នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានប្រកាសពីការប្រុងប្រៀបរបស់លោក ដើម្បីឆ្លើយតបទៅនឹងការកើនឡើងតម្លៃប្រេងឥន្ធនៈក្នុងស្រុក ខណៈដែលប្រទេសផលិតប្រេងហៅកាត់ថា OPEC បានព្យាយាមកំពុងកាត់បន្ថយការផលិតរបស់ខ្លួនសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារអន្តរជាតិ។
ថ្លែងនៅក្នុងពិធីប្រកាសគោរមងារវិទ្យាសាស្ត្រនិងកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាជូនដល់មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាចំនួន៨នាក់ ដែលបានធ្វើឡើងនៅទីក្រុងភ្នំពេញនាថ្ងៃអង្គារនេះ លោក ហ៊ុន សែន មានប្រសាសន៍ថាកម្ពុជាកំពុងរងឥទ្ធិពលពីទីផ្សារអន្តរជាតិ ក្នុងបញ្ហាតម្លៃប្រេងដែលតម្រូវឲ្យមានការឆ្លើយតបជាបន្ទាន់មួយ។
«ប្រេងនៅលើទីផ្សារអន្តរជាតិ កំពុងឡើងថ្លៃ ដែលពេលនេះ វាក៏បានផល មានផលប៉ះពាល់មកដល់យើងហើយ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបញ្ជាក់បន្ថែមថា នៅចុងខែមិថុនានេះ លោកនឹងប្រកាសចេញនូវគោលការណ៍មួយចំនួនក្នុងការដោះស្រាយបញ្ហាតម្លៃប្រេងនៅក្នុងទីផ្សារក្នុងស្រុក ដែលអាចបើកផ្លូវឲ្យមានការកាត់បន្ថយផលប៉ះពាល់ ដែលមានប្រភពចេញពីការឡើងថ្លៃប្រេង ខណៈដែលអង្គការផលិតប្រេងហៅកាត់ថា OPEC បានកាត់បន្ថយការផលិតប្រេងនោះ។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន មិនបានបញ្ជាក់លម្អិតអំពីគោលការណ៍ ដែលលោកត្រៀមនឹងដាក់ចេញដើម្បីឆ្លើយតបទៅនឹងតម្លៃប្រេងទេ តែលោកបានស្នើដល់ក្រុមអ្នកមានពុទ្ធិខ្ពស់របស់រាជបណ្ឌិត្យសភាកម្ពុជា ឲ្យចេះផ្តល់អាទិភាពដល់កិច្ចការស្រាវជ្រាវ ទៅលើបញ្ហាបន្ទាន់នានា។
«ពិតហើយការស្រាវជ្រាវនានា វាត្រូវតែមាន មិនមែនគ្រាន់តែមានបញ្ហាប៉ុណ្ណឹងទេ នៅមានបញ្ហាច្រើនជាងនេះច្រើនណាស់។ ក៏ប៉ុន្តែខ្ញុំស្នើសុំផ្តល់អាទិភាព ទៅឲ្យកិច្ចការបន្ទាន់ៗ ចំពោះមុខ ព្រោះបើសិនជាយើងប្រើប្រាស់នូវខួរក្បាលរបស់យើងនិងធនធានដែលមានកម្រិតរបស់យើងទៅក្នុងតែមួយពេល តែប៉ុណ្ណោះ ពិតជាមិនអាចឆ្លើយតបបានទេ»។
នៅតាមស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនក្នុងរាជធានីភ្នំពេញ ត្រឹមដើមសប្តាហ៍នេះ គេសង្កេតឃើញថាតម្លៃប្រេងបានស្ថិតក្នុងកម្រិត៤២០០រៀល សម្រាប់សាំងធម្មតាក្នុងមួយលីត្រ ហើយប្រេងស៊ុបពែមានតម្លៃ៤៤៥០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតស្ថិតក្នុងតម្លៃ៤០០០រៀលក្នុងមួយលីត្រ។
តម្លៃប្រេងនេះ ត្រូវបានធ្វើឡើងទៅតាមប្រកាសរបស់អន្តរក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពលស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា។ តម្លៃប្រេងខាងលើនេះ នឹងត្រូវអនុវត្តដោយម្ចាស់ស្ថានីយ៍ប្រេងចាប់ពីថ្ងៃទី ១២ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។
VOA មិនទាន់អាចទាក់ទងសុំការអធិប្បាយពីលោក ឡុង កែមវិចិត្រ មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មបានទេ។ VOA ក៏ព្យាយាមសុំការអធិប្បាយពីកញ្ញា សឹង សុផារី អ្នកសម្របសម្រួលអង្គភាពទំនាក់ទំនងសាធារណៈរបស់ក្រសួងពាណិជ្ជកម្មផងដែរ តែទូរស័ព្ទរោទិ៍គ្មានអ្នកទទួល។
តម្លៃប្រេងបានហក់ឡើងខ្ពស់កាលពីថ្ងៃចន្ទ នៅក្នុងការធ្វើពាណិជ្ជកម្មតានតឹងមួយ ដែលអ្នកពាក់ព័ន្ធក្នុងទីផ្សារ បានបន្ទាបការរំពឹងទុករបស់ពួកគេថា តើអង្គការOPEC ដែលតំណាងឲ្យប្រទេសនាំចេញប្រេងនឹងបង្កើនការផលិតប្រេងយ៉ាងដូចម្តេច នៅស្របពេលដែលអ្នកវិនិយោគ បានធ្វើការវាយតម្លៃពីផលប៉ះពាល់នៃជម្លោះពាណិជ្ជកម្មមួយរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស។
យោងតាមសេចក្តីរាយការណ៍ដដែល បានឲ្យដឹងថា តម្លៃប្រេងឆៅអាមេរិក បានកើនប្រមាណ ៧៩ សេន ឬជាង ៣២០០រៀល ដើម្បីលក់ក្នុងតម្លៃប្រមាណ ៦៥.៨៥ដុល្លារ (ឬប្រមាណ២៧ម៉ឺនរៀល) ក្នុងមួយធុង។ តម្លៃប្រេងឆៅបានស្ថិតក្នុងកម្រិតទាបក្នុងរយៈពេលពីរខែ គឺស្ថិតក្នុងតម្លៃ៦៣.៥៩ ដុល្លារ (ឬប្រមាណ២៦ម៉ឺនរៀល) ក្នុងមួយធុង។ ប្រទេសចិនបានយកពន្ធនាំចូលលើទំនិញអាមេរិកកាលពីថ្ងៃសុក្រ ហើយការដាក់ពន្ធលើប្រេងឆៅក៏ត្រូវបានត្រៀមទុកផងដែរ។
VOA ព្យាយាមសុំការអធិប្បាយពីក្រុមហ៊ុនលក់ប្រេងសាំងមួយចំនួន ដូចជាក្រុមហ៊ុន Total តែមិនទាន់មានការឆ្លើយតបមកដល់ល្ងាចថ្ងៃអង្គារនេះ។
ក្រៅពីផែនការនៃការចូលអន្តរាគមន៍ក្នុងបញ្ហាប្រេងសាំងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានធ្វើអន្តរាគមន៍ក្នុងបញ្ហាផ្សេងទៀត ដូចជាការអន្តរាគមន៍ដំឡើងបន្ថែមនៃប្រាក់ឈ្នួលរបស់កម្មករក្នុងឧស្សាហកម្មកាត់ដេរ។ កាលពីឆ្នាំមុននេះ លោក ហ៊ុន សែន ក៏បានអន្តរាគមន៍ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដោយការដាក់ពិដានអត្រាការប្រាក់ត្រឹម ១៨ភាគរយក្នុងមួយឆ្នាំ។ លោកអះអាងថា ការធ្វើដូចនេះ ជាការផ្តល់ឱកាសបន្ថែមឲ្យប្រជាពលរដ្ឋមានលទ្ធភាពច្រើនក្នុងការទទួលបានទុនយកមកធ្វើអាជីវកម្ម៕