបានបរាជ័យលើវិស័យសិទ្ធិមនុស្ស ដោយហេតុថា ប្រទេសកម្ពុជារហូតមកដល់ពេលនេះ មិនទាន់មានប្រព័ន្ធតុលាការដែលគួរឲ្យទុកចិត្តបាននៅឡើយ។
លោកបន្ថែមថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅតែមានសុពលភាពដដែល ដរាបណាកម្ពុជានៅមិនទាន់ប្រកាសថា ខ្លួនឈប់ត្រូវការកិច្ចព្រមព្រៀងនេះនោះទេ។
«ប្រកាសប្រាប់គេថា ឥឡូវនេះគឺកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹងគឺវាចប់សព្វគ្រប់ហើយបាទ។ លែងមានសុពលភាពទៀតហើយនៅប្រទេសកម្ពុជា គឺប្រទេសកម្ពុជាលែងជាប់ជំពាក់នឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៀតហើយបាទ»។
មានប្រទេសហត្ថលេខីក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសចំនួន១៨ប្រទេស។ ប្រទេសទាំងនេះមានកាតព្វកិច្ចជួយជំរុញ និងលើកទឹកចិត្តដល់ការគោរព និងប្រតិបត្តិតាមសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅក្នុងកម្ពុជា «ដើម្បីជាពិសេសការពារទប់ទល់នឹងការកកើតឡើងវិញការរំលោភសិទ្ធិមនុស្សជាថ្មីទៀត»។
ប៉ុន្តែនៅមុនការមកដល់នៃខួបការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា សកម្មភាពបង្ក្រាបលើសកម្មជន និងមន្ត្រីអតីតគណបក្សប្រឆាំងបានរីករាលដាលកាន់តែខ្លាំងឡើង។ រហូតមកដល់ពេលនេះ មានសកម្មជនអតីតគណបក្សសង្គ្រោះជាតិ លើសពី៥០នាក់ត្រូវបានចាប់ខ្លួន។ ភាគច្រើនក្នុងចំណោមជនដែលត្រូវចាប់ខ្លួន ត្រូវជាប់ចោទថាបាន«រួមគំនិតក្បត់»ជាមួយលោកសម រង្ស៊ី ខណៈដែលប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិរូបនេះ ប្រកាសវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ខែវិច្ឆិកា ខាងមុខ បន្ទាប់ពីស្ថិតនៅក្រៅប្រទេសអស់រយៈពេលប្រាំឆ្នាំ៕