លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដ៏មានឥទ្ធិពលបានធ្វើការវាយប្រហារពាក្យសម្តីសារជាថ្មីលើគណបក្សសង្គ្រោះជាតិដែលជាគណបក្សជំទាស់ នាថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានជំនួបក្រៅផ្លូវរវាងលោកសម រង្ស៊ី និងលោកស ខេងនៃគណបក្សធំៗទាំងពីរ។ លោកហ៊ុន សែនបានថ្លែងការពារបាតុករដែលតវ៉ាប្រឆំាងនឹងលោកកឹម សុខា ហើយលោកចោទតំណាងរាស្ត្រពីររូបរបស់គណបក្សជំទាស់ថា ជាដើមហេតុដែលបង្កឲ្យមានការវាយប្រហារកាលពីសប្តាហ៍កន្លងទៅ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានទទួលស្គាល់នាថ្ងៃព្រហស្បតិ៍នេះថា បាតុកម្មប្រឆាំងនឹងលោកកឹម សុខានាថ្ងៃច័ន្ទសប្តាហ៍កន្លងទៅគឺមានការរៀបចំទុកជាមុន ហើយការវាយប្រហារលើតំណាងរាស្ត្រគណបក្សជំទាស់គឺដោយសារតែលោកទាំងពីរហៅក្រុមជនបិទមុខទាំងនោះថាជា «អាយ៉ងយួន»។
លោកនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលនេះបានលើកឡើងដូចនេះ ក្រោយពេលដែលលោកធ្វើការព្រមានខ្លាំងៗដល់គណបក្សជំទាស់ និងប្រធានគណបក្សនេះគឺលោកសម រង្ស៊ី មុនពេលលោកបង្ហាញជំហរក្នុងការផ្សះផ្សារវប្បធម៌សន្ទនាដ៏ផុយស្រួយរបស់ខ្លួនឡើងវិញ។ យ៉ាងណាក៏ដោយលោកបានថ្លែងការពារក្រុមបាតុករ ដែលធ្វើការតវ៉ានាមុខរដ្ឋសភាជាតិកាលពីព្រឹកថ្ងៃច័ន្ទសប្តាហ៍កន្លងទៅ ដោយថាក្រុមអ្នកវាយប្រហារលើតំណាងរាស្ត្រពីរូបនោះ គឺមិនចេញពីក្រុមបាតុករដែលគាំទ្រដោយគណបក្សលោកនោះទេ។
ថ្លែងនៅក្នុងពិធីសម្ពោធន៍គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធលូក្នុងរាជធានីភ្នំពេញនោះ លោកហ៊ុន សែនបានលើកយ៉ាងដូច្នេះថា៖
«អញ្ចឹងបើចង់ឲ្យមានសន្ទនាល្អគឺវិធីតែមួយគត់គឺអប់រំផ្ទៃក្នុងទាំងសងខាងទៅ កុំឲ្យប៉ះពាល់គ្នាកុំឲ្យប្រមាថគ្នា។ ស្អីឡើងគ្រប់ជ្រុង អាយ៉ងយួនៗ។ ងាប់ហើយ! ហើយតាមដឹងមក អារឿងហិង្សាហ្នឹង ហិង្សាហ្នឹងមិនមែនពួកបាតុករវ៉ៃឯណា។ បើតាមការសិក្សា ពួកបាតុករគេរំសាយអស់ហើយ។ ជេរគេ មើលឃើញគេផ្សាយទេ? ឃើញទូរទស្សន៍គេផ្សាយថា អ្នកមកសារភាពហ្នឹងថា "បើកឡានជេរខ្ញុំថា អាយ៉ងយួនៗ" ដល់គេខឹងគេដាក់ គេវ៉ៃទៅ។ តែមិនដឹងយ៉ាងម៉េចទេ ទុកឲ្យតុលាការទៅ»។
លោកហ៊ុន សែនទទួលស្គាល់នាថ្ងៃព្រហស្បតិ៍នេះថា ក្រុមបាតុករដែលទាមទារឲ្យមានការទម្លាក់លោកកឹម សុខាគឺជាការឆ្លើយតបនិងបាតុកកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ដែលធ្វើការតវ៉ានាទីក្រុងបារីស និងទីក្រុងញូវយ៉ក ពេលដែលលោកធ្វើទស្សនកិច្ចនៅទីនោះ។
លោកហ៊ុន សែនបន្ថែមថា៖
«ហ្អេ! បាតុកម្មមួយបើមិនមានការរៀបចំអាណាគេធ្វើទៅកើត? និយាយឲ្យច្បាស់អញ្ចឹងទៅ! វាមានមេ មានកើយរបស់គេ។ ស្អីត្រូវស្រាវជ្រាវ រកអ្នកណារៀបចំ! វាច្បាស់ណាស់ថា មានការរៀបចំ។ វាមិនមានអ្នកណាគេមកខ្លួនឯងៗដោយមិនរៀបចំទេ។ តែគេមានរៀបចំចុះហត្ថលេខាដាក់ទៅសាលាក្រុងទេតើ! អីក៏ខ្វល់ម្ល៉េះ! កាលលោកឯងធ្វើបាតុកម្ម លោកឯងក៏មានការរៀបចំដែរតើ? អីក៏វាពិបាកស្រាវជ្រាវម៉្លេះ! ប្រកាសឲ្យវាត្រង់ៗតែម្តងទៅ។ ប៉ុន្តែបើវាគ្មានភ្លើងក៏វាគ្មានផ្សែងដែរ។ បើវាគ្មានបាតុកម្មនៅទីក្រុងបារីស និងញូវយ៉ក ក៏វាគ្មានបាតុកម្មនៅទីក្រុងភ្នំពេញដែរ»។
ថ្ងៃច័ន្ទសប្តាហ៍កន្លងទៅ តំណាងរាស្ត្រពីររូបរបស់គណបក្សជំទាស់គឺលោកគង់ សភា និងលោក ញ៉យ ចំរើនត្រូវបានក្រុមជនបិទមុខស្ទាក់រថយន្ត និងទាញរូបលោកចេញពីរថយន្ត មុនពេលបើការវាយទាត់ធាក់ ដោយមិនមានកិច្ចអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចនោះទេ។ គេជឿថា ក្រុមជនសង្ស័យទាំងនោះគឺជាបាតុករដែលនៅសេសសល់ពីការតវ៉ាឲ្យមានការដកលោកកឹម សុខា អនុប្រធានគណបក្សជំទាស់ ចេញពីតំណែងអនុប្រធានទីមួយរដ្ឋសភាជាតិនាព្រឹកថ្ងៃដដែលនោះ។ អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការសិទ្ធិមនុស្ស Human Rights Watch បានអះអាងថា មានទាហាន និងក្រុមប៉ូលិសដែលជិតដិតនឹងលោកហ៊ុន សែនឋិតក្នុងចំណោមអ្នកតវ៉ាកាលពីព្រឹកថ្ងៃច័ន្ទនោះ។
លោកគង់ សភា និងលោក ញ៉យ ចំរើន ថ្ងៃព្រហស្បតិ៍នេះ បានធ្វើការបដិសេធភ្លាមៗតបទៅនឹងការលើកឡើងរបស់លោកហ៊ុន សែន។ ថ្លែងតាមរយៈទូរស័ព្ទពីទីក្រុងបាងកក ប្រទេសថៃ លោកញ៉យ ចំរើនបានប្រាប់ VOA ថា៖
«បាទ! អត់ទេ! ខ្ញុំជាឧត្តមមន្ត្រី យើងជាតំណាងរាស្ត្រគឺជាឧត្តមមន្ត្រីផុតលេខ ហើយយើងមិនទៅជេរ មិនទៅប្រទេចនរណាទេ។ មើលតាមវីដេអូទៅដឹងស្រេចហើយ! មកវ៉ៃកញ្ចក់ឡានខ្ញុំខ្ទេច រហូតដល់ទាញខ្ញុំចេញមកហ្នឹង។ គ្មានបានជេរប្រទេចអ្នកណាទេ។ គាត់និយាយហ្នឹងខុសហើយ អត់ត្រឹមត្រូវទេ»។
អ្នកតំណាងរាស្ត្រនេះបានហៅការលើកឡើងរបស់លោកនាយករដ្ឋន្ត្រីហ៊ុន សែនថា ជា«ការបង្វែរឿង» និង«ទម្លាក់កំហុស»មកលើជនរងគ្រោះវិញ។
តុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនជនបីរូបជាបណ្តោះអាសន្ន និងចោទជនសង្ស័យបីរូបពីបទប្រើ«អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតទ្រព្យសម្បតិ្តដោយចេតនាមានស្ថានទម្ងន់ទោស» មុនពេលតុលាការបញ្ជូនពួកគេទៅគុកព្រៃស នាល្ងាចថ្ងៃពុធ។
តាមច្បាប់ព្រហ្មទណ្ឌកម្ពុជា ជនទាំងបីរូបអាចត្រូវជាប់ទោសយ៉ាងហោចណាស់៧ឆ្នាំក្នុងពន្ធនាគារ បើសិនតុលាការរកឃើញថា មានទោសនោះ។ ការចោទប្រកាន់នេះគឺធ្វើឡើងមួយថ្ងៃបន្ទាប់ពីបុរសទាំងបីនាក់នោះបានចេញមកសារភាពទទួលទោសថា ខ្លួនជាជនដៃដល់បើកការវាយប្រហារលើតំណាងរាស្ត្ររបស់គណបក្សជំទាស់។ សង្គមស៊ីវិល និងក្រុមតំណាងរាស្ត្រគណបក្សជំទាស់ហៅការចេញមុខសារភាពរបស់ជនទំាងបីរូបថាជា «រឿងចម្លែក» និងទាមទារឲ្យមានការចាប់ខ្លួនជនសង្ស័យបន្ថែមទៀតមកធ្វើការផ្តន្ទាទោស។
នាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សកាន់អំណាច បានឲ្យដឹងផងដែរថា មេដឹកនាំក្រុមតំណាងរាស្ត្រដែលមានកៅអីក្នុងរដ្ឋសភាគឺលោកស ខេង និងលោកសម រង្ស៊ីបានធ្វើការជួបគ្នាដោយសម្ងាត់កាលពីម្សិលមិញ ដើម្បីពង្រឹង«វប្បធម៌សន្ទនា»ឡើងវិញ។ ក៏ប៉ុន្តែលោកហ៊ុន សែនមិនបានបញ្ជាក់ពីលទ្ធផលនៃការជួបជុំគ្នានោះទេ ដោយលោកគ្រាន់តែលើកឡើងយ៉ាងដូច្នេះថា៖
«សង្ឃឹមថា យើងនៅមានការនិយាយ។ យើងអាចនិយាយគ្នាបន្តទៀត។ ម្សិលមិញមានការសន្ទនាគ្នាដ៏ល្អមួយរវាងសម្តេចក្រឡាហោមស ខេង និងឯកឧត្តមសម រង្ស៊ី។ ខ្ញុំចាត់ទុកថា វាជាដំណើរឆ្ពោះទៅមុខមួយហើយ។ ប៉ុន្តែទាំងសងខាងត្រូវទទួលខុសត្រូវ គ្រប់គ្រងមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន កុំឲ្យយកការជេរប្រទេចធ្វើជាមុខរបររបស់ខ្លួន»។
VOA មិនអាចទំនាក់ទំនងលោកសម រង្ស៊ីដើម្បីសុំសេចក្តីអធិប្បាយបន្ថែមបានទេនាល្ងាចថ្ងៃព្រហស្បតិ៍នេះ។ តែក្រុមមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា លោកសម រង្ស៊ីត្រៀមខ្លួនធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេសនារាត្រីនេះ។
លោកអេង ឆៃអ៊ាង តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ បានប្រាប់VOA ថា ជំនួបក្រៅផ្លូវការកាលពីថ្ងៃពុធរយៈពេល១ម៉ោងរវាងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោកស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺមិនបានជជែកលើបញ្ហាជាក់លាក់ណាមួយនោះទេ តែគ្រាន់តែបន្ទូរបន្ថយភាពតានតឹងដែលទើបនឹងកើតពេលថ្មីៗ ដោយមានការសន្យាណាត់ជួបគ្នាឲ្យបានញឹកញាប់។
«ម្សិលមិញហ្នឹងគឺជាជំនួបក្រៅផ្លូវការទេ។ អញ្ចឹងថ្នាក់ដឹកនាំទាំងពីរហ្នឹងបានជជែកគ្នាជុំវិញស្ថានការណ៍តានតឹង ដែលកើតមានកន្លងមក ហើយថ្នាក់ដឹកនាំទាំងពីរហ្នឹងបានឯកភាពគ្នាថា នឹងយកកិច្ចព្រមព្រៀងដែលគណបក្សទាំងពីរបានឯកភាពកន្លងមកនេះ ធ្វើជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយបញ្ហាប្រឈមនានាហ្នឹងបាទ»។
គួររឭកផងដែរថា កាលពីខែឧសភាកន្លងទៅ គណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែន និងគណបក្សសង្រ្គោះជាតិ ដែលធ្លាប់មានអរិភាពនឹងគ្នា បានចេញសេចក្តីថ្លែងការណ៍រួមស្នើសុំឲ្យដៃគូសន្ទនា និងសមាជិករបស់ខ្លួនបញ្ឈប់ការលាបពណ៌គ្នា ចៀសវាងការញុះញង់ និងការប្រើពាក្យអសុរោះ ការជេរប្រមាថ ដោយប្រើពាក្យដូចជា «ពួកកុម្មុយនីស្តផ្តាច់ការ» «អាយ៉ងយួន» «អាក្បត់ជាតិ» «អាលក់ជាតិ» «អាមេចោរ» និង«អាកូនចោរ»ជាដើម។
ក៏ប៉ុន្តែកិច្ចព្រមព្រៀងនយោបាយដែលគេស្គាល់ថា ជា«វប្បធម៌សន្ទនា»នោះ បានរង្គោះរង្គើសាជាថ្មី ក្រោយពេលដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបញ្ជាក់ពីការមន្ទិលសង្ស័យក្នុងការប្រើប្រាស់ផែនទី និងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ការឆ្លើយឆ្លងតាមប្រព័ន្ធផ្សព្វផ្សាយ ការចាប់ឃុំខ្លួន និងកាត់ទោសសកម្មជន និងសមាជិកព្រឹទ្ធសភាមកពីគណបក្សជំទាស់ការវាយប្រហារលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងការបោះឆ្នោតទម្លាក់លោកកឹម សុខាចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភាជាដើម។ ហេតុការទាំងនេះធ្វើឲ្យមានក្តីបារម្ភពីអង្គការសង្គមស៊ីវិល និងអង្គការសហប្រជាជាតិអំពីសេរីភាពនយោបាយ និងសិទ្ធិបញ្ចេញមតិក្នុងប្រទេសដ៏ក្រីក្រនេះ៕