លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងក្តីរីករាយនឹងជោគជ័យក្នុងកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នៅរមណីយដ្ឋានលំហែកាយ Sunnylands រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
លោក ហ៊ុន សែន ដែលកំពុងធ្វើដំណើរវិលត្រឡប់មកកម្ពុជាវិញ ក្រោយកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនៅសហរដ្ឋអាមេរិកនេះ បានសរសេរលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃពុធនេះថា កិច្ចប្រជុំនៃមេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក«បានបញ្ចប់ទៅប្រកបដោយជោគជ័យ ភាពជាដៃគូយុទ្ធសាស្ត្រ ត្រូវបានពង្រឹងថែមមួយកម្រិតទៀតរវាងអាស៊ាន និងសហរដ្ឋអាមេរិក»។ លោកថាគណៈប្រតិភូកម្ពុជា រួមទាំងរូបលោក និងមន្ត្រីសំខាន់ៗមួយចំនួន បានរួមវិភាគទានសម្រាប់ជោគជ័យនេះក្នុងនាមកម្ពុជាជាសមាជិកអាស៊ាន។
លោកនាយករដ្ឋមន្ត្រីរូបនេះបានសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា៖«ខ្ញុំសូមថ្លែងអំណរគុណចំពោះប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងសហការីរបស់គាត់ ដែលបានទទួលពួកយើងដោយរាក់ទាក់ស្និទ្ធស្នាល និងជិតស្និទ្ធ ព្រមទាំងរៀបចំកិច្ចប្រជុំល្អឥតខ្ចោះ ដែលជាកត្តាកំណត់នៃជោគជ័យនៃកិច្ចប្រជុំនេះ»។
កិច្ចប្រជុំរវាងប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានបញ្ចប់កាលពីរសៀលថ្ងៃអង្គារ នៅសហរដ្ឋអាមេរិក។ មុនពេលបញ្ចប់កិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក និងអាស៊ានទាំង១០ប្រទេស បានចេញសេចក្តីថ្លែងការណ៍រួមមាន១៧ចំណុច រួមមានការគោរពអធិបតេយ្យភាព បូរណភាពដែនដី សមភាព និងឯករាជ្យភាពផ្នែកនយោបាយរវាងសហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់អាស៊ាន ការពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងពាណិជ្ជកម្ម ការពង្រឹងចំណងទាក់ទងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ រួមទាំង ការប្តេជ្ញាចិត្តរក្សាសន្តិភាព និងសេរីភាពនាវាចរណ៍ក្នុងតំបន់អាស៊ី និងតំបន់សមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់ VOA នាថ្ងៃពុធនេះថា៖«បាទ! កិច្ចប្រជុំហ្នឹងគឺទី១វា វាឆ្លុះបញ្ចាំងអំពីការលើកកម្ពស់រវាងទំនាក់ទំនងរវាងអាស៊ាន និងអាមេរិកហើយ ពីព្រោះក្នុងហ្នឹងគឺគេបានបញ្ជាក់ច្បាស់ហើយ។ ទំនាក់ទំនងគឺវាបានលើកកម្ពស់រហូតទៅដល់ភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងអាមេរិក។ហើយក្នុងកិច្ចប្រជុំនេះគឺថ្នាក់ដឹកនាំបានបញ្ជាក់ឲ្យឃើញថា ក្រោយពីកិច្ចប្រជុំនេះវានឹងរួមចំណែកធ្វើឲ្យបង្កើនថែមទៀតរវាងទំនាក់ទំនងរវាងអាស៊ាន និងអាមេរិក»។
លោក ជុំ សុន្ទរី បានបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រតិភូកម្ពុជាគ្រោងនឹងមកដល់ប្រទេសកម្ពុជានាយប់ថ្ងៃព្រហស្បតិ៍ខាងមុខ។ ក៏ប៉ុន្តែ លោកមិនទាន់បានទទួលដំណឹងទាក់ទិននឹងជំនួប និងលទ្ធផលនៃកិច្ចប្រជុំរវាងកម្ពុជា និងសហរដ្ឋអាមេរិកនោះនៅឡើយទេ។ លោកបញ្ជាក់ថាលទ្ធផលលម្អិតនឹងអាចធ្វើការបកស្រាយ ខណៈពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកដល់កម្ពុជាវិញនាថ្ងៃព្រហស្បតិ៍ខាងមុខ។
យ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ នាយកវេទិកាអនាគត ឬ Future Forum ដែលសិក្សាអំពីគោលនយោបាយក្នុងប្រទេសកម្ពុជាយល់ថា ការបញ្ចប់កិច្ចប្រជុំអាស៊ាន និងអាមេរិក ដោយជោគជ័យនេះមិនបានបញ្ជាក់ពីការរីកចម្រើននៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកនោះទេ។ ហើយសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសជាដៃគូទាំង១១ រួមទាំងកម្ពុជានោះក៏មិនបានធ្វើឲ្យមានសម្ពាធដល់កម្ពុជាលើទំនាក់ទំនងអន្តរជាតិជាមួយអាមេរិក និងចិននោះដែរ។ ក៏ប៉ុន្តែ លោកថាសហរដ្ឋអាមេរិកមិនចង់ឲ្យប្រទេសមួយចំនួនក្នុងអាស៊ានដែលរំលោភសិទ្ធិមនុស្ស យកផលចំណេញក្នុងកិច្ចប្រជុំនេះដែរ។
«សម្រាប់ខ្ញុំគឺជាការផ្ញើសារមួយថា សហរដ្ឋអាមេរិកមិនចង់យកឱកាសហ្នឹង ក្លាយជាឱកាសដែលថ្នាក់ដឹកនាំនៃប្រទេសផ្តាច់ការណ៍មួយចំនួន យកបកស្រាយទៅជាសញ្ញានៃការគាំទ្ររបស់សហរដ្ឋអាមេរិក ទៅលើថ្នាក់ដឹកនាំប្រទេសទាំងនោះទេ។ ក៏ប៉ុន្តែ បើយើងនិយាយទៅលើតំបន់ យើងមើលទៅទំនាក់ទំនងនេះមានភាពជិតស្និទ្ធកើនឡើងជាងមុន បើទោះជាមានមាត្រាមួយ ឬពីរទាក់ទិន ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ក៏ប៉ុន្តែមាត្រាភាគច្រើនគឺផ្តោតទៅលើជម្លោះ និងភាពតានតឹងនៅក្នុងឆ្នេសមុទ្រចិនខាងត្បូង រវាងប្រទេសក្នុងតំបន់ ហើយនឹងផលប្រយោជន៍ក្នុងតំបន់ និងផលប្រយោជន៍ពិភពលោកជាមួយនឹងការពង្រីកអំណាចរបស់ប្រទេសចិនផងដែរ»។
លោក អ៊ូ វីរៈ បន្តថា ការរឹតបន្តឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា គឺអាចជួយឲ្យមានតុល្យភាពក្នុងទំនាក់ទំនងការបរទេសកម្ពុជា ក៏ប៉ុន្តែសហរដ្ឋអាមេរិកត្រូវធ្វើសម្បទានមួយចំនួន រួមទាំង ការរិះគន់ពីអន្តរជាតិទាក់ទិននឹងការគោរពសិទ្ធិមនុស្សក្នុងកម្ពុជា។
«បញ្ហាគឺថានៅត្រង់ចំណុចរសើបមួយចំនួន។ សហរដ្ឋអាមេរិក បើចង់មានភាពជិតស្និទ្ធជាមួយប្រទេសកម្ពុជាគឺត្រូវធ្វើសម្បទាន។ សម្បទានដោយសារប្រទេសកម្ពុជាមានការរិះគន់ទាក់ទងនឹងការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ បើសិនខ្លួនបង្កើនទំនាក់ទំនងជាមួយប្រទេសកម្ពុជាគេនឹងរិះគន់ខ្លួនថា ខ្លួនបានគាំទ្ររបបមួយដែលបំពានសិទ្ធិមនុស្ស និងចាប់សកម្មជនគណបក្សប្រឆាំងដាក់ពន្ធនាគារ»។
ទោះជាយ៉ាងនេះក៏ដោយ ក្នុងសុន្ទរកថាបញ្ចប់បិទកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានបញ្ជាក់ផងដែរថា ក្នុងការពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសអាស៊ាន «សហរដ្ឋអាមេរិកនឹងនៅតែបន្តគាំទ្រដល់ជនគ្រប់រូបក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងធ្វើការជំរុញនីតិរដ្ឋ អភិបាលកិច្ចល្អ គណនេយ្យភាពក្នុងស្ថាប័ន និងសិទ្ធិមនុស្សជាសាកលនៃមនុស្សគ្រប់រូប»៕