លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានប្រកាសលុបចោលជំនួយជាទឹកប្រាក់៣០ម៉ឺនរៀលក្នុងម្នាក់ឬមួយគ្រួសារ សម្រាប់បុគ្គលដែលត្រូវតម្រូវឲ្យធ្វើចត្តាឡីស័ក ដោយលើកហេតុផលថារដ្ឋាភិបាលមិនអាចចែកប្រាក់នេះតទៅទៀតបានទេ ដោយសារចំនួនអ្នកដែលឆ្លងកូវីដ១៩នៅក្នុងទីក្រុងភ្នំពេញកាន់តែកើនឡើង។
ប៉ុន្តែ លោក ហ៊ុន សែន ថ្លែងថាលោកបានបង្គាប់ឲ្យអាជ្ញាធរបង្វែរជំនួយជាប្រាក់នេះទៅជាជំនួយស្បៀងអាហារវិញដូចជាអង្ករ ត្រីខ មី ទឹកត្រី និងទឹកស៊ីអ៊ីវជាដើម«ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន»។ នេះបើយោងតាមសារជាសំឡេងរបស់លោកនាយករដ្ឋមន្ត្រី ដែលបានបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោកនៅយប់ថ្ងៃអង្គារ។
ការប្រកាសចុងក្រោយបំផុតនេះធ្វើឡើង ខណៈរដ្ឋាភិបាលក្រុងភ្នំពេញកំពុងព្យាយាមដោះស្រាយបញ្ហាកើនឡើងកាន់តែខ្លាំងនូវករណីឆ្លងជំងឺកូវីដ១៩ចាប់តាំងពីការផ្ទុះការឆ្លងជំងឺនេះក្នុងសហគមន៍កាលពីថ្ងៃទី២០ ខែកុម្ភៈមក។
លោក ហ៊ុន សែន ថ្លែងតាមសារជាសំឡេងនោះថា៖
«៣០ម៉ឺនរៀលវាមិនធំទេសម្រាប់បងប្អូនប៉ុន្តែវាធំសម្រាប់រាជរដ្ឋាភិបាលផ្គត់ផ្គង់ទូទាំងរាជធានីភ្នំពេញ ព្រោះត្រូវជាប់នូវចត្តាឡីស័កនិងបម្រាមដូចៗគ្នា»។
គិតត្រឹមថ្ងៃអង្គារម្សិលមិញ កម្ពុជាមានអ្នកស្លាប់ដោយសារកូវីដ១៩សរុបទូទាំងប្រទេសចំនួន៤៩នាក់ និងអ្នកឆ្លងជំងឺនេះចំនួន៧.៤៤៤នាក់រួមទាំងអ្នកឆ្លងក្នុងសហគមន៍ក្នុង«ព្រឹត្តិការណ៍២០ កុម្ភៈ»ចំនួនជិត ៧ ពាន់នាក់ផង។
កន្លងមក លោក ហ៊ុន សែន ធ្លាប់បានប្រកាសថារដ្ឋាភិបាលនឹងផ្តល់ជំនួយជាសាច់ប្រាក់ចំនួន៣០ម៉ឺនរៀលដល់គ្រួសារអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ អ្នកឆ្លងជំងឺនេះ និងអ្នកដែលត្រូវតម្រូវឲ្យធ្វើចត្តាឡីស័ក។
កាលពីចុងសប្តាហ៍មុន ប្រជាពលរដ្ឋនិងកម្មកររាប់រយនាក់ក្នុងទីក្រុងភ្នំពេញបានផ្ទុះការតវ៉ាដោយពួកគេអះអាងថាពួកគេប្រឈមមុខនឹងការខ្វះថវិកានិងស្បៀងអាហារប្រចាំថ្ងៃក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញរយៈពេល ២ សប្តាហ៍។ ការណ៍នោះបានញ៉ាំងឲ្យអាជ្ញាធររាជធានីភ្នំពេញចុះទៅចែកអំណោយជូនប្រជាពលរដ្ឋនិងកម្មករដែលតវ៉ាទាំងនោះ ដោយក្នុងមួយគ្រួសារទទួលបានប្រាក់៣០ម៉ឺនរៀលនិងគ្រឿងឧបភោគបរិភោគផ្សេងទៀត។ នេះបើតាមក្រុមអ្នកសង្កេតការណ៍ក្នុងស្រុក៕