លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានប្រកាសដកតំណែងរដ្ឋលេខាធិការម្នាក់នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចដោយលើកហេតុផលថាមន្ត្រីរូបនោះ «មិនសក្តិសមជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌»។
ការប្រកាសដកតំណែងលោក ឌុច សុវណ្ណារី រដ្ឋលេខាធិការនៃក្រសួងនេះ ធ្វើឡើងតាមសារបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោក ហ៊ុន សែន នៅថ្ងៃទី១៦ខែកក្កដានេះ ដោយមានភ្ជាប់ខ្លឹមសារសំណេរនៅលើទំព័រហ្វេសប៊ុករបស់លោករដ្ឋលេខាធិការរូបនោះផង។
តាមខ្លឹមសារសំណេររបស់លោក ឌុច សុវណ្ណារី ដែលត្រូវបានបង្ហោះនៅថ្ងៃទី១៥ខែកក្កដាតែក្រោយមកបានដកចេញពីទំព័រហ្វេសប៊ុករបស់លោកវិញនៅថ្ងៃសុក្រនេះ រដ្ឋលេខាធិការរូបនេះ បានសរសេរថា៖ «ថ្ងៃនេះ ខ្ញុំបានទទួលដំណឹងថាមនុស្សម្នាក់ដែលតែងតែអគតិចំពោះកូនចៅក៏ដូចជារូបខ្ញុំ បានលាចាកលោកទៅហើយ។ ដោយសារកូវីដ ខ្ញុំមិនបានចូលរួមជូនដំណើរទេ ហើយក៏សូមអហោសកម្មជូនគាត់ហើយសូមបួងសួង បើជាតិក្រោយគាត់មានសំណាងបានកើតជាមនុស្ស សូមឲ្យមានចិត្តទូលាយ ដឹងខុស ដឹងត្រូវជាងនេះ កុំត្រចៀកស្រាលដូចជាតិនេះទៀត»។
នៅក្នុងសារនេះ លោក ឌុច សុវណ្ណារី មិនបានបញ្ជាក់ថាមនុស្សម្នាក់នោះជានរណាទេ ប៉ុន្តែ លោក ហ៊ុន សែន បានហៅសារនេះថាបាន«ផ្ចាញ់ផ្ចាល» ចំពោះសពលោក ហុង ថែម ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ដែលបានស្លាប់កាលពីថ្ងៃទី១៥ខែកក្កដាក្នុងអាយុ៨៦ឆ្នាំ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
លោក ហ៊ុន សែន ចាត់ទុកលោក ហុង ថែម ថាជាមន្ត្រីមួយរូប«ដែលបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩» ហើយក៏បានចូលរួមរំលែកទុក្ខចំពោះមរណភាពលោក ហុង ថែមផងដែរ។
កាលពីថ្ងៃព្រហស្បតិ៍ អ្នកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ក៏បានទៅចូលរួមគោរពវិញ្ញាណក្ខន្ធដោយផ្ទាល់ក្នុងពិធីបុណ្យសពលោក ហុង ថែម។
វីអូអេ មិនទាន់អាចទាក់ទងលោក ឌុច សុវណ្ណារី ដើម្បីស្នើសុំអត្ថាធិប្បាយអំពីរឿងនេះបាននៅឡើយទេនៅត្រឹមយប់ថ្ងៃសុក្រនេះ៕