គណៈកម្មការអន្តរក្រសួងមួយនឹងត្រូវបង្កើតឡើងដើម្បីស៊ើបអង្កេតករណីឃាតកម្មរបស់អតីតមេដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាគឺលោកជា វិជ្ជា និងសហសេវិកពីររូបផ្សេងទៀត។ នេះបើយោងតាមសេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១០ខែមិថុនានេះ។
លិខិត ដែលវីអូអេបានឃើញនោះ បានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានបញ្ជាឲ្យ«បង្កើតគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសលើករណីបណ្តឹងលេខ២៣១៨ ស្តីពីឃាតកម្មលើមេដឹកនាំសហជីពគឺលោកជា វិជ្ជា លោកហ៊ី វុទ្ធី និងលោករស់ សុវណ្ណារ៉េត»។ សមាសភាពគណៈកម្មការទាំងនោះនឹងត្រូវចូលរួមពីក្រសួងមហាផ្ទៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងយុត្តិធម៌ជាដើម។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លិខិតដដែលនេះក៏បានបញ្ជាក់ផងដែរថា គណៈកម្មការពិសេសនេះនឹងមានតួនាទីប្រមូលព័ត៌មាន និងភស្តុតាង និងពិនិត្យស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ លើអង្គហេតុ និងច្បាប់ទាក់ទិនករណីឃាតកម្មរបស់មេដឹកនាំសហជីពសេរីកម្មករនេះ។
លោកជា វិជ្ជា ដែលក្រុមកម្មករផ្តល់រហស្សនាមថា ជាវីរជនការពារសិទ្ធិក្រុមកម្មករ ត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី២២ខែមករាឆ្នាំ២០០៤ ក្នុងខណៈពេលដែលលោកកំពុងអង្គុយអានកាសែតនៅតូបលក់កាសែតមួយក្បែរវត្តលង្កា។ មេដឹកនាំថ្នាក់មូលដ្ឋានពីររូបផ្សេងទៀតរបស់សហជីពនេះគឺលោករស់ សុវណ្ណារ៉េត និងលោក ហ៊ី វុទ្ធី ត្រូវបានគេលួចធ្វើឃាតជាបន្តបន្ទាប់នាឆ្នាំ២០០៤ និង២០០៧។ ជាង១០ឆ្នាំក្រោយមក អាជ្ញាធរកម្ពុជានៅតែមិនទាន់វែកមុខរកឃើញឃាតករ និងជនដៃដល់នៅឡើយ។
លោកជា មុន្នី ប្រធានសហជីពសេរីកម្មករ និងជាប្អូនប្រុសបង្កើតរបស់លោកជា វិជ្ជាបានប្រាប់វីអូអេខេមរភាសាថា លោកបានឃើញលិខិតរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនស្តីអំពីការបង្កើតគណៈកម្មការស៊ើបអង្កេតនេះហើយ ក៏ប៉ុន្តែលោកមិនទាន់មានជំនឿថា គណៈកម្មការពិសេសនេះនឹងអាចរកយុត្តិធម៌ជូនលោកនិងក្រុមគ្រួសាររបស់បងប្រុសលោកដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេសបានឡើយ។
«ខ្ញុំអត់ទាន់មានជំនឿថានឹងទទួលបានលទ្ធផលផ្លែផ្កាទេ ពីព្រោះយើងមើលខ្លឹមសារទាំងអស់គឺថា អញ្ចេះ គណៈកម្មការមួយដែលអាចឯករាជ និងអព្យាក្រឹត្យ ដែលអាចទទួលយកបាន គឺទីមួយគួរតែមានអង្គការពិតប្រាដកណាមួយចូលរួមជាសាក្សី ទីពីរយ៉ាងហោចណាស់ត្រូវមានក្រុមគ្រួសារនៃជនរងគ្រោះហ្នឹងបានចូលរួមផងដែរ»។
លោក ជា មុន្នី បានបន្ថែមថា គណៈកម្មការពិសេសជាច្រើនដែលត្រូវបានបង្កើតកន្លងមកនោះ មិនបានផ្តល់ផលជាដុំកំភួននៅឡើយនោះទេ។
«យើងឃើញថា មានគណៈកម្មការជាច្រើន ដូចជាគណៈកម្មការស៊ើបអង្កេតការបាញ់សម្លាប់លើផ្លូវវ៉េងស្រេង ករណីគណៈកម្មការដោះស្រាយបាតុភាពកូដកម្ម បាតុកម្ម គណៈកម្មការដោះស្រាយជម្លោះដីធ្លីអីហ្នឹងគឺវាមានតែគណៈកម្មការហ្នឹងមែន តែវាអត់ប្រយោជន៍។ វាអត់បានលទ្ធផលអីទេ»។
វីអូអេមិនអានសុំការអធិប្បាយពីមន្ត្រីក្រសួងមហាផ្ទៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងយុត្តិធម៌ និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានទេ។
ដោយឡែក លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា លោកមិនទាន់ដឹងពីលិខិតរបស់លោកហ៊ុន សែនក្នុងការបង្កើតគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសចំពោះករណីឃាតកម្មលោកជា វិជ្ជា និងសហសេវិកនៅឡើយនោះទេ៕