លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាច ៣៨ឆ្នាំមកហើយ អះអាងថាកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សកាន់អំណាច អាចក្លាយជានាយករដ្ឋមន្ត្រីភ្លាមៗ ក្រោយការបោះឆ្នោតនាថ្ងៃអាទិត្យនេះ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋចិន Phoenix TV ដែលទើបចុះផ្សាយ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ លោក ហ៊ុន សែន ថ្លែងថា៖ «បេក្ខជននាយករដ្ឋមន្ត្រីគឺមានដល់ទៅពីរ។ បេក្ខជន ហ៊ុន សែន ផង ហ៊ុន ម៉ាណែត ផង។ ចាំមើលប្រជាជនបោះឆ្នោតប៉ុន្មាន។ ត្រង់ហ្នឹងអាចដឹង។ ហើយថាមិនត្រូវនៅត្រឹមតែបីបួនអាទិត្យទៀត ហ៊ុន ម៉ាណែត អាចក្លាយទៅជានាយករដ្ឋមន្ត្រី ក៏ថាបាន។ ហើយចាំមើលអ្នកដទៃថាម៉េច? ស៊ីសងបន្ទាប់ពីនោះទៅ ហ៊ុន ម៉ាណែត ធ្វើការបានឬអត់ ខ្ញុំជឿថា ម៉ាណែត មានលទ្ធភាពខ្ពស់ជាងនោះ»។
បើតាម លោក ហ៊ុន សែន លោកគឺជាអ្នកលះបង់ធំជាងគេ ដោយសារតែពេលនេះកំពុងមានអំណាចពេញដៃ ប៉ុន្តែត្រូវលះបង់អំណាច ដើម្បីសន្តិភាពប្រទេស។
លោកបញ្ជាក់បន្ថែមថា៖ «សព្វថ្ងៃ ឥឡូវខ្ញុំកំពុងអង្គុយក្នុងអំណាចពេញដៃ តែ១ខែក្រោយទៀត ខ្ញុំអត់មានអំណាចចុះហត្ថលេខា អត់មានអំណាចដូចថ្ងៃនេះទេ។ ខ្ញុំជាអ្នកលះបង់ធំជាងគេ តែខ្ញុំត្រូវតែលះបង់ មិនមែនដើម្បីកូនរបស់ខ្ញុំទេ។ តែធានាថា សន្តិភាពនៅកម្ពុជាត្រូវបានធានាដោយអ្នកបន្តវេនដែលជាឈាមជ័ររបស់ខ្ញុំ តែត្រូវធ្វើឱ្យត្រូវតាមច្បាប់។ គេនឹងបម្រើប្រជាជនល្អជាងខ្ញុំ។ ដូច្នេះខ្ញុំគិតថាសូមឱ្យអ្នកទិតៀនបង្កើនការទិតៀនថែមទៀត»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា អ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងបង្ហាញថា ភាគរយដែលលោក ហ៊ុន ម៉ាណែត នឹងក្លាយជាអ្នកនាយករដ្ឋមន្ត្រីមានច្រើន។
លោកបញ្ជាក់ថា៖ «អាហ្នឹងតែសម្តេចលោកមានប្រសាសន៍ហើយ អាហ្នឹងភាគរយនៃការពិតប្រាកដ គឺវាច្រើន។ ឥឡូវយើងមិនថាអីឱ្យដាច់ណាត់ទេ ពីព្រោះការបោះឆ្នោតមិនទាន់ប្រព្រឹត្តទៅផង ហើយ គ.ជ.ប ក៏មិនទាន់ប្រកាសលទ្ធផលបោះឆ្នោតដែរ»។
បើតាមអ្នកនាំពាក្យរូបនេះ គណបក្សដែលឈ្នះឆ្នោតជាអ្នកជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រី។
កាលពីកន្លងទៅ លោក សម រង្ស៊ី មេដឹកនាំគណបក្សជំទាស់ដែលនិរទេសខ្លួននៅក្រៅប្រទេស បានលើកឡើងថា លោក ហ៊ុន សែន បាន«យកគណបក្សប្រជាជនកម្ពុជា ធ្វើជាឈ្នាន់ ដើម្បីរក្សាអំណាចឲ្យខ្លួនគាត់ ហើយផ្ទេរអំណាចឲ្យទៅកូនគាត់»។
លោក អ៊ូ វីរៈ ប្រធានវិទ្យាស្ថានសិក្សាគោលនយោបាយវេទិកាអនាគត (Future Forum) ប្រាប់វីអូអេថា លោកមិនមានអ្វីត្រូវភ្ញាក់ផ្អើលឡើយ ចំពោះការថ្លែងរបស់លោក ហ៊ុន សែន ដោយសារតែឃើញដំណើរនៃការរៀបចំទុកកើតឡើងតាំងពីយូរមកហើយ។ លោកបន្ថែមថា បើសិនជាឱ្យ លោក ហ៊ុន ម៉ាណែត ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីតែម្តង ជាការល្អ ដើម្បីផ្តល់ភាពច្បាស់លាស់ដល់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ការធ្វើឱ្យមានភាពស្រពេចស្រពិលបែបហ្នឹង ខ្ញុំមើលទៅវាមិនមានប្រយោជន៍សម្រាប់ លោក ហ៊ុន ម៉ាណែត នៅពេលគាត់ឡើងកាន់អំណាច វាអាចប៉ះពាល់ដែរ។ អ៊ីចឹងខ្ញុំមិនដឹងពីមូលហេតុទេ ប៉ុន្តែវាអាចទាក់ទងរឿងភាពមិនច្បាស់លាស់នៅក្នុងគណបក្សប្រជាជន ក៏មិនដឹង។ ខ្ញុំអត់ដឹងមូលហេតុដែរ»។
បើតាម លោក អ៊ូ វីរៈ បើសិនជា លោក ហ៊ុន ម៉ាណែត ពិតជាក្លាយជានាយករដ្ឋមន្ត្រីក្រោយការបោះឆ្នោតខាងមុខ នោះកម្ពុជានឹងមានការផ្លាស់ប្តូរអ្នកនយោបាយពីអ្នកជំនាន់ចាស់មកជំនាន់ថ្មី។
លោក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នមានតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបានសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទ ជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ ក្រៅពីនេះ លោកជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាផងដែរ។ ក្រោយគណបក្សសម្រេចឱ្យរូបលោកក្លាយជាអនាគតបេក្ខជននាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត នៅក្នុងអាណត្តិនេះ ក៏បានឈានជើងចូលជាបេក្ខជនតំណាងរាស្ត្រមួយរូបក្នុងរាជធានីភ្នំពេញផងដែរ៕