លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានបញ្ជាឱ្យកម្លាំងប្រដាប់អាវុធកម្ពុជាដំឡើងអាវុធធុនធំៗ រួមទាំងដាក់ពង្រាយសំណាញ់មេឃ ដើម្បីបាញ់ទម្លាក់ឧបករណ៍ចាប់រូបភាពពីលើអាកាស ឬហៅថាដ្រូន ដែលបានហោះចូលក្នុងទឹកដីកម្ពុជា។
ការលើកឡើងរបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
បើតាមលោក ហ៊ុន សែន មានដ្រូនចំនួន៥ទៀតបានហោះចូលទឹកដីកម្ពុជា កាលពីយប់ថ្ងៃទី២៧ ខែមិថុនា ក្រោយពីលោកបានបញ្ជាឱ្យ លោក ហ៊ីង ប៊ុនហៀង មេអង្គរក្សលោកនាយករដ្ឋមន្រ្តី បញ្ចេញកម្លាំង៥០០នាក់ និងអាវុធយ៉ាងហោច ២០០ដើម ដើម្បីបាញ់ទម្លាក់ដ្រូនទាំងនោះ។
លោក ហ៊ុន សែន ថ្លែងថា៖ «អ៊ីចឹងទេអស់លោកដំឡើងទៅ។ កាំភ្លើងយន្តតាំងពីអា៣០មីលីម៉ែត្រ[....] អា១២ក៏ដាក់ អា២៣ក៏ដាក់ អាប៉ុន្មានក៏ដាក់ និយាយរួមបាញ់តែហ្មង។ ចាប់ពីល្ងាចនេះតទៅ បើលោកឯងមិនផ្ទុះអាវុធ មានរឿងជាមួយខ្ញុំ»។
លោក ហ៊ុន សែន បន្តថា អាជ្ញាធរកម្ពុជាមិនដឹងថាតើដ្រូនទាំងនេះមានប្រភពមកពីណាឡើយ។ ហើយភាគីវៀតណាមបញ្ជាក់ថាមិនមែនជារបស់វៀតណាមឡើយ។
លោក ហ៊ុន សែន បានដាក់ការសង្ស័យលើជនជាតិម៉ុងតាញ៉ា (Montagnards) ឬដេហ្គា Dega ដែលបានផ្ទុះអាវុធក្នុងទឹកដីវៀតណាម កាលពីពាក់កណ្តាលខែមិថុនា និងបារម្ភក្រែងពួកគេរត់មកពួនក្នុងទឹកដីកម្ពុជា។
លោក ហ៊ុន សែន ក៏បានព្រមានប្តឹងទៅអង្គការសហប្រជាជាតិ បើសិនជាដឹងថាដ្រូនទាំងនោះជារបស់ប្រទេសណាមួយ។
លោកបញ្ជាក់ថា៖ «ហើយខ្ញុំសូមព្រមានប្រទេសណាក៏ដោយ ដែលឱ្យយន្តហោះគ្មានមនុស្សបើក បើធ្វើសកម្មភាពឈ្លានពានកម្ពុជា និងធ្វើភេរវកម្មលើទឹកដីកម្ពុជា គឺបើយើងស៊ើបអង្កេតបាន យើងប្តឹងទៅអង្គការសហប្រជាជាតិ។ ហើយខ្ញុំសុំបញ្ជាក់ថានរណា កម្លាំងអង្គភាពណាបាញ់ធ្លាក់ដ្រូនមួយគ្រឿង ខ្ញុំជូន២០ម៉ឺនដុល្លារអាមេរិក»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាតាមរយៈសារអ៊ីម៉ែលបាននៅឡើយទេ។
កាលពីថ្ងៃទី២៣ ខែមិថុនា VNexpress ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់វៀតណាមបានរាយការណ៍ថាមានមនុស្សចំនួន ៨៤នាក់ ត្រូវបានចាប់ខ្លួន ដោយសង្ស័យពាក់ព័ន្ធនឹងការវាយប្រហារការិយាល័យគណៈកម្មាធិការប្រជាជន នៅក្នុងខេត្ត Dak Lak ប្រទេសវៀតណាម ហើយក៏ជាខេត្តមានព្រំប្រទល់ជាប់ខេត្តមណ្ឌលគិរីនៃប្រទេសកម្ពុជា។
ជនជាតិភាគតិចម៉ុងតាញ៉ាដែលធ្លាប់មានប្រវត្តិចងសម្ព័ន្ធមិត្តជាមួយនឹងយោធាអាមេរិកក្នុងអំឡុងសង្គ្រាមវៀតណាម ប្រឈមនឹងការធ្វើទុក្ខបុកម្នេញក្នុងប្រទេសវៀតណាម។ ក្រុមនេះបានប្រយុទ្ធ ដើម្បីសិទ្ធិដីធ្លី និងជំនឿសាសនារបស់ខ្លួន និងធ្វើការតវ៉ាប្រឆាំងនឹងការដឹកនាំបែបកុម្មុយនិស្ត។
កាលពីឆ្នាំ២០១៧ ជនជាតិម៉ុងតាញ៉ា ប្រមាណ២០០នាក់ដែលភាគច្រើនជាអ្នកកាន់សាសនាគ្រិស្ត បានគេចខ្លួនពីប្រទេសវៀតណាម ហើយបានចូលមកកម្ពុជា ដើម្បីស្វែងរកឋានៈជាជនភៀសខ្លួន។
គួរបញ្ជាក់ថាកាលពីកន្លងទៅ លោក ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរកម្ពុជាក្នុងខេត្តមណ្ឌលគិរីចាប់ខ្លួនក្រុមប្រយុទ្ធដែលលោកថាជាពួកឧទ្ទាម«បាក់ទ័ព»ដែលជាជនជាតិម៉ុងតាញ៉ា (Montagnards) ឬដេហ្គា (Dega) ដែលបានផ្ទុះអាវុធក្នុងទឹកដីវៀតណាម។ លោក ហ៊ុន សែន បានបញ្ជាឱ្យស្វែងរក និងចាប់ខ្លួនពួកគេ ដើម្បីបញ្ជូនទៅឱ្យអាជ្ញាធរវៀតណាមវិញ។ លោកបញ្ជាក់ថាកម្ពុជាមិនអាចក្លាយជាកន្លែងសម្រាប់ជនឧទ្ទាម «បាក់ទ័ព»ទាំងនោះជ្រកកោនឡើយ៕