«សូមកុំចោទថាខ្ញុំមិនស្គាល់ចាស់ទុំ»។ នេះជាសម្តីប្រតិកម្មធ្ងន់ៗរបស់លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់មេដឹកនាំនយោបាយជំទាស់លោកសម រង្ស៊ីដែលបានផ្តល់ការអធិប្បាយកន្លងមកជុំវិញកម្រិតនៃគុណភាពសញ្ញាបត្ររបស់ជនជាតិបរទេសដែលទៅសិក្សានៅសាលាបណ្ឌិតសភាយោធាអាមេរិកហៅកាត់ថា (West Point) និងសាលាអន្តរជាតិផ្សេងទៀត។
លោក ហ៊ុន ម៉ាណែត ដែលទើបតែជាប់ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេនក្នុងគណបក្សគ្រប់គ្រងប្រទេសបានបង្ហោះសារប្រតិកម្មបែបនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃអង្គារនេះដោយភ្ជាប់ជាមួយខ្សែអាត់វីដេអូជាង៣នាទីដែលគេឃើញរូប និងឮសម្តីរបស់លោកសម រង្ស៊ីនិយាយបង្អាប់គុណភាពនៃសញ្ញាបត្ររបស់និស្សិតបរទេសដែលទទួលបានពីសាលាយោធាអាមេរិកនោះថាជា«សញ្ញាបត្រកម្រិត២»ដែលផ្តល់ឲ្យជាកិតិ្តយសសម្រាប់និស្សិតនាយទាហានបរទេសដែលរៀនក្រោមស្តង់ដា។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកហ៊ុន ម៉ាណែត ការថ្លែងរបស់លោក សម រង្ស៊ី ធ្វើឡើងកាលពីថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០១៩នៅទីក្រុង Long Beach (ឡុងប៊ិច) រដ្ឋCalifornia (កាលីហ្វ័រញ៉ា)ដែលជាតំបន់នាភាគខាងលិចរបស់សហរដ្ឋអាមេរិក។
លោក ហ៊ុន ម៉ាណែត ដែលមានឋានន្តរសក្តិជាឧត្តមសេនីយ៍ឯកក្នុងជួរកងទ័ពក៏បានថ្លែងការពារគុណភាពសញ្ញាបត្ររបស់លោក២ផ្សេងទៀតនៅសាកលវិទ្យាល័យញូវយ៉ក (New York University) ដែលលោកបានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងនៅសាកលវិទ្យាល័យប្រ៊ីសស្តុល (Bristol University) នៅចក្រភពអង់គ្លេសដែលលោកបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ច។
កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យលោក សម រង្ស៊ី មានសេចក្តីក្លាហានចេញមុខមកបញ្ជាក់ការពិតចំពោះអ្វីដែលមេដឹកនាំនយោបាយជំទាស់រូបនេះបានថ្លែងនៅសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការមើលស្រាលកម្រិតនៃគុណភាពសញ្ញាបត្ររបស់លោកនិងថែមទាំងបបួលលោក សម រង្ស៊ី ឲ្យមកភ្នាល់រឿងគុណភាពសញ្ញាបត្រដដែលនោះ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា បើលោកចាញ់ លោកសុខចិត្តបោះបង់បេក្ខភាពជានាយករដ្ឋមន្ត្រីតែបើលោក សម រង្ស៊ី ចាញ់វិញនោះលោក សម រង្ស៊ី ត្រូវលាឈប់ពីឆាកនយោបាយ។ នេះបើតាមការបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន ម៉ាណែត នៅថ្ងៃអង្គារនេះ។
លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងន័យដើមថា៖ «បើសិនជាលោក សម រង្ស៊ី អាចឲ្យសាលាទាំងបីនេះបញ្ជាក់ថា ហ៊ុន ម៉ាណែត កាលនៅរៀនទីនោះគឺគ្មានសមត្ថភាព ឬរៀនក្រោមស្តង់ដារបស់សាលា ហើយសាលាបានផ្ដល់សញ្ញាបត្រឲ្យ ហ៊ុន ម៉ាណែត ដែលជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ ខ្ញុំនឹងលាលែងពីបេក្ខភាពជានាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន។ ផ្ទុយទៅវិញបើលោក សម រង្ស៊ី មិនអាចឲ្យសាលាបញ្ជាក់ជាផ្លូវការថាសញ្ញាបត្រដែលសាលាទាំងនោះផ្តល់ឲ្យ ហ៊ុន ម៉ាណែត ជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ទេនោះ សូមលោក សម រង្ស៊ី លាឈប់ពីឆាកនយោបាយចាប់ពីពេលនេះតទៅ»។
លោក ហ៊ុន ម៉ាណែត អាយុ៤៤ ឆ្នាំដែលជាសមាជិកក្មេងជាងគេនៃគណៈអចិន្រ្តៃយ៍ដែលជាស្ថាប័នកាច់ចង្កូតដ៏មានអានុភាពរបស់បក្សកាន់អំណាចផងនោះបានចំអកលោក សម រង្ស៊ី ថាជាអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពក្លាហានក្នុងការទទួលខុសត្រូវខណៈលេងនយោបាយវាយប្រហារជាមួយឪពុកខ្លួនផង ដែលជានាយករដ្ឋមន្ត្រីនិងបន្តមកវាយប្រហារលោកថែមទៀតដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនក្នុងបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន ម៉ាណែត បានបន្តថា៖ «អ្វីដែលខ្ញុំស្មានមិនដល់គឺអ្នកនយោបាយចាស់វស្សាម្នាក់នេះមិនត្រឹមតែខ្វះភាពក្លាហានដើម្បីការពារអំណះអំណាងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបែរជាគាត់ នៅតែបន្តវាយប្រហារខ្ញុំរឿងសញ្ញាប័ត្រ«ប្រភេទ២» ឬ «សញ្ញាបត្រយោគយល់» ដដែលៗហើយព្រមទាំងវាយប្រហារមាក់ងាយទៅលើនិស្សិតខ្មែរជាច្រើននាក់ទៀតដែលរៀននៅក្រៅប្រទេសដោយថាសាកលវិទ្យាល័យបរទេសផ្ដល់សញ្ញាបត្រក្លែងក្លាយឬសញ្ញាប័ត្រយោគយល់ឲ្យនិស្សិតទាំងនោះ»។
លោកសង្កត់ធ្ងន់ថា៖ «លោក សម រង្ស៊ីបានវាយប្រហារឪពុករបស់ខ្ញុំជាច្រើនទស្សវត្សរ៍ហើយ ប៉ុន្តែទៅមុខមិនរួច។ ឥឡូវបែរមកវាយប្រហារលើខ្ញុំដែលជាក្មេងជំនាន់ក្រោយទៅវិញ។ បើលោកជ្រុលជាធ្វើអញ្ចឹងទៅហើយ សូមលោកបង្ហាញភាពក្លាហានផងទៅកុំឲ្យក្មេងមើលស្រាលថាមនុស្សចាស់វស្សាតែគ្មានភាពហានក្លាក្នុងការទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបាននិយាយឬធ្វើ។ ណាមួយលោកមានអាយុច្រើនជាងឪពុកខ្ញុំផង គួរកុំឱ្យខូចឈ្មោះ នៅចំពោះមុខក្មេងជំនាន់ក្រោយ»។
លោក ហ៊ុន ម៉ាណែត លើកឡើងពីក្តីសង្ឃឹមរបស់គាត់ថាលោក សម រង្ស៊ី នឹងមិនចេញសារដូចលើកមុនដែលសុំមិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេង។
ក្នុងការបិទបញ្ចប់សាររបស់លោកនោះលោក ហ៊ុន ម៉ាណែត បានប្រាប់លោក សម រង្ស៊ី ចំៗថាជាសីលធម៌និងគុណធម៌ក្នុងការរស់នៅគាត់តែងតែគោរពមនុស្សចាស់ទុំ។
លោកបន្ថែមតាមន័យដើមថា៖ «ប៉ុន្តែបើមនុស្សដែលមានវ័យចំណាស់អាងតែមានអាយុច្រើនហើយ ធ្វើការងារគ្មានការទទួលខុសត្រូវ ជាពិសេសធ្វើការវាយប្រហារដោយគ្មានមូលដ្ឋានមកលើរូបខ្ញុំនោះខ្ញុំគ្មានជម្រើសអ្វីក្រៅពីការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំទេ។ សូមកុំចោទថាខ្ញុំមិនស្គាល់ចាស់ទុំ»។
ស្របពេលជាមួយគ្នានេះដែរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបន្ទរតាមក្រោយកូនប្រុសច្បងរបស់លោកដោយប្រដូច លោក សម រង្ស៊ីថា ជា«ក្របីចាស់» ។
លោក ហ៊ុន សែន បានថ្លែងលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃអង្គារនេះថា៖ «ស្តាប់ក្មេងប្រដៅចាស់ពាល។ ល្អម្យ៉ាងដែរប្រៀបដូចជាយកកូនក្របីជល់ជាមួយក្របីចាស់។បើខឹងកុំលេង បើលេងកុំខឹង»។
អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលបាននិរទេសខ្លួនឯងទៅរស់នៅក្រៅប្រទេសមិនទាន់ឆ្លើយតបសំណួររបស់សំឡេងសហរដ្ឋអាមេរិកគិតត្រឹមរសៀលថ្ងៃអង្គារនេះ។
ប៉ុន្តែក្នុងវីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត លោក សម រង្ស៊ី ត្រូវគេឮលោកថ្លែងក្នុងន័យដើមថា៖ «ក្នុងជួរគណបក្សប្រជាជនក៏មានសញ្ញាបត្រទន្ទឹមនឹងសញ្ញាបត្រក្លែងក្លាយហៅថាសញ្ញាបត្រក្លែងក្លាយគេហៅថាសញ្ញាបត្រយោគយល់។ សញ្ញាបត្រយោគយល់ហ្នឹងគឺថាឪពុកធ្វើជាមន្ត្រីជាន់ខ្ពស់រហូតដល់នាយករដ្ឋមន្ត្រីទៅរៀននៅសាលាគេ គេយោគយល់ គេឲ្យជាប់ៗប៉ុន្តែគេអត់ឲ្យធ្វើការស្រុកគេទេពីព្រោះសញ្ញាបត្រដែលគេផ្តល់ឲ្យកូនចៅអ្នកធំមកពីប្រទេសនានាដែលគេចង់មានទំនាក់ទំនងទូតល្អគឺសញ្ញាបត្រហ្នឹងមិនមានតម្លៃស្មើនឹងសញ្ញាបត្រដែលគេឲ្យជនជាតិគេរៀនពីដើមទីដែលមានកម្រិតពេញលេញទេ»។
ប្រតិកម្មរបស់លោក ហ៊ុន ម៉ាណែត កើតមានឡើង ក្រោយលោក សម រង្ស៊ី បន្តរិះគន់គុណភាពសញ្ញាបត្ររបស់និស្សិតខ្មែរនៅក្រៅប្រទេសតាមបទសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីអាសេរីកាលពីថ្ងៃសៅរ៍ហើយមេដឹកនាំបក្សជំទាស់រូបនេះក៏បានបង្ហោះបទសម្ភាសន៍នោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃអាទិត្យដដែលនោះ។
បើតាមបទសម្ភាសន៍ជាវីដេអូបង្ហោះលើទំព័រហ្វេសបុករបស់លោកសម រង្ស៊ីកាលពីថ្ងៃទី២៦ ខែធ្នូ មេដឹកនាំគណបក្សជំទាស់រូបនោះបានឆ្លើយឆ្លងជាអ្នកយកព័ត៌មានវិទ្យុដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកយ៉ាងដូច្នេះថា៖ «លោក ហ៊ុន សែនបានប្លន់គណបក្សប្រជាជនកម្ពុជាឲ្យក្លាយទៅជាកម្មសិទ្ធិឯកជនរបស់គ្រួសារគាត់។យ៉ាងណាក៏ដោយគាត់ក៏មិនអាចផ្ទេរតំណែងជានាយករដ្ឋមន្ត្រីពីខ្លួនគាត់ ទៅកូនគាត់បានទេ។ម្យ៉ាងវិញទៀត លោក ហ៊ុនសែន មិនអាចភូតភរប្រជារាស្ត្រខ្មែរបានទេពីតម្លៃពិតប្រាកដនៃសញ្ញាបត្ររបស់មនុស្សដែលនៅជុំវិញគាត់សព្វថ្ងៃ»។
លោកថ្លែងបន្ថែមថា៖ «ខ្ញុំសូមប្រាប់ទៅលោក ហ៊ុន សែន វិញគេដើម្បីវាស់វែងតម្លៃសញ្ញាបត្រហ្នឹងគេមិនយកទៅយកឈ្មោះសញ្ញាបត្រថាអាហ្នឹងបណ្ឌិតៗទេ គេចង់ដឹងថាបណ្ឌិតពីសាលាណាពីសាកលវិទ្យាល័យណា បើជាសាលាក្លែងក្លាយអាសញ្ញាបត្រសូម្បីតែជាបណ្ឌិតនោះក្លែងក្លាយដែរ»។
អ្នកវិភាគនយោបាយលោក មាស នី ថ្លែងថា ប្រសិនបើលោកជាលោកហ៊ុន ម៉ាណែត គឺលោកមិនតបតរឿងកំប៉ិកកំប៉ុកបែបនេះទេខណៈការតតាំងគ្នានេះបង្ហាញឲ្យឃើញទម្រង់នយោបាយចាស់គំរិល ដែលអ្នកនយោបាយខ្មែរតែងតែយកមកលេងដើម្បីទាញយកប្រៀបនយោបាយបែបប្រជាភិថុតិលើគ្នាតែប៉ុណ្ណោះហើយអ្វីដែលសំខាន់គឺសមត្ថភាពតែមួយគត់។
លោកថ្លែងថា៖ «សញ្ញាបត្រនៅតែជាសញ្ញាបត្រ សមត្ថភាពនៅតែជាសមត្ថភាពអ្វីដែលសំខាន់គឺការបង្ហាញឲ្យឃើញថាតើយើងអាចធ្វើការបានប៉ុណ្ណានៅក្នុងការតៀមខ្លួនដើម្បីចូលទៅគ្រប់គ្រងប្រទេសក្នុងនាមជានាយករដ្ឋមន្ត្រី។ បើកាលណាយើងកាន់តំណែងជាអ្នកដឹកនាំរដ្ឋ ហើយពាក់ពិនជាមួយហ្នឹងរឿងកំប៉ិកកំប៉ុកផ្សេងច្រើនទៀតវានាំតែចំណាយពេលអត់ប្រយោជន៍ ហើយទុកពេលដើម្បីគិតគូរពីប្រយោជន៍ជាតិវាល្អជាង។ប៉ុន្តែបើសិនជាយើងព្យាយាមយករឿងកំប៉ិកកំប៉ុកមកតតាំងគ្នាបានន័យថាវប្បធម៌នយោបាយចាស់ អត់មានអីប្តូរផ្លាស់គឺនៅដដែល»។
គួរបញ្ជាក់ថាកូនច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត មានតំណែងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក។ ក្រៅពីមានតួនាទីជាមន្ត្រីជាន់ខ្ពស់យោធាលោក ហ៊ុន ម៉ាណែត ក៏ត្រូវបានតែងតាំងជាប្រធានចលនាយុវជនថ្នាក់កណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២០ និងទើបតែត្រូវបានសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត៕