លោក ហ៊ុន សែន​ថា ភ្នំពេញ​ និង​សៀមរាប​ជា​គោលដៅ​ប៉ុនប៉ង​ដាក់​គ្រាប់បែក​ពេល​ចូលឆ្នាំ

ស្រ្តី​ពីរ បី​នាក់ អង្គុយ​នៅ​លើ​គែម​នាឡិកា​ដ៏​ធំ​នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន​វត្តភ្នំ ដែល​ស្ថិត​នៅក្នុង​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា។

ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ដល់​និស្សិត​សា​កល​វិទ្យា​ល័យ​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ​លោក​នាយក​រដ្ឋ​មន្ត្រី​​ថ្លែង​ថា​ ​​លោក​បាន​ដឹង​មុន​ពី​​គម្រោង​​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​ ​ដែល​រៀបចំ​ដោយ​ឈ្មោះ​ ​សម សេរី​ ​និង​​ថា​ ​ក្រុម​នេះ​​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១២​ ​ខែ​មេសា​ ​នៅរ​មណី​យ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​វត្តភ្នំ​ ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ។

លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​នៅព្រឹក​ថ្ងៃអង្គារ​នេះ​ ​បាន​ដាក់​បញ្ជាជា​បន្ទាន់ឲ្យអាជ្ញាធរ ​បង្កើន​ការ​ការពារ​សន្តិសុខ​ ​បន្ទាប់​ពី​លោក​អះអាង​ថា​ ​មាន​ការ​ប៉ុនប៉ង​រៀបចំ​គម្រោង​បង្កឲ្យ​មាន​អសន្តិសុខ​នៅ​រាជធានី​ភ្នំពេញ​ ​និង​នៅ​ខេត្ត​សៀម​រាប​ ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ។​

ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ដល់​និស្សិត​សា​កល​វិទ្យា​ល័យ​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ​លោក​នាយក​រដ្ឋ​មន្ត្រីថ្លែង​ថា​ លោក​បាន​ដឹង​មុន​ពីគម្រោងបង្ក​ឲ្យ​មាន​ការ​ផ្ទុះ​ ​ដែល​រៀបចំ​ដោយ​ឈ្មោះ​ ​សម សេរី​ ​និងថា​ ​ក្រុម​នេះគ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១២​ ​ខែ​មេសា​ ​នៅរ​មណី​យ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​វត្តភ្នំ​ ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ។​

លោក​មាន​ប្រសាសន៍​ថា៖​

«យប់​មិញ​ខ្ញុំ​បាន​បញ្ចេញ​ព័ត៌មាន​សម្ងាត់ទៅ​ឲ្យ​អភិ​បាល​ក្រុងដឹង​ហើយ។​ ​ខ្ញុំ​សូម​ប្រកាស​ផែនការ​លោក​ឯង​ទាក់​ទង​នឹង​បញ្ហា​ថ្ងៃ ​១២​ ​នៅ​វត្ត​ភ្នំ អ្នកឯង​ត្រូវ​ប្រយ័ត្ន ខ្ញុំ​គ្រប់គ្រង​សភា​ពការណ៍​បាន​មុន​ហើយ​ ​អាហ្នឹង​អា​មេ​ក្បត់ជាតិ​មួយ​ ឈ្មោះ ​សម សេរី ​កំពុង​បញ្ជា​មក​ឲ្យ​បង្ក​សកម្ម​ភាព​ផ្ទុះ។ ខ្ញុំបាន​បញ្ជូន​ទៅ​ឲ្យ​ផ្នែក​ពាក់​ព័ន្ធ​ហើយ។​ ​អាហ្នឹង​ពាក់ព័ន្ធ​អី​នៅ​ឯណា? គេង​នៅ​ឯណា?​ ​ដាក់​វា!​ ​ព្រោះ​វា​ចង់​បង្ក​ឲ្យ​មាន​សំឡេង​ផ្ទុះ»។​

រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ចូលរួម​មហា​សន្និបាត​បក្ស​ដែល​មាន​រយៈពេល​បីថ្ងៃ​ ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។⁣ (រូបដកស្រង់​ពី​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

លោក​នាយក​រដ្ឋមន្រ្តី​បន្ថែម​ថា​ ​អ្នក​ដែល​ទទួល​បញ្ជា​ពី​ឈ្មោះ​ ​សម សេរី​ ​បាន​បដិសេធ​រួច​ហើយ​ថា ​ធ្វើ​មិន​កើត។​ ​ទោះយ៉ាង​ណា​លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​បញ្ជា​ឲ្យ​តាម​ចាប់​ខ្លួន​អ្នក​ដែល​ត្រូវ​បានជួល​ឲ្យបង្ក​ភាព​អសន្តិសុខ​នោះ​ ​ព្រមទាំង​បញ្ជា​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​បន្ត​យក​ចិត្ត​ទុក​ដាក់ និង​ការពារ​លើ​ករណី​នេះ។​

លោក​ ហ៊ុន សែន​ បញ្ជាក់​បន្ថែម​ថា៖​

«អ្នក​ឯង​ប្រុង​ធ្វើ​នៅ​ភ្នំពេញ​ ​ហើយក៏​អ្នកឯងប្រុង​ធ្វើ​នៅ​សៀមរាប។​ ​ប៉ុន្តែ​អាអ្នក​ដែលប្រុងធ្វើ​ហ្នឹង​វាថាធ្វើ​វា​មិន​កើត​ ​ប៉ុន្តែ​បើថា​ធ្វើ​មិនកើត​ក្រែង​លោ​វា​ទាញ​អ្នកណា​មក​ធ្វើ​ទៀត។​ ​អ្នក​ដែល​ត្រូវ​ទទួល​បទបញ្ជា​ថាធ្វើ​មិន​កើត​នោះ អាហ្នឹង​ត្រូវដាក់វា»។​

ភ្ញៀវទេសចរណ៍​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ថត​រូប​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​ក្នុង​អំឡុង​ពេល​ថ្ងៃ​រះ​នៅ ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៥។

កម្ពុជា​នឹង​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ ​នៅ​ពាក់​កណ្តាល​ខែ​មេសា​ខាង​មុខ​ ​ដោយ​មាន​ការ​ឈប់​សម្រាក​ ​ដំណើរ​កំសាន្ត​ ​ពិធី​បុណ្យ​សង្ក្រាន្ត​នៅ​តាម​ខេត្ត​នា​នា​ផង​ដែរ។​ ​បុណ្យអង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប​ដែល​រៀបចំ​ដោយ​កូនប្រុស​ពៅ​ ​លោក​ ​ហ៊ុន សែន​ គឺ​ ​លោក​ ​ហ៊ុន ម៉ានី​ ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃ​សុក្រ​នេះ​ ​ដោយ​រំពឹង​ថា​មាន​ពលរដ្ឋ​ជា​ច្រើន​ម៉ឺន​នាក់ចូល​រួម។​

នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់​ ​VOA​ ​នាល្ងាច​ថ្ងៃ​អង្គារនេះ​ថា កម្លាំង​ជំនាញ​មាន​សមត្ថកិច្ចកំពុងធ្វើការ​ពាក់ព័ន្ធ​នឹង​គម្រោង​បង្ក​សំឡេង​ផ្ទុះនេះ។​ ​ទោះយ៉ាងណា​លោក​ថា​ ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​រាយការណ៍​ថា​ ​អ្នកដែល​ត្រូវ​បាន​បញ្ជា​ឲ្យ​រៀបចំ​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​ហើយ ឬ​នៅ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«អ្វី​ដែល​សម្តេច​នាយក​លោក​បាន​លើកឡើង​នេះ​គឺជា​ការ​ដាស់តឿន​ស្មារតី​របស់​សមត្ថកិច្ច​របស់​យើង​ឲ្យ​ខិតខំប្រុង​ប្រយ័ត្ន​បន្ថែមទៅ​ទៀត​ ​ក្នុង​រយៈពេល​ចូលឆ្នាំ​ហ្នឹង​ ​ជាពិសេស​គឺរហូត​ដល់​ថ្ងៃ​បោះឆ្នោត​តែម្តង។​ ​របស់​យើង​គេ​ក្តាប់​បាន​ ​និង​មាន​ការ​ទំនាក់ទំនង។​ ​ជំនាញ​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ ​គេ​បាន​ទំនាក់ទំនង​គ្នាហើយ»។​

ឈ្មោះ​ ​សម សេរី ​ហៅ​ ស សេរី ​ហៅ​ ​យាន យៀប​ ​ជា​ប្រធានចលនា​មួយ​ឈ្មោះ ​«រណសិរ្ស​រំដោះ​ជាតិ» ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ដាណឺម៉ាក និង​ជា​មនុស្ស​ម្នាក់ ក្នុង​ចំណោម​មនុស្ស​ជាង​១០​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៥ឆ្នាំ ទៅ​៩ឆ្នាំ ពីបទ​រួម​គំនិត​ក្បត់ ដើម្បី​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០១៤។​

ចលនា​ ​«រណសិរ្ស​រំដោះជាតិ»​ ​នេះ​ ​មាន​គោល​បំណង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ ​តាម​រយៈ​ការ​កសាង​កម្លាំង​ប្រដាប់​អាវុធដោយ​ខុស​ច្បាប់​ ​បញ្ជូន​ភ្នាក់ងារ​សម្ងាត់​មក​ស៊ើប​ទីតាំង​យោធា​សំខាន់ៗ​ ធ្វើ​សកម្មភាព​បាច​ខិត្តបណ្ណ​ប្រឆាំង​ប្រមុខ​រាជ​រដ្ឋាភិបាល​ ​ហ្វឹកហាត់​កម្លាំង​ភេរវ​កម្ម​ ​ដាក់​គ្រឿង​ផ្ទុះ​ដោយ​សម្ងាត់​នៅ​តាម​ជាយ​ដែន​ប្រទេស​ថៃ​ ​និង​កសាង​បណ្តាញ​នៅ​កម្ពុជា ​ដើម្បី​ប្រមូល​ព័ត៌មាន ​និង​បញ្ជូន​ព័ត៌មាន​ចេញ​ទៅ​មេខ្លោង​ដែល​នៅ​ក្រៅ​ប្រទេស។​ ​នេះ​បើតាមការបញ្ជាក់​ក្នុង​គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរ​បាល​ជាតិនាពេល​កន្លង​មក៕