នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​មាន​បំណង​​ធ្វើ​ឱ្យ​​កម្ពុជា​ក្លាយ​ជា​​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​​ត្រឹម​ឆ្នាំ​២០៥០​ 

  • ​Reuters

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន មុនកិច្ចប្រជុំកំពូអាស៊ាននៅទីក្រុងហ្សាការតា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។

នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​កម្ពុជា​ ​លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ចន្ទបាន​លើក​ឡើងពី​ចក្ខុវិស័យ​របស់​លោក​ ក្នុង​ការ​លើក​កម្ពស់​ប្រទេស​កម្ពុជា ឱ្យ​ក្លាយ​ជា​ប្រទេស​មួយ​ ដែល​មាន​ប្រាក់ចំណូល​ខ្ពស់នៅ​ត្រឹម​ឆ្នាំ​២០៥០​ នៅ​ក្នុង​សុន្ទរកថាជា​សាធារណៈ​លើក​ទី​១​របស់​លោក នៅក្នុង​វេទិកា​អន្តរជាតិ​មួយ​ ចាប់តាំង​ពី​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ថ្មី​មក។​ នេះ​បើ​តាម​ការចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters។

លោក ​ហ៊ុន​ ម៉ាណែត​ ដែល​មាន​អាយុ​៤៥​ឆ្នាំ​ បានឡើង​កាន់​អំណាច​ជំនួស​ឪពុក​របស់​លោក​ បន្ទាប់​ពី​ការ​បោះឆ្នោត​ដ៏​លម្អៀង​មួយ ដែលគណបក្ស​ប្រឆាំងត្រូវ​បាន​រារាំង​មិន​ឱ្យ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នោះ។ ​

ថ្លែង​ទៅ​កាន់​វេទិកា​ធុរកិច្ចនៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឬ​អាស៊ាន​ ​ក្នុង​រដ្ឋធានីហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី​ មេដឹកនាំ​កម្ពុជាដែល​ធ្លាប់​បាន​ទទួល​ការ​សិក្សា​អប់រំ​ពី​បស្ចិមប្រទេស​រូប​នេះ​បាន​ថ្លែង​ថា​ កម្ពុជា​បាន​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​សេដ្ឋកិច្ច​ជាតិ​ដ៏ទូលំទូលាយ​មួយ​ ដើម្បី​«ការពារ​នូវសន្តិភាពដែល​ទទួល​បាន​ទាំង​លំបាក​ និងបង្កើន​ការ​អភិវឌ្ឍ​ជាតិ​ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ដ៏​សំខាន់​មួយ​ ក្នុង​ការប្រែក្លាយ​កម្ពុជា​ឱ្យ​ទៅ​ជា​ប្រទេសដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ នៅ​ត្រឹម​ឆ្នាំ​២០៥០។

ចក្ខុវិស័យ​នេះរួម​បញ្ចូល​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ សេដ្ឋកិច្ច​ឌីជីថល​ និង​បរិយាបន្ន និង​ចិរភាព​ផង​ដែរ។​ លោកបាន​លើក​ឡើង​ដូច​នេះ​ដោយ​យោង​ទៅ​លើ​យុទ្ធសាស្ត្រ​បញ្ចកោណរបស់​រដ្ឋាភិបាល​ថ្មីរបស់​កម្ពុជា។​ ​

​លោក​ ហ៊ុន ម៉ាណែត ថ្លែង​ដូច​នេះ​ថា​ ដោយ​ធ្លាប់​ទទួល​រង​នូវ​សង្គ្រាម​ហែក​ហួរអស់​ពេលជា​ច្រើន​ទសវត្សរ៍​កន្លង​ទៅ​ ​ ប្រទេស​កម្ពុជានៅ​ពេល​នេះ​ បាន​វិវត្ត​ទៅ​ជា​ប្រទេសដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​ ដោយ​មាន​កំណើន​អត្រាសេដ្ឋកិច្ច​ចំនួន​៧​ភាគរយ។​

ថ្លែង​មួយ​ថ្ងៃ​មុនកិច្ចប្រជុំកំពូល​ប្រចាំ​ឆ្នាំ​របស់​អាស៊ាន​នៅ​ថ្ងៃ​អង្គារ​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​ ដែល​រៀន​ចប់​នៅបណ្ឌិតសភា​យោធា​ Westpoint ​ក្នុង​សហរដ្ឋ​អាមេរិក​ និង​ជានាយ​ឧត្ដមសេនីយ៍​យោធា​ផង​នោះ កាល​ពី​ថ្ងៃ​ចន្ទ​ ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ ពីការ​ប្រកួតប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ​ដ៏​តឹង​តែង​ ​ក្នុង​ចំណោម​ប្រទេស​មហាអំណាច​នានា​ ដែល​លោក​ថា​ កំពុង​ដាក់​សម្ពាធទៅ​លើ​«សន្តិភាព​ សន្តិសុខ​ និង​វិបុលភាពសម្រាប់​ប្លុក​អាស៊ាន​ទាំង​មូល»៕