ក្រោយមានករណីបុរសជនជាតិចិនម្នាក់ស្លាប់ នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៅព្រែកព្នៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាជាបន្ទាន់មួយ ដោយឲ្យយកអ្នកសម្រាកព្យាបាលនៅទីនោះ មកសណ្ឋាគារ Great Duke ដែលជាអតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់វិញ។
បទបញ្ជារបស់នាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីមានករណីស្លាប់ជនជាតិចិនម្នាក់ អាយុ ៣៤ ឆ្នាំ ដែលមានជំងឺកូវីដ១៩ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅពេលកំពុងសម្រាកព្យាបាល។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ជនជាតិចិននោះ គឺជាអ្នកញៀនថ្នាំម្នាក់ ហើយសារធាតុញៀនបានរើឡើងបណ្តាលឲ្យគាំងបេះដូងស្លាប់។ ក្រសួងបញ្ជាក់ថា បុរសម្នាក់នោះស្លាប់ដោយសារថ្នាំញៀន មិនមែនដោយសារជំងឺកូវីដ១៩។
នេះជាករណីដំបូង ដែលអ្នកមានជំងឺកូវីដ១៩ស្លាប់ ពេលកំពុងសម្រាកព្យាបាលជំងឺក្នុងប្រទេសកម្ពុជា ចាប់តាំងពីមានការផ្ទុះជំងឺនេះនៅកម្ពុជា កាលពីឆ្នាំមុនមក។
ក្រោយមានករណីស្លាប់នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុនបានបង្ហោះសារជាសំឡេងថា លោក «ស្លុតចិត្ត» ដែលដឹងថាយកមណ្ឌលមួយនៅព្រែកព្នៅមកធ្វើជាកន្លែងព្យាបាលជំងឺកូវីដ១៩។ លោកបានបន្ទោសយ៉ាងខ្លាំងដល់មន្ត្រីរបស់លោក។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ទៅយកអាកន្លែងមួយដែលមិនស័ក្តិសមជាមន្ទីរពេទ្យ យកមកធ្វើការរបៀបនេះ។ អញ្ចឹងខ្ញុំទទួលយកអត់បានទេ អាកិច្ចការដឹកនាំបែបនេះ»។
ក្នុងនោះផងដែរ លោក ហ៊ុន សែន ក៏បានចេញបញ្ជា «ដាច់ណាត់» ឲ្យផ្លាស់ប្តូរមណ្ឌលព្យាបាលនេះ មកសណ្ឋាគារ Great Duke វិញ។ អ្នកដឹកនាំក្រុមការងារទទួលបទបញ្ជានេះ គឺជាកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។
កាលពីថ្ងៃទី ៧ ខែមីនា ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយ ដោយបញ្ជាក់ថា សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យពិនិត្យ ថែទាំនិងព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល។ ក្រសួងបញ្ជាក់ថា ការដាក់ឲ្យដំណើរការទីតាំងសណ្ឋាគារនេះជាមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដើម្បីផ្តល់លទ្ធភាពដល់ក្រសួងសុខាភិបាលក្នុងការប្រមូលផ្តុំធនធានមនុស្សសម្ភារៈបរិក្ខារ និងបច្ចេកទេសចាំបាច់មួយចំនួន ជួយសង្គ្រោះដល់អាយុជីវិតមនុស្សឲ្យបានទាន់ពេលវេលា និងធានាទប់ស្កាត់ការរីករាលដាលកាន់តែធ្ងន់ធ្ងរនៃជំងឺនេះនៅក្នុងសហគមន៍។
លោក ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃច័ន្ទនេះថា ក្នុង «រយៈពេលតែ ៣៣ ម៉ោងប៉ុណ្ណោះ» ក្រុមការងារបានសម្រេចការកែប្រែសណ្ឋាគារ Great Duke ដែលបានបិទទ្វារមិនដំណើរការអាជីវកម្មរយៈពេលប្រមាណ ២ ឆ្នាំមកហើយ ឲ្យក្លាយជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដែលអាចព្យាបាលអ្នកជំងឺប្រមាណ ៥០០ នាក់។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ ជំរុញឲ្យមានការបង្កើនការយកចិត្តទុកដាក់លើកន្លែងព្យាបាល និងត្រួតពិនិត្យឲ្យបានហ្មត់ចត់ថា តើមូលហេតុអ្វីបានមានករណីប្រើប្រាស់គ្រឿងញៀនក្នុងមណ្ឌលព្យាបាល ក្រោយមានរបាយការណ៍របស់ក្រសួងសុខាភិបាលថា អ្នកជំងឺម្នាក់ស្លាប់ដោយសារសារធាតុញៀន។
លោកមានប្រសាសន៍ថា៖ «ខ្ញុំជឿថា នេះជាបទពិសោធន៍មួយ ដែលត្រូវតែមានការប្រុងប្រយ័ត្នហើយនិងកែប្រែទៅលើបញ្ហាទាំងអស់ហ្នឹង ធ្វើម៉េចដើម្បីឲ្យកន្លែងចត្តាឡីស័ក ឬក៏មណ្ឌលព្យាបាលហ្នឹង ជាកន្លែងមួយដ៏ល្អសម្រាប់ការធ្វើចត្តាឡីស័ក ក៏ដូចជាការព្យាបាល»។
គួរបញ្ជាក់ថា ក្នុងពេលកម្ពុជាកំពុងប្រឈមនឹងការឆ្លងក្នុងសហគមន៍ ចាប់តាំងពីថ្ងៃទី ២០ ខែកុម្ភៈ ដែលមានមនុស្សជាង ៥០០ នាក់ឆ្លង ហើយកំពុងសម្រាកព្យាបាលជំងឺនៅមណ្ឌលព្យាបាលនានាទូទាំងប្រទេស។ ពួកគេភាគច្រើនជាជនជាតិចិន ដែលឆ្លងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ៕