ក្រោយបរាជ័យជាច្រើនឆ្នាំ ក្នុងការអំពាវនាវកុំឲ្យរថយន្តឈ្នួលដឹកអ្នកដំណើរតំឡើងថ្លៃក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសត្រៀមរថយន្តក្រុងជាច្រើនគ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តមួយចំនួននៅទូទាំងប្រទេស ដោយឥតគិតថ្លៃ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសត្រៀមរថយន្តក្រុងជាច្រើនគ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋពីរាជធានីភ្នំពេញ ទៅចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរនៅតាមបណ្តាខេត្តដោយមិនគិតថ្លៃ បន្ទាប់ពីការអំពាវនាវរបស់លោកសុំឱ្យក្រុមរថយន្តឈ្នួលឡើងកុំតម្លើងថ្លៃពេលបុណ្យធំៗ ត្រូវបានបរាជ័យជាច្រើនឆ្នាំកន្លងមក។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យមួយ នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ក្នុងឆ្នាំកន្លងៗទៅ លោកបានអំពាវនាវកុំឲ្យក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរតំឡើងថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែលោកថា ការអំពាវនាវរបស់លោកមិនមានប្រសិទ្ធភាព។ លោកបន្ថែមថា ក្រោយការពិភាក្សាជាមួយអភិបាលសាលារាជធានី លោកក៏សម្រេចបញ្ជាឲ្យផ្តល់សេវារថយន្តក្រុងរបស់រដ្ឋ ដឹកជញ្ជូនប្រជាជនអ្នកធ្វើដំណើរដោយ «មិនបង់ថ្លៃ» តាមផ្លូវជាតិធំៗចំនួន៥ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
លោកមានប្រសាសន៍ថា៖
«ខ្ញុំចង់ដេញជើងអាក្រុមហ៊ុនដឹកជញ្ជូននេះ និយាយគ្នាស្តាប់គ្នាអត់បាន។ ឆ្នាំក្រោយថែមទៀត ឆ្នាំក្រោយត្រៀមថែមទៀតចំនួនរថយន្ត ដើម្បីបម្រើប្រជាជនការសប្បាយរីករាយ។ ហើយចាំយើងគិតទៅដល់ការភ្ជុំបិណ្ឌ អាពេលភ្ជុំបិណ្ឌ យើងរៀបចំទៀត»។
ផ្លូវជាតិធំៗទាំង៥នោះ រួមមាន ផ្លូវជាតិលេខ១ ពីភ្នំពេញ ទៅខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង។ ផ្លូវជាតិលេខ៣ ពីចោមចៅ ភ្នំពេញ ទៅខេត្តកំពត។ ផ្លូវជាតិលេខ៤ ពីចោមចៅ ភ្នំពេញ ទៅខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ផ្លូវជាតិលេខ៥ពីភ្នំពេញ ទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ផ្លូវជាតិលេខ៦ ពីភ្នំពេញ ទៅខេត្តកំពង់ធំ និងសៀមរាប។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ប្រាប់ VOA នាព្រឹកថ្ងៃអង្គារនេះថា ក្រុមការងារសាលារាជធានី កំពុងពិភាក្សាដើម្បីកំណត់ពីចំនួនរថយន្តក្រុង និងទីតាំងសម្រាប់ចាប់ផ្តើមចេញដំណើរពីរាជធានីភ្នំពេញ ព្រមទាំងកំពុងពិភាក្សាពីលទ្ធភាពនៃការដឹកជញ្ជូនប្រជាពលរដ្ឋពីតាមបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញផងដែរ។
លោកបញ្ជាក់ថា៖
«ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដែលលោកទើបតែបន្ថែមបីផ្លូវជាតិទៀត អញ្ចឹងក្រុមការងាររបស់យើងកំពុងតែគិតទាំងទីតាំង ទាំងពេលវេលា ទាំងអ្វីៗផ្សេងៗទៀត ធ្វើយ៉ាងណាឲ្យដំណើរការក្នុងការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋរបស់យើងប្រកបដោយសុវត្ថិភាព សប្បាយរីករាយ ហើយកិច្ចការរបស់យើងនេះទទួលបានជោគជ័យ»។
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តែងត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ទៅតាមប្រពៃណីទំនៀមទម្លាប់។ ជាទូទៅ គេឃើញប្រជាពលរដ្ឋភាគច្រើនដែលរស់នៅក្នុងរាជធានីភ្នំពេញ តែងធ្វើដំណើរទៅស្រុកកំណើតដើម្បីប្រារព្ធពិធីនេះ ឬចេញទៅតាមបណ្តាខេត្តនានា ដើម្បីធ្វើដំណើរកំសាន្តផ្សេងៗ។ សម្រាប់ឆ្នាំនេះ កម្ពុជានឹងប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤ ១៥ និង១៦ ខែមេសា។
នៅថ្ងៃអង្គារនេះដែរ លោកនាយករដ្ឋមន្រ្តីក៏បានអំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការការពារពលរដ្ឋ និងទេសចរជាតិ-អន្តរជាតិ នៅតាមតំបន់រមណីយដ្ឋានទេសចរទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំលេងបាចទឹក គប់ទឹក ជះទឹក និងចាប់លាបម្សៅ ដែលអាចបង្កគ្រោះថ្នាក់ក្នុងពេលកំពុងធ្វើដំណើរ ឬបាត់បង់ទ្រព្យសម្បត្តិផ្សេងៗជាដើម៕