លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានកាន់អំណាចជាង៣៣ឆ្នាំហើយ។ រីឯគណបក្សប្រជាជនកម្ពុជារបស់លោកក៏ទំនងជានឹងឈ្នះការបោះឆ្នោតជាតិនៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះដោយសារតែតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិដែលជាគូប្រកួតប្រជែងដ៏ធំ។ បើសិនជាជាប់ឆ្នោតមែនលោកហ៊ុន សែននឹងអាចពង្រីកការកាន់អំណាចរបស់លោកបន្ថែម៥ឆ្នាំទៀត។
លោក ហ៊ុន សែន បានសារភាពប្រាប់ផលិតករភាពយន្តបស្ចិមប្រទេសនៅក្នុងបទសម្ភាសមួយកាលពីឆ្នាំ២០១៥នៅទីក្រុងញ៉ីវយ៉កថា នេះមិនមែនជាក្តីសុបិនដែលលោកធ្លាប់មានទេ៖
«ខ្ញុំមិនដែលគិតថាខ្ញុំធ្វើជាអ្នកនយោបាយ មិនដែលស្រមៃនឹកឃើញកៅអីនាយករដ្ឋមន្ត្រីឬរដ្ឋមន្ត្រីនោះទេ។ ប៉ុន្តែសភាពការណ៍វាបានរុញច្រានយើងមកដល់ដំណាក់កាលនេះ។ ឥឡូវដកថយវាលំបាកណាស់»។
លោកហ៊ុនសែននឹងមានអាយុ៦៦ឆ្នាំនៅខែសីហាខាងមុខនេះ។ លោកបានកាន់អំណាចយូរជាងមេដឹកនាំដទៃទៀតក្នុងតំបន់។
នៅក្នុងបទសម្ភាសជាមួយនឹងលោករ៉ូប៊ឺត លីប៊ឺមែន (Robert H. Lieberman) ផលិតករភាពយន្តឯកសារ «អង្គរភ្ញាក់ឡើង៖ទិដ្ឋភាពនៃប្រទេសកម្ពុជា»“Angkor Awakens”លោកហ៊ុនសែនបានបញ្ជាក់ថាលោកធ្លាប់គិតគូពីអ្នកដែលត្រូវបន្តតំណែងពីលោកបើទោះបីជាលោកមិនបានបង្ហាញពិតប្រាកដថាលោកចង់ឱ្យអ្នកណាបន្តវេនក៏ដោយ។
«បញ្ហាដែលត្រូវគិតនោះតើអ្វីទៅជាដំណាក់កាលក្រោយហ៊ុនសែន? នេះជាបញ្ហាដែលកំពុងតែស្ថិតនៅជាចម្ងល់នៅក្នុងចំណោមប្រជាជនកម្ពុជានិងក្នុងចំណោមនៃគណបក្សប្រជាជនកម្ពុជាហើយក៏ស្ថិតនៅក្នុងការគិតរបស់ខ្ញុំផងដែរ។ ក្រោយហ៊ុនសែនជាអ្នកណា? ក្រោយហ៊ុនសែនជាអ្វី?»។
ការប្រឆាំងនឹងការដឹកនាំរបស់លោកហ៊ុនសែនបានឡើងដល់ចំណុចកំពូលនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣។ នៅពេលនោះគណបក្សប្រជាជនកម្ពុជាបានបាត់បង់អាសនៈចំនួន២២ដោយធ្លាក់ពីអាសនៈចំនួន៩០ហើយឈ្នះគណបក្សសង្គ្រោះជាតិតែបន្តិចបន្តួចប៉ុណ្ណោះ។ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិបានធ្វើបាតុកម្មទាមទារឱ្យលោកចុះចេញពីតំណែងដែលនាំឱ្យជាប់គាំងនយោបាយជិតមួយឆ្នាំ។ ប៉ុន្តែលោកពុំព្រមចុះចេញតាមការទាមទាររបស់ពួកគេទេ។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖
«ធម្មតាប្រជាធិបតេយ្យគេចង់ឱ្យយើងចុះក៏ប៉ុន្តែខ្ញុំគ្រាន់តែប្រាប់ទៅគេថាខ្ញុំឡើងតាមរដ្ឋធម្មនុញ្ញខ្ញុំចុះទៅវិញទៅតាមរដ្ឋធម្មនុញ្ញដែរ។ អីចឹងទេសភាពការណ៍វាតែប៉ុណ្ណឹង។ បើអ្នកឯងទៅហួសសភាពការណ៍គឺវានឹងជួបប្រទះពីស្អីគេអាចយល់ហើយ»។
លោក ហ៊ុន សែន ក៏បានព្រមានមិនឱ្យប្រៀបធៀបលោកទៅនឹងមេដឹកនាំផ្តាច់ការ Muammar Gaddafi, Ben Ali, Hosni Mubarak និង Saddam Husseinដែលត្រូវបានផ្តួលរំលំដោយបដិវត្តន៍ពណ៌។
បេក្ខជនដែលអាចស្នងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានគឺលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ នេះបើតាមរចនាសម្ព័ន្ធគណបក្ស។ ប៉ុន្តែលោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃនិងជានាយកខុទ្ទកាល័យរបស់លោកសខេងបានបញ្ជាក់ថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះមិនហ៊ានប្រជែងនឹងប្រធានរបស់គាត់ទេ។
«យើងអាចនិយាយបានថាសម្តេចក្រឡាហោមសខេងលោកបានបម្រើគណបក្សនិងបម្រើជាតិរបស់លោកអស់ពីចិត្តពីថ្លើម។ ជាពិសេសលោកស្មោះត្រង់នឹងសម្តេចនាយកណាស់។ លោកមានការងារអ្វីលោកតែងសុំយោបល់សម្តេចតេជោសូម្បីយោបល់ដឹកនាំលោកសុំជាបណ្តើរៗ។ ចំពោះការចោទប្រកាន់ថាមានក្រុមប្រកាន់តឹងប្រកាន់រឹងនេះមានតាំងពីឆ្នាំ១៩៧៩ម្ល៉េះហើយនេះគ្រាន់តែជាពាក្យគេលើកឡើងគេចោទប្រកាន់ទេ។ តាមពិតវាគ្មានអីទេនៅក្នុងជួរបក្សប្រជាជន»។
លោក ហ៊ុន សែន បានឡើងជាប្រធានគណបក្សប្រជាជនកម្ពុជាតាំងពីខែមិថុនាឆ្នាំ២០១៥បន្ទាប់ពីលោកជាស៊ីមបានទទួលមរណភាព។ ចាប់តាំងពីពេលនោះមកលោកបានពង្រីកឥទ្ធិពលក្នុងបក្សដោយបន្ថែមសមាជិកថ្មីស្មោះត្រង់នឹងលោកចូលក្នុងគណៈកម្មាធិការកណ្តាល។ ក្នុងចំណោមនោះមានកូនប្រុសទាំងបីនាក់គឺលោកហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី។ កូនប្រសាររបស់លោក គឺលោក ឌី វិជ្ជា ក្មួយប្រសារគឺលោក នេត សាវឿន និងលោក ហ៊ីង ប៊ុនហៀង មេអង្គរក្សជំនិតក៏ត្រូវបានបញ្ជូលក្នុងនោះដែរ។
លោក សេបាសៀន ស្ត្រេងជីអូ (Sebastian Strangio) អ្នកនិពន្ធសៀវភៅ«ប្រទេសកម្ពុជារបស់លោកហ៊ុនសែន» បានបញ្ជាក់ថា៖
«គ្មានពេលណាដែលអំណាចរបស់លោកហ៊ុនសែនខ្លាំងជាងពេលនេះទេ។ លោកគឺជាប្រធានគណបក្ស។ លោកគឺជាប្រមុខរដ្ឋាភិបាល។ មិនមានអ្នកដែលហ៊ានប្រជែងនឹងការគ្រប់គ្រងរបស់គាត់ទេនៅក្នុងគណបក្ស»។
លោកស្ត្រេងជីអូបានបន្ថែមថាលោកហ៊ុនសែនចាប់ផ្តើមរៀបចំផែនការរកអ្នកស្នងតំណែងកាន់តែឆាប់កាន់តែល្អដើម្បីជៀសវាងលទ្ធផលដែលមិនអាចស្មានទុកបាន។
លោកបានបន្ថែមថា៖
«ប៉ុន្តែនេះគឺជាអ្វីដែលលោកហ៊ុនសែនចាំបាច់ត្រូវចាប់ផ្តើមដំណើរការផ្ទេរអំណាចនៅពេលឥឡូវនេះពីព្រោះប្រសិនបើគាត់រង់ចាំរហូតដល់គាត់ឈឺខ្លាំងនិងចាស់ខ្លាំងគឺដល់ពេលដែលមានអ្នកចេញមកប្រជែងនឹងគាត់ហើយ»។
មន្ត្រីគណបក្សបានទទួលស្គាល់ថាពួកគេកំពុងតែរៀបចំថ្នាក់ដឹកនាំជំនាន់ថ្មីប៉ុន្តែកិច្ចការនេះត្រូវធ្វើជាជំហានៗ។ ការណ៍នេះបានឆ្លុះបញ្ចាំងតាមរយៈការបញ្ចូលសមាជិកក្មេងៗទៅក្នុងគណៈកម្មាធិការកណ្តាលគណបក្ស។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ប្រាប់វីអូអេថា៖
«វាជាការត្រៀមលក្ខណៈទុកជាមុនពីព្រោះការកសាងមនុស្សមិនមែនដូចដាំដើមឈើបួនប្រាំឆ្នាំអាចប្រើប្រាស់បានទេ។ វាទាមទារផ្នែកបណ្តុះបណ្តាលចំណេះវិជ្ជាទូទៅ បច្ចេកទេសទំនើបឱ្យស្របតាមកាលសម័យហើយទន្ទឹមនឹងនេះក៏ត្រូវបំពាក់បំប៉ននូវសតិអារម្មណ៍នយោបាយគោលជំហរឱ្យច្បាស់លាស់ហើយគោលជំហរច្បាស់លាស់នេះគឺឧត្តមគតិស្នេហាជាតិនិងស្រឡាញ់ប្រជាជនខ្លួនឯង»។
លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតខ្មែរប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោនក៏បានយល់ស្របថាសមាជិកចាស់ៗនៅក្នុងគណបក្សត្រៀមខ្លួនប្រគល់អំណាចនិងការទទួលខុសត្រូវទៅឱ្យអ្នកជំនាន់ក្រោយដែរ។
«ចាស់ៗត្រៀមខ្លួនជូនការងារនេះទៅយុវជនហើយនៅក្នុងនយោបាយរបស់បក្ស។ យើងក៏សំឡឹងឃើញដែរថាយុវចាស់មានចំនួនតែ៣០ភាគរយទេម្ល៉ោះហើយយើងត្រូវតែត្រៀមថាយុវជនគាត់ត្រូវតែមកកាន់តំណែងដោយត្រូវដកពិសោធន៍ពីការងារល្អរបស់អ្នកកាន់អំណាចយូរចាស់ៗហើយចំណុចណាល្អគាត់ទទួលយកចំណុចណាអាក្រក់គាត់រៀនសូត្រដោះស្រាយតាមជាក់ស្តែង»។
មន្ត្រីវ័យក្មេងមួយចំនួនរបស់គណបក្សត្រូវបានប្រគល់តំណែងនៅថ្នាក់ខេត្តនិងស្រុកនិងថ្នាក់អនុរដ្ឋលេខាធិការជាដើម។ នេះបើតាមការបញ្ជាក់របស់លោកសួស យ៉ារ៉ា សមាជិកសភាវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជានិងជាអ្នកនាំពាក្យ។
«យុវជនទាំងអស់នេះ កំពុងតែរៀនសូត្រហើយកំពុងតែមើលគំរូអ្វីដែលជាថ្នាក់ដឹកនាំណាល្អហើយនឹងអ្វីដែលគាត់កសាងដោយខ្លួនឯងផង។ អីចឹងគណបក្សប្រជាជនកម្ពុជាដែលសម្តេចតេជោសែនគាត់ដឹកនាំគឺបានមើលឃើញនូវការរៀបចំជំនាន់នីមួយៗប្រកបដោយសុទ្ទិដ្ឋិនិយមសម្រាប់អនាគតរបស់យើង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់តំណែងនិងកិច្ចការឱ្យកូនប្រុសស្រីរបស់លោកកាន់កាប់ជាច្រើននៅផ្នែកយោធា សភាជាតិនិងរបរជំនួញជាច្រើនក្នុងនោះជាម្ចាស់កម្មសិទ្ធិសារព័ត៌មានជាច្រើនផងដែរ។
លោក សេបាសៀន ស្ត្រេងជីអូ បានបន្ថែមថា៖
«ដូច្នេះ ខ្ញុំគិតថានាយករដ្ឋមន្ត្រីហ៊ុន សែនកំពុងត្រៀមផែនការស្នងតំណែងតពូជមួយ។ ជាការពិតណាស់ថាគាត់ចង់ផ្ទេរតំណែងឱ្យទៅកូនប្រុសណាម្នាក់។ បញ្ហាសំខាន់នៅត្រង់ថាតើកូនគាត់អាចនឹងកាន់តំណែងនេះបន្តពីឪពុកបានឬទេ? តើពួកគេបានត្រៀមខ្លួនទាន់ពេលទេ? តើពួកគេមានជំនាញនយោបាយគ្រប់គ្រាន់ទេ? ហើយសំណួរបន្ទាប់គឺថាតើមន្ត្រីក្នុងបក្សព្រមទទួលយកការសម្រេចចិត្តរបស់គាត់ឬទេ?»។
លោកសុខ ឥសានបានបញ្ជាក់ថា គឺគណបក្សមានសំឡេងច្រើនជាងក្នុងការសម្រេចជ្រើសរើសអ្នកស្នងតំណែង៖
«ការដែលតែងតាំងបេក្ខជននាយករដ្ឋមន្ត្រីមិនមែនលើបុគ្គលម្នាក់ឬពីរនាក់ទេ វាអាស្រ័យទៅលើសន្និបាតគណបក្សជាអ្នកសម្រេច»។
លោកឯកអគ្គរាជទូត ជុំ ប៊ុនរ៉ុង យល់ស្រប។
«អ្វីៗមិនមែនចាត់តាំងដោយបុគ្គលឯណា។ វាជ្រើសរើសដោយជាសម្ងាត់ក្តីជាចំហរក្តីធ្វើម៉េចដាក់ទៅឱ្យមានការទទួលយកបានទាំងអស់គ្នា។ អីចឹងបានន័យថាគណបក្សបានគិតគូច្រើនណាស់រៀបចំហ្នឹង។ អីចឹងមិនមែនបានន័យថាអ្នកនេះត្រូវធ្វើនេះអ្នកនោះត្រូវធ្វើនោះទេ។ វាអាស្រ័យលើសមត្ថភាពរបស់គាត់នីមួយៗដែរ»។
អ្នកសង្កេតការណ៍ជឿថាកងកម្លាំងយោធានឹងដើរតួនាទីសំខាន់ដែរក្នុងការធានាឱ្យមានការផ្ទេរអំណាចដោយសន្តិវិធី។
លោកស្រី អេលីហ្សាបែត ប៊ែកឃឺ អតីតអ្នកសារព័ត៌មាននិងជាអ្នកនិពន្ធសៀវភៅ«នៅពេលសង្គ្រាមបានបញ្ចប់»បានបញ្ជាក់ថា៖
«លោកទៀបាញ់ ដែលជាប្រមុខយោធាគឺជាមនុស្សដ៏មានអំណាចបំផុតដែលយើងត្រូវសំឡឹងមើលផងដែរ។ ទោះបីគាត់ជាមនុស្សត្រូវជំនួសលោកហ៊ុនសែនឬមិនជំនួសគឺគាត់ជាមនុស្សដ៏សំខាន់មួយរូបនៅក្នុងដំណាក់កាលអន្តរកាលនៃការផ្ទេរអំណាច»។
ប៉ុន្តែនៅក្នុងបទសម្ភាសជាមួយនឹងផលិតករខ្សែភាពយន្ត «អង្គរភ្ញាក់ឡើង៖ទិដ្ឋភាពនៃប្រទេសកម្ពុជា»លោកហ៊ុនសែនបានផ្តល់ជាសញ្ញាថាគឺយុវជនជំនាន់ថ្មីដែលលោកពេញចិត្តនឹងផ្តល់ការងារជូនដោយលោកលើកពីបទពិសោធជោគជ័យផ្ទាល់ខ្លួនក្នុងនាមជាមេដឹកនាំវ័យក្មេងជាងគេបង្អស់ប៉ុន្តែអាចនៅកាន់អំណាចបានយូរគឺដោយសារតែមានការគាំទ្រពីក្រុមយុវជន។
«ឥឡូវនេះខ្ញុំកំពុងតែគិតថាយុវជនដែលបន្តបន្ទាប់ទៅគឺជាអ្នកជំរុញការកែទម្រង់បន្តពីយើងហើយគេមានលទ្ធភាពខ្ពស់ជាងយើងឆ្ងាយណាស់ដោយសារពួកគេមានឱកាសច្រើននៅក្នុងការរៀនសូត្រនៅក្នុងសម័យនៃបច្ចេកវិទ្យាជឿនលឿនរាប់ទាំងបញ្ហាបច្ចេកវិទ្យាខាងព័ត៌មានវិទ្យានេះផងដែរ»។
កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតដែលទទួលបានការសិក្សាផ្នែកយោធាពីសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថាជាបេក្ខជនស្នងតំណែងមុនគេ។ ឆ្នាំនេះលោកហ៊ុនម៉ាណែតទើបតែមានអាយុ៤០ឆ្នាំហើយជាប្រធានក្រុមពង្រឹងយុវជននៅក្រៅប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន ម៉ាណែត ត្រូវបានដំឡើងឋានៈជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទកាលពីដើមខែកក្កដានេះជំនួសលោកនាយឧត្តមសេនីយ៍ផ្កាយមាសបួនគន់ គីមដែលជាមនុស្សដែលលោកហ៊ុនសែនទុកចិត្តបំផុត៕