គណ​បក្ស​ប្រជាជន​កម្ពុជា​ពង្រឹង​ការគាំទ្រ​នៅ​សហរដ្ឋ​អាមេរិក

លោកនាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ជួប​ជាមួយ​នឹង​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក កាណាដា និង​ពី​អ៊ឺរ៉ុប ដើម្បី​ពន្យល់​ពី​សភាពការណ៍​នយោបាយ និង​ការ​អភិវឌ្ឍន៍​ក្នុង​ប្រទេស​កម្ពុជា​នៅ​ទីក្រុង ញ៉ូយក សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ ខែ​កញ្ញា ឆ្នាំ២០១៥។ (រូបថត​ដក​ស្រង់​ចេញ​ពីទំព័រ Facebook របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​អំពី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដែល​មាន​ល្បឿន​កើន​ឡើង​ថេរ ស្ថិរភាព​នយោបាយ ការ​ចោទ​ប្រកាន់​ថា​គណបក្ស​ប្រឆាំង​លួច​កេង​ចំណេញ​នយោបាយ​ហួសហេតុ និង​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​នៅ​ទីក្រុង​ញ៉ូយ៉ក​។

ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដែល​មាន​ល្បឿន​កើន​ឡើង​ថេរ ស្ថិរភាព​នយោបាយ ការ​ចោទ​ប្រកាន់​ថា​គណបក្ស​ប្រឆាំង​លួច​កេង​ចំណេញ​នយោបាយ​ហួស​ហេតុ និង​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​កាល​ពី​ថ្ងៃព្រហស្បតិ៍​ប្រាប់​ដល់​អ្នក​គាំទ្រ​នៅ​សហរដ្ឋ​អាមេរិក។

លោក ជុំ ប៊ុនរ៉ុង ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ប្រាប់ VOA ក្រោយ​ពី​ជំនួប​រយៈពេល​ពីរម៉ោង​នោះ​ថា​ លោកហ៊ុន សែន ក៏​បាន​លើក​បញ្ហា​ផែនទី​ដែល​មាន​រឿង​ចម្រូង​ចម្រាស​កន្លង​មក​ ដែល​បាន​បញ្ចប់​ទៅ​ដោយ​ប្រទេស​បារាំង​ និង​អ.ស.ប. ផ្តល់​យុត្តិធម៌​ដល់​រដ្ឋាភិបាល៖

«លោក​បាន​ជម្រាប​ជូន​ប្រជា​ពលរដ្ឋ​យើង​ឱ្យ​បាន​ដឹង​ថា​ ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​មក​គឺ​សព្វថ្ងៃ​នេះ​អ្នក ដែល​យល់​ខុសគ្មាន​ហេតុផល​អ្វី​ត្រូវ​និយាយ​ទៀត​ទេ គឺ​ថា​គាត់​មិន​អាច​បោក​បញ្ឆោត បំភ័ន្ត​មតិ​បងប្អូន​ប្រជា​ពលរដ្ឋ​យើង​នៅ​សហរដ្ឋ​អាមេរិក​ក៏​ដូច​ជា​មតិជាតិ​ និង​អន្តរជាតិ​ដែល​មិន​មាន​អ្វី​ដែល​គាត់​អាច​លើក​បាន​ទេ។ នេះ​គឺ​ជា​ប្រសាសន៍​ដែល​លោក​បាន​លើក​ឡើង​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​យើង​បានយល់‍»។

ជំនួប​ដ៏​កម្រ​ដែល​មាន​ទ្រង់ទ្រាយ​ធំ​របស់​លោក ហ៊ុន សែន ​បាន​ទាក់ទាញ​ឱ្យ​មាន​អ្នក​ចូលរួម​ស្តាប់​ជាង​២០០​នាក់ ​ដែល​មក​ពី​សហរដ្ឋ​អាមេរិក កាណាដា និង​តំណាង​មក​ពី​ប្រទេស​មួយ​ចំនួន​នៅ​អ៊ឺរ៉ុប។

ក្នុង​ពេល​កន្លង​មក​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​លើក​ឡើង​ពី​បញ្ហាសុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​ចូល​រួម​បោះឆ្នោត​របស់​ប្រទេស​កម្ពុជា។

លោក អ៊ូ សុវណ្ណ កុងស៊ុល​កិត្តិយស​របស់​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ឡូវ៉ែល បាន​បញ្ជាក់​ថា​លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​គិតគូរ​ពី​បញ្ហា​នេះ​ដែរ៖

«សម្តេច​លោក​បាន​លើក​ពី​បញ្ហា​បច្ចេកទេស​គឺថា ​បើសិន​ជា​បោះឆ្នោត​នៅ​ឯក្រៅ​ប្រទេស​ហ្នឹង​ គឺ​តើ​សំឡេង​ឆ្នោត​ហ្នឹង​ទៅ​បូក​នឹង​មណ្ឌល​ណា​ពី​ក្រៅ​ប្រទេស​ហ្នឹង។ នេះ​ទីមួយ​ហើយ​ទីពីរ​ទៀត លោក​ថា​ នៅ​សហរដ្ឋ​អាមេរិក​នេះ​គឺ​គណបក្ស​ប្រឆាំង​ពេល​បោះឆ្នោត​នៅ​ស្រុកខ្មែរ​ផង​គេ​ថា​បន្លំ​សន្លឹក​ឆ្នោត​ ចុះ​ទម្រាំ​នៅ​អាមេរិក​នេះ​មិន​ដឹង​គេ​ចោទ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​យ៉ាង​ម៉េច​ទេ‍»។

ជំនួប​ដែល​មាន​លក្ខណៈ​ឯកជន​នេះ​មិន​បាន​អនុញ្ញាត​ឱ្យអ្នក​ចូលរួម​ស្តាប់​បាន​សួរ​សំណួរ​នោះ​ទេ។

អ្នកស្រី មិន តុលា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​មក​ពីរ​ដ្ឋNew Jersey បាន​បញ្ជាក់​ថា​អ្នកស្រី​សប្បាយ​ចិត្ត​ដែល​បាន​មក​ស្តាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖

«ចា៎ស សប្បាយ​ចិត្ត រំភើប​ដែល​បាន​មក​និយាយ​ពីស្រុក​យើង ម្យ៉ាង​មាន​សន្តិភាព ហើយ​ដូច​ជា​ប្លែក​ពី​មុន​ច្រើន។ សេដ្ឋកិច្ច​ផលិតផល​អ្វី​ក៏​ច្រើន​ជាង​មុន​ដែរ។

លោក ស្ទីវ ម៉េង មក​ពី​រដ្ឋ​កាលីហ្វញ៉ា​ បាន​សម្តែង​ការ​យល់ស្រប​ខ្លះ និង​មិន​យល់ស្រប​ខ្លះ​ចំពោះ​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង៖

«ចំណុច​មួយ​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​គឺ​ការ​សម្រប​សម្រួល​ខ្មែរ​យើង​មិនថា​គណបក្ស​ណា​ជា​គណបក្ស​ណា​ទេ​ ព្រោះ​ខ្ញុំ​អត់​មាន​គណបក្សទេ មិន​ថា​មួយណា​ជាមួយ​ណា​ទេ​ ប៉ុន្តែ​ចង់​សម្រប​សម្រួល​បង​ប្អូន​ខ្មែរ​យើង​ឱ្យ​ធ្វើការ​ជាមួយ​គ្នា​ទោះ​យ៉ាងណា​ក៏​ដោយ​ព្រោះ​ខ្មែរ​យើង​មាន​តិច​ណាស់‍»។

ហើយ​អ្វី​ដែល​លោក​មិន​យល់​ស្រប​គឺ៖ «កិច្ចការ​មិន​យល់​ស្រប​ហ្នឹង​គឺ​ជម្លោះ​ទាស់​ទែង​គ្នា​ធ្វើ​ឱ្យ​បងប្អូន​ខ្មែរ​យើង​គាត់​បែកបាក់​មិន​ថា​គណបក្ស​ណា​ទេ»។

លោក កែវ ដារិច ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​មក​ពី​បូរី​ញ៉ូយ៉ក​បាន​អះអាង​ថា ​លោក​មិនមែន​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។ ​ហើយនេះ​គឺ​ជា​ការ​ចង់​ដឹង​ពី​មាតុភូមិ​របស់​លោក៖ «នេះ​គឺ​ជា​លើកដំបូង​របស់ខ្ញុំ​ហើយ។ ណា​មួយ​ខ្ញុំ​អត់​បាន​តាម​ដាន​នូវ​បញ្ហា​ពី​ប្រទេស​ខ្មែរ​យើង ហើយ​ជា​លើក​ដំបូង​ដែល​ថា​ ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​ជា​អត់​ទាន់​យល់។ អត់​ទាន់​យល់​ ព្រោះ​ខ្ញុំ​ដូច​ជា​បាន​ស្តាប់​ព័ត៌មាន​ខ្មែរ​ទេ»។

លោក ដារិច ដែល​នៅ​សហរដ្ឋ​អាមេរិក​៣៦ឆ្នាំ​ ហើយ​នៅ​មិន​ទាន់​ដាច់​ស្រេច ​និង​ជឿ​ទាំងស្រុង​នូវអ្វី​ដែល​លោក​ទើប​បាន​ស្តាប់​នៅ​ឡើយ៖

«បើ​សិន​ណា​ដូចអ្វី​ដែល​គាត់​លើក​ឡើង​ហ្នឹង។ ​វា​ជា​រឿងល្អ​សម្រាប់​ខ្មែរ​ណាស់​ ដែល​យើង​រួបរួម​គ្នា​ដែល​យើង​មិន​ប្រកាន់​គ្នា។ នេះ​ជា​ការយល់​ដឹង​របស់​ខ្ញុំ ​ដែល​ខ្ញុំ​ទទួល​បាន​ប៉ុណ្ណឹង‍»។

យ៉ាង​ណា​ក៏​ដោយ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​បង្ហាញ​គន្លឹះ​មួយ​ចំនួន ​ដែល​ពលរដ្ឋ​ខ្មែរ​អាច​យក​ទៅ​ជួយ​ប្រទេស​កំណើត​វិញ​ ដោយ​រួមទាំង​សុំ​ឱ្យ​ពួក​គេ​មាន​ជំនាញ​ភាសា​អង់គ្លេស​ឱ្យ​បាន​ច្បាស់​លាស់។

លោក អ៊ូ សុវណ្ណ កុងស៊ុល​កិត្តិយស បាន​បន្ថែម​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ផ្តល់​អនុសាសន៌​ដល់​អ្នក​ចូលរួម​ស្តាប់​ទាក់ទិន​នឹង​ការ​បោះឆ្នោត​នៅ​ប្រទេស ​ដែល​ពួកគេ​កំពុង​រស់នៅ៖

«សម្តេច​គាត់បាន​ស្នើឱ្យ​ធ្វើ​យ៉ាង​ណាៗ។ គាត់​មិនថា​ទេ​ ប៉ុន្តែ​គ្រាន់​តែ​ថា​ធ្វើ​យ៉ាង​ណា​ឱ្យ​គោរពច្បាប់​នៃ​ប្រទេស​គេ។ ដូច្នេះ​បាន​ន័យ​ថា​ សម្តេច​លោក​បាន​ផ្តល់​អនុសាសន៍​ឱ្យ​បងប្អូន​ហើយ។ បើ​សិន​ជា​បងប្អូន​យើង ​គាត់​ចូល​និវត្តន៍​ ហើយ​គាត់​អាច​ទៅ​រស់នៅ​ប្រទេស​ខ្មែរ​វិញ»។

សម្តេច​លោក​ថា ​មាន​បងប្អូន​ខ្មែរ​យើង​ជាច្រើន​ក្រុម​គ្រួសារ​ដែល​បាន​វិល​ត្រឡប់​ទៅរស់​នៅ​មាតុភូមិ​វិញ​ក្រោយ​ពី​បាន​ចូល​និវត្តន៌‍»។

ទន្ទឹម​នឹង​ការ​ជួបជុំ​ជា​មួយ​អ្នក​គាំទ្រ​នេះ ​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ក្រុម​ទៀត​ក៏​នឹង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃសៅរ៍ ​ដើម្បី​ទាមទារ​យុត្តិធម៌​ដល់​ជន​រងគ្រោះ​នៅ​កម្ពុជា​ផង​ដែរ៕