លោក ​ហ៊ុន សែន ថា​កម្ពុជា​មិនបាន​បញ្ជូន​កងទ័ព​ទៅ​ប្រទេស​អ៊ុយ​ក្រែន​ទេ​

រូប​ឯកសារ៖ អ្នក​ដោះមីន​អ៊ុយក្រែន​ម្នាក់​ទស្សនា​ផែនទី​ប្រទេស​កម្ពុជា​ដែល​ធ្វើ​ពី​សំណល់​សព្វាវុធ​សម័យ​សង្គ្រាម​នៅ​សារមន្ទីរ​សន្តិភាព​សកម្មភាព​មីន (Peace Museum Mine Action) នៅ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កញ្ញា ឆ្នាំ​២០២៣។

នាយក​រដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បាន​បដិសេធ​ជាថ្មីម្តងទៀត​ បន្ថែម​ពី​លើ​ការ​ច្រាន​ចោល​របស់​ក្រសួង​ការ​បរទេស​ ពាក់​ព័ន្ធ​នឹង​ដំណឹង​ដែល​ថា​ កម្ពុជាបាន​ផ្តល់​ជំនួយ​យោធា​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន។ លោក​ក៏​បញ្ជាក់​ផងដែរ​ថា ​ការ​ដែល​កម្ពុជា​ផ្តល់​ជំនួយ​បច្ចេកទេស​ដោះ​មីន​ដល់​ប្រទេស​ដែល​កំពុង​ជាប់ផុង​ក្នុង​សង្គ្រាម​ជាមួយ​ប្រទេស​រុស្ស៊ី​នោះ គឺ​ជា​កិច្ចការ​មនុស្សធម៌។

ការ​ថ្លែង​របស់​លោក​ ហ៊ុន សែន បែប​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ព្រឹកថ្ងៃ​ទី​ ២៦ ខែមករា ឆ្នាំ​២០២៣។

លោក​នា​យក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា៖ «អ៊ីចឹង​ខ្ញុំ​សូម​ជម្រាប​ជូន​ថា​ ប្រទេស​ណា​ក៏​ដោយ​ដែល​ចង់មក​រៀន​ដោះមីន សូម​អញ្ជើញ​រាប់​ទាំង​ប្រទេសរុស្ស៊ី។ យើង​ជួយ​បណ្តុះ​បណ្តាល​ឱ្យ​ទាំង​អស់។ ខ្ញុំ​សូមបញ្ជាក់​កម្ពុជា​មិន​បាន​បញ្ជូន​កងទ័ព​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​ទេ ហើយ​ក៏​មិន​បាន​បញ្ជូន​អ្នក​គ្រូ​ដោះមីនរបស់​យើង​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​ទេ។ ដូច្នេះ​អ្វីជា​កិច្ចការ​ដែល​យើង​ធ្វើ​នេះ​ គឺជា​កិច្ច​ការ​មនុស្សធម៌​សុទ្ធ​សាធ»។

បើតាម​ព័ត៌មាន​ជា​លក្ខណៈ​ក្រាហ្វិក​ ដែល​ចេញ​ផ្សាយ​តាម​ប្រព័ន្ធ​តេឡេក្រាម​មួយ​ឈ្មោះ​ Demografiya upala មាន​ការ​បង្ហាញ​ជំហរ​ប្រទេស​នានា​ ពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅ​អ៊ុយក្រែន ហើយ​ក្នុងនោះ​កម្ពុជា​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ស្ថិត​ក្នុង​ចំណោម​ក្រុម​ប្រទេស​ដែល​ផ្តល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន។​ នេះបើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះផ្សាយ​កាលពី​ថ្ងៃទី ២៤ ខែមករា​នេះ។

ក្រសួង​ការបរទេស​កម្ពុជា​ ក៏បាន​ថ្លែង​បដិសេធ​ចោល​ដាច់​ខាត​ ចំពោះការ​ចេញ​ផ្សាយ​ព័ត៌មាន​នោះ និង​ថាការ​ផ្សាយ​ព័ត៌មាន​ខុស​ការ​ពិត​យ៉ាង​ដូច្នេះ​នឹង​ធ្វើ​ឲ្យខូច​ប្រយោជន៍​កម្ពុជា។

នៅ​ក្នុង​ពិធី​ប្រគ​ល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ដដែល​នោះ​ លោក ហ៊ុន សែន សង្កត់​ធ្ងន់​ថា​ កម្ពុជា​គ្មាន​សមត្ថភាព​ផ្តល់​ជំនួយ​យោធា​ដ​ល់​ប្រទេស​អ៊ុយក្រែន​ឡើយ ហើយ​ថា​ កម្ពុជា​មានតែកង​ទ័ព​ថែរក្សា​សន្តិភាព​របស់​ខ្លួន​ដែល​កំពុង​ឈរជើង​នៅ​បួន​ប្រទេស​ក្រោម​ឆ័ត្រ​របស់​អង្គការ​សហ​ប្រជាជាតិ។​

បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ប្រទេស​ទាំងនោះ ​រួម​មានប្រទេស​ម៉ាលី ស៊ូដង់​ខាង​ត្បូង​ លីបង់​ និង​ប្រទេស​អាហ្វ្រិក​កណ្តាល។

​ជម្លោះ​ប្រដាប់​អាវុធ​រវាង​យោធា​អ៊ុយក្រែន និង​រុស្ស៊ី​ បាន​ឈាន​ចូលជិត​មួយ​ឆ្នាំ​ ហើយ​គិត​ត្រឹមចុង​ខែ​មករា​នេះ​ ដោយ​ជម្លោះ​នេះ​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ឆ្នាំ​ ២០២២ នៅ​ពេល​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ប្រកាស​ធ្វើ «ប្រតិបតិ្ត​ការ​យោធា​ពិសេស» មក​លើ​ប្រទេស​អ៊ុយក្រែន។

លោក ​រ៉ឹម សុខវី ​សហ​ស្ថាបនិក​ The Thinker Cambodia ​ដែល​ជា​វេទិកា​វិភាគ​គោលនយោបាយ ​និង​ជា​អ្នក​វិភាគ​មួយ​រូប ​ប្រាប់​វីអូអេ​ថា ការ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​បដិសេធ​ចោល​ព័ត៌មាន​ដែល​ថា​ កម្ពុជា​ផ្តល់​ជំនួយ​យោធា​ឱ្យ​អ៊ុយក្រែន​នោះ​ គឺ​ដោយ​សារ​តែកម្ពុជា​ប្រកាន់​នូវ​គោលនយោបាយ​អព្យាក្រឹត សន្តិភាព​ និង​ពហុហភាគី​និយម និង​បារម្ភពី​ផល​ប៉ះពាល់​ដែល​អាច​កើត​ឡើង​ក្នុង​ទំនាក់ទំនង​កម្ពុជា​និង​រុស្ស៊ី។​

លោកថ្លែង​ថា៖ «អ៊ីចឹង​នៅ​ពេល​ដែលគេ​ចោទ​ថា​ កម្ពុជា​ផ្តល់​ជា​ជំនួយ​ដល់​អ៊ុយក្រែន​នៅ​ក្នុង​ការ​ធ្វើ​សង្គ្រាម​ជាមួយ​រុស្ស៊ី វា​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​របស់​កម្ពុជា​និង​រុស្ស៊ី​ បាន​ន័យ​ថា​ កម្ពុជា​ហ្នឹង​គឺ​ចូលរួម​ជា​អ៊ុយក្រែន​នៅ​ក្នុង​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​រុស្ស៊ី​ហ្មង។ អ៊ីចឹង​អាហ្នឹង​ជា​ផល​ប៉ះ​ពាល់»។

គួរ​បញ្ជាក់​ថា​ កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​ ២០២២ នៅ​ក្នុង​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) កម្ពុជា​បាន​ចូលរួម​បង្ហាញ​សំឡេង​របស់​ខ្លួន ដោយ​អនុម័ត​នូវ​សេចក្តី​សម្រេច​ជា​ដំណោះស្រាយ​ ដែល​ទាមទារ​ឱ្យ​រុស្ស៊ី​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើ​ប្រាស់​កម្លាំង​ប្រឆាំង​នឹង​អ៊ុយក្រែន និង​ដក​កង​កម្លាំង​យោធា​របស់​ខ្លួន។

កាល​នោះ ប្រទេស​សមាជិក​ អ.ស.ប ​សរុប​ចំនួន​ ១៤១​ បាន​បោះឆ្នោត​គាំទ្រ ប្រទេស​ចំនួន ​៥​ បាន​បោះឆ្នោត​ប្រឆាំង និង​ប្រទេស​ចំនួន​ ៣៥ ​ទៀត​ បាន​បោះឆ្នោត​អនុបវាទ ឬ​មាន​ន័យ​ថា​ ជា​ប្រទេស​នៅ​ស្ងៀម​ជា​កណ្តាល។ ហើយ​នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​ ៣៥​ ដែល​បាន​បោះឆ្នោត​អនុបវាទនោះ​ គឺ​មាន​ប្រទេស​ចិន និង​សមាជិក​អាស៊ាន​ពីរ​ប្រទេស គឺ​ឡាវ និង​វៀតណាម៕