លោក ហ៊ុន សែន ថា លោក​នៅតែ​គ្រប់គ្រង​នយោបាយ​កម្ពុជា ទោះ​មិន​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថាក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី៤១ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ អះអាង​នៅ​ថ្ងៃ​អង្គារ​ថា ​បើ​ទោះ​បី​លោក​មិន​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី​តទៅ​ទៀត ​លោក​នៅ​តែ​គ្រប់​គ្រង​នយោបាយ​កម្ពុជា​ដដែល​ ក្នុង​ឋានៈ​ជា​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក ​ហ៊ុន សែន​ ដែល​កាន់​អំណាច​ជា​នាយក​រដ្ឋមន្រ្តី​តាំង​ពី​ឆ្នាំ​១៩៨៥ ​ថ្លែង​បែប​នេះ​នៅក្នុង​ពិធី​សម្ពោធ​អគារ​មួយ​នៅរាជធានី​ភ្នំពេញ។​

លោក ​ហ៊ុន សែន ​ថ្លែង​ថា៖ ​«បាន​តែ​ជ្រុល​ធ្វើ​បុណ្យ​ ធ្វើ​ឱ្យ​ចប់​ចុង​ចប់​ដើម​មើល៍។ មើល៍​ទាន់​ករុណា​នៅ​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី​ តែ​ដល់​ករុណា​ឈប់​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី​ទៅ​គឺ​ថា ​តេជ​គុណ​ត្រូវ​ទៅ​បិណ្ឌ​បាត្រ​ នែ! ​នាយក​រដ្ឋ​មន្រ្តី​ក្រោយ​ហើយ។ ​ប៉ុន្តែ​ករុណា​អត់​ទាន់​ទៅ​ណា​ទេ។ ​បើ​ទោះ​បី​ថា​មិន​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី​ ក៏​នៅ​តែ​គ្រប់​គ្រង​នយោបាយ​កម្ពុជា​ដែរ​ ក្នុង​ឋានៈ​ជា​មេ​ដឹកនាំ​គណបក្ស​ប្រជា​ជន»។​

លោក ​ហ៊ុន សែន ​មិន​បាន​បញ្ជាក់ថា ​តើ​លោក​នឹង​កាន់​តំណែង​អ្វី​ក្នុង​រដ្ឋាភិបាល​ ឬ​ក៏​ក្នុង​អង្គ​នីតិបញ្ញត្តិ ​នៅ​ពេល​លោក​ឈប់​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ឡើយ។​

អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​ លោក ​សុខ ឥសាន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា ​បើ​ទោះ​លោក ​ហ៊ុន សែន ​មិន​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី​ក៏​ដោយ ​ក៏​លោក​នៅ​តែ​ជា​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។ ​លោក​បន្ថែម​ថា​ លោក ​ហ៊ុន សែន ​នឹង​ជា​ឥស្សរជន​សំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​កាន់​កាប់​តួនាទី​ណា​មួយ​ក្នុង​ស្ថាប័ន​កំពូល​របស់​ជាតិ។​ ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​បាន​ថា​ តើ​លោក​នាយក​រដ្ឋមន្រ្តី​នឹង​មាន​តំណែង​អ្វី​ឡើយ។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​យល់​ថា​ មិនអាច​ខ្វះ​បាន​នូវ​តួនាទី​ណា​មួយ​នៅ​ក្នុង​ស្ថាប័ន​កំពូល​របស់​ជាតិ​ទេ ​ក៏​ប៉ុន្តែ​ខ្ញុំ​មិន​អាច​ថា​ តើ​គាត់​អញ្ជើញ​ទៅ​នៅ​កន្លែង​ណា។​ អាហ្នឹង​មិន​អាច​ថា​បាន​ទេ។​ ក្រោយ​ពេល​ដែល​ការ​បោះឆ្នោត​ត្រូវ​បាន​បញ្ចប់​ហើយ​ ស្ថាប័ន​កំពូល​នានា​របស់​ជាតិ​ហ្នឹង​ត្រូវ​រៀបចំ​រចនា​សម្ព័ន្ធ​របស់​ខ្លួន​ បាទ»។​

អ្នក​វិភាគ​នយោ​បាយ ​លោក​ សេង សារី ​ប្រាប់​វីអូ​អេ​ថា ​អ្វី​ដែល​លោក ​ហ៊ុន សែន​ លើក​ឡើង​សុទ្ធ​តែ​ជា​រឿង​ដែល​អាច​នឹង​កើត​ឡើង​បាន​ទាំង​អស់ ​ដោយ​សារ​ប្រព័ន្ធ​ដឹក​នាំ​រដ្ឋ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​លោក ​ហ៊ុន សែន ​រួម​ទាំង​អង្គ​និតី​បញ្ញត្តិ ​និង​តុលាការ​ ហើយ​លោក​នាយក​រដ្ឋមន្រ្តី​មាន​ឥទ្ធិពល​ទាំង​ស្រុង​ទៅ​លើ​នយោ​បាយ​នៅ​កម្ពុជា។​

អ្នក​វិភាគ​រូប​នោះ​មើល​ឃើញ​សេណារីយ៉ូ​មួយ​ចំនួន ​ក្រោយ​លោក​ ហ៊ុន សែន ​ឈប់​ធ្វើ​នាយក​រដ្ឋមន្រ្តី ​ហើយ​តំណែង​ដឹកនាំ​ប្រទេស​នេះ​បាន​ទៅ​កូន​ប្រុស​របស់​លោក ​គឺ​លោក ​ហ៊ុន ម៉ាណែត​ ដែល​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ពេញ​សិទ្ធិ​លេខ​រៀង​ទី​១​មណ្ឌល​រាជធានី​ភ្នំពេញ​សម្រាប់​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ។ ​

លោក​ថ្លែង​ថា៖​ «ទីមួយ​គឺ​លោក​នាយក​រដ្ឋ​មន្រ្តី​អាច​ក្លាយ​ទៅ​ជា​ប្រធាន​សភា​ ហើយ​និង​ក្លាយ​ទៅ​ជា​អ្នក​គ្រប់​គ្រង​អង្គ​និតី​បញ្ញត្តិ​ទាំង​មូល ​ទទួល​ខុស​ត្រូវ​ទៅ​លើ​ការ​ផលិត​ច្បាប់ ​និង​ធ្វើ​វិសោធន​កម្ម​ច្បាប់​ផ្សេងៗ​ ដើម្បី​សម្រួល​ទៅ​ដល់​ការ​រក្សា​អំណាច​បន្ត។​ សេណារីយ៉ូ​ទីពីរ ​ប្រហែល​ជា​អាច​លោក​នាយករដ្ឋ​មន្ត្រី​នឹង​បង្កើត​ដែល​គេ​ហៅ​ថា ​ក្រុម​ប្រឹក្សា​ជាតិ​ដែល​ប្រមែ​ប្រមូល​មន្ត្រី​ជាន់​ខ្ពស់​វ័យ​ចំណាស់​ទាំង​អស់​ទៅ​ក្លាយ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​នោះ​ ហើយ​ធ្វើ​ការ​ជា​អ្នក​នៅ​ពី​ខាង​ក្រោយ​ ផ្តល់​ប្រឹក្សា​យោបល់​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​របស់​គណបក្ស​ប្រជាជន​នៅ​ក្នុង​ការ​ដឹកនាំ​រដ្ឋ»។​
បើ​តាម​លោក ​សេង សារី ​ សេណារីយ៉ូ​មួយ​ទៀត ​គឺ​លោក ​ហ៊ុន សែន​ នឹង​ក្លាយ​ជា​ទីប្រឹក្សា​នាយក​រដ្ឋមន្រ្តី ​ដែល​លោក​អាច​បញ្ជា​ពី​ក្រោយ​បាន​ទាំង​អស់។​

លោក​បន្ថែម​ថា៖ ​«សេណារី​យ៉ូ​ទី​បី ​អាច​លោក​នាយករដ្ឋ​មន្រ្តី​ខ្លួន​ឯង​ផ្ទាល់​តែ​ម្នាក់​ឯង​ នឹង​ក្លាយ​ជា​ទីប្រឹក្សា​ផ្ទាល់​ ឬ​ក៏​អាច​មាន​ឋានៈ​ស្មើ​នឹង​នាយក​រដ្ឋ​មន្ត្រី​កិត្តិយស​អ៊ីចឹង​ទៅ​ ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជា​ជន​ នៅ​ក្នុង​ការ​ចាំ​ញាក់​ខ្សែ​នៅ​ក្នុង​ការដឹកនាំ​អំណាច​របស់​មនុស្ស​ជំនាន់​ថ្មី​នោះ​បាទ»។​

កាល​ពី​ថ្ងៃទី​១៤ ​ខែ​មេសា ​ឆ្នាំ​២០២៣ ​លោក ​សម រង្ស៊ី ​អតីត​មេ​ដឹកនាំ​គណ​បក្ស​សង្រ្គោះ​ជាតិ​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ ការ​រៀបចំ​ថ្នាក់​ដឹក​នាំ​ប្រទេស​កម្ពុជា ​គឺ​ជា​«រឿង​គ្រួសារ​សុទ្ធសាធ»​ ដោយ​លោក​ទស្សន៍​ទាយ​ថា​ លោក ហ៊ុន សែន ​នឹង​ធ្វើ​ជា​ប្រធាន​ព្រឹទ្ធសភា​ជំនួស​លោក ​សាយ ឈុំ ​ដែល​ចុះ​ទៅ​ធ្វើ​ជា​អនុ​ប្រធាន​ព្រឹទ្ធ​សភា។ ​លោក​បន្ថែម​ថា ​លោក ​ស ខេង ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​នឹង​ទទួល​តំណែង​ប្រធាន​រដ្ឋសភា ​ជំនួស​លោក ​ហេង សំរិន​ ដែល​នឹង​ចូល​និវត្តន៍។​

លោក​ សម រង្ស៊ី ​បញ្ជាក់​ថា​ នេះ​ជា​ព័ត៌មាន​ដែល​លោក​ទទួល​បាន​ពី​ផ្ទៃ​ក្នុង​របស់​គណ​បក្ស​កាន់​អំណាច៕​