លោក ហ៊ុន សែន ថា​មិន​មាន​ការ​ចរចា​នយោបាយ ហើយ​ការពារ​​រឿង​​លប​ចូល​ស្តាប់​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​បក្ស​ប្រឆាំង

រូបឯកសារ៖ លោក ហ៊ុន សែន ថ្លែង​បើក​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់មេគង្គ (GMS) លើកទី៧​ តាម​អនឡាញ​កាល​ពី​ ថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០២១ ពី​រាជធានី​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ចិន ឡាវ វៀតណាម ថៃ និង​ប្រមុខ​​របប​សឹក​ភូមា។ (ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន)

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន នៅ​ថ្ងៃ​សុក្រ​នេះ បាន​ថ្លែង​ថា​នឹង​មិន​មាន​ការ​ចរចា​នយោ​បាយ​អ្វី​ឡើយ ហើយ​លោក​ក៏​បាន​ការ​ពារថា​លោក​មិន​បានរំលោភ​សិទ្ធិ​ឯកជន​ភាព រឿង​លប​ចូល​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​របស់បក្ស​ប្រឆាំង តាម​ប្រព័ន្ធ​អ៊ីនធឺណិត​Zoom ​កាល​ពី​សប្តាហ៍​មុន​ផងដែរ។

លោក​ថ្លែង​បែប​នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​Freshnewsនៅ​ក្នុង​ពិធី​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ដល់​ក្មេង​អាយុ​ពី​៦​ឆ្នាំ​ទៅ​១២​ឆ្នាំ នៅ​វិមាន​សន្តិភាព។

លោក​ថ្លែង​ថា៖ «វា​ទៅ​ជា​ឆ្កួត​ឡប់ ហ៊ុន​ សែន ត្រូវ​ការ​ចរចា។ អញ​គ្មាន​ត្រូវ​ការ​ចរចា​ជាមួយ​ក្បាល​អ្ហែង​ទេ​ ប្រាប់​អ្ហែង​ឲ្យ​ហើយ​ទៅ»។

គណបក្ស​ប្រឆាំង​បាន​អះអាង​ថា​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​លប​ចូលក្នុង​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​របស់​ខ្លួន ហើយ​ខ្លឹម​សារ​មួយ​ចំនួន​នៃ​កិច្ច​ប្រជុំ​នោះ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ កាល​ពី​ពេល​ថ្មីៗ​នេះ។ ការណ៍​នេះ​នាំ​ឲ្យ​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​និរ​ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ចាប់​ផ្តើម​ធ្វើ​អត្ថាធិប្បាយ​ថា​លោក ហ៊ុន សែន បង្ហាញ​សញ្ញា​នៃ​ការ​សម្រប​សម្រួល​នយោ​បាយ។

លោក ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​បាន​បញ្ជាក់​ថា​លោក​ពិត​ជា​បាន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​Zoomដែល​លោក​ថា​មាន​ផ្ទៃ​ក្នុង​របស់​លោក​បញ្ជូន​តំណ​ភ្ជាប់​ឲ្យ។ លោក​បន្ថែម​ថា​ការ​លប​ស្តាប់​នេះ មិន​បាន​រំលោភ​លើ​សិទ្ធិ​ឯកជនភាព​នោះ ប៉ុន្តែ​ជា​ការ​តាម​ដាន​សកម្មភាព​ប្រជុំ​របស់​បក្ស​ប្រឆាំង ដែល​លោក​ថា​មាន​ចរិត​«បំផ្លាញ​ជាតិ»។

លោក ហ៊ុន សែន បញ្ជាក់​ថា៖ «មិន​មែន​ហេគ​[Hack]​ចូល​ទេ ហើយ​មិន​មែន​រំលោភ​សិទ្ធិ​ឯក​ជន​ទេ អ្នក​ឯង​និយាយ​ពី​រឿង​ជាតិ អ្នក​ឯង​និយាយ​ពី​រឿង​បំផ្លាញ​ជាតិ»។

ក្នុង​ពេល​លប​ចូល​កិច្ច​ប្រជុំ​របស់​បក្ស​ប្រឆាំង តាម​ប្រព័ន្ធ​Zoom​កាល​ពី​សប្តាហ៍​មុន លោក ​ហ៊ុន សែន​ បាន​រំឭក​រឿង​ចាស់​ទៅ​កាន់​លោក ឡុង រី អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​មណ្ឌល​ខេត្ត​បន្ទាយ​មាន​ជ័យ អំពី​វប្បធម៌​សន្ទនា​ជាមួយ​លោក​ សម រង្ស៊ី ​ហើយ​លោក​ក៏​ជំរុញ​ឲ្យ​បញ្ឈប់​ការ​ជេរ​គ្នា និង​ការ​លាប​ពណ៌​ដាក់​គ្នា។

នៅ​ព្រឹក​ថ្ងៃ​សុក្រ ​លោក ​ហ៊ុន សែន ​បាន​ថ្លែង​ថានៅ​ទី​កន្លែង​ណា ​ក៏​មាន​«ផ្ទៃ​ក្នុង»របស់​លោក។ លោក​បន្ថែម​ថា​លោក​បាន​ចូល​ស្តាប់​មិន​តិច​ជាង​២០​ដង​ទេ​នៃ​កិច្ច​ប្រជុំ​បក្ស​ប្រឆាំង ​ហើយ​វីដេអូ​ជាង​៥០​ឃ្លីប​ទៀត ត្រូវ​បាន​បញ្ជូន​មក​រូប​លោក។

ក្រោយ​មាន​ព្រឹត្តិ​ការណ៍​នៃ​លប​ចូល​ក្នុង​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង លោក ​សម រង្ស៊ី ​ បាន​ថ្លែង​ថា​ នេះ​ជា​សញ្ញា​នៃ​ការ​ស្រុះស្រួល​មួយ ហើយ​បាន​ចោទ​លោក ហ៊ុន សែន ថា​បាន​សុំ​ឲ្យ​គណ​បក្ស​សង្រោះជាតិ ធ្វើ​ការ​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដើម្បី​រៀប​ចំ​ច្បាប់​លើក​លែង​ទោស​មនុស្ស​៣​នាក់ ដែល​មាន​ប្រធាន​ព្រឹទ្ធសភា រដ្ឋសភា ​និង​នាយក​រដ្ឋមន្ត្រី។

ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រតិកម្ម​នៅ​ថ្ងៃ​សុក្រ​នេះ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក សម រង្ស៊ី។ លោក​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​តំណាង​រាស្ត្រ​ទាំង​១២៥​រូប​ក្នុង​រដ្ឋសភា អាច​ធ្វើ​ច្បាប់​នេះ​ពេល​ណា​ក៏​បាន ហើយ​អាច​ដាក់​បញ្ចូល​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ផង​ដែរ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស ហើយ​មិន​ងាយ​នឹង​លុប​ចោល​បាន​ទេ។

លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​ចង់​ធ្វើ​ ដោយ​ខ្ញុំ​មិន​ចង់​ឲ្យបុគ្គល​ដឹកនាំ​ណា​ផ្អែក​លើច្បាប់​ដែល​មាន​ចែង សម្អាង​ទៅ​លើ​ច្បាប់​នោះ ឲ្យ​ធ្វើ​សកម្ម​ភាព​បំផ្លាញ​ដល់​ផល​ប្រយោជន៍​ជាតិ​ហើយ អត់​មាន​ទោស​ទេ។ ខ្ញុំ​មិន​ខ្លាច​រឿង​ហ្នឹង​ទេ ប៉ុន្តែ​រឿង​អី​អ្ហែង​មក​ចោទ​អញ្ចឹង។ អ្ហែង​ហ៊ាន​ស្បថ​ឲ្យ​ងាប់​ប្រពន្ធ​កូន​អ្ហែង​ទេ? អញ​ហ៊ាន​ស្បថ​ថា​អញ​មិន​បាន​និយាយ​ជាមួយ​អ្ហែង»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក សម រង្ស៊ី តាម​សារ​អ៊ីមែល​បាន​នៅ​ឡើយ​ទេ​នា​ថ្ងៃ​សុក្រ​នេះ។

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន បានច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ថា​បក្ស​ប្រឆាំង​រៀបចំកិច្ច​ប្រជុំ ដើម្បី​បង្កើត​សកម្មភាព​«បំផ្លាញជាតិ»។ លោកចាត់​ទុក​ការ​លប​ចូល​ស្តាប់​កិច្ច​ប្រជុំ​បែប​នេះ ជា​អំពើ​អសីលធម៌ បើ​ទោះ​លោក ហ៊ុន សែន ចង់​បង្ហាញការ​គំរាម​កំហែង​ដល់​សកម្ម​ជន​បក្ស​ប្រឆាំង​ក៏​ដោយ។

លោក​ថ្លែង​ថា៖ «យើង​មិន​បាន​ទៅ​ក្បត់​ជាតិ​នោះ​ទេ យើង​ជា​អ្នក​ស្រឡាញ់​ជាតិ ហើយ​មានតែ​អ្នក​ដែល​កាត់​ទឹក​ដី​ឲ្យ​យួន​នោះ​ទេជា​អ្នក​ក្បត់​ជាតិ»។

លោក សេង សារី អ្នក​វិភាគ​នយោ​បាយ​មួយ​រូប បាន​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃអង្គារ​ថា​នៅ​ក្នុង​សង្គម​ស៊ីវិ​ល័យ ការ​លប​ចូល​ស្តាប់​ជា​«អំពើ​អសីលធម៌»​មួយ ប៉ុន្តែ​នៅ​ក្នុង​សង្គម​កុម្មុយ​និស្ត​ផ្តាច់​ការ​វិញ គេ​ចាត់​ទុក​អ្នក​នោះ​ជា​អ្នក​មាន​សមត្ថ​ភាព​ដែល​អាច​លួច​ចូល ប៉ុន្តែ​គេ​មិន​សូវ​ផ្តល់​តម្លៃ​នោះ​ទេ៕