សមាជិក​រដ្ឋាភិបាល​ដដែល​របស់​លោក​ ​ហ៊ុន សែន​ ​បន្ត​ដឹកនាំ​៥ឆ្នាំ​ទៅ​មុខ​ទៀត​ ទោះ​​រង​សម្ពាធ​ពី​បស្ចិម​ប្រទេស

តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ទាំង១២៥រូប ថតរូបអនុស្សាវរីយ៍ជាមួយ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី នៅ ក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ក្តោប​យក​អាសនៈ​ទាំងអស់​នៅ រដ្ឋសភា​ចំនួន​១២៥​​ បាន​បញ្ចេញ​ឲ្យ​ដឹង​នូវ​សមាសភាព​នៃ​រដ្ឋាភិបាល​​ថ្មី​របស់​ខ្លួន​ ដែល​មាន​ចំនួន​ដល់​ទៅ​៥៦រូប។ អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា​ មិន​ទាន់​មាន​ការ​ផ្តល់​អធិប្បាយ​ណា​មួយ​ទៅ​លើ​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល​ថ្មី​នេះ​ទេ តែ​ថា​ រដ្ឋាភិបាល​ថ្មី​នៅ​មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​ដោះ​ស្រាយ​ រួម​មាន​ទាំង​បញ្ហា​ដីធ្លី​និង​ទីផ្សារ​សម្រាប់​ផលិត​កសិកម្ម។​ រដ្ឋាភិបាល​ថ្មី​នេះ​ក៏​នឹង​ប្រឈម​ជា​មួយ​នឹង​សម្ពាធ​អន្តរជាតិ​ផង​ដែរ​ ទាក់​ទិន​នឹង​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល។

សមាសភាព​នៃ​គណៈរដ្ឋមន្ត្រី​រដ្ឋាភិបាល​សម្រាប់​អាណត្តិ​ទី​៦​នេះ​ ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​ជា​សាធារណៈ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​មាន​ការ​បញ្ចូល​សមាសភាព​ថ្មី​នៃ​តំណែង​ឧបនាយករដ្ឋមន្ត្រី​និង​បង្កើន​ចំនួន​រដ្ឋមន្ត្រី​មួយ​រូប​ ដែល​បាន​ធ្វើ​ឲ្យ​ចំនួន​សរុប​នៃ​សមាសភាព​រដ្ឋាភិបាល​កើន​ដល់​៥៦​រូប។ សមាជិក​រដ្ឋ​សភា​ទាំង​១២៥​រូប​ បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​អនុម័ត​ទទួលយក​សមាស​ភាព​នៃ​គណៈរដ្ឋមន្ត្រី​ ដែល​មាន​លោក ហ៊ុន សែន​ ជា​នាយករដ្ឋមន្ត្រី​ដដែល។​ នេះ​បើ​យោង​តាម​បញ្ជី​ឈ្មោះ​សមាសភាព​គណៈរដ្ឋមន្ត្រី​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​លើ​គេហទំព័រ​របស់​រដ្ឋសភា​ជាតិ។​

អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​នៅ​កម្ពុជា​និយាយ​ថា​ សមាសភាព​គណៈរដ្ឋមន្ត្រី​សម្រាប់​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាសក្នុង​អាណតិ្ត​ទី​៦​នេះ​ មិន​មាន​អ្វី​ប្រែប្រួល​ ដោយសារ​តែ​មិន​មាន​ការ​ផ្លាស់​ប្តូរ​មន្ត្រី​ដែល​កាន់​ការងារ​តាម​ក្រសួង​នីមួយៗ។ ជាមួយ​គ្នា​នេះ​ រដ្ឋាភិបាល​ថ្មី​នេះ​ ក៏​នឹង​ប្រឈម​ជា​មួយ​សហគមន៍​អន្តរជាតិ​ដែល​ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ​ ចំពោះ​បញ្ហា​នៃ​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​ផង​ដែរ។​

គណៈរដ្ឋមន្ត្រី​ដែល​នឹង​បន្ត​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ មាន​ឧបនាយករដ្ឋមន្ត្រី​ចំនួន​១០​រូប​ ទេសរដ្ឋមន្ត្រី​១៧​រូប និង​រដ្ឋមន្ត្រី​ចំនួន​២៩​រូប។​ ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី​នេះ​ មិន​រាប់​បញ្ចូល​តំណែង​រដ្ឋលេខាធិការ​និង​អនុរដ្ឋលេខា​ដូច​អាណត្តិ​មុន​នោះ​ឡើយ។

លោក ​មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី​នេះ​ គឺ​មិន​មាន​ភាព​ខុស​ប្លែក​គ្នា​ច្រើន​ទេ បើ​ធៀប​នឹង​អាណត្តិ​មុន​នោះ​ ដែល​ខុស​ពី​ការ​រំពឹង​ទុក​របស់​អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ឯ​ទៀត។​ លោក មាស នី ​បាន​ថ្លែង​ថា៖

«កាល​ដែល​ពេល​មុន​ការ​រៀបចំ​គណៈ​រដ្ឋមន្ត្រី​ យើង​បាន​ឮ​សូរ​រដ្ឋាភិបាល​ គាត់​ពោល​ពី​រឿង​ការ​កំណែ​ទម្រង់​។ ហើយ​រហូត​ដល់​ប្រមុខ​រដ្ឋាភិបាល​គាត់​បាន​ប្រកាស​ថា​ គាត់​មិន​ពេញ​ចិត្ត​ជាមួយ​រដ្ឋមន្ត្រី​នេះ​ ជាមួយ​រដ្ឋមន្ត្រី​នោះ។ ហើយ​ដល់​អីចឹង​ទៅ​សម្រាប់​យើង​អ្នក​ខាងក្រៅ​សាធារណជន យើង​គ្រាន់តែ​អបអរ​សាទរ​ទៅ​លើ​ពាក្យ​កំណែទម្រង់​ទ្វេដង​ ហើយ​យើង​រំពឹង​ថា​ ប្រហែល​ជា​មាន​ការ​ផ្លាស់​ប្តូរ​នូវ​សមាសភាព​រដ្ឋមន្ត្រី​អីចឹង​ណា»។​

លោក​បាន​បន្ថែម​ថា៖

«ប៉ុន្តែ​ដល់​អ្វី​ដែល​ចេញ​មក​ព្រឹក​នេះ​ យើង​ឃើញ​ថា​ មិន​មាន​ការ​ផ្លាស់​ប្តូរ​អី​ជា​ដុំ​កំភួន​ទេ​ ហើយ​គ្រាន់​ថា​ មាន​បន្ថែម​មនុស្ស​ទៅ​ទៀត​ អីចឹង​ទៅ​សំណួរ​ដែល​យើង​សួរ​បន្ទាប់​នោះ​ថា​តើ​ ការ​អះអាង​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ធ្វើ​ការ​កំណែ​ទម្រង់​ ឲ្យ​វា​មាន​ប្រសិទ្ធភាព​ទ្វេដង​នោះ​ នឹង​អាច​ទៅ​រួច​ទេ​ បើ​សិន​ជា​ សមាស​ភាព​របស់​មនុស្ស​ដែល​នៅ​ គឺ​វា​នៅ​ដដែល​ណ៎ា‍»!

លោក យឹម លាភ (ឆ្វេង) លោក សុខ សូកាន (កណ្តាល) និងលោក ហ៊ុន ម៉ានី (ស្តាំ) តំណាងរាស្រ្តក្មេងបំផុតនៃគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

ក្នុង​ការ​រៀបចំ​គណៈរដ្ឋមន្ត្រី​ថ្មី​នេះ​ មាន​ការ​បញ្ចូល​ឧប​នាយករដ្ឋមន្ត្រី​ថ្មី​ចំនួន​បី​រូប។ ក្នុង​នោះ ​មានលោក​ ជា សុផារ៉ា​ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​ លោក ​អូន​ ព័ន្ធ​មុនីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​លោក ​ប្រាក់​ ​សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ។ តំណែង​រដ្ឋមន្ត្រីមួយ​ត្រូវ​បាន​បន្ថែម​ក្នុង​គណៈរដ្ឋមន្ត្រី​ថ្មី​នេះ​ ដោយ​លោក ម៉ៅ ហាវណ្ណាល់​ ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល។ ​

លោក​ ​មាស នី​ ​យល់ថា​ រដ្ឋាភិបាល​អាណតិ្ត​មុន​បាន​សម្រេច​ជោគជ័យ​ជា​ច្រើន​ក្នុង​ការ​ឆ្លើយ​តប​ទៅនឹង​បញ្ហា​ប្រឈម​នានា​ក្នុង​សង្គម​កម្ពុជា​ និង​អំពើ​អយុត្តិធម៌​សង្គម​ រួមមាន​ការ​រំលោភ​បំពាន​ដីធ្លី​ជា​ច្រើន។​

ក៏​ប៉ុន្តែ​សម្រាប់​អាណត្តិ​នេះ​ លោក​មិន​មាន​ការ​អធិប្បាយ​ជាក់​លាក់​ណាមួយចំពោះ​ប្រសិទ្ធភាព​ការងារ​របស់​ក្បាល​ម៉ាស៊ីន​រដ្ឋាភិបាល​ថ្មី​នោះ​ទេ​ ហើយ​ថា​ រដ្ឋាភិបាល​ថ្មី​នេះ​ ក៏​អាច​ប្រឈម​នឹង​ការ​មិន​ទទួល​ស្គាល់​ទៅ​លើ​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​ ដែល​បានកើត​ក្រោយ​ការ​បោះឆ្នោត​មួយ​ ដែល​មិន​មាន​ការ​ចូលរួម​របស់គណបក្ស​សង្គ្រោះជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​សំខាន់​មួយ​នៅ​ប្រទេស​កម្ពុជា។​

លោក​ មាស នី ​មាន​ប្រសាសន៍​ថា៖​

«នៅ​ពេល​ដែល​ថ្ងៃ​ចូល​ប្រជុំ​សភា​ហ្នឹង​ ឃើញ​ស្ថានទូតបស្ចិម​ប្រទេស​ប្រមាណ​ជា​១០ហ្នឹង​ មិន​បាន​ចូលរួម​ទេ​បាទ​ អា​នេះ​ វា​ជា​ការ​ធ្វើ​ពហិការ​ទ្រង់ទ្រាយ​ធំ​មួយ​របស់​ទូត​បស្ចិមប្រទេស​។ អានេះ​ជា​រឿង​សំខាន់​ទី​មួយ​ ប៉ុន្តែ​នៅ​ខាង​មុខ​ទៀត​ ព្រោះ​ពេល​នេះ​ យើង​គ្រាន់​តែ​ឮ​សូរ​ថា​ ជា​ការ​ព្រមាន​ ជា​ការ​អី​ ចាត់​វិធានការ​ គ្រាន់​តែ​ប្រាប់​ថា​ នឹង​ចាត់​វិធានការ​នេះ​ ចាត់​វិធានការ​នោះ​ ប៉ុន្តែ​បើ​ថា​ស្អី​ ដែល​ចេញ​ជា​រឿង​ជាក់ស្តែង​ យើង​អត់​ទាន់​ឃើញ​មាន​ទេ។ ក៏​ប៉ុន្តែ​នៅ​ពេល​ខាងមុខនេះ​ យើង​នឹង​ចាំ​មើល​ទៀត​ ព្រោះ​ឥឡូវ​រដ្ឋាភិបាល​ហ្នឹង​កើត​ហើយ»។​

បន្ថែម​លើ​ការ​អធិប្បាយ​របស់​លោក មាស នី​ គេ​ឃើញ​មាន​ការ​រិះគន់​មួយ​ចំនួន​ ចំពោះ​គណៈរដ្ឋមន្ត្រី​ថ្មី​ ដែល​នៅតែ​មាន​ក្បាល​ធំ​ ដូចជា​ក្បាល​សត្វ​ដំរី​ ដែល​អាច​នឹង​បង្កភាពយឺតយ៉ាវ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ ​ដើម្បី​ទ្រទ្រង់​ដល់​ការ​លូតលាស់​របស់​ប្រទេស​ដែល​មាន​ប្រជាជន​ត្រឹម​តែ​ជិត​១៦​លាននាក់​នេះ។​

លោក​ សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​កាន់​អំណាច​ មាន​ប្រសាសន៍​ថា ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ដែល​ជា​ប្រមុខ​រដ្ឋាភិបាល​មាន​សិទ្ធិ​ពេញលេញ​ ក្នុង​ការ​រៀប​ចំ​ក្បាល​ម៉ាស៊ីន​រដ្ឋាភិបាល​មួយ​ ​ដែល​នឹង​បម្រើ​ប្រយោជន៍​សាធារណជន​ទូទៅ។​

លោក​ សុខ ឥសាន មាន​ប្រសាសន៍​បន្ថែម​ថា៖​

«បញ្ហា​សំខាន់​គឺ​ថា​ នាយករដ្ឋមន្ត្រី​លោក​ដាំ​ស្ល​សម្រាប់​ប្រជាជន​ទូទៅ​ មិនមែន​សម្រាប់​អ្នក​ មួយ​ចំនួន​តូច​ភាគតិច​ដែល​ចាំ​តែ​ទិតៀន​ ដែល​ចាំ​តែ​រិះគន់​នោះ​ទេ​។ ហើយ​បញ្ហា​សំខាន់​ហ្នឹង​ យើង​យល់​ហើយ​ថា​ សម្តេច​នាយក​រដ្ឋមន្ត្រី​លោក​មាន​ពិសោធន៍​គ្រប់​គ្រាន់​ នៅ​ក្នុង​ការ​រៀបចំ​សមាសភាព​ ជើង​ព្រួល​របស់​គាត់​ ជើង​ចែវ​របស់​គាត់​ ព្រោះ​គាត់​ជា​អ្នក​កាច់​ចង្កូត​ទូក​ហ្នឹង​ ហើយ​គាត់​ត្រូវ​តែ​រក​ជើង​ចែវ​ណា​ ដែល​វា​សម​ស្រប​ ទៅតាម​លក្ខណៈ​សម្បត្តិ​របស់​ទូក​ហ្នឹង»។

អ្នកនាំពាក្យ​រូប​នេះ​ជឿ​ថា​ សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី​ ដែល​មិន​មាន​ការ​ផ្លាស់ប្តូរ​ច្រើន​នេះ​ នឹង​នៅ​តែ​បំពេញ​ការ​ងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ ដើម្បី​បម្រើ​ប្រយោជន៍​ប្រជាជាតិ​ខែ្មរ។​

«អីចឹង​ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ជឿ​ទុកចិត្ត​ថា​ ការ​រៀបចំ​សមាសភាព​គណៈរដ្ឋមន្ត្រី​ នីតិកាល​ទី​ប្រាំ​មួយ​នេះ​ ឃើញ​ថា​ ទោះ​បី​ថា​ សមាសភាព​មិន​មាន​ការ​ផ្លាស់​ប្តូរ​ ជា​មូលដ្ឋាន​ក្តី​ ក៏​វា​ជា​ការ​កក់​ក្តៅ​ សម្រាប់​ឲ្យ​ សមាសភាព​គណៈរដ្ឋមន្ត្រី ដែល​មានវ័យ​ជា​មធ្យម​ទេ មិន​មែន​វ័យ​ចាស់​ ឬ​ក្មេង​ពេក​នោះ​ទេ​ គឺ​ថា​អាច​នឹង​បំពេញ​តួនាទី​ភារកិច្ច​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ​ពី​ព្រោះ​សុទ្ធ​តែ​អ្នក​មាន​ថាមភាព​ មិន​សមត្ថភាព​ខ្ពស់»។​

នៅ​ក្រោយ​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣​ រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ បាន​ធ្វើ​ការ​រុះរើ​សមាស​ភាព​គណៈរដ្ឋមន្ត្រីរបស់​លោក​ ដោយ​មាន​ការ​ផ្លាស់​ប្តូរ​ រដ្ឋមន្ត្រី​ជា​ច្រើន​រូប ​ដោយ​ការ​តែង​តាំង​មន្ត្រី​ថ្មី​មួយ​ចំនួន​ឲ្យ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី និង​ផ្លាស់​ប្តូរ​រដ្ឋមន្ត្រី​ពី​ក្រសួង​ចាស់​ទៅ​ក្រសួង​ថ្មី។​

តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ទាំង១២៥រូប ថតរួបអនុស្សាវរីយ៍ជាមួយ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី នៅ ក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

នា​ពេល​នោះ​ ​លោក​ ​ហង់ ជួន​ណារ៉ុន​ ​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ ជំនួស​លោក ​អ៊ឹម​ សិទ្ធី​ ដែល​ក្រោយ​មក​បាន​ទទួល​មរណភាព​ លោក អូន ព័ន្ធមុនីរ័ត្ន​ ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ជំនួស​លោក​ ​គាត ឈន់​ ដែល​ក្រោយ​មក​ត្រូវ​បាន​តែង​តាំង​ឧបនាយក​រដ្ឋ​មន្ត្រី​ប្រចាំការនិង​លោក​ ​ប្រាក់ សុខុន​ ​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​សហ​ប្រតិបតិ្តការ​អន្តរជាតិ​ ​ជំនួស​លោក​ ​ហោ ណាំហុង​ ​ដែល​ក្នុង​អាណត្តិ​ទី​៦​នេះ​ ជា​ឧបនាយក​រដ្ឋមន្ត្រី។​ ​ក្នុង​អាណត្តិ​មុន​ ក៏​មាន​ការ​បង្កើត​ក្រសួង​ពីរ​ថ្មី​បន្ថែម​ដែរ។​ ​ក្រសួង​ទាំងពីរ​នោះ​ មាន​ក្រសួង​សិប្បកម្ម​ និង​ឧស្សាហកម្ម​ ​និង​ក្រសួង​មុខងារ​សាធារណៈ។​

នៅ​ពេល​មាន​វត្តមាន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា​នា​អាណត្តិ​ទី​៥​ រដ្ឋាភិបាល​កម្ពុជា​ និង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​នេះ​ មិន​ទាន់​រង​ការ​ព្រមាន​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​បស្ចិម​ប្រទេស​នោះ​ឡើយ​ តែ​ក្រោយ​ការ​រំលាយ​គណបក្ស​នេះ ក្រុម​ប្រទេស​និយម​លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​រួមមាន​សហ​រដ្ឋ​អាមេរិក​ ​និង​អឺរ៉ុប​ បាន​គំរាម​ជា​បន្តបន្ទាប់​ជាមួយ​នឹង​វិធានការ​ខាងហិរញ្ញវត្ថុ​ និង​ការ​រឹត​បន្តឹង​ទិដ្ឋាការ​លើក្រុម​មន្ត្រី​ដែល​បាន​ធ្វើ​ខូច​ដំណើរការ​ប្រព័ន្ធ​ប្រជាធិបតេយ្យនៅ​កម្ពុជា។​

នៅមុន​និង​ក្រោយ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នេះ​ ក្រុម​ប្រទេស​ប្រជាធិបតេយ្យក៏​មិន​ទាន់​បាន​បញ្ជាក់​ជំហរ​យ៉ាង​ណា​ ចំពោះ​ភាព​ស្របច្បាប់​របស់​រដ្ឋាភិបាល​ថ្មី​នោះ​ទេ​ តែ​នៅ​ថ្ងៃ​បើក​សម័យប្រជុំ​ពេញ​អង្គ​ដំបូង​របស់​សភា​អាណត្តិ​ទី៦នេះ​ ​ឯក​អគ្គរដ្ឋទូត​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​ចំនួន​៩​បាន​ប្រកាស​មិន​ចូលរួម​ឃ្លាំមើល​កិច្ច​ប្រជុំ​នោះ។ ប្រទេស​ទាំង​នោះ​រួមមាន​សហរដ្ឋ​អាមេរិក​ សហភាព​អឺរ៉ុប​ អូស្ត្រាលី​ អាល្លឺម៉ង់​ និង​កាណាដា​ជា​ដើម។ ​

តាំង​ពី​មុន​ការ​បោះឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ ឆ្នាំ​២០១៨ ​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​ បាន​ព្រមាន​ជា​ញយ​ដង​ ចំពោះ​វិធានការ​ជាក់​លាក់ ដោយ​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូលរួម​ការ​បោះឆ្នោត។​

ទោះ​ជា​យ៉ាង​នេះ​ក្តី​ លោក​ ​សុខ ឥសាន​ ​អ្នក​នាំ​ពាក្យ​គណបក្ស​គ្រប់គ្រង​ប្រទេស​ថ្លែង​ថា មិន​ទាន់​មាន​សញ្ញាណ​ណា​មួយ​នៃ​ការ​ដាក់​សម្ពាធ​ខាង​ហិរញ្ញវត្ថុ​មក​លើ​កម្ពុជា ពី​សហគមន៍​ប្រជាធិបតេយ្យ​ធំ​ពីរ​នេះ​ទេ។​

ដោយឡែក​នៅ​ក្នុង​ថ្ងៃ​បញ្ចេញ​ឲ្យ​ដឹង​ពី​សមាសភាព​របស់​គណៈរដ្ឋមន្ត្រី​ថ្មី​តែ​មាន​នាយករដ្ឋមន្ត្រី​ចាស់​នេះ​ នៅ​ក្នុង​ស្ថាប័ន​យោធា​ឯណោះ​ មាន​ការ​រុះរើ​មុខ​តំណែង​រាប់​ពី​អគ្គ​មេបញ្ជាការ​ ដល់​មេ​បញ្ជាការ​កង​ទ័ព​ជើងគោក។​

យោង​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ឧត្តមសេនីយ៍​ឯក​ វង្ស ពិសេន ​ត្រូវ​បាន​តែងតាំង​ជា​អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ជំនួស​នាយឧត្តមសេនីយ៍​ ​ប៉ុល សារឿន​ ​ដែល​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះ​សីហនុ។​ នាយឧត្តមសេនីយ៍​ ​ឥត សារ៉ាត់​ ​ត្រូវ​បាន​តែង​តាំង​ជា​នាយសេនាធិការ​ចម្រុះ​ នៃ​កង​យោធពល​ខេមរភូមិន្ទ​ ​ជំនួស​នាយឧត្តមសេនីយ៍​ ​គន់ គីម​ ​ដែល​បាន​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ឧត្តរមានជ័យ។​ ​ចំណែក​លោក​ឧត្តមសេនីយ៍​ឯក​ ​ហ៊ុន ម៉ាណែត​ ​ត្រូវ​បាន​តែង​តាំង​ជា​មេបញ្ជាការ​កងទ័ព​ជើង​គោក​ ​ជំនួស​នាយឧត្តមសេនីយ៍​ ​មាស សុភា​ ​ដែល​ត្រូវ​បាន​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី​ ទទួល​បន្ទុក​បេសកកម្ម​ពិសេស៕